28 C
Phnom Penh

មន្ត្រី​វិទ្យាស្ថាន​ធនធាន​មនុស្ស​សមុទ្រ​កម្ពុជា​មាន​ចម្ងល់​លើ​ការ​អះអាង​រំលោភ​បំពាន​ដោយ​កម្មករ​នាវា​សមុទ្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​ថ្ងៃ​ក្រោយពី​បុរស​បួន​នាក់​ត្រូវ​បាន​និរទេស​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​រត់​គេច​ខ្លួន​ពី​កប៉ាល់​ទំនិញ​ដែល​ចត​នៅ​ប្រទេស​ហ្វីលីពីន​មក មន្ត្រី​ម្នាក់​នៅ​វិទ្យា​ស្ថាន​ធនធាន​មនុស្ស​សមុទ្រ​ដែល​ក្រុម​នេះ​បាន​សិក្សា បាន​មាន​ចម្ងល់​ទៅ​លើ​សេចក្តី​រាយការណ៍​អំពី​ការ​ធ្វើ​បាប។

cam-photo-ship-folo-jens-800x533លោក រ៉ាយអិន យ៉ាង ប្រធានផ្នែក​បណ្តុះ​បណ្តាល​នាវិក​នៅ​វិទ្យា​ស្ថាន​ធនធាន​មនុស្ស​សមុទ្រ​កម្ពុជា (CMHRI) ក្នុង​ក្រុង​ភ្នំពេញ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ស្របតាម​អនុសញ្ញា​ស្តីពី​ស្តង់ដា​បណ្តុះ​បណ្តាល វិញ្ញា​បន​ប័ត្រ និង​ឃ្លាំ​មើល របស់​អង្គការ​សមុទ្រ​អន្តរជាតិ បុរស​ទាំង​នោះ​កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ជា “កម្មករ​សមុទ្រ​ធម្មតា” លើ​កប៉ាល់​ប្លូ អិមភឺរើ​១ (Blue Emperor 1)។

ក្នុង​តួនាទី​នេះ លោក យ៉ាង បាន​អះអាង​ថា ពួកគេ​រំពឹង​ថា នឹង​ធ្វើ​កិច្ចការ​គ្មាន​ជំនាញ ដូចជា​ការ​សម្អាត​បន្ទប់​ទឹក ជា​ការងារ​ដែល​បុរស​ទាំង​បួន​ដែល​បាន​មក​ស្រុក​វិញ បាន​ត្អូញត្អែរ ថា​គ្មាន​ប្រាក់​ខែ មាន​តែ​ការ​ផ្តល់​អាហារ រហូត​ដល់​ពួកគេ​ទទួល​បាន​ការ​ដំឡើង​ឋានៈ​ជា​កម្មករ​នាវា​សមុទ្រ​ដែល​មាន​សមត្ថភាព​សិន”។

លោក យ៉ាង បាន​និយាយ​ថា “ពួកគាត់​និយាយ​ថា ការ​សម្អាត​បង្គន់។ មែន​ហើយ គេ​គ្មាន​អ្នក​បម្រើ​ស្រី​លើ​កប៉ាល់​ថែទាំ​អ្នក​ទាំង​អស់​គ្នា​ទេ”។ លោក​បាន​បន្ថែម​ថា គេ​បាន​ប្រាប់​និស្សិត​ជាមុន​​អំពី​លក្ខខណ្ឌ​ដែល​ពួកគេ​ត្រូវ​អត់ទ្រាំ។

លោក​បាន​លើក​ឡើង​ថា បញ្ហា​ស្ថិត​នៅ​លើ “បុគ្គលិក​លក្ខណៈ ចិត្ត​គំនិត និង​អាកប្បកិរិយា” របស់​មនុស្ស។

ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​បួន​នាក់​នោះ​មាន​ឈ្មោះ អិន អ៊ន អាយុ​២១​ឆ្នាំ អេង សុជាតិ អាយុ​៣៥​ឆ្នាំ សំ ចំរើន អាយុ​២៨​ឆ្នាំ និង មិត្ត តុលា អាយុ​២៨​ឆ្នាំ បាន​រត់​គេច​ខ្លួន​ពី​កប៉ាល់​ទំនិញ ក្រោយ​ពី​មាន​ការ​រំលោភ​បំពាន ដូចជា​ការ​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ពេល​ឈឺ និង​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួកគេ​ជាដើម។

លោក យ៉ាង បាន​និយាយ​ថា សាលា​របស់​លោក​បាន​រៀបចំ​កិច្ច​សន្យា​ការងារ​រវាង​បុរស​ទាំង​បួន​នាក់​និង​ក្រុមហ៊ុន​កប៉ាល់​ចិន New Unite HK Marine Shipping នោះ ចំណែក​ឯ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លើ​នាវា បាន​ធ្លាក់​លើ​សមាជិក​ក្រុម​នាវិក​ខ្លួន​ឯង ហើយ​បាន​ហៅ​ការ​រត់​គេច​ខ្លួន​នោះ​ថា “មិន​អាច​ទទួល​យក​បាន​ទេ”។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​និយាយ​ថា រឿង​នេះ​ពិត ឬ​មិន​ពិត​ទេ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មាន​បញ្ហា​ណា​មួយ ពួកគេ​គួរ​ធ្វើ​ទៅ​តាម​ផ្លូវ​ត្រឹម​ត្រូវ​ដើម្បី​តវ៉ា​និង​និយាយ​ទៅ​កាន់​ម្ចាស់​កប៉ាល់”។

លោក សុជាតិ កម្មករនាវា​សមុទ្រ​ម្នាក់​ដែល​បាន​ស្ថិត​នៅ​លើ​កប៉ាល់​ប្លូ អិមភឺរើ​១ ចាប់​តាំង​ពី​ខែ​មិថុនា​មក ប៉ុន្តែ​បាន​ធ្វើ​ការងារ​ស្រដៀង​គ្នា​លើ​កប៉ាល់​ផ្សេងទៀត​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ក្រោយពី​ចាកចេញ​ពី CMHRI បាន​ជំទាស់​នឹង​ការ​អះអាង​របស់​លោក យ៉ាង ដែល​ថា បួន​នាក់​នោះ​គ្រាន់តែ​ត្រូវ​ធ្វើការ​ឲ្យ​ស៊ាំ​ចិត្ត​គំនិត​របស់​ពួកគេ​ប៉ុណ្ណោះ​នោះ។ លោក​បាន​និយាយ​ថា ការ​ដំឡើង​ឋានៈ​ត្រូវ​បាន​រាំង​ស្ទះ​ជាប់​ដោយ​ចៅហ្វាយ​របស់​គាត់ ដែល​ផ្តល់​ហេតុផល​ច្រើន​យ៉ាង ក្នុង​នោះ​មាន​ទាំង​បញ្ហា​ភាសា​ផង​ដែរ។

លោក សុជាតិ បាន​និយាយ​ថា “ខ្ញុំ​អាច​ធ្វើ​កិច្ចការ​របស់​ខ្ញុំ​រាល់​ថ្ងៃ ប៉ុន្តែ​ពួកគេ​បែរ​ជា​និយាយ​ថា នៅ​ពេល​ខ្ញុំ​ទទួល​ទូរស័ព្ទ ខ្ញុំ​មិន​អាច​និយាយ​ភាសា​ចិន​បាន​ទៅ​វិញ”។ លោក​បាន​បន្ថែម​ថា វិទ្យាស្ថាន​ធនធាន​សមុទ្រ​បាន​សន្យា​ថា​នឹង​មាន​ការ​បណ្តុះ​បណ្តាល​លើ​កប៉ាល់ ប៉ុន្តែ​គាត់​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​អ្វី​ឡើយ។
លោក​បាន​និយាយ​ថា “ពួកគេ​បាន​និយាយ​ថា យើង​នឹង​ទៅ​រៀន​សូត្រ​និង​ទទួល​បាន​ចំណេះ​ដឹង ប៉ុន្តែ​នៅ​ពេល​យើង​បាន​ទៅ​ដល់ វា​មិន​ដូច្នោះ​ទេ។ ពួកគេ​មិន​បាន​បង្រៀន​យើង​ទេ”។

លោក ធន សោភ័ណ អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​នៅ​អង្គការ​ពលកម្ម​អន្តរ​ជាតិ បាន​និយាយ​ថា វា​ងាយ​ស្រួល​ចំពោះ​ពលករ​ចំណាក​ស្រុក គិត​ទាំង​អ្នក​នៅ​សមុទ្រ​ផង ត្រូវ​គេ​កេង​ចំណេញ​លើ ប្រសិនបើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទុក​ជា​មុន​ទេ​នោះ។

លោក​បាន​ឲ្យ​ដឹង​ថា “ចំណាក​ស្រុក​រក​ការ​ធ្វើ ជា​ទូទៅ​ប្រឈម​នឹង​ហានិភ័យ ប្រសិនបើ​មិន​យល់​ដឹង​ច្បាស់ មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ទេ​នោះ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស