នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា បុរសម្នាក់រស់នៅក្នុងខេត្តកំពង់ធំបានសម្លាប់ប្រពន្ធរបស់ខ្លួន ហើយបន្ទាប់មកបានសម្លាប់ខ្លួនឯងកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីពួកគេឈ្លោះគ្នារឿងនំអន្សម។
លោក គឹម ចាន់រិទ្ធ នាយប៉ុស្តិ៍ឃុំប្រឡាយ ស្រុកស្ទោងបានមានប្រសាសន៍ថា ជម្លោះនេះបានកើតឡើងនៅម៉ោងប្រហែល៦ល្ងាចថ្ងៃសុក្រ នៅពេល សុន ថាំ អាយុ៤៣ឆ្នាំ និងប្រពន្ធរបស់ខ្លួនឈ្មោះ សាត នី អាយុ២៨ឆ្នាំ បានត្រឡប់មកផ្ទះវិញពីសែនក្បាលទឹកនៅផ្ទះអ្នកជិតខាង។
យោងតាមលោក ចាន់រិទ្ធ បានឲ្យដឹងថា អ្នកជិតខាងបានឲ្យនំអន្សមមួយកំណាត់ដល់កូនប្រុសអាយុ៣ឆ្នាំ និងកូនស្រីអាយុ៧ឆ្នាំរបស់ប្ដីប្រពន្ធនេះ ប៉ុន្តែកូនៗទាំងនោះមិនញ៉ាំនំអន្សមនោះទេ ដូច្នេះអ្នកស្រី សាត នី ក៏យកវាហូបទៅ។
លោកបានថ្លែងថា “បុរសជាប្ដីបានចាប់ដៃប្រពន្ធ ហើយសួរថា ‘ ហេតុអ្វីបានជាឯងហូបវា? ហេតុអ្វីមិនទុកឲ្យកូន?’”។ លោកបានបន្ថែមថា សុន ថាំ បានគ្រវែងនំដែលនៅសល់នោះចោលទៅដី បណ្ដាលឲ្យប្ដីប្រពន្ធនេះប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នាយ៉ាងខ្លាំង។
លោក ចាន់រិទ្ធ បានថ្លែងថា ទីបំផុតនៅពេលពួកគេឈប់ឈ្លោះគ្នា សុន ថាំ បានប្រញាប់ ទៅយកកាំបិតផ្គាក់ ហើយបន្ទាប់មកកាប់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ដោយកាប់ត្រូវត្រង់ក្បាល និងដៃយ៉ាងដំណំ។
លោកបានថ្លែងថា “បុរសជាប្ដីបានកាប់ប្រពន្ធរបស់ខ្លួនបួនកាំបិតត្រង់ក្បាល ត្រូវដៃទាំងពីរ និងត្រូវថ្គាមខាងឆ្វេង។ ជនរងគ្រោះបានស្លាប់ភ្លាមៗ”។ លោកបានបន្ថែមថា “ខ្ញុំធ្វើជានគរបាល២៣ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញករណីបែបនេះទេ”។
លោក វ៉ន សុភ័ណ អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា បន្ទាប់ពីសម្លាប់ប្រពន្ធរបស់ខ្លួនរួច សុន ថាំ បានរត់ទៅលាក់ខ្លួននៅផ្ទះអ្នកជិតខាងដើម្បីគេចពីនគរបាលដែលគេបានទូរស័ព្ទហៅឲ្យមកកន្លែងកើតហេតុ។
លោក សុភ័ណ បានថ្លែងថា នៅពេលម្ចាស់ផ្ទះបង្ខំឲ្យចាកចេញ សុន ថាំ បានរត់ទៅព្រៃក្បែរនោះ ដោយយកកាំបិតទៅជាមួយដើម្បីទុកកាប់នគរបាលដែលបានបាញ់ជននេះមួយគ្រាប់ចំជើង។ លោកបានថ្លែងថា ទោះយ៉ាងណា បុរសរូបនេះបានរត់គេចខ្លួនចូលក្នុងព្រៃចម្ងាយប្រហែល១៥០ម៉ែត្រ ដែលនៅទីនោះ ជននេះបានចងកសម្លាប់ខ្លួននឹងមែកឈើនៅម៉ោងប្រហែល១០និង១៥នាទីយប់។
អធិការរងនគរបាលរូបនេះបានបន្ថែមថា សុន ថាំ គឺជាមនុស្សដែលអាជ្ញាធរកំពុងតាមចាប់ខ្លួននៅក្នុងស្រុកប្រាសាទបល្ល័ង្កក្បែរនោះ ពីបទសម្លាប់ម្ដាយមីងរបស់ខ្លួន ប៉ុន្តែថា លោកមិនដឹងថា តើបទឧក្រិដ្ឋនោះកើតឡើងនៅពេលណានោះឡើយ។
លោកបានថ្លែងថា បុរសរូបនេះបានជួបអ្នកស្រី សាត នី ខណៈពេលធ្វើការនៅប្រទេសថៃ ដែលជននេះបានរត់ទៅទីនោះបន្ទាប់ពីប្រព្រឹត្តអំពើមនុស្សឃាតលើកទី១។
លោកបានបន្ថែមថា “ប្រសិនបើជននេះនៅរស់ ក៏ត្រូវប្រឈមនឹងវិធានការច្បាប់ដែរ៕ សារុន