26 C
Phnom Penh

លោក កឹម សុខា ចំអក​​​ឲ្យ​​បក្ស​ប្រជាជន​​​ជុំវិញ​ផែន​ការ​ដណ្ដើម​​​​​​​​​​​​​​​ការ​​គាំទ្រ​​របស់​​​​ខ្មែរ​​​នៅ​​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក កឹម សុខា អនុប្រធាន​​​​​​​គណបក្ស​ប្រឆាំង ​បាន​ចំអក​ឲ្យ​​​​យុទ្ធនាការ​ថ្មី​មួយ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​​ពង្រឹង​ការ​គាំទ្រ​ដែល​ខ្សោយ​ជា​ប្រវត្តិសាស្ត្រ​​​សម្រាប់​គណបក្ស​កាន់​អំណាច​​​​​​​ក្នុង​ចំណោម​​​​​​​ប្រជាពល​​រដ្ឋ​ខ្មែរ​រស់​នៅ​បរទេស​ ជា​កិច្ចខំប្រឹង​ប្រែង​មួយ​​​ដែល​បាន​រាប់​បញ្ចូល​ទាំង​ការ​តែង​តាំង​ឯកអគ្គរាជទូត​​ឲ្យ​ធ្វើ​ជា​ប្រធាន​គណ​​​បក្ស​ប្រចាំ​ប្រទេស​នីមួយៗ​​ផង​ដែរ​។

លោក​​​បាន​​​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​​​​គាំទ្រ​​​នៅ​ក្នុង​​​​រាជធានី​កង់​បេរា៉ ​​នៃ​ប្រទេស​​អូស្ត្រាលី ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា ច្បាស់​ណាស់​​​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​​ កំពុង​តែ​ខំប្រឹង​ប្រែង​​​​​​ធ្វើ​ឲ្យ​​ចុះ​​ខ្សោយ​​នូវ​ការ​គាំទ្រ​​​ដ៏​ខ្លាំង​​​សម្រាប់​​​​​គណ​បក្ស​​​ប្រឆាំង​​ក្នុង​ចំណោម​​​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​បរទេស​។

លោក​បាន​លើក​ឡើង​ថា ”គេ​ដឹង​ថា​អ្នក​ណា​ដែល​ជួយ​ឲ្យ​គណ​​បក្ស​សង្គ្រោះ​ជាតិ​​បាន​កម្លាំង​ខ្លាំង​​ដល់​សព្វ​ថ្ងៃ​​នេះ​​​​ ទាំង​ស្មារតី​​ទាំង​ថវិកា​។គេ​ដឹង​ថា​បង​ប្អូន​នៅ​ក្រៅ​ប្រទេស​ហ្នឹង​​ហើយ​។ ឥឡូវ​គេ​រក​ចំណុច​ខ្លាំង​​មួយ​ផ្នែក​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ គេ​ថា​ដោយ​សារ​បង​ប្អូ​ន​ក្រៅ​ប្រទេស​​គាំទ្រ​ខ្លាំង​។ ឥឡូវ​ហ្នឹង​ពួក​គេ​​​កំពុង​​តែ​មាន​​ផែន​ការ​មួយ​ដើម្បី​ចង់​ទាញ​បង​ប្អូន​នៅ​​ក្រៅ​​ប្រទេស​ហ្នឹង​ឱ្យ​ចេញ​ពី​សង្គ្រោះ​​​ជាតិ​​ ឲ្យ​​ថយ​ការ​គាំទ្រ​សង្គ្រោះ​ជាតិ​។ គេ​មាន​​​​ដាក់​មនុស្ស​មក ប៉ុន្តែ​គេ​ដាក់អីដាក់​ទៅ​​បង​ប្អូន ខ្ញុំ​អត់​ខ្វល់​ទេ ​ហាងឆេង​ហ្នឹង​​លក់​លែង​ដាច់​ហើយ យើង​អត់​​មាន​ខ្វល់​ទេ។ យើង​ជឿ​ថា ​គណ​បក្ស​​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​ឈ្នះ​”។

កាលពី​ខែ​មិថុនា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​​​​ដោយ​​​​​ដាក់​ឲ្យ​ឯក​អគ្គរាជទូត​​កម្ពុជា​​ថ្មី​ៗ​ចំនួន​ប្រាំពីរ​រូប​ទទួល​ខុស​ត្រូវ​ដឹកនាំ​គណៈកម្មការ​ថ្មី​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ ដោយ​លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​​នេះ​​​បដិសេធ​នៅ​ពេល​នោះ​ថា ​គ្មាន​ជម្លោះ​ផល​ប្រយោជន៍​ណា​​មួយ​កើត​ឡើង​​ឡើយ​នៅ​ក្នុង​ការ​​រៀបចំ​​​នេះ​។

ក្នុង​ខែ​ដដែល​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រ​កាស​កិច្ច​ប្រឹង​ប្រែង​ថ្មី​មួយ​ ដើម្បី​ទទួល​បាន​​អ្នក​គាំទ្រ​នៅ​បរទេស​ ដោយ​​ដាក់​​លោក ហ៊ុន ម៉ាណែត ​​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន​ សែន ឲ្យ​ទទួល​ខុស​ត្រូវ​លើ​គម្រោង​​​​​មួយ​​ដើម្បី​​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ចំណោម​យុវជន​​ដែល​រស់​នៅ​បរទេស​ និង​ដើម្បី​ទប់​ទល់​ព័ត៌មាន​អាក្រក់​និយាយ​អំពី​គណបក្ស​កាន់​អំណាច​។

លោក កុយ គួង ឯក​អគ្គរាជទូត​ថ្មី​របស់​កម្ពុជា ​​ប្រចាំ​​ប្រទេស​អូស្ត្រាលី និង​នូវែល​សេឡង់ ​​បាន​មាន​ប្រសាសន៍​​​កាលពី​ម្សិល​មិញ​​​ថា ​​​ប្រជាពលរដ្ឋ​ខ្មែរ​​ និង​និស្សិត​​​នៅ​បរទេស​​​មាន​ចំនួន​តិច​ជាងមុន​ដែល​កំពុង​គាំទ្រ​គណ​បក្ស​ប្រឆាំង​សព្វ​ថ្ងៃ​ បើ​ធៀប​នឹង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​។

លោក​បាន​ថ្លែង​ថា “​ជា​ការ​ពិត​ ប្រជាពល​រដ្ឋ​ខ្មែរ​​ [នៅ​ប្រទេស​] មាន​​ជំនឿ​ចិត្ត​​កាន់​តែ​តិច​លើ​ពួកគេ​។ ​វា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​​​មតិ​​ផ្នែក​នយោបាយ​។ គ្មាន​នរណា​​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​រឿង​អ្វី​​មួយ​ទេ។ វា​ជា​សេរីភាព​នៃ​ជម្រើស​នយោបាយ​របស់​ពួកគាត់​”។

លោក​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​​សកម្មភាព​​ផ្សព្វ​ផ្សាយដែល​លោក​បាន​​ធ្វើ​ក្នុង​ឋានៈ​ជា​គណៈកម្មការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “​អស់​លោក​​អាច​សង្កេត​មើល​ពាក្យ​សម្ដី​របស់​លោក កឹម សុខា ហើយ​អាច​សួរ​​បាន​​ជុំ​វិញ​រឿង​នោះ។ ដូច​ខ្ញុំ​បាន​​និយាយ​អ៊ីចឹង​ ខ្ញុំ​មកទី​នេះ​​ដើម្បី​បំពេញ​ការ​ងារ​របស់​ខ្ញុំ​ក្នុង​ឋានៈ​ជា​ឯកអគ្គរាជទូត​ធម្មតា​ម្នាក់​ប៉ុណ្ណោះ​ ហើយ​​យើង​​​​ត្រូវ​​ថែ​រក្សា​​​ប្រជាពលរដ្ឋ​​ខ្មែរ ទាំង​អស់​ដែល​រស់​នៅ​បរទេស​។ យើង​មក​ទីនេះ​មិន​មែន​មក​​បោក​លុយ​ប្រជាពលរដ្ឋ​ទេ យើង​មក​ដើម្បី​​​ជួយ​ពួកគាត់​។ មិន​ដូច​អ្នក​ផ្សេង​ទេ ពេល​ខ្លះ​ពួកគេ​​មក​​ទីនេះ​​ក្នុង​បំណង​​បោក​លុយ​​ពួក​គាត់​​​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន”។

យោង​តាម​ក្រសួង​អន្តោប្រវេសន៍​របស់​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​​១២.០០០​នាក់​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មិថុនា ឆ្នាំ​១៩៨៦​ ជា​ផ្នែក​នៃ​កម្មវិធី​ពិសេស​មួយ​​សម្រាប់​ជន​ភៀស​ខ្លួន​ដែល​រត់គេច​ពី​របប​ខ្មែរ​ក្រហម និង​របប​​​គាំទ្រ​ដោយ​វៀតណាម​ ដែល​​កាន់​តំណែង​បន្ទាប់​ពី​ខ្មែរ​ក្រហម​។

ជំរឿន​​ទូទាំង​​ប្រទេស​​​អូស្ត្រាលី​​ ដែល​ត្រូវ​​​បាន​ធ្វើ​ឡើង​​កាលពី​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​២៨.០០០​​​នាក់​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ដោយ​ភាគ​​ច្រើន​​​​​រស់​នៅ​ក្នុង​រដ្ឋ​វីក​ធើ​រៀ (Victoria)។

លោក គង់ ម៉េង ប្រធាន​វត្ត​ខ្មែរ​នៅ​ក្នុង​ទីក្រុង​មែលប៊ន ​និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​នៅ​ក្នុង​រដ្ឋវីកធើរៀ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ថ្មី​ៗ​នេះ​លោក​​មិនសូវ​ឃើញ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​យុទ្ធនាការ​​​ទេ គឺ​​​មាន​​​​​​​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​​ធ្វើ​យុទ្ធនា​​​ការ​សកម្ម​ជាង។

លោក​បាន​បន្ត​ថា “​ប្រជាពលរដ្ឋ​ភាគ​ច្រើន​​​នៅ​ទី​នេះ​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​។ គណ​​​បក្ស​ប្រជាជន​​មិន​សូវ​មក​សុំ​ឲ្យ​យើង​គាំទ្រ​ពួកគេ​​ទេ​។ មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​ដែល​មក​សុំ​ការ​គាំទ្រ​។ គណបក្ស​ប្រជាជន​មាន​អំណាច​​ ដូច្នេះ​ពួកគេ​មិន​ចាំ​បាច់​​​សុំ​​ការ​​គាំទ្រ​ទេ​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​មាន​ការ​លំបាក​ខ្លាំង​​ទាក់​ទិន​​រឿង​នយោ​បាយ​​ក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​មាន​បញ្ហា​​ជាច្រើន​​​ពាក់​ព័ន្ធ​ព្រំដែន និង​សិទ្ធិ​មនុស្ស​។ វា​​ធ្ងន់​ធ្ងរ​ ហើយ​​ពេល​យើង​​ស្ដាប់​​ការ​ផ្សាយ​តាម​​​វិទ្យុ​ យើង​មិន​សប្បាយ​ចិត្ត​សោះ”។

លោក សុខ ឥសាន បាន​បញ្ជាក់​ថា គណ​បក្ស​ប្រជាជន​ បាន​បញ្ជូន​សកម្មជន​​ក្មេងៗ​​ទៅ​បរទេស​ដើម្បី​​លើក​កម្ពស់​ផល​ប្រយោជន៍​របស់​ខ្លួន ប៉ុន្តែ​បាន​ច្រាន​ចោល​​​ការ​អះអាង​​របស់​លោក កឹម សុខា ដែល​​លើក​ឡើង​ថា ពួកគេ​កំពុង​ព្យាយាម​ដណ្ដើម​អ្នក​គាំទ្រ​ពី​គណ​​បក្ស​ប្រឆាំង។

លោក​បាន​ចោទ​សួរ​ទៅ​​អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ”​បើ​មិន​​ព្រួយ​បារម្ភ លើក​​​​ឡើង​ពី​បញ្ហា​នេះ​ធ្វើអី​? គាត់​មាន​មោទ​ន​ភាព​លើ​ខ្លួន​ឯង​ថាគាត់​ខ្លាំង​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ថា បំបែក​បាន​ឬ​មិន​បាន​​ វា​អាស្រ័យ​លើ​ [គណបក្ស​សង្គ្រោះ​ជាតិ​] ទេ​។គណបក្ស​ប្រជា​​​ជន​បាន​បញ្ជូន​សកម្មជន​​ជា​​យុវ​​ជន​ទៅ​បរទេស​ ​​ប៉ុន្តែ​​ពួកគេ​ទៅ​ទីនោះ​ដើម្បី​ពង្រឹង​កម្លាំង​របស់​​​​​គណបក្ស​ប្រជាជន មិន​មែន​​ដើម្បី​​​បំបែក​​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​”៕ សុខុម​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស