31 C
Phnom Penh

​លោក ហោ ណាំហុង ​៖ ព្រំដែន​ជា​បញ្ហា​ធំ ព្រោះ​គ្មាន​បញ្ហា​ផ្សេង​កើត​មាន​នៅ​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​​​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​យុទ្ធនាការ​​នា​​​­​ពេល​ថ្មីៗ​​របស់​ខ្លួន​ក្នុងការ​ប្រឆាំង​​ការ​ឈ្លាន​ពាន​​​ចូលទឹក​ដី​កម្ពុជា​ពីសំណាក់​វៀត​​​ណាម​​ ដោយ​សារ​​គ្មាន​បញ្ហា​ផ្សេង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​។

​ពេល​ថ្លែង​បន្ទាប់​ពី​​​​ធ្វើ​បាឋកថា​នៅ​​វិទ្យា​​​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ លោក ហោ ណាំហុង ​​បាន​​លើក​ឡើង​ថា ​លោក​​​មាន​អារម្មណ៍ធុញ​ទ្រាន់​ចំពោះ​ជម្លោះ​​មិនទាន់បាន​​​ដោះ​​​ស្រាយ​​​​​​​ក្នុង​ពេល​ថ្មីៗ​រវាង​​រដ្ឋាភិបាល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន ហើយ​សង្ឃឹម​ថា ​វា​នឹង​បញ្ចប់​​ឆាប់ៗ​។

លោក​បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​​​ទៅ​​​លើ​អាយ៉ៃ​​ឆ្លើយ​ឆ្លង​ថា ​”​កុំ​​ឲ្យ​យក​បញ្ហា​ព្រំ​​​ដែន​​ធ្វើ​ជា​ឆាក​ល្ខោន​ កុំ​ឲ្យ​ធ្វើ​​អាយ៉ៃ​ឆ្លើយ​ឆ្លង​​​”។

លោក​បាន​លើក​ឡើង​​ទៀត​ថា ហេតុ​ផល​ តែ​មួយគត់​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​​ចំណាយ​ពេល​យ៉ាង​យូរ​​​លើ​​បញ្ហា​ព្រំដែន​​​​​ គឺ​ដោយ​សារ​​វា​គឺ​ជា​បញ្ហា​តែ​មួយ​គត់​​​នៅ​សេស​សល់​​ក្នុង​ប្រទេស​​​ដែលពួកគេអាច​វាយ​ប្រហារ​​​​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា”​ដោយសារ​បញ្ហា​​​​អភិវឌ្ឍ​សេដ្ឋកិច្ច​​​​ និង​​​សង្គម​​​គេ​​មើល​ឃើញ​​ទាំង​អស់​គ្នា​ ប្រជាជន​ឃើញទាំងអស់​​ ​បរទេស​ក៏​​​ឃើញ​ទាំងអស់​ គេ​​អត់​មាន​លេស​ អី​​​​វ៉ៃប្រហារ​​​​រដ្ឋាភិបាល​​ដូច្នេះ​មានតែ​​បញ្ហា​​​ហ្នឹង [​ព្រំដែន ]​ មួយ​ បានទើប​យកមកធ្វើ​ជា​​​ប្រធាន​​​បទ​ឃោសនា​​​បោះ​ឆ្នោត​ រក​សន្លឹក​​ឆ្នោត​”។

​លោក​បាន​បន្ថែម​ទៀត​ថា “​​​​​ ខ្ញុំ​សង្ឃឹម​ថា ប៉ុន្មានថ្ងៃប៉ុន្មាន​​​ខែទៅមុខ​​ទៀត   ទាំង​​អស់​គ្នា​ នៅក្នុង​ស្ថាប័ន​​នយោបាយផ្សេង​​ នឹងភ្លឺភ្នែក​​​អំពីអ្វី​ដែល​រដ្ឋាភិបាល​​បាន​​ធ្វើ​”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​អាច​ទាក់​ទង​បានទេ​កាលពី​ម្សិលមិញ។

ចាប់​តាំង​ពី​ខែមិថុនាមក គណបក្ស​សង្គ្រោះ ​​​​ជាតិបាន​ដឹកនាំ​យុទ្ធនាការ​​​​​មួយ​​​​ដើម្បី​បង្ខូច​​ការ​កំណត់​ព្រំដែន​របស់​រដ្ឋាភិបាល​ ដោយ​ចោទ​ប្រកាន់​​រដ្ឋាភិបាល​​ថា បាន​សម​គំនិត​​នៅ​ ក្នុង​ការ​ឈ្លាន​ពាន​​ចូល​ទឹក​ដី​កម្ពុជា​ពី​សំណាក់​វៀតណាម​ ហើយ​​​ក្នុង​ពេល​​ថ្មីៗ​នេះ​​​ ​បាន​ប្រើ​ផែនទី​​មិន​ត្រឹម​ត្រូវ​​នៅ​ក្នុង​ការ​ពិភាក្សា​ជា​​​មួយ​​​​វៀតណាម​។

យុទ្ធនាការ​នេះ​​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខឹង​យ៉ាង​ខ្លាំង​​ ដោយ​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆំាង ​បាន​លើក​ឡើង​នៅ​​ក្នុង​ខែ​នេះ​ថា លោក​នឹង​​​លុប​ចោល​យុទ្ធនាការ​នេះ​។​ ទោះ​ជាយ៉ាង​ណា ពេល​ថ្លែង​ទៅ​កាន់​ពលរដ្ឋខ្មែរ​​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​អំឡុង​ការ​ចុះ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍ លោក សម រង្ស៊ី មិនទំនង​ជា​​បំភ្លេច​បញ្ហា​នេះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​​ថា “​បងប្អូន​ អាជ្ញាធរ​គេ​​ថា យួន​​អត់យក​ដី​ខ្មែរ​ទេ បង​ប្អូន​ចង់ជឿ​ ជឿទៅ​​។ តែ យើង​​ គណបក្ស​​​សង្គ្រោះ​​​​ ជាតិ​​ យើង​ជឿ​​ប្រជារាស្ត្រ​ ពលរដ្ឋ​​ដែល​រស់​នៅ​តាម​ព្រំដែន ជា​ពិសេស​​កសិករ​ខ្មែរ​​​។ ប្រជារាស្ត្រ​ លោក​​មិន​ទៅពិនិត្យ​​​​​​រឿង​ដោយ​​មិន​មែន​ជាការពិត​ទេ​ លោក​រងគ្រោះ​។ ពួក​​​គាត់​ជា​សាក្សីនិង​ភ័ស្តុ​តាង​​​​រស់​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ​”​ដូច្នេះ​ដរាប​ណា មាន​ប្រជា​ពលរដ្ឋ​​​ត្អូញត្អែរ​យំស្រែកថា​​​យួន​យក​​ដី​​គាត់ យើង​ត្រូវ​​តែ​ការ​ពារប្រជា​​ពលរដ្ឋ​ ខ្មែរ​របស់យើង​ ដែល​រង​​គ្រោះ​ដោយ​សារ​​​យួនឈ្លានពាន​​”៕ ស៊ុយឈាង​​​​​​​  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស