33.3 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា​បាន​ទទួល​សំណើ​ពី​គ្រួសារ​នៅ​តាម​ផ្លូវ​រថភ្លើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ទទួល​បណ្តឹង​ពី​ពលរដ្ឋ​ខ្មែរ​២២​នាក់ ដែល​និយាយ​ថា ស្ថាប័ន​ឲ្យ​ខ្ចី​ប្រាក់​មិន​បាន​ខិតខំ​កែ​កំហុស ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​ការ​ធ្វើ​ផែនការ​និង​ការ​អនុវត្ត​ការ​កែ​លម្អ​ឡើង​វិញ​ជា​បន្ត​នៃ​ផ្លូវ​រថភ្លើង​ចាស់​ទ្រុឌទ្រោម​របស់​ប្រទេស​កម្ពុជា។

គ្រួសារ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ដាក់​សំណើ​របស់​ខ្លួន​ទៅ​គណៈកម្មការ​ពិនិត្យ​ការ​អនុវត្ត​របស់​ធនាគារ​នេះ​ក្នុង​ទី​ក្រុង​ម៉ានីល​នៅ​សប្តាហ៍​នេះ ហើយ​នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​កម្ពុជា លោក អេរិក ស៊ិដវិក បាន​ទទួល​ស្គាល់​ថា​បាន​ទទួល​បណ្តឹង​នៅ​ល្ងាច​ថ្ងៃ​អង្គារ។

លោក​បាន​និយាយ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា “ក្នុង​បណ្តឹង​នោះ គ្រួសារ​ទាំង​នោះ​ស្នើ​សុំ​ជំនួយ​តាំង​លំនៅ​ថ្មី និង​ការ​ពិនិត្យ​ការ​អនុវត្ត។ ព័ត៌មាន​បន្ថែម​ទៀត​ត្រូវ​គេ​ស្វះ​ស្វែង​រក​ពី​អ្នក​ប្តឹង​ទាមទារ ស្រប​តាម​គោលការណ៍ ADB ដូច្នេះ​កង្វល់​របស់​ពួកគេ​អាច​ត្រូវ​វាយ​តម្លៃ​ពេញលេញ​និង​ដោយ​ឯករាជ្យ”។

ឥឡូវ​នេះ គណៈកម្មការ​មាន​ពេល​ជា​ច្រើន​សប្តាហ៍​ដើម្បី​សម្រេច ថា​តើ​បណ្តឹង​ស្រប​តាម​សិទ្ធិ​អំណាច​របស់​ខ្លួន និង​ថា​តើ​ខ្លួន​អាច​នឹង​ទទួល​ពិនិត្យ​ឡើង​វិញ​ឬ​យ៉ាង​ណា។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តឹង​ទាំង​នោះ​ទេ។

បន្ទាប់ពី​ការ​តវ៉ា​លើក​មុន​ពី​ប្រជាពលរដ្ឋ​ប្រហែល​១.០០០​គ្រួសារ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​រួច​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​នេះ គណៈកម្មការ​ពិនិត្យ​ការ​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៤ បាន​ទទួល​ស្គាល់​ថា កំហុស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​រុញ​ច្រាន​ពួកគេ​ជា​ច្រើន​​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​កាន់​តែ​ខ្លាំង នៅ​កន្លែង​តាំង​លំនៅ​ថ្មី​ឆ្ងាយ​ដាច់​ស្រយាល​និង​ដែល​ខ្វះ​សព្វ​ខ្វះ​គ្រប់។ ធនាគារ​នេះ​បាន​បំពាន​នឹង​គោលការណ៍​ខ្លួន​ឯង ដែល​ថា​គ្រួសារ​រង​ផល​ប៉ះ​ពាល់​ដោយសារ​គម្រោង​របស់​ខ្លួន​មិន​ត្រូវ​ទុក​ឲ្យ​ក្រ​លំបាក​ជាង​មុន​នោះ​ទេ ហើយ​ក្នុង​ពេល​ឆាប់ៗ​រៀបចំ​គម្រោង​សកម្មភាព​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។

មនុស្ស​២២​នាក់ ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ថ្មី​នេះ និយាយ​ថា ផែនការ​នេះ​មិន​ដំណើរការ​ទេ។ ពួកគេ​និយាយ​ថា ពួកគេ​នៅ​តែ​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ឬ បាន​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​រួច​ទៅ​ហើយ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ដែក​ថ្មី​នេះ។

ក្នុង​ចំណោម​ការ​ទាមទារ​របស់​ពួកគេ គឺ​ប្រព័ន្ធ​ល្អ​ប្រសើរ​មួយ​សម្រាប់​ការ​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​សម្រាប់​ដី​ដែល​បាត់​បង់ និង​ឱកាស​ប្តឹង​ទារ​សំណង ដែល​ពួកគេ​ត្រូវ​ទទួល​បាន។ ពួកគេ​បាន​ស្មើ​សុំ​ហេដ្ឋារចនាសម្ពន្ធ​ប្រសើរ​ជាង​នេះ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី រួម​មាន​គ្លីនិក សាលា​រៀន និង​អណ្តូង​ទឹក ហើយ​និង​ផែនការ​បន្ថែម​ទៀត​ដើម្បី​ប៉ះប៉ូវ​កង្វះ​ខាត។

នៅ ស្រីដា ជា​អ្នក​ប្តឹង​ម្នាក់​ក្នុង​ចំណោម​២២នាក់​ បាន​និយាយ​ថា រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​គម្រោង​ផ្លូវដែក​នេះ​ កំពុង​ជំរុញ​អ្នកស្រី​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​អ្នក​ស្រី​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ឲ្យ​ទៅ​កន្លែង​តាំង​លំនៅ​ថ្មី​នៅ​ត្រពាំង​អញ្ចាញ​នៅ​ជាយ​ក្រុង​ជា​ថ្នូរ​នឹង​ប្រាក់​១.៦០០ដុល្លារ។ អ្នកស្រី​ទាមទារ​ប្រាក់​៨.០០០​ដុល្លារ និង​ដី​មួយ​ឡូ​ថ្មី​នៅ​ជិត​ជាង​កន្លែង​ដែល​អ្នកស្រី​រស់នៅ​នា​ពេល​នេះ។

អ្នកស្រី​បាន​និយាយ​ថា “ពួកគេ​ចង់​ឲ្យ​ខ្ញុំ​រើ​ទៅ​ទីតាំង​មួយ​ផ្សេង​ទៀត ប៉ុន្តែ ត្រពាំង​អញ្ចាញ​នៅ​ឆ្ងាយ​ណាស់ ហើយ​គ្មាន​ផ្លូវ​រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ទេ​នៅ​ទីនោះ។ ខ្ញុំ​ខ្លាច​រើ​ទៅ​ទីតាំង​ថ្មី ពីព្រោះ​វា​ពិបាក​រកស៊ី​ណាស់​នៅ​ទីនោះ។ មិន​មាន​រោងចក្រ មិន​មាន​សាលារៀន​ទេ”។

អ្នកស្រី ស្រីដា បាន​និយាយ​ថា បទពិសោធ​អាក្រក់​កន្លងមក​បាន​ធ្វើ​ឲ្យ​អ្នកស្រី​អស់​ជំនឿ​លើ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

អ្នកស្រី​បាន​និយាយ​ថា “ពីមុន ខ្ញុំ​ធ្លាប់​គិត​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ផ្តល់​សំណង​ត្រឹម​ត្រូវ​ឲ្យ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​គិត​ថា ពួកគេ​ឥឡូវនេះ​នៅ​ស្ងាត់ស្ងៀម ហើយ​កំពុង​រួម​គំនិត​ជាមួយ​រដ្ឋាភិបាល មិន​បង្កើន​ប្រាក់​សំណង​ឲ្យ​យើង​ទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស