មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយថា កម្មករចំណាកស្រុកវៀតណាមខុសច្បាប់ជិត៦០នាក់ត្រូវនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនកាលពីម្សិលមិញ អំឡុងការឆ្មក់ចូលរោងជាងធ្វើគ្រឿងសង្ហារិមប្រាំមួយកន្លែង និងហាងកាហ្វេមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួង មហាផ្ទៃ បានមានប្រសាសន៍ថា មន្ត្រីនគរបាលប្រហែល៤០នាក់បានឡោមព័ទ្ធរោងជាងមួយចំនួនក្នុងសង្កាត់បឹងត្របែកនៅម៉ោងប្រហែលល៩ព្រឹក មុនពេលឆែកឆេររកកម្មករដែលគ្មានប័ណ្ណការងារ និងឯកសារស្នាក់នៅត្រឹមត្រូវ។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានមាន ប្រសាសន៍ថា “យើងបានសហការជាមួយអាជ្ញាធរមូលដ្ឋានឆែកឆេររោងជាងធ្វើគ្រឿងសង្ហារិមជាច្រើន…។ យើងបានរកឃើញកម្មករសរុប៥៧នាក់ មានជាងឈើ និងជាងឆ្លាក់” ដែលខ្វះឯកសារចាំបាច់។ លោកបានបន្ថែមថា ហាងកាហ្វេមួយនៅក្នុងតំបន់នេះ ក៏ត្រូវបានឆ្មក់ចូលផងដែរ។
លោកបានថ្លែងថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំងនោះ ត្រូវបានបញ្ជូនទៅកន្លែងឃុំខ្លួនបណ្តោះអាសន្ននៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីដែលនគរបាលបានឆែកឆេររកប័ណ្ណការងាររបស់ពួកគេ។
ដោយពន្យល់ថា កម្មករ១០នាក់នឹងត្រូវបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ថែម ហើយតម្រូវឲ្យបង់ប្រាក់សម្រាប់ប័ណ្ណការងារ និងទិដ្ឋាការនោះ លោកបានថ្លែងថា “ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន យើងរកឃើញថា មានតែប្រាំមួួយនាក់ប៉ុណ្ណោះមានលិខិតឆ្លងដែន និងបួននាក់ទៀតមានទិដ្ឋាការ ប៉ុន្តែមិនមានប័ណ្ណការងារទេ” ។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា កម្មករទាំង៤៧នាក់ ដែលមិនមានទិដ្ឋាការ ឬលិខិតឆ្លងដែន និងដែលសុទ្ធតែជនជាតិវៀតណាមទាំងអស់ លើកលែងតែម្នាក់ជាជនជាតិចិននឹងត្រូវបញ្ជូនទៅប្រទេសកំណើតរបស់ខ្លួនវិញ។
លោកបានថ្លែងថា “ប្រហែលជាយើងនឹងនិរទេសពួកគេនៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ”។
លោកបានបន្ថែមថា ចាប់តាំងពីខែកក្កដា ឆ្នាំមុន នគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនជនបរទេសជាង៣.០០០នាក់មកពីប្រទេសចំនួន៤៦ ក្នុងនោះរួមមាន២.៨០០នាក់មកពីប្រទេសវៀតណាម។ អ្នកទាំងអស់នេះសុទ្ធតែ ដែលត្រូវបានរកឃើញ ថា រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
កាលពីឆ្នាំមុន នគរបាលអន្តោប្រវេសន៍បានឆ្មក់ចូលកន្លែងជាច្រើនក្នុងរាជធានីភ្នំពេញដើម្បីព្យាយាមចាត់វិធានការបង្ក្រាបកម្មករចំណាកស្រុកខុសច្បាប់។
លោក វាន់ ណន ដែលជាម្ចាស់រោងជាងនៅក្នុងតំបន់ដែលមានប្រតិបត្តិការកើតឡើងកាលពីម្សិលមិញ បានលើកឡើងថា លទ្ធភាពនៃការឆ្មក់ចូលបន្ថែមទៀត បានជះឥទ្ធិពលដល់ការសម្រេចរបស់លោកក្នុងការជួលកម្មករ។
លោកបានថ្លែងថា “កម្មករខ្មែរ និងវៀតណាមទទួលបានប្រាក់ខែប្រហាក់ប្រហែលគ្នាដូច្នេះ ខ្ញុំជ្រើសតែកម្មករខ្មែរប៉ុណ្ណោះ ពីព្រោះខ្ញុំបារម្ភអំពីការឆ្មក់ចូលរបស់នគរបាលមកលើរោងជាងរបស់ខ្ញុំ”៕សារុន