31 C
Phnom Penh

ពលរដ្ឋ​កម្ពុជា​បួន​នាក់​រត់​ចេញ​ពី​កប៉ាល់​ទំនិញ​នៅ​ហ្វីលីនពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា បុរស​បួន​នាក់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ បន្ទាប់ពី​បាន​រត់​គេច​ខ្លួន​ពី​កប៉ាល់​ទំនិញ​មួយ​គ្រឿង​ដែល​ចត​នៅ​ប្រទេស​ហ្វីលីពីន ហើយ​បាន​ទាក់ទង​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​ម៉ានីល​កាលពី​សប្តាហ៍​មុន។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា បុរស​ទាំង​នោះ​បាន​ប្រាប់​មន្ត្រី​ស្ថានទូត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​ខ្លួន​បាន​ទទួល​រង​ការ​រំលោភ​បំពាន ធ្វើការ​ហួស​កម្លាំង និង​ទទួល​បាន​ប្រាក់​តិចតួច​នៅ​លើ​កប៉ាល់​ប្លូ អិមភឺរើ​១ (Blue Emperor 1)។

លោក​បាន​និយាយ​ថា “អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ បើ​ទោះ​ជា​ពួកគេ​ឈឺ​ក៏​ដោយ ហើយ​មិន​បាន​ទទួល​ប្រាក់​ខែ​ដូច​ដែល​បាន​សន្យា​ឲ្យ​នោះ​ទេ”។

លោក សុន្ទរី បាន​និយាយ​ថា នៅ​ពេល​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ពួកគេ​ភ្លាម ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​អ្នក​ទាំង​បួន​នាក់ និង​បាន​ទាក់ទង​ក្រុមហ៊ុន New Unite HK Marine Shipping ដែល​ជា​ម្ចាស់​កប៉ាល់ និង​មាន​ការិយាល័យ​មួយ​ក្នុង​ក្រុង​ម៉ានីល។

លោក​បាន​និយាយ​ថា “ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​កប៉ាល់​នេះ​បាន​យល់​ព្រម​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ”។

បុរស​ទាំង​បួន​នាក់​មាន​ឈ្មោះ អិន អ៊ន អាយុ​២១​ឆ្នាំ អេង សុជាតិ អាយុ​៣៥​ឆ្នាំ សំ ចំរើន អាយុ​២៨​ឆ្នាំ និង មិត្ត តុលា អាយុ​២៨​ឆ្នាំ បាន​ត្រឡប់​មក​ដល់​ក្រុង​ភ្នំពេញ​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​អាទិត្យ។

ទាក់ទង​តាម​ទូរស័ព្ទ​កាលពី​យប់​មិញ លោក អ៊ន បាន​និយាយ​ថា គាត់​បាន​ធ្វើការ​លើ​កប៉ាល់ ប្លូ អិមភឺរើ​១ នៅ​ដើម​ខែ​នេះ ហើយ​ត្រូវ​បាន​ប្រាប់​អំពី​លក្ខខណ្ឌ​ការងារ​លំបាក​ខ្លាំង​ដោយ​ពលរដ្ឋ​ខ្មែរ​បួន​នាក់​ផ្សេងទៀត​នៅ​លើ​កប៉ាល់​នោះ ដែល​បាន​ធ្វើការ​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​ខែ​មក​ហើយ។ គាត់​បាន​និយាយ​ថា ពលរដ្ឋ​ខ្មែរ​ទី​៥​បាន​រត់​គេច​ពី​កប៉ាល់​នេះ​នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា។

លោក អ៊ន បាន​និយាយ​ថា ប្រុសៗ​នៅ​ប្រទេស​ខ្មែរ​នៅ​ពេល​ពួកគេ​ដាក់​ពាក្យ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន New Unite HK Marine Shipping អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រាប់​ថា នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ធ្វើ​ជា​ជាង​ម៉ាស៊ីន ឬ សមាជិក​ក្រុម​នាវិក ដោយ​មាន​ប្រាក់​ខែ​រវាង​៥០០​ដុល្លារ​ដល់​១.០០០​ដុល្លារ។

លោក​បាន​និយាយ​ថា “យើង​ត្រូវ​ទៅ​[ជាន់​ក្រោម] ហើយ​ធ្វើការ​យ៉ាង​លំបាក លើក​របស់​ធ្ងន់ៗ និង​ប្រឹង​ធ្វើការ ទោះបី​ពេល​យើង​ឈឺ​ក៏​ដោយ ហើយ​គេ​ចាត់​យើង​ឲ្យ​សម្អាត​បង្គន់។ វា​ផ្ទុយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក នៅ​ពេល​ខ្ញុំ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា”។

លោក អ៊ន បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​មាន​លេស​ច្រើន​ដែល​ខ្លួន​មិន​អាច​បើក​ប្រាក់​ខែ​ពេញ​លេញ​និង​ទាន់​ពេល​ដែល​បាន​សន្យា​ឲ្យ​លោក​និង​ជនជាតិ​ខ្មែរ​ផ្សេងទៀត។ គាត់​បាន​និយាយ​ថា គាត់​និង​បី​នាក់​ផ្សេងទៀត​បាន​រត់​ចេញ​ពី​កប៉ាល់ ដែល​ចត​នៅ​កំពង់​ផែ​ស៊ូប៊ិក ចម្ងាយ​ប្រហែល​៨០​គីឡូម៉ែត្រ​ពី​ក្រុង​ម៉ានីល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

លោក​បាន​ឲ្យ​ដឹង​ទៀតថា “យើង​បាន​ចាប់​ផ្តើម​គេច​ខ្លួន​ពី​កប៉ាល់​នោះ​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក បន្ទាប់ពី​ទទួល​បាន​លិខិត​ឆ្លងដែន​របស់​យើង” ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​ដោយ​ថ្មើរ​ជើង។

លោក​បាន​និយាយ​ថា “យើង​បាន​រត់​ចេញ គ្នា​យើង​ខ្លះ​ស្លៀក​ខោ​អាវ​ទ្រនាប់​គ្មាន​អាវ​ក្រៅ ហើយ​បុរស​ចិន​ម្នាក់​បាន​រត់​តាម​យើង។ ប៉ូលិស​បាន​ឃាត់​យើង និង​បាន​សួរ​ថា​តើ​មាន​រឿង​អ្វី យើង​បាន​និយាយ​ថា ‘ពួកគេ​បោក​យើង​និង​បំពាន​កិច្ច​សន្យា​ការងារ។ យើង​ធ្វើការ​យ៉ាង​ពិបាក ប៉ុន្តែ​មិន​ទទួល​បាន​ប្រាក់​ទេ ហើយ​ពួកគេ​អនុញ្ញាត​ឲ្យ​យើង​ទៅ”៕ និត (រាយការណ៍​បន្ថែម​ដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស