កាលពីម្សិលមិញ ក្រសួងអប់រំបាននិយាយ ការពារសុន្ទរកថាគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលថ្លែងទៅកាន់និស្សិតប្រហែល១.៥០០នាក់នៅសាកលវិទ្យាល័យមួួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយលើកហេតុផលថា សាលាមិនបានរំលោភសារាចរណែនាំថ្មីរបស់ក្រសួងប្រឆាំងសកម្មភាពនយោបាយនៅតាមគ្រឹះស្ថានសិក្សាទេ ពីព្រោះ សាលាបានប្រឡងឆមាសរួចហើយ។
សារាចរណែនាំរបស់ក្រសួងដែលបានចេញកាលពីសប្តាហ៍មុនគំរាមបិទគ្រឹះស្ថានសិក្សានានា បណ្តេញសិស្ស និងគ្រូណាដែលរកឃើញថា ជាប់ពាក់ព័ន្ធសកម្មភាពនយោបាយ ឬអនុញ្ញាតឲ្យមានការផ្សព្វផ្សាយសមាគម
ដែលមានទំនាក់ទំនងនយោបាយនៅក្នុងបរិវេណសាលា។
ដោយពន្យល់ពីសារាចរណែនាំនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមាន ប្រសាសន៍កាលពីម្សិលមិញថា “យើងមិនចង់ឲ្យគ្រឹះស្ថានអប់រំក្លាយជាសង្វៀននយោបាយ ដើម្បីវាយប្រហារគ្នានោះទេ យើងចង់ឲ្យគ្រូ និងសិស្សផ្តោតលើការសិក្សា”។
ក្រុមអ្នករិះគន់បានរិះគន់សារាចរណែនាំនេះ ដោយលើកឡើងថា សមាគមពីរនៅក្នុងចំណោមសមាគមមួយចំនួន ដែលសកម្មបំផុត នៅតាមសាលារៀន គឺកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដែលគ្រប់គ្រងដោយភរិយា និងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងសុន្ទរកថា ថ្លែងនៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជាកាលពីថ្ងៃអាទិត្យ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសដែលឈរនៅជិតលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន ជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងជាប្រធាន UYFC បានសរសើរគណបក្សកាន់អំណាច។
លោក ហោ ណាំហុង បានលើកឡើងអំឡុងពិធីនោះដែលរៀបចំដោយ UYFC ថា “ខ្ញុំជឿជាក់ថា ក្មួយៗនឹងគាំទ្រឯកឧត្តម ហ៊ុន ម៉ានី ដែលជាយុវជន បញ្ញវន្តដ៏ឆ្នើម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការនាំមុខយុវជនយើងឱ្យក្លាយជាកម្លាំងស្នូល ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំកសាងប្រទេសរបស់យើង”។
លោកបានបន្ថែមថា “កម្ពុជាយើងមានភ័ព្វសំណាងណាស់ដែលមានសម្តេចតេជោ [ហ៊ុន សែន] ជារដ្ឋបុរសដែលមានទេពកោសល្យនយោបាយពុំអាចរកបានក្នុងសង្គមកម្ពុជា”។
រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ បានបន្តរៀបរាប់ពីការដែលគណបក្សប្រជាជនកម្ពុជាធ្វើការដើម្បីលើកកម្ពស់ទស្សនវិស័យនយោបាយរបស់យុវជន ដោយកត់សម្គាល់ថា យុវជនមួួយចំនួនធំ ជាផ្នែកមួយនៃគណៈកម្មាធិការកណ្តាលរបស់បក្ស។
លោក ហោ ណាំហុង បានថ្លែងទៅកាន់ក្រុមនិស្សិតថា “នេះជាមាគ៌ានយោបាយមួយជាអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។ ខ្ញុំមិនចង់ចូលនយោបាយទេ គ្រាន់តែជម្រាបបន្តិច ទាក់ទងនឹងយុវជន”។
លោក អ៊ុំ រមណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមិនអាចទាក់ទងបានទេ។ លោក នុត សាថាន ជានាយករងបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍នោះទេ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍ថា សុន្ទរកថានេះមិនបានរំលោភសារាចរណែនាំរបស់ក្រសួងប្រឆាំងសកម្មភាពនយោបាយទេ។
លោកបានលើកឡើងកាលពីម្សិលមិញថា “វាជាសិក្ខាសាលានៅក្នុងសហសាលដែល ជាកិច្ចការក្រៅម៉ោងបង្រៀន នារដូវវិស្សមកាល ដែលការរៀបចំការងារនេះក្នុងក្របខ័ណ្ឌរបស់រដ្ឋាភិបាល និងក្របខ័ណ្ឌក្រសួងទេ។អ៊ីចឹងវាមិនស្ថិតក្នុងក្របខ័ណ្ឌបង្រៀនអីផ្សេងទេ”។
លោក រស់ សាលីន បានថ្លែងថា អង្គការដទៃទៀតអាចត្រូវបានអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ ប្រសិនបើពួកគេទទួលបានការយល់ព្រមពីក្រសួង។ លោក បានមានប្រសាសន៍ថា “យើងនឹងត្រូវការធ្វើការពិនិត្យសម្រេចសំណើនោះ”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានលើកឡើងថា សារាចរណែនាំរបស់ក្រសួងអប់រំគួរត្រូវដកចេញ ហើយបានចាត់ទុក UYFC ថាជា “អង្គការនយោបាយរបស់គណបក្សប្រជាជនកម្ពុជា”។ លោក បានថ្លែងថា “ប៉ុន្តែ វាអត់មានអីខុសទាស់អីទេ ដែល UYFC ធ្វើសកម្មភាពនៅក្នុងសាលា វាអត់មានអីខុសទេ។ អ្វីដែលគាត់ខុស គឺខុសត្រង់ហាមអ្នកដទៃទេ អាហ្នឹងដែលខុស”៕ សារុន