34 C
Phnom Penh

គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​ជា​បញ្ហា​លំបាក​នឹង​ដោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើក​ពិនិត្យ​ក្នុង​ផ្ទះ​​ប្រក់​ស័ង្កសី ដែល​គាត់​នៅ​ជាមួយ​ប្រពន្ធ​និង​កូនៗ​របស់​គាត់​នៅ​ជិត​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កណ្តាល សឿន សុខហៀង អាយុ​៣៤​ឆ្នាំ ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ដល់​អ្នក​ជិតខាង​របស់​លោក។

លោក សុខហៀង បាន​និយាយ​អំឡុង​ពេល​សម្ភាស​នៅ​ខែ​កក្កដា​ថា “ប្រភេទ​ជំងឺ​ដែល​ខ្ញុំ​ព្យាបាល​មាន​ជំងឺ​គ្រុន ជំងឺ​ផ្តាសាយ ជំងឺ​ក្រពះ សម្ពាធ​ឈាម​ឡើង និង​ជំងឺ​គ្រុន​ពោះវៀន”។ ចំពោះ​អ្នក​ដែល​ចង់​ជា​ជំងឺ​ឆាប់ លោក សុខហៀង ដែល​បែងចែក​ពេល​វេលា​របស់​គាត់​ធ្វើការ​នៅ​ផ្ទះ​ផង និង​នៅ​មណ្ឌល​សុខភាព​សារីកា​កែវ ខេត្ត​កណ្តាល​ផង​នោះ ជា​រឿយៗ​ចាក់​ថ្នាំ​និង​ព្យួរ​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ។ គាត់​និយាយ​ថា សេវា​ព្យាបាល​របស់​គាត់​គេ​និយម​ជាង​មណ្ឌល​សុខភាព​រដ្ឋ ឬ​គ្លីនិក​ឯកជន ពីព្រោះ​គាត់​យក​តម្លៃ​ថោក​ជាង។

គាត់​បាន​និយាយ​ថា “អ្នក​ជំងឺ​ចូល​ចិត្ត​សេវា​របស់​ខ្ញុំ ពីព្រោះ​ពួកគេ​ក្រីក្រ​ណាស់។ ពួកគេ​អាច​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​ព្យាបាល​ពួកគាត់ និង​គិត​តម្លៃ​ពី​ពួកគាត់​ក្នុង​តម្លៃ​មួយ​សមរម្យ”។

គាត់​បាន​បន្ថែម​ថា “អ្នក​ភូមិ​របស់​ខ្ញុំ​ទុក​ចិត្ត​ខ្ញុំ​ហើយ​ពួកគាត់​ចូល​ចិត្ត​ខ្ញុំ។ ពួកគាត់​អាច​មក​ផ្ទះ​របស់​ខ្ញុំ​ដើម្បី​ទទួល​សេវា​ព្យាបាល​នៅ​ពេល​ណា​ក៏​បាន ទោះជា​នៅ​ពេល​យប់​គេ​ក៏​អាច​រក​ខ្ញុំ​បាន​ដែរ”។

ប៉ុន្តែ​យោង​តាម​ក្រសួង​សុខាភិបាល ដែល​បាន​សន្យា​ថា​នឹង​បិទ​គ្លីនិក​គ្មាន​អាជ្ញា​ប័ណ្ណ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ដ៏​ចម្លែក​នូវ​ជំងឺ​ហ៊ីវ (HIV) ក្នុង​ខេត្ត​បាត់​ដំបង​កាលពី​ឆ្នាំ​មុន ​មក ការ​បើក​ព្យាបាល​មិន​ផ្លូវ​ការ​របស់​លោក សុខហៀង គឺ​ខុស​ច្បាប់។

ទោះជា​ទទួល​ព្យាបាល​អ្នក​ជំងឺ​ជា​ហូរហែ​ធម្មតា​ក្តី លោក សុខហៀង បាន​ទទួល​ស្គាល់​ថា លោក​មិន​ដែល​បាន​ចូល​រៀន​នៅ​សាលា​ពេទ្យ​ទេ។

គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា “ខ្ញុំ​បាន​បទ​ពិសោធ​ពី​ឮ​ឪ​របស់​ខ្ញុំ។ ឪ​របស់​ខ្ញុំ​ធ្វើការ​ក្នុង​ភូមិ​នេះ​ប្រហែល​៣០​ឆ្នាំ”។

គាត់​និយាយ​ថា “ខ្ញុំ​មិន​ទាន់​បាន​ចុះ​បញ្ជី​ការ​ជាមួយ​ក្រសួង​សុខាភិបាល​ទេ ប៉ុន្តែ​ខ្ញុំ​អាច​បើក​គ្លីនិក​បាន ពីព្រោះ​ខ្ញុំ​បាន​ជូន​ព័ត៌មាន​ដល់​ប្រធាន​មណ្ឌល​សុខភាព​សារិកាកែវ និង​អាជ្ញាធរ​រួច​ហើយ” ។ ហើយ​គាត់​មាន​ផែនការ​ដាក់​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ “នៅ​ពេល​ខាង​មុខ”។

កាលពី​ខែ​ធ្នូ ការ​ផ្ទុះ​វីរុស​ហ៊ីវ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឃុំ​រកា ខេត្ត​បាត់​ដំបង ដែល​នៅ​ទី​នោះ មនុស្ស​ច្រើន​ជាង​២៧០​នាក់​បាន​ឆ្លង​វីរុស​នេះ។

ក្រុម​មន្ត្រី​បាន​បន្ទោស​ការ​ផ្ទុះ​វីរុស​នេះ​លើ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មាន​អាជ្ញា​ប័ណ្ណ ដែល​បាន​សារភាព​ថា​បាន​ប្រើ​ស៊ីរ៉ាំង​ដដែល និង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពី​បទ​មនុស្ស​ឃាត ហើយ​អ្នក​ជំងឺ​មាន​វីរុស​ហ៊ីវ​យ៉ាង​ហោច​ណាស់​ប្រាំ​បួន​នាក់​នៅ​ឃុំ​រកា បាន​ស្លាប់​ក្នុង​ឆ្នាំ​នេះ។

ជា​ការ​ឆ្លើយ​តប ក្រសួង​សុខាភិបាល​បាន​ប្តេជ្ញា​ថា​នឹង​រឹត​បន្តឹង​បទប្បញ្ញត្តិ​ភាគ​ច្រើន​លើ​ផ្នែក​សុខាភិបាល​ក្រៅ​ផ្លូវ​ការ​របស់​ប្រទេស​នេះ។

នៅ​ខែ​មិថុនា លោក សុខ ស៊្រុន ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា គ្រូពេទ្យ​គ្មាន​អាជ្ញា​ប័ណ្ណ​៣.០០០​នាក់​ដែល​ព្យាបាល​អ្នក​ជំងឺ​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​ការ​ព្រមាន​ឲ្យ​ឈប់​ចាក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​អះអាង​នៅ​ខែ​ដដែល​នោះ​ថា គ្លីនិក​ប្រហែល​៨០​ទៅ​៩០​ភាគរយ​នៃ​គ្លីនិក​ទូទាំង​ប្រទេស​ត្រូវ​បាន​ត្រួត​ពិនិត្យ។

ប៉ុន្តែ​គ្រូ​ពេទ្យ​គ្មាន​អាជ្ញា​ប័ណ្ណ​នៅ​តែ​មាន​ដដែល។ កាលពី​ខែ​មុន លោក​ ឈួន សារុំ គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ខេត្ត​ពោធិ៍សាត់​ បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា ហើយ​បាន​ជាប់​ពន្ធនាគារ បន្ទាប់ពី​ស្ត្រី​អាយុ​៤៩ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​លោក​ចាក់​ថ្នាំ​ឲ្យ។

យោង​តាម​វេជ្ជបណ្ឌិត​ អុីនដ្រាជិត ហាហ្សារីកា មន្ត្រី​បច្ចេកទេស​នៅ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ថ្វីបើ​មាន​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​សុខាភិបាល​ក៏ដោយ ក៏​តម្រូវការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​និង​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​នៅតែ​មាន។

វេជ្ជបណ្ឌិត​ ហាហ្សារីកា បាន​និយាយ​ថា ពេលវេលា​រង់ចាំ​ខ្លី​ជាង​ ការ​យល់ដឹង​អំពី​គុណភាព​ និង​ម៉ោង​ធ្វើ​ការ​បត់​បែន​ជាង ទាំងអស់​នេះ​នាំឲ្យ​មាន​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​បែរ​ទៅរក​ជម្រើស​ដែល​គ្មាន​អាជ្ញាប័ណ្ណ នៅ​ពេល​ដែល​បញ្ហា​សុខភាព​កើត​ឡើង។

លោក​បាន​និយាយ​តាម​រយៈសារ​អេឡិកត្រូនិក​ថា “ដរាបណា​កត្តា​ដូច​ពោល​ខាង​លើ​នេះ​នៅតែ​មាន ហើយ​ជម្រេើស​កន្លែង​ឯកជន​នៅតែ​អាច​ទទួល​យក​បាន​ចំពោះ​អ្នកជំងឺ​ វា​ពិបាក​នឹង​បិទ​កន្លែង​ព្យាបាល​ទាំង​នោះ​ណាស់។ តម្រូវការ​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់”។

លោក​បាន​បន្ថែម​ថា “ការ​ផ្គត់ផ្គង់​នឹង​ថយ​ចុះ​នៅ​ពេល​តម្រូវការ​សេវា​ទាំងនេះ​ធ្លាក់​ចុះ។ វា​នឹង​កើត​ឡើង​នៅ​ពេល​ជម្រើស​ផ្សេងទៀត​កាន់តែ​ទាក់ទាញ​ជាង។ បន្ថែម​ខាងលើ​នេះ​ បទប្បញ្ញត្តិ​ខ្លាំង​ជាង​នេះ​ដែល​ធានា​ថា មានតែ​គ្រូពេទ្យ​មាន​លក្ខណៈ​សម្បត្តិ​និង​សមត្ថភាព​ទើប​មាន​អាជ្ញាប័ណ្ណ ហើយ​អនុញ្ញាត​ឲ្យ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ នឹង​ជា​ការ​សំខាន់”។

វេជ្ជបណ្ឌិត​បរទេស​ម្នាក់​ធ្វើ​ការ​ផ្នែក​សុខាភិបាល​សាធារណៈ​ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល បាន​និយាយ​ថា ការ​អនុវត្ត​របស់​គ្រូពេទ្យ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ចាក់​ថ្នាំ​និង​ព្យួរ​សេរូ៉ម​នៅ​ពេល​វា​មិន​មែន​ជា​ជម្រើស​ល្អ​បំផុត ក៏​នឹង​ពិបាក​កែប្រែ​ដែរ។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​និយាយ​ថា “អ្វី​ដែល​ប្រជាជន​ចង់បាន និង​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ប្រជាជន​គឺ​កម្រ​ដូច​គ្នា​ណាស់។ វេជ្ជបណ្ឌិត​ទាំងអស់​ឆ្លើយតប​ទៅ​នឹង​ការ​បង្ខិតបង្ខំ​ពី​អ្នក​ជំងឺ​ជាង​ដែល​គេ​ដឹង​ទៅ​ទៀត”។

លោក​បាន​និយាយ​ថា “អ្វី​ដែល​ពួកគេ​ [អ្នក​ជំងឺ] ចង់​បាន​នៅ​ទីនេះ​គឺ​ការ​ព្យួរ​សេរូ៉ម និង​ការ​ចាក់ថ្នាំ​ ហើយ​នោះ​ជា​អ្វី​ដែល​គ្រូពេទ្យ​នៅ​ឃុំ​រកា​បាន​ធ្វើ ហើយ​នោះ​ជា​អ្វី​ដែល​បាន​ឆ្លង​ដល់​ពួកគេ​ទាំងនោះ។ នៅ​មណ្ឌលសុខភាព​ អ្នក​នឹង​ទទួល​បាន​ថ្នាំ​ពេទ្យ​គេ​ឲ្យ​ នៅ​កន្លែង​ផ្តល់​ឯកជន អ្នក​នឹង​ទទួល​បាន​ការ​ចាក់​ថ្នាំ”។

អង្គុយ​ក្រោម​ផ្ទះ​នៅ​ឃុំ​រកា កាលពី​ខែ​មុន លោក​ លម ជា ដែល​ធ្វើការ​ជា​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​មុន​ការ​ផ្ទុះ​វីរុស​ហីុវ បាន​និយាយ​ថា គាត់​និង​គ្រូពេទ្យ​បួន​ឬ​ប្រាំ​នាក់​ផ្សេងទៀត​ដូច​គាត់​ដែរ​ក្នុង​ឃុំ​នេះ សឹងតែ​ឈប់​ធ្វើការ​ពេទ្យ​ហើយ។

គាត់​បាន​និយាយ​ថា “យើង​បាន​ឈប់​ទាំងស្រុង ប៉ុន្តែ ប្រសិនបើ​នរណា​ម្នាក់​ឈឺ ហើយ​ពួកគេ​មក​រក​យើង​ ប្រធាន​ភូមិ​អាច​អនុញ្ញាត​ឲ្យ​យើង​ចាក់ថ្នាំ​ទៀត​បាន”។

ប៉ុន្តែ លោក ស្រ៊ុន ប្រធាន​នាយកដ្ឋាន​នៅ​ក្រសួង​សុខាភិបាល​ បាន​និយាយ​ថា ធ្វើ​អ៊ីចឹង​នៅតែ​ខុស​ច្បាប់។

លោក​បាន​និយាយ​ថា “វា​ខុស​ច្បាប់​ចំពោះ​ការ​ចាក់​ថ្នាំ​ឲ្យ​ប្រជាជន​នៅ​ផ្ទះ។ យើង​ចង់​លុប​បំបាត់​រឿង​ហ្នឹង​ ពីព្រោះ​អ្នក​ដែល​ចាក់​ថ្នាំ​ឲ្យ​នៅ​ផ្ទះ​មិន​មាន​អនាម័យ​គ្រាប់​គ្រាន់ ហើយ​ថា អាច​បង្ក​បញ្ហា​ច្រើន”។

នៅ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក សុខហៀង ក្នុង​ខេត្ត​កណ្តាល​ លោក យ៉ែម សុផាត ជា​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ បាន​និយាយ​ថា លោក​ក៏​ព្យាបាល​អ្នក​ជិត​ខាង​នៅ​ក្នុង​ផ្ទះ​របស់​លោក​ដែរ ហើយ​មិន​មាន​អាជ្ញាប័ណ្ណ​បើក​ជា​ឯកជន​ទេ។

លោក​បាន​និយាយ​អំពី​អ្នកជំងឺ​របស់​លោក​ថា “ខ្ញុំ​មិន​មាន​ឯកសារ ដូច្នេះ​ខ្ញុំ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ទេ។ នៅ​ពេល​ណា​ខ្ញុំ​នៅ​ទីនេះ​ ពួក​គាត់​មក​រក ហើយ​ខ្ញុំ​ក៏​ចាក់​ថ្នាំ​ឲ្យ​ពួក​គាត់”។

“នៅ​ពេល​ពួក​គាត់​ក្តៅ​ខ្លួន ហើយ​គ្រុន​នោះ ជួនកាល​ខ្ញុំ​ប្រើ​សេរូ៉ម”។

ពេទ្យ​រូប​នេះ​បាន​និយាយ​ថា លោក​នឹង​បំពេញ​បែបបទ​ចុះ​បញ្ជី​នៅ​ពេល​ណា​លោក​ចូល​និវត្តន៍​ពី​ការងារ​ផ្សេង​ទៀត។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​នឹង​បើក​គ្លីនិក​មួយ​នៅ​ពេល​ខ្ញុំ​ឈប់​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ។ ប្រជាជន​មក​រក​ខ្ញុំ ពីព្រោះ​ពួកគាត់​ទុក​ចិត្ត​ខ្ញុំ”៕ និត (រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស