29 C
Phnom Penh

មនុស្ស​បួន​នាក់​ត្រូវ​បានសមត្ថ​​​កិច្ច​​​​ចាប់​ខ្លួន​ពីបទកំហែង​​​​ទារ​ប្រាក់​ពី​អ្នកភូមិ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​​​មនុស្ស​បួន​នាក់​​​ដែល​ក្លែង​បន្លំ​ជា​បុគ្គលិក​​អង្គការ​​​​មិន​មែន​​​រដ្ឋាភិបាល​​ការ​ពារ​បរិស្ថាន​ និង​​កង​រាជអាវុធហត្ថ​​​ ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​​កាលពី​ថ្ងៃសៅរ៍ ​ពេល​ព្យាយាម​កំហែង​​​​ទារ​​ប្រាក់​ពី​អ្នក​​​ភូមិ​​ដែល​​​បាន​កាប់​ឈើ​ដោយ​គំរាម​ទូរស័ព្ទ​ហៅ​អាជ្ញាធរ​។

លោក ស៊ុំ សុភ័ណ នាយ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ​ឈ្មោះ​ ប៉ិន ស៊ីណូ អាយុ​៤៧​ឆ្នាំ ​និង​ ឈ្មោះ​ ថាន់​ កុសល អាយុ​៣០​ឆ្នាំ ​ដែល​ប្រាប់​ជន​រងគ្រោះ​ថា ពួកគេ​​ធ្វើ​ការ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​អង្គការ​ការ​ពារ​ព្រៃឈើ និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​​ជាមួយ​ឈ្មោះ ស៊ីម ទូច អាយុ​៤៦​ឆ្នាំ និង​ឈ្មោះ ជិន គា អាយុ​៥២​ឆ្នាំ ដែល​​​ សុទ្ធតែ​ជា​អ្នក​នាំផ្លូវ​។

លោក​បាន​មាន​ប្រសាសន៍​ថា ”​មនុស្ស​ទាំង​បួន​នាក់​នេះ​​ត្រូវ​បាន​​ទាហាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ [ខែសីហា] នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក  ខណៈ​ពួកគេ​កំពុងកំហែង​​​ ទារ​​ប្រាក់​​ពី​អ្នក​ភូមិ​ដែល​បាន​កាប់​ឈើ​យក​ទៅ​សាង​សង់​ផ្ទះ​របស់​ខ្លួន ហើយ​បន្ទាប់​មក​​​ពួកគេ​ត្រូវ​បាន​ប្រគល់​មក​​ឲ្យ​នគរ​បាល​របស់​យើង​នៅ​ថ្ងៃទី​៣០”។

លោក​បាន​លើក​ឡើង​ទៀត​ថា ប៉ិន ស៊ីណូ និង​ ថាន់  កុសល ​ដែល​ជា​មេក្រុម​​ក្នុង​ប្រតិបត្តិការ ​នេះ​​ ​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​កំហែង​​​​ទារ​ប្រាក់​ រី​​​ឯ​អ្នក​នាំផ្លូវ​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ពី​​​បទ​​​​សម​គំនិត​​​ក្នុង​ការ​កំហែង​​​ទារ​ប្រាក់​​ពី​អ្នកភូមិ​។

លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ”​ពួក គេ​បាន​សារភាព​ថា ពិត​ជា​បាន​កំហែង​​​ទារ​​ប្រាក់​ពី​អ្នក​ភូមិ​​ពីរ​បី​លើក​មែន​ ក្នុង​នោះ​រួម​ទាំង​អ្នកភូមិ​ដែល​ដឹក​ឈើ​តាម​ម៉ូតូ និង​រទេះ​ផង​ដែរ​  ហើយ​ជួន​កាល​ ពួកគេ​​កំហែង​​​​​ទារ​ប្រាក់​ ប្រហែលពី​​​២០០.០០០​ទៅ​៣០០.០០០​រៀល​។ ប្រសិន​បើ​អ្នកភូមិ​ព្រម​ឲ្យ​ប្រាក់ទៅ​ពួកគេ​ ពួកគេ​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​​បន្ត​ដំណើរ​ទៅ​មុខ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ភូមិ​មិន​បង់​ប្រាក់​ទេ ពួក គេ​នឹង​​ទូរស័ព្ទ​ហៅ​នគរ​បាល​ កង​រាជអាវុធ​ហត្ថ​ ឬ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ចាប់​ខ្លួន​​អ្នក​ភូមិ​ ហើយ​រឹបអូស​យក​ឈើ​របស់​ពួកគាត់​។ រីឯ​ ចាន់ គា​ វិញ​អះអាង​ថា ខ្លួន​​ និង ស៊ីម​ ទូច បម្រើ ការ​​​នៅក្នុង​ជួរ​កង​រាជអាវុធហត្ថ​”។ លោក​បាន​បន្ថែម​ថា ប្រាក់​ចំនួន​​២៣៦.២០០​រៀល​ ត្រូវ​បាន​រឹបអូស​ពី​ក្រុម​នេះ​ ហើយ​ថា ជន ទាំង​បួននាក់​នេះ​ត្រូវ​បាន​​បញ្ជូន​ទៅ​សាលា​ដំបូង​​​ខេត្ត​មណ្ឌល​គិរី​កាលពី​ម្សិលមិញ​។

មន្ត្រី​តុលាការ​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។

ស្រុក​កែវសីមា ដែល​​​មាន​ទីតាំង​ស្ថិត​នៅ​តាម​ព្រំដែន​ជាប់ប្រទេស​វៀតណាម គឺ​ជា​កន្លែង​​កើត​មាន​​សកម្មភាព​ដឹក​ជញ្ជូន​ខុស​ច្បាប់​ទ្រង់​ទ្រាយ​ធំ​​យ៉ាង​ច្រើន​។ កាលពី​ខែ​មិថុនា ទាហាន​ប្រដាប់​អាវុធ​ពីរ​ក្រុម​​បាន​ប្រឈម​មុខ​ដាក់​គ្នា​​ពាក់​ព័ន្ធ​នឹង​ឈើ​ខុស​ច្បាប់​មួយ​ចំនួនធំ​​ ដែល​អាជ្ញាធរ​លើក​ឡើង​ថា មាន​គោល​ដៅដឹក​​​​​ទៅ​ប្រទេស​វៀតណាម​។

កាលពី​ខែ​មុន មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​​នៅ​ក្នុង​ស្រុក​នេះ​​បាន​អះអាង​ថា មន្ត្រី​នគរ​បាល​បាន​ឃាត់​រថយន្ត​​​ចំនួន​បួន​គ្រឿងដែល​​ដឹក​សុទ្ធតែ​​​ឈើ​​កាប់​ខុសច្បាប់​​​​​​​ ពេលព្យាយាម​ឆ្លង ​កាត់​ព្រំដែន​​៕ ស៊ុយឈាង​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស