កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី បានអះអាងថា កិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសមួយជាមួយប្រទេសកម្ពុជា នៅតែមានសុពលភាព ហើយបានច្រានចោលសេចក្ដីរាយការណ៍ព័ត៌មានរបស់អូស្ត្រាលីដែលលើកឡើងថា កិច្ចប្រឹងប្រែងតាំងលំនៅជនភៀសខ្លួនបន្ថែមទៀតដែលមកពីកោះណូរូ បានបរាជ័យ។

មនុស្សបួននាក់ដំបូងមកពីជំរំជនភៀសខ្លួនរបស់អូស្ត្រាលី នៅលើប្រទេសដែនកោះកណ្ដាលមហាសមុទ្របា៉ស៊ីហ្វិកខាងត្បូងនេះ បានមកដល់ប្រទេសកម្ពុជា កាលពីខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា ដើម្បីទទួលយកជនភៀសខ្លួនក្នុងចំនួនមិនបញ្ជាក់ច្បាស់លាស់ក្នុងរយៈពេល៤ឆ្នាំជាថ្នូរនឹងជំនួយបន្ថែមចំនួន៤០លានដុល្លារអូស្ត្រាលី (ប្រហែល២៨,៥លានដុល្លារ)។ ប៉ុន្តែចាប់តាំងពីពេលនោះមក គ្មានជនភៀសខ្លួនណាម្នាក់ស្ម័គ្រចិត្តឡើយ។
កាលពីថ្ងៃសុក្រ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជា “គ្មានគម្រោង” ទទួលតាំងលំនៅជនភៀសខ្លួនបន្ថែមទៀតដែលមកពីកោះណូរូ ឡើយ ហើយថាបើមកកាន់តែតិចកាន់តែល្អ។ ផ្អែកលើការអត្ថាធិប្បាយទាំងនោះ ប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលី បានចុះផ្សាយថា កិច្ចព្រមព្រៀងទាំងមូលបានបរាជ័យហើយ។
ប៉ុន្តែនៅឯសន្និសីទកាសែតមួយធ្វើឡើងនៅក្នុងទីក្រុងស៊ីដនី កាលពីម្សិលមិញ ដែលផ្សាយដោយទូរទស្សន៍ ABC News 24 លោកស្រី ជូលី ប៊ីសប់ (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានច្រានចោលការលើកឡើងអំពីការបរាជ័យនេះ។
លោកស្រីបានមានប្រសាសន៍ថា ”នោះមិនត្រឹមត្រូវទេ។ អស់លោកកំពុងតែពឹងផ្អែកលើសេចក្ដីថ្លែងការណ៍របស់មន្ត្រីម្នាក់” ដោយបន្តអះអាងថា កម្ពុជា ត្រូវការកិច្ចព្រមព្រៀងនេះដើម្បីបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។
លោកបានលើកឡើងទៀតថា “ខ្ញុំបានជួបគ្នាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសប្រកបដោយភាពវិជ្ជមាន ក្នុងទីក្រុងគូឡាឡាំពូ កាលពីពេលថ្មីៗនេះនៅក្រៅកិច្ចប្រជុំកំពូលអាស៊ីបូពា៌ ហើយយើងបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងការស្ថាបនាអំពីវិធីដែលកម្ពុជា អាចបន្តសហការជាដៃគូជាមួយរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលផ្សេងៗទៀត។ ហើយកម្ពុជា គឺជាប្រទេសដែលមានមហិច្ឆតា ចង់បង្កើន GDP របស់ខ្លួន ចង់គ្រប់គ្រងជំនាញរបស់កម្មករបរទេស ហើយក្នុងវិធីនេះ ពួកគេអាចទទួលតាំងលំនៅមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយបង្កើន GDP របស់ខ្លួនបាន”។
នៅពេលចោទសួរជុំវិញសេចក្ដីសម្រេចរបស់រដ្ឋាភិបាលលោកស្រីក្នុងការចុះហត្ថលេខាជាមួយប្រទេសមួយដែលសម្បូរដោយរឿងអាស្រូវរំលោភបំពានសិទ្ធិមនុស្ស លោកស្រី ជូលី ប៊ីសប់ បានច្រានចោលសំណួរនេះ។
លោកស្រីបន្ថែមថា ”បណ្តាអង្គការសិទ្ធិមនុស្សបន្តថ្កោលទោសប្រទេសនានាយ៉ាងឆាប់រហ័សចំពោះអតីតកាលរបស់ប្រទេសទាំងនោះ។ កម្ពុជា ប្ដេជ្ញាបំភ្លេចអតីតកាលរបស់ខ្លួន ហើយកសាងសមត្ថភាពដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍”។
ទោះជាយ៉ាងណា បណ្ដាអង្គការសិទ្ធិមនុស្សទាំងនៅក្នុងស្រុក និងនៅបរទេស កំពុងបន្តចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស។
កាលពីខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សកម្មជនគណបក្សប្រឆាំងចំនួន១១រូបពីបទកុបកម្ម ក្នុងសំណុំរឿងមួយដែលគេមើលឃើញជាទូទៅថាជារឿងនយោបាយ ហើយបានផ្ដន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ។ នៅក្នុងខែដដែលនោះ ក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចបានអនុម័តច្បាប់មួយដែលគំរាមបិទមាត់អង្គការមិនមែនរដ្ឋាភិបាលនានានៅក្នុងប្រទេស ប្រសិនបើអង្គការទាំងនោះហ៊ានលើកឡើងពីបញ្ហារសើបៗ ជាហេតុនាំឲ្យមានការថ្កោលទោសជាអន្តរជាតិ។
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយកាលពីម្សិលមិញ លោក ភីតធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី បានប្រាប់វិទ្យុ ABC របស់អូស្ត្រាលីថា រដ្ឋាភិបាលរបស់លោករកបានជនភៀសខ្លួនបន្ថែមទៀតហើយនៅលើកោះណូរូ ដែលត្រៀមរួចជាស្រេចដើម្បីមកកាន់កម្ពុជា “ហើយពេលនេះ យើងកំពុងធ្វើការងារលើសេចក្ដីលម្អិតនៃរឿងនោះជាមួយមន្ត្រី”។
ពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ សុភ័គ បានបញ្ជាក់អំពីការអត្ថាធិប្បាយរបស់លោកមុននេះជុំវិញកិច្ចព្រមព្រៀងជនភៀសខ្លួន។ លោកមានប្រសាសន៍ថា កម្ពុជា គ្មានគម្រោងទទួលតាំងលំនៅជនភៀសខ្លួនបន្ថែមទៀតដែលមកពីកោះណូរូ ទេ “នៅពេលនេះ។ ប៉ុន្តែទៅថ្ងៃមុខ ខ្ញុំមិនដឹងទេ។ បើមានអ្នកដាក់ពាក្យបន្ថែមទៀត យើងនឹងពិចារណា”។
លោកលើកឡើងបន្ថែមទៀតថា ទោះជាយ៉ាងណា កម្ពុជា នឹងមិនទទួលយកជនភៀសខ្លួនបន្ថែមទៀតឡើយ រហូតទាល់តែជនភៀសខ្លួនទាំងបួននាក់ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា “អាចសម្របខ្លួនចូលទៅក្នុងសង្គមកម្ពុជាបាន” សិន។
បច្ចុប្បន្ន ជនភៀសខ្លួនទាំងបួននាក់ដែលមានបីនាក់ជាជនជាតិអុីរ៉ង់ និងម្នាក់ជាបុរសជនជាតិរ៉ូហ៊ីងយ៉ាមកពីប្រទេសភូមា កំពុងរស់នៅក្នុងវីឡាមួយក្នុងរាជធានីភ្នំពេញ ហើយនៅទីនោះ ពួកគេកំពុងរៀនភាសាខ្មែរ និងទទួលបានការជួយជ្រោមជ្រែងស្វែងរកការងារជាប់លាប់ធ្វើ។
កាលពីនៅលើកោះណូរូ អូស្ត្រាលី បានប្រាប់ជនភៀសខ្លួនទាំងនេះថា ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងវីឡានេះរយៈពេល៣ខែ ហើយបន្ទាប់ពីនោះ ពួកគេនឹងទទួលបានជំនួយនៅក្នុងការស្វែងរកកន្លែងស្នាក់នៅផ្សេង។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ត្រង់ពួកគេស្នាក់នៅក្នុងវីឡានេះយូរប៉ុណ្ណា វាអាស្រ័យលើស្ថានទូតអូស្ត្រាលី។ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលកំពុងជួយជនភៀសខ្លួនទាំងនេះបាននិយាយថា ខ្លួនគ្មានគម្រោងឲ្យពួកគេរើចេញភ្លាមៗទេ៕ សុខុម