កាលពីថ្ងៃអង្គារ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបដិសេធការអះអាងពីសំណាក់រដ្ឋាភិបាលដែលថា លោកបានញុះញង់ឲ្យមានអស្ថិរភាពក្នុងការបង្ហោះហ្វេសប៊ុកកាលពីសប្តាហ៍មុន ដែលក្នុងការបង្ហោះនោះលោកបានអួតអំពីការរកឃើញផែនទីព្រំដែនខ្មែរជាមួយវៀតណាម នៅបណ្ណាល័យសភាអាមេរិក។
កាលពីថ្ងៃសុក្រ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននៅទីស្តីការគណៈរដ្ឋមន្ត្រី បានព្រមានលោក សំអាន ដែលស្ថិតនៅប្រទេសអាមេរិកនៅឡើយ ចំពោះការបន្តចោទរដ្ឋាភិបាលថាប្រើ “ផែនទីក្លែងក្លាយ” ក្រោយពីតំណាងរាស្ត្ររូបនេះជាថ្មីម្តងទៀតបានលើកឡើងថា លោក គឹមហុង ប្រើផែនទីវៀតណាម។
លោក សំអាន បាននិយាយតាមរយៈសារសំឡេងនៅថ្ងៃអង្គារថា “ទាក់ទងទៅនឹងបញ្ហាដែលខ្ញុំរកឃើញផែនទីកម្ពុជា២៦ផ្ទាំងនៅឯបណ្ណាល័យសភា នោះមិនមែនជាការញុះញង់ទេ”។
“វាគ្រាន់តែជាផ្នែកមួយនៃការសិក្សារបស់ខ្ញុំដើម្បីឲ្យដឹងថាមួយណាជាផែនទីត្រឹមត្រូវ ហើយប្រជាជនធម្មតាផ្សេងទៀតក៏មានសិទ្ធិសិក្សាអំពីផែនទីដែរ”។
តាមពិត វាមិនមែនការចូលមើលផែនទីតម្កល់នៅអាមេរិករបស់លោក សំអាន ដែលនាំឲ្យលោក គឹមហុង ធ្វើសន្និសីទកាសែតនោះទេ ប៉ុន្តែគ្រាន់តែជាការលើកឡើងរបស់គាត់ក្នុងការបង្ហោះហ្វេសប៊ុក ដែលភ្ជាប់ទៅនឹងរូបគាត់កាន់ផែនទី។
លោក សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា “វ៉ា គឹមហុង បាននិយាយភូត ថា គាត់បានយកផែនទីនៅទីនេះពីជាន់ទី៥។ តាមការពិត ផែនទីតម្កល់នៅជាន់ក្រោមដីឯណោះទេ”។
លោកបាននិយាយថា “ប្រហែលជាគាត់មិនដែលមកទីនេះទេ ហើយគាត់បានប្រើផែនទីដែលភ្ជាប់ទៅនឹងសន្ធិសញ្ញាឆ្នាំ១៩៨៥ នៅពេលដែលយួនបានត្រួតត្រាប្រទេសកម្ពុជា”។
ក្នុងការខិតខំបង្ក្រាបយុទ្ធនាការព្រំដែនរបស់គណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីខែមុនថា នរណាដែលអះអាងថា រដ្ឋាភិបាលប្រើផែនទីក្រៅពីផែនទីដែលគូសដោយបារាំងកំណត់ឲ្យប្រើដោយរដ្ឋធម្មនុញ្ញ នឹងត្រូវចាប់ខ្លួន។
លោក សំអាន ជាតំណាងរាស្ត្រមួយរូបក្នុងចំណោមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីរបីនាក់ ដែលបានបន្តរិះគន់ការកំណត់ព្រំដែនដោយរដ្ឋាភិបាលជាមួយវៀតណាម ចាប់តាំងពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បាននិយាយកាលពីខែមុនថា លោកចង់ឲ្យលោក ហ៊ុន សែន ដែលខឹងនោះ អន់ខឹង។
លោក សំអាន បាននិយាយកាលពីថ្ងៃអង្គារថា លោកគ្រោងនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅដើមខែវិច្ឆិកា ហើយថា លោកបានដឹងហើយថា លោកប្រហែលជាត្រូវចាប់ខ្លួន។
លោក សំអាន បាននិយាយថា “វាមានន័យថា រដ្ឋាភិបាលត្រូវបានគេចាក់ចំចំណុចរសើប ដូច្នេះបញ្ហាហ្នឹងអាចកើតមានចំពោះការចាប់ខ្លួនចាប់អីហ្នឹង។ ប៉ុន្តែ ខ្ញុំនឹងមកវិញនៅដើមខែវិច្ឆិកាជាប្រាកដ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាន់អំណាច បាននិយាយថា លោកច្របូកច្របល់នឹងការថ្លែងកន្លងមករបស់លោក រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្ស ដែលនិយាយថា លោក សំអាន ធ្វើការលើបញ្ហាផែនទីនេះដោយខ្លួនឯង ក្នុងនាមជាតំណាងរាស្ត្រមួយរូប ហើយមិនមែនក្នុងនាមគណបក្សសង្គ្រោះជាតិនោះទេ។
លោក ឥសាន បាននិយាយថា “ថ្នាក់ដឹកនាំរបស់គណបក្សគាត់បានប្រកាសម្តងហើយម្តងទៀតថា ពួកគេមិនដែលចាត់តាំងគាត់ទៅធ្វើកិច្ចការនេះទេ។ ខ្ញុំមិនយល់គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិទេ ពីព្រោះថ្នាក់ដឹកនាំនិយាយអីចេះ ប៉ុន្តែ អ្នកគាំទ្រនិយាយអីចុះវិញ”។
លោក ឥសាន បានបន្ថែមថា ផែនទីពីប្រទេសបារាំងនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ហើយថា ការប្រៀបធៀបជាមួយផែនទីដែលរដ្ឋាភិបាលមាន នឹងបញ្ជាក់យ៉ាងពិតប្រាកដថា ផែនទីរបស់រដ្ឋាភិបាលគឺជាផែនទីដែលកំណត់ឲ្យប្រើប្រាស់ដោយរដ្ឋធម្មនុញ្ញ។
លោកបាននិយាយថា “នឹងលែងមានការសង្ស័យទៀតលើរដ្ឋាភិបាល ដោយហេតុថា នៅថ្ងៃទី៣ ខែកញ្ញា យើងនឹងពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីពីប្រទេសបារាំង ជាប្រភពដែលបានផែនទីនោះមក”៕ និត