នគរបាលខេត្តកណ្តាល កំពុងស្វែងរកម្ចាស់រាយអន្ទាក់កណ្តុរម្នាក់ដែលបានធ្វើឲ្យឆក់អ្នកដើរបាញ់កណ្តុរម្នាក់ទៀត និងដែលគេជឿថា បានរត់គេចខ្លួនបន្ទាប់ពីយកសាកសពជនរងគ្រោះទៅទម្លាក់ចោលក្នុងព្រែកក្បែរនោះ។
លោក មួយ ចាន់តិច អធិការនគរបាលស្រុកកោះធំ បានមានប្រសាសន៍ថា កសិករម្នាក់បានឮលោក យន់ ឃឿន អាយុ៤៧ឆ្នាំ ស្រែកឲ្យជួយពីវាលស្រែមួយក្បែរនោះនៅម៉ោងប្រហែល២និង៤០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍។ នៅពេលកសិកររូបនេះមកដល់កន្លែងនោះជាមួយអ្នកជិតខាងមួយក្រុមប្រហែល៥នាទីក្រោយមក បុរសរូបនោះស្លាប់បាត់ទៅហើយ។
លោកបានថ្លែងថា “នៅពេលពួកគាត់ទៅដល់ទីនោះ ពួកគាត់ឃើញថា សាកសពត្រូវអន្ទាក់កណ្តុរឆក់់ដៃខាងស្តាំ។ ខ្សែលួសអន្ទាក់ នោះតូចណាស់ ដូច្នេះ ប្រហែលជាគាត់មើលមិនឃើញអន្ទាក់នោះទេ ហេតុនេះហើយបានជាគាត់ទៅរើសកណ្តុរនោះ ហើយឆក់ស្លាប់តែម្តង”។
លោក ចាន់តិច បានមានប្រសាសន៍ថា អ្នកជិតខាងបានរត់ទៅប្រាប់ប្រពន្ធរបស់លោក យន់ ឃឿន ប៉ុន្តែ ថា នៅពេលពួកគាត់ត្រឡប់ទៅកន្លែងកើតហេតុវិញ ប្រហែល៣០នាទីក្រោយមក ស្រាប់តែបាត់សាកសពតែម្តង។ក្រោយមកពួកគាត់បានរកឃើញចំពាមកៅស៊ូ កន្ត្រក និងក្រមា របស់ជនរងគ្រោះនៅមាត់ព្រែកក្បែរនោះ។
អធិការនគរបាលរូបនេះបានមានប្រសាសន៍ថា “ទីបំផុត សាកសពរបស់លោក យន់ ឃឿន ត្រូវប្រទះឃើញអណ្តែតទឹកព្រែកកាលពីព្រឹកថ្ងៃច័ន្ទ ដោយទាក់នឹងមងចម្ងាយប្រហែល៨គីឡូម៉ែត្រពីកន្លែងដែលគាត់ស្លាប់”។
លោក ចាន់តិច បានមានប្រសាសន៍ទៀតថា បន្ទាប់ពីធ្វើកោសល្យវិច័យ នគរបាលសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារឆក់អន្ទាក់កណ្តុរ ពីព្រោះពួកគេបានរកឃើញស្នាមរបួសនៅលើដៃស្តាំរបស់គាត់។ ឥឡូវនេះនគរបាលកំពុងតាមស្វែងរកចាប់ខ្លួនម្ចាស់អន្ទាក់នោះហើយ។
លោកបានថ្លែងថា “នគរបាលជឿថា បុរសដែលជាម្ចាស់ដី មិនមែនជាម្ចាស់អន្ទាក់ទេពីព្រោះគាត់មិនមែនជាអ្នកដាក់អន្ទាក់កណ្តុរទេ”។
លោក កែវ ប៊ុនលី នាយប៉ុស្តិ៍ឃុំព្រែកថ្មី បានមានប្រសាសន៍ថា ការដាក់អន្ទាក់កណ្តុរឆក់បែបនេះគឺជារឿងទូទៅទៅហើយក្នុងចំណោមកសិករ ដែលចង់ការពារដំណាំរបស់ខ្លួនពីសត្វចង្រៃនោះ ប៉ុន្តែ ថា ពួកគាត់ត្រូវដាក់សញ្ញាព្រមាន ហើយប្រាប់អ្នកជិតខាងខ្លួនឲ្យដឹងពីការដាក់អន្ទាក់ផង។
ដោយកត់សម្គាល់ឃើញថា មានមនុស្សបួននាក់នៅក្នុងស្រុកនេះទទួលរងគ្រោះថ្នាក់ដូចគ្នានេះដែរចាប់តាំងពីខែមករាមក លោក កែវ ប៊ុនលី បានមានប្រសាសន៍ថា “វាជាការខុសច្បាប់ក្នុងការ ប្រើប្រាស់អន្ទាក់ឆក់ដោយមិនបានជូនដំណឹងជាមុន”៕ សារុន