អ្នកសារព័ត៌មានជាង៣០នាក់ក្នុងខេត្តរតនគិរី បានសរសេរលិខិតផ្ញើជូនក្លឹបអ្នកកាសែតកម្ពុជា (CCJ) អំពីលិខិតដែលពួកគាត់ចាត់ទុកថា ជាលិខិតគំរាមផ្ញើដោយអភិបាលខេត្តកាលពីសប្តាហ៍មុន ដែល ក្នុងនោះលោកបានលើកឡើងថា អ្នកកាសែត ត្រូវឈប់កំហែងទារប្រាក់ពីអ្នកកាប់ឈើខុសច្បាប់។
យោងតាមច្បាប់ចម្លងនៃលិខិតដែលបានចេញផ្សាយដោយ CCJ កាលពីម្សិលមិញ ហើយផ្តិតមេដៃដោយអ្នកសារព័ត៌មាន៣២នាក់ លោក ថង សាវុន អភិបាលខេត្តបានផ្ញើលិខិតមួយច្បាប់ទៅលោក សុខ គឹម សាន អ្នកយកព័ត៌មានទូរទស្សន៍បាយ័នកាលពីថ្ងៃ ទី២៤ ខែសីហា ប្តឹងអ្នកសារព័ត៌មាន “ដែលប្រមូលផ្តុំគ្នានៅតាមដងផ្លូវ និងកន្លែងខ្ចុសតៀមកាហ្វេ” ដើម្បីកំហែងទារប្រាក់ពីអ្នកកាប់ឈើ។
លោក សាវុន បានសរសេរលិខិតដែលបាន ផ្ញើតាម Line តាមប្រព័ន្ធអីុនធឺណិតថា “ខ្ញុំដូចជាឃើញអ្នកសារព័ត៌មានរាល់ថ្ងៃហាក់ដូចជាយកបញ្ហាបទល្មើសធ្វើជាអាជីពដូចជាបទល្មើសព្រៃឈើ មានក្រុមខ្លះដើរល្បាតចាំចាប់ម៉ូតូ ហើយសុំលុយថ្លៃសាំង។ បើគេមិនបង់ឲ្យ ធ្វើការចុះផ្សាយហ្នឹង”។
លោក សាវុន បានថ្លែងថា ការកំហែងទារ ប្រាក់នេះមិនមែនអ្នកសារព័ត៌មានដែលរាយការណ៍ពីបទល្មើសព្រៃឈើទេ។
លោកបានលើកឡើងថា “ប្រសិនបើចង់ធ្វើជាអ្នកសារព័ត៌មានអាជីព ត្រូវទទួលខុសត្រូវចំពោះសាធារណជនសម្រាប់ព័ត៌មាននេះ។ បើមិនអ៊ីចឹងទេ វាធ្វើឲ្យបរិយាកាសពោរពេញដោយផ្សែងងងឹត។ ខ្ញុំមិនអនុញ្ញាត ឲ្យក្រុមអ្នកកាសែតដែលធ្វើអំពើខុសច្បាប់សម្រាប់ក្រពះ ហើយយកស្លាកកាសែតធ្វើអ៊ីចឹងទៅទៀតទេ”។
នៅពេលទាក់ទងតាមទូរស័ព្ទកាលពី ម្សិល មិញ លោក សាវុន បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលិខិតរបស់លោកទេ។ ទោះយ៉ាង ណា លោក មឹុង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តបានមានប្រសាសន៍ថា ការកំហែងទារប្រាក់ពីអ្នកយកព័ត៌មានគឺជាបញ្ហាដ៏ចម្បង។
លោក ស៊ីនាថ បានថ្លែងថា ”វាអាក្រក់មើល ណាស់។ អ្នកសារព័ត៌មានមួយចំនួនមានតែ ស្លាកកាសែតមកកំហែងទារប្រាក់ប៉ុណ្ណោះ វាហាក់ដូចជាពួកគេជាអ្នកសុំទានអ៊ីចឹង។ វាពិបាកមើលណាស់ ហើយពិបាកនិយាយទៀត” ។
លោកបានបន្ថែមថា “វាហាក់ដូចជារំលោភ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ នៅពេល យើងប្រយ័ត្នប្រយែងជាមួយពួកគេ ពួកគេបែរជាខឹងទៅវិញ”។
លោក កេត សុធី អ្នកយកព័ត៌មានទូរទស្សន៍ អាស៊ីអាគ្នេយ៍ប្រចាំខេត្តរតនគិរីបានថ្លែងថា លោក សាវុន គួរតែបញ្ជាឲ្យមានការចាប់ខ្លួននរណាដែលជាប់ពាក់ព័ន្ធក្នុងការកំហែងទារប្រាក់ ហើយថា លិខិតរបស់លោកទំនងជាមានបំណងផ្សេងទៀត។
លោកបានមានប្រសាសន៍ថា”យើងគិតថា សារនេះធ្វើឡើងដើម្បីបំភិតបំភ័យសេរី ភាពសារព័ត៌មាន។ ប្រសិនបើនរណាម្នាក់ធ្វើអ្វីមួយ គាត់គួរតែដាក់ទោសពួកគេទៅតាមច្បាប់ កុំចេះតែវិនិច្ឆ័យលើអ្នកកាសែតទាំងអស់”៕ សារុន