30 C
Phnom Penh

គ្រួសារ​ជាច្រើន​តវ៉ា​ទាក់ទិន​នឹង​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​មក​ពី​ខេត្ត​កណ្តាល​បាន​សរសេរ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើ​សុំ​ឲ្យ​ប្រគល់​ប្រាក់​ជាង​១.៣០០​ដុល្លារ ដែល​ពួកគេ​បាន​ឲ្យ​ទៅ​គណបក្ស​នេះ ដើម្បី​គាំទ្រ​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន ដោយ​លើក​ឡើង​ពី​កង្វល់​អំពី​គៃ​បន្លំ។

កាលពី​ឆ្នាំ​មុន គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បង្កើត​ស្ថានីយ​ទូរទស្សន៍​បក្ស​ប្រឆាំង​ដែល​មាន​ជា​លើក​ដំបូង ហើយ​តាំង​ពី​ពេល​នោះ​មក​បាន​ចាប់​ផ្តើម​រៃ​អង្គាស​ប្រាក់​រាប់​លាន​ដុល្លារ ដែល​ខ្លួន​និយាយ​ថា ត្រូវ​ការ​ចាប់​ផ្តើម​ការ​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ។

ដំបូង​ឡើយ គណបក្ស​នេះ​មាន​ផែនការ​រៃ​ប្រាក់​តាម​រយៈ​ការ​ចេញ​ភាគហ៊ុន​ដោយ​ក្រុមហ៊ុន​ឯករាជ្យ​មួយ ប៉ុន្តែ បទប្បញ្ញត្តិ​ហិរញ្ញ​វត្ថុ​បាន​រារាំង​វិធី​នេះ បង្ខំ​ឲ្យ​ពឹង​ផ្អែក​លើ​អំណោយ​ពី​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស​ជា​ជំនួស​វិញ។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ បុរស​ម្នាក់​ឈ្មោះ ស សុគុណ បាន​និយាយ​ថា គាត់​តំណាង​ឲ្យ​ប្រជាជន​ជា​ច្រើន​គ្រួសារ​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ ការ​ចាត់ចែង​វិភាគទាន​របស់​គណបក្ស​នេះ។

លិខិត​នោះ​និយាយ​ថា “ក្នុង​នាម​ប្រជាជន​៣៥​គ្រួសារ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ សូម​ស្នើ​ដក​ប្រាក់​៥.៣៥០.០០០រៀល [ប្រហែល​១.៣៤០ដុល្លារ] ដែល​ពួក​យើង​បាន​ធ្វើ​វិភាគទាន​ចូល​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​មក”។

លិខិត​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​គ្រួសារ​ទាំង​នេះ​បាន​អាន​សេចក្តី​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ដែល​មាន​ប្រជាជន​តវ៉ា​អំពី​កង្វះ​តម្លាភាព​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចាត់ចែង​ប្រាក់​នោះ ហើយ​ថា ក្នុង​សេចក្តី​រាយការណ៍​នោះ គណបក្ស​ប្រឆាំង​មិន​បាន​បំភ្លឺ​អំពី​ការ​តវ៉ា​នោះ​ទេ។

លិខិត​បាន​សន្និដ្ឋាន​ថា “យើង​សង្ស័យ​ថា ព័ត៌មាន​ដែល​បាន​ផ្សាយ​អំពី​អំពើ​ពុក​រលួយ​និង​ការ​កិបកេង​លុយ​មូលនិធិ​កន្លង​មក​នោះ​ជា​ការ​ពិត ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ស្នើ​សុំ​ដកប្រាក់​ដែល​យើង​បាន​បដិភាគ​នោះ​មក​វិញ”។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា លោក​សង្ស័យ​អំពី​ការ​លេង​ល្បិច ប៉ុន្តែ​ថា គណបក្ស​នឹង​ប្រគល់​ប្រាក់​ឲ្យ​វិញ​ប្រសិនបើ​គ្រួសារ​ទាំងនោះ​មាន​បង្កាន់ដៃ។

លោក ឆៃអ៊ាង បាន​និយាយ​ថា “មកដល់​ពេល​នេះ យើង​មិន​ទាន់​ទទួល​បាន​លិខិត​នេះ​ទេ។ យើង​គ្រាន់តែ​បាន​ឃើញ​វា​តាម​រយៈ​បណ្តាញ​ព័ត៌មាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ យើង​បាន​ដឹង​យូរ​មក​ហើយ​ថា ពួកគេ​មាន​ផែនការ​ធ្វើ​រឿង​នេះ”។

លោក​បាន​បន្ថែម​ថា “ហេតុដូច្នេះ​ហើយ យើង​បាន​រៀបចំ​ឲ្យ​មាន​បង្កាន់ដៃ​ត្រឹមត្រូវ”។

“ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ប្រជាជន​បង្ហាញ​បង្កាន់ដៃ​របស់​ខ្លួន​ពី​ការ​ចូលរួម​វិភាគទាន​ប្រាក់​ ហើយ​យើង​នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់។ ប្រសិនបើ​ជា​បង្កាន់ដៃ​ពិត​ប្រាកដ​មែន​នោះ​ ហើយ​ពួកគេ​ចង់​ដក​[ប្រាក់]វិញ យើង​នឹង​ប្រគល់​ឲ្យ​វិញ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស