អគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងនៅសប្ដាហ៍នេះថា សមត្ថកិច្ចមិនអាចស៊ើបអង្កេតបានឡើយទាក់ទិនជោគវាសនារបស់យុវជនអាយុ១៦ឆ្នាំម្នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីគេឃើញហូរឈាមដាបខ្លួនអំឡុងស្ថានការណ៍ចលាចលនៅខែមករា ឆ្នាំ២០១៤ ដែលកងរាជអាវុធហត្ថបានបង្ក្រាបនៅលើផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ ដោយសារតែគ្មានអ្នកដាក់ពាក្យបណ្ដឹង។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កងរាជអាវុធហត្ថប្រដាប់ដោយកាំភ្លើងវែងអាកា៤៧ បានបញ្ចប់ការធ្វើកូដកម្មទូទាំងប្រទេសរបស់កម្មករកាត់ដេរដែលទាមទារប្រាក់ខែគោល១៦០ដុល្លារ នៅពេលពួកគេសម្រុកចូលទៅកាន់មហាវិថីវេងស្រេង ដែលមានរោងចក្រជាជួរអមសងខាងស្ថិតនៅជាយរាជធានីភ្នំពេញ រួចបាញ់ប្រហារ ឬវាយដំស្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ដែលចូលរួមក្នុងបាតុកម្មហិង្សា។
ប៉ុន្តែមានតែសាកសពមនុស្សបួននាក់ប៉ុណ្ណោះដែលបណ្ដាអង្គការសិទ្ធិមនុស្សរកឃើញ និងកំណត់អត្តសញ្ញាណបាននៅមន្ទីរពេទ្យនានាទូទាំងរាជធានីភ្នំពេញ។ ចំណែកឯសាកសពយុវជន ឃឹម សុផាត អាយុ១៦ឆ្នាំ រកមិនឃើញទេ។
ក្នុងវីដេអូឃ្លីបមួយបង្ហោះតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃច័ន្ទ ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍ស្ដីពីការបាត់ខ្លួនរបស់យុវជន ឃឹម សុផាត ដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្រាប់ទិវាអន្តរជាតិនៃអ្នកបាត់ខ្លួន ដោយអំពាវនាវឲ្យក្រុមគ្រួសាររបស់ក្មេងប្រុសរងគ្រោះដាក់ពាក្យបណ្ដឹង។
លោកបានមានប្រសាសន៍ថា ” បន្ទាប់ពីការធ្វើបាតុកម្មនៅផ្លូវវេងស្រេង កាលពីឆ្នាំទៅ យើងមានឮអង្គការមួយចំនួនបាននិយាយអំពីការបាត់ខ្លួនយុវជនម្នាក់ឈ្មោះ ‘ផាត’ ហើយយើងក៏បានធ្វើការស៊ើបអង្កេតមួយចំនួនដែរ តែមកទល់ម៉ោងនេះ យើងពិបាកនឹងបន្តស្រាវជ្រាវ ដោយសារយើងមិនបានឃើញក្រុមគ្រួសារនោះមកធ្វើបណ្ដឹងណាមួយជាផ្លូវការជាមួយកងកម្លាំងនគរបាលជាតិយើងនៅភ្នំពេញ ឬនៅត្រង់ណានោះទេ។ ដល់ពេលអត់អ៊ីចឹងទៅ វាបាត់ការសហការជាមួយគ្នា [ពីគ្រួសារជនរងគ្រោះ]។ យើងមានការសោកស្ដាយណាស់ពេលដែលឮថា ប្រជាពលរដ្ឋលោកមានការបាត់កូនចៅ។ យើងខ្ញុំជាកងកម្លាំងនគរបាលជាតិ មិនសប្បាយចិត្តទេ ប៉ុន្តែយើងសំណូមពរក្រុមគ្រួសារ ជាពិសេសឪពុកម្ដាយនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គួរណាដាក់ពាក្យបណ្ដឹងឲ្យច្បាស់លាស់”។
លោកបានលើកឡើងបន្តថា នគរបាលបានធ្វើការស្រាវជ្រាវខ្លះហើយដោយផ្អែកលើព័ត៌មានបានពីអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែត្រូវការប្រភពច្បាស់លាស់ដើម្បីផ្ដើមការស៊ើបអង្កេតឲ្យបានត្រឹមត្រូវថា តើមានអ្វីកើតឡើងចំពោះ ឃឹម សុផាត។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ”ឧទាហរណ៍ថា ថ្ងៃណុងគាត់មានវត្តមាននៅណុងមែនឬក៏អត់ ហើយយ៉ាងម៉េចបានជាបាត់ខ្លួន? គាត់រត់ទៅណាមកណា ឬក៏គាត់រត់ធ្លាក់ភក់ធ្លាក់ទឹកយ៉ាងម៉េច? ឲ្យវាមានប្រភពអ៊ីចឹងមក យើងនឹងស្រាវជ្រាវតគ្នា ឬក៏នរណាដែលឃើញចុងក្រោយគេ។ យើងសុំការសហការ យើងសំណូមពរសុំឲ្យលោកឪពុកអ្នកម្ដាយហ្នឹងដាក់ពាក្យប្ដឹងជាផ្លូវការមក”។
សាក្សីក្នុងហេតុការណ៍បាញ់ប្រហារនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បាននិយាយថា ពួកគេឃើញកងរាជអាវុធហត្ថប្រើកាំភ្លើងវែងអាកា៤៧របស់ខ្លួនបាញ់ដោយមិនរើសមុខពីរថយន្តធំៗនៅលើផ្លូវវេងស្រេង មុនពេលចេញពីរថយន្តទាំងនោះ ហើយបាញ់តម្រង់ទៅរកកម្មករដែលមិនបានគេចខ្លួន។
សាក្សីម្នាក់ក្នុងហេតុការណ៍បាញ់ប្រហារដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៤០នាក់រងរបួសធ្ងន់ដែរនេះនិយាយថា គាត់បានឃើញយុវជន ឃឹម សុផាត លើកចុងក្រោយនៅលើផ្លូវវេងស្រេង ដេកនៅនឹងដី ហើយហូរឈាមដាបខ្លួន។
ប៉ុន្តែភ្លាមៗក្រោយការបង្ក្រាបបណ្តាលឲ្យមនុស្សស្លាប់នេះ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ត្រូវបានរាប់ឃើញតែបួននាក់ប៉ុណ្ណោះ ហើយបានបដិសេធថា ខ្លួនមិនដឹងឡើយរឿងអ្នកបាត់ខ្លួន ឬអ្នកស្លាប់ដែលរកសាកសពមិនឃើញ។
កាលពីខែសីហា ឆ្នាំ២០១៤ អង្គការសហប្រជាជាតិបានចេញសេចក្ដីថ្លែងការណ៍មួយអំពាវនាវឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានល្អិតល្អន់លើ “ការបាត់ខ្លួនដោយបង្ខំ” របស់យុវជន ឃឹម សុផាត ដោយគូសបញ្ជាក់ថា រដ្ឋាភិបាលមានកាតព្វកិច្ចធ្វើដូច្នេះក្នុងឋានៈជាហត្ថលេខី នៃអនុសញ្ញាអន្តរជាតិដើម្បីការពារពលរដ្ឋគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
អ្នកស្រី អុិន លក្ខិណា អាយុ៣៨ឆ្នាំ ដែលត្រូវជាម្ដាយរបស់យុវជន ឃឹម សុផាត បាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញថា គាត់មិនដែលបានដាក់ពាក្យបណ្ដឹងទៅនគរបាលទេ ពីព្រោះការបាត់ខ្លួនរបស់កូនប្រុសអ្នកស្រីត្រូវបានផ្សព្វផ្សាយជាសាធារណៈ ធ្វើឲ្យអ្នកស្រីគិតថា នគរបាលបានស៊ើបអង្កេតករណីនេះរួចទៅហើយ។
អ្នកស្រីនិយាយទៀតថា ”យើងមិនបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរទេ ព្រោះពួកគេមិនដែលមកសួរអំពីការបាត់ខ្លួននេះ។ ទើបតែម្សិលមិញនេះ ប្រធានភូមិបានមកសួររកថ្ងៃខែឆ្នាំកំណើត និងកាលបរិច្ឆេទបាត់ខ្លួន ពីព្រោះប៉ូលិសសុំព័ត៌មាននេះដើម្បីបញ្ជូនទៅថ្នាក់លើ”។
លោក ឃឹម សឿន អាយុ៤២ឆ្នាំ ដែលត្រូវជាឪពុករបស់ ឃឹម សុផាត បាននិយាយត្រង់ៗថា គាត់មិនជឿទុកចិត្តនគរបាលជាតិឡើយ។ គាត់និយាយថា “យើងមិនដែលដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរទេ ព្រោះពួកគេសុទ្ធតែកាន់ជើងខាងអ្នកបាញ់កម្មករ ជាពិសេសប៉េអឹម។ ដូច្នេះពួកគេនឹងមិនរកយុត្តិធម៌ឲ្យកូនប្រុសខ្ញុំទេ។ ដូច្នេះហើយយើងក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅអង្គការតែម្ដងទៅ”។
គាត់បាននិយាយបន្តថា នគរបាលបានដឹងពីករណីនេះហើយ និងមានអ្វីៗទាំងអស់ដែលពួកគេត្រូវការ ប្រសិនបើពួកគេចង់ស៊ើបអង្កេត ហើយគ្រួសាររបស់គាត់បានជួបជាមួយអាជ្ញាធរម្តងរយៈពេល២ម៉ោងកាលពីខែឧសភា។
គាត់និយាយបន្ថែមទៀតថា “ក្រសួងមហាផ្ទៃបានកោះហៅយើង ហើយសាកសួរយើងថា កូនយើងបាត់ខ្លួននៅកន្លែងណា និងនៅទីណា។ ខ្ញុំនឹងពិភាក្សាបញ្ហានេះជាមួយអង្គការលីកាដូថា តើយើងគួរដាក់ពាក្យបណ្ដឹងឬក៏អត់” ពីព្រោះគាត់នៅតែមិនប្រាកដក្នុងចិត្តថា តើគាត់គួរជឿនគរបាល ឬក៏អត់។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានមានប្រសាសន៍ថា ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ និយាយមិនស្មោះត្រង់ទេទាក់ទិនការស្រាវជ្រាវរបស់សមត្ថកិច្ចក្នុងការស្វែងរកការពិតថា តើមានអ្វីកើតឡើងចំពោះយុវជន ឃឹម សុផាត។
លោកបានចោទសួរដូច្នេះថា ”បើគ្មានពាក្យបណ្ដឹង ម៉េចបានជាក្រសួងមហាផ្ទៃកោះហៅ និងសាកសួរឪពុកម្ដាយ និងសាក្សីកាលពីខែឧសភា ឆ្នាំ២០១៤ ទាំងឪពុកម្ដាយមិនទាន់ទទួលបានព័ត៌មានណាមួយនៅឡើយទាក់ទិនការបាត់ខ្លួននេះ។ យើងមិនអាចនិយាយបានទេថា តើគាត់នៅរស់ ឬស្លាប់ [ប៉ុន្តែ] បើគាត់នៅរស់ ម្លេ៉ះគាត់ផ្ដល់ដំណឹងដល់គ្រួសារគាត់បាត់ទៅហើយ ពីព្រោះគាត់បានបាត់ខ្លួនជាង១ឆ្នាំហើយ”៕ សុខុម