27.5 C
Phnom Penh

ក្រសួង​អប់រំ​និយាយ​ការ​ពារ​សុន្ទរកថា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​អប់​​​រំ​​​បាន​​​និយាយ ការ​​​ពារ​​​សុន្ទរកថា​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ថ្លែង​​​ទៅ​​​កាន់​​​និស្សិត​​​ប្រហែល​​​១.៥០០នាក់​​​នៅ​​​សាកល​​​វិទ្យាល័យ​​​មួួ​​​យ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពីម្សិលមិញ ដោយ​​​លើក​​​ហេតុ​​​ផល​​​ថា សាលាមិន​​​បាន​​​រំលោភ​​​សារាចរ​​​ណែ​នាំថ្មី​​​របស់​​​ក្រសួង​​​ប្រឆាំង​​​សកម្មភាព​​​នយោបាយ​​​នៅ​​​តាម​​​គ្រឹះ​​​ស្ថាន​​​សិក្សា​​​ទេ​​​ ពី​​​ព្រោះ​​ សាលាបាន​​​ប្រឡង​​​​ឆមាសរួច​​​​ហើយ​​​។

សារាចរ​​​ណែនាំ​​​របស់​​ក្រសួង​​​ដែល​​​បាន​​​ចេញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​គំរាម​​​បិទ​​​គ្រឹះ​​​ស្ថាន​​​សិក្សា​​​​​នានា ​​​ បណ្តេញ​​​សិស្ស​​​ ​​​ និង​​គ្រូ​​​ណា​​​​​​​ដែល​​​រក​​ឃើញ​​​ថា ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​សកម្មភាព​​​នយោបាយ​​​  ឬអនុ​​​ញ្ញាត​​​ឲ្យ​​​មាន​​​ការ​​ផ្សព្វ​​​ផ្សាយ​​​សមាគម​​​

ដែល​​​មាន​​​ទំនាក់​​​ទំនង​​​នយោបាយ​​​នៅ​​​ក្នុងបរិវេណ​​​សាលា​​​។

ដោយ​​​ពន្យល់​​​ពី​​​សារាចរ​​​ណែនាំនេះ លោក  ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​បាន​​​មាន ​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “យើង​​​មិន​​​ចង់​ឲ្យ​​​គ្រឹះ​​​ស្ថាន​​​អប់​​​រំ​​​ក្លាយ​​​​ជា​​​សង្វៀន​​​នយោ​បាយ​​​​​​ ដើម្បី​​​​​​វាយ​​​ប្រហារ​​​គ្នា​​​នោះ​​​ទេ​​​ យើង​​​​ចង់​​​ឲ្យ​​​គ្រូ​​​  និង​​​សិស្ស​​​ផ្តោត​​​លើ​​​ការ​​​សិក្សា”។

ក្រុម​​​អ្នក​​​រិះ​​​គន់​​​បាន​​​រិះ​​​គន់​​​សារាចរ​​​ណែនាំ​​​នេះ​​​ ដោយ​​​លើក​​​ឡើង​​​ថា សមាគម​​​ពីរ​​នៅ​​​ក្នុង​​​ចំណោម​​​សមាគម​​​មួយ​​​ចំនួន ដែល​​​សកម្ម​​​បំផុត ​​​​​​​នៅ​​​តាម​​​សាលា​​​រៀន​​​ គឺ​កាកបាទ​​​ក្រហម​​​កម្ពុជា ​​​​និង​​​សហ​​​ភាពសហ​​​ព័ន្ធ​​​យុវជន​​​កម្ពុជា ​​​(UYFC) ដែល​​​​​គ្រប់​​​គ្រង​​​ដោយ​​​ភរិយា​ និង​កូនប្រុស​​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន​​​។

នៅ​​​ក្នុង​​​សុន្ទរកថា ថ្លែង​​​នៅ​​​វិទ្យាស្ថាន​​​បច្ចេក វិទ្យា​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ លោក ​​​ហោ ​​​ណាំ​ហុង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​​​​ដែល​​​ឈរ​​​នៅ​​​ជិត​​​លោក ហ៊ុន ម៉ានី កូន​​​ប្រុស​​​របស់​​​លោក ហ៊ុន សែន ជា​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​ជា​​​ប្រធាន​​​ UYFC​​​ បាន​​​សរសើរ​​​គណបក្ស​​​កាន់​​​អំណាច​​​។

លោក ហោ ណាំហុង បាន​​​លើក​​​ឡើង​​​អំឡុង​​​ពិធី​​​នោះ​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​ UYFC​​​ ថា  “ខ្ញុំ​ជឿជាក់ថា ក្មួយៗនឹងគាំទ្រ​ឯកឧត្តម​ ហ៊ុន ម៉ានី ដែល​ជាយុវជន​ បញ្ញវន្ត​ដ៏ឆ្នើម​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា​ ក្នុងការ​នាំមុខ​យុវជន​យើងឱ្យក្លាយ​ជា​កម្លាំង​ស្នូល​ ក្នុងការ​រួមចំណែក​​ជាមួយ​រាជ​រដ្ឋាភិ​​​បាលកម្ពុជា​ក្នុងការ​ដឹក​នាំកសាង​ប្រទេស​របស់យើង”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​កម្ពុជា​យើង​​​​​​មាន​​​ភ័ព្វ​​​សំណាង​​​ណាស់​​​ដែល​​​មាន​​​សម្តេចតេជោ ​​​[ហ៊ុន ​​​សែន] ជា​​​រដ្ឋ​​​បុរស​​​ដែល​​​មាន​​​ទេព​​​កោសល្យ​​​​​​នយោបាយ​​​ពុំអាច​​​​រកបាន​​​​ក្នុង​​​សង្គម​​​កម្ពុជា​​​”។

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​រូបនេះ​​​ បាន​​​បន្ត​​​រៀប​​​រាប់​​​​​​ពីការ​​​ដែល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ធ្វើ​​​ការ​​​ដើម្បី​​​លើក​​​កម្ពស់​​​ទស្សនវិស័យ​​​នយោបាយ​​​របស់​​​យុវជន​ ដោយ​​​កត់​​​សម្គាល់​​​ថា យុវជន​​​មួួ​យ​​​​​ចំនួន​​​​​​​​​ធំ ជា​​​ផ្នែក​​មួយ​នៃ​​​គណៈ​​​កម្មាធិការ​​​កណ្តាល​​​របស់​​​បក្ស​​​។

លោក ហោ ណាំហុង បាន​​​ថ្លែង​​​ទៅកាន់​​​ក្រុម​​​និស្សិត​​​ថា “នេះជា​​​​​​មាគ៌ា​​​នយោបាយមួយ​ជា​​​​អាទិភាព​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។ ខ្ញុំ​​​មិន​​​ចង់​​​ចូល​​​​នយោបាយ​​ទេ គ្រាន់តែ​ជម្រាប​​​បន្តិច ទាក់​​​ទង​​​​​នឹង​​​យុវជន​​​”។

លោក​​​ អ៊ុំ​ រមណី នាយក​​​​វិទ្យាស្ថាន​​​បច្ចេក​​​វិទ្យា​​​កម្ពុជា​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។ លោក ​​​នុត សាថាន ជា​​​​​​នាយក​​​រង​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ព្រឹត្តិការណ៍​​​នោះ​​​ទេ។

លោក រស់ សាលីន អ្នក​​​នាំពាក្យ​​​ក្រសួង​​​អប់​​​រំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សុន្ទរកថា​​​នេះ​​​មិន​​​​​​បាន​​​រំលោភ​​​សារាចរ​​​ណែនាំរបស់​​​ក្រសួង​​​ប្រឆាំង​សកម្មភាព​នយោបាយទេ​​​។

​​​លោក​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា “វា​​​ជា​​​សិក្ខាសាលា​​​នៅ​​​ក្នុង​​​សហសាល​​​ដែល​​​​ ជា​កិច្ច​កា​រក្រៅម៉ោង​បង្រៀន​ នារដូវ​វិស្សម​​​កាល ដែល​ការ​រៀប​ចំការ​ងារ​នេះ​ក្នុង​ក្រប​​​ខ័ណ្ឌ​​របស់រដ្ឋាភិបាល និង​ក្របខ័ណ្ឌក្រសួង​ទេ​​​។អ៊ីចឹង​វាមិនស្ថិត​ក្នុង​ក្របខ័ណ្ឌ​បង្រៀន​អីផ្សេងទេ”។

លោក​​​ រស់​​​ សាលីន បាន​​​ថ្លែង​​​ថា អង្គការ​​​ដទៃទៀត​​​អាច​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​​ស្រដៀង​​​គ្នា​​​នេះ ប្រសិន​​​បើ​​​ពួក​​​គេ​​​ទទួល​​​បាន​​​ការ​​​យល់​​​ព្រម​​​ពីក្រសួង​​​។ លោក​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​ត្រូវ​ការ​ធ្វើ​ការ​ពិនិត្យ​​សម្រេច​​​​​​សំណើ​​​នោះ​​​”។

លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​លើក​​​ឡើង​​​ថា សារាចរ​​​ណែនាំរបស់​​​ក្រសួង​​​អប់​​​រំ​​​គួរ​​​ត្រូវ​​​ដកចេញ ហើយ​បាន​​ចាត់ទុក UYFC ថា​​​​​​ជា​ “​​អង្គការ​​​នយោបាយ​​​របស់​​​គណ​​​បក្ស​​​ប្រជាជនកម្ពុជា​​​”។ លោក បានថ្លែង​​​ថា  “ប៉ុន្តែ វាអត់​មានអី​ខុសទាស់​អីទេ ដែល​ UYFC ធ្វើសកម្ម​​​ភាព​នៅក្នុង​សាលា វា​អត់មាន​អី​ខុសទេ។ អ្វី​​​ដែល​​​​គាត់​ខុស​ គឺខុស​ត្រង់​ហាម​អ្នក​ដទៃ​ទេ អាហ្នឹង​ដែលខុស​​​”៕​ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស