31 C
Phnom Penh

នគរ​បាល​​​បំបែក​​​ការ​តវ៉ា​​ក្នុង​​​ខេត្ត​កោះកុង​ និង​ចាប់​ខ្លួន​​​មនុស្ស​​​​១៧​​នាក់​នៅ​​មុខ​សាលា​ដំបូង​ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិល​​មិញ​​​នគរ​បាល​ខេត្ត​កោះកុង ​បាន​ចាប់​ខ្លួន​មនុស្ស​​​​១៧​នាក់​ ​ក្នុង​នោះ​​រួម​មាន​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​​​៤​នាក់​ផង​ដែរ​នៅ​ជិត​សាលា​ដំបូង​ខេត្ត​ខណៈ​​​អ្នក​តវ៉ា​​​​បន្ត​​ទាម​ទារ​ឲ្យ​ដោះលែង​សកម្មជន​​​ការពារ​បរិស្ថាន​​បី​នាក់​ដែល​ជាប់​ពន្ធនា​គារ។ ​ទោះ​ជា​យ៉ាង​ណា ក្រុម​នេះ​​ត្រូវ​​បាន​ដោះ​លែង​​​​វិញ​​នៅម៉ោង​ជាង​៦ល្ងាច​។

​រួម​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​ អ្នក​ដែល​ត្រូវ​​ចាប់​ខ្លួន​​ទាំង​នោះ​រួម​មាន​​អ្នកតវ៉ា​១០​នាក់ អ្នក​​កាសែត​​ម្នាក់ ​អ្នក​កាសែត​​ពលរដ្ឋ​ម្នាក់ និង​សកម្មជន​ម្នាក់​មកពី​អង្គការ​​មាតា​ធម្មជាតិ​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​រៀបចំ​យុទ្ធនាការ​ប្រឆាំង​​ការ​បូម​ខ្សាច់​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ​។

លោក អុិន គង់ចិត្រ ​​មន្ត្រី​សម្របសម្រួល​​​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ បាន​បញ្ជាក់​ថា ពួកគាត់​ត្រូវ​បាន​ដោះលែង​វិញ​នៅម៉ោង​៦និង៥​នាទី​ល្ងាច​។ លោក​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា មន្ត្រី​សិទ្ធិ​មនុស្ស​ជា​សាក្សី​ឃើញ​​​ផ្ទាល់​ភ្នែក​ ហើយ​ខ្ញុំ​គិត​ថា នគរ​បាល​ចាប់​ខ្លួន​យើង​​​ដោយ​សារ​តែ​​គេ​មិន​ចង់​ឲ្យ​យើង​ឃើញ​សកម្មភាព​របស់​ពួកគេ​​ធ្វើ​ទៅ​លើ​​អ្នក​តវ៉ា​”។

អ្នក​តវ៉ា​រាប់​សិប​នាក់​​​បាន​​បោះ​តង់​​នៅ​លើទីតាំង​​​តារាង​បាល់​ទះ​​មួយ​កន្លែង​ក្បែរ​​សាលា​ដំបូង​​ក្នុង​ក្រុង​ខេមរភូមិន្ទ បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​​​​សកម្មជន​​​អង្គការ​មាតាធម្មជាតិ​​​ បី​នាក់​ដែល​មាន​ឈ្មោះ ស៊ឹម សំណាង អាយុ​២៩​ឆ្នាំ ទ្រី សុវិជ្ជា អាយុ​២៦​ឆ្នាំ និង​ ស៊ុន ម៉ាឡាអាយុ​២៤​ឆ្នាំ ​កាលពី​ថ្ងៃទី​​១៧ ខែ​សីហា ​ដែល​​​​​​​ក្រោយ​មក​ត្រូវ​បាន​ដាក់​ពន្ធនាគារ​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​បំផ្លាញ​សាឡង់​បូម​ខ្សាច់​។

ចាប់​តាំងពី​ពេល​នោះ​មក ការ​តវ៉ា​​​ និង​ការ​​​​​ហែ​ក្បួន​​​ទូទាំង​​ក្រុង​​ក្នុង​ខេត្ត​នេះ​ បាន​ធ្វើ​ឲ្យ​ក្តៅ​​ក្រហាយ​ដល់​​​អាជ្ញាធរ​​​មូលដ្ឋាន​​ ដែល​បាន​​​​គំរាម​ម្តងហើយ​ម្តង​ទៀត​ថា​នឹង​​​ចាត់​វិធាន​​ការ​​​លើ​​ក្រុម​នេះ​ រួម​ទាំង​ការ​ចាប់​ខ្លួន​ផង ប្រសិន​​​​​បើ​ពួកគេ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​។

កាលពី​ថ្ងៃ​ច័ន្ទ សំណើ​​​របស់​សកម្មជន​ទាំង​នេះ​ដើម្បី​​​​​សុំ​ឲ្យ​មាន​ការ​​ដោះលែង​នៅ​ក្រៅ​ឃុំ​ ត្រូវ​បាន​ច្រាន​ចោល​។

លោក​ ប៉ែន ប៊ុនឈួយ អភិបាល​​រង​ក្រុង​​​ខេមរភូមិន្ទ​ បាន​ចេញ​លិខិត​​​​ព្រមាន​​អ្នក​តវ៉ា​កាលពី​ថ្ងៃ​អង្គារ ដោយ​បញ្ជា​ឲ្យ​ពួកគេ​ចាក​ចេញពី​ទីតាំងតវ៉ា​​របស់​ខ្លួន​ដែល​ស្ថិត​​​នៅ​ខាង​មុខ​សាលា​​​​ដំបូង​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ ដោយ​​​គំរាម​​ ”ចាត់​​​វិធានការ​​” ប្រសិន​បើ​ពួកគេ​​មិន​ព្រម​​ចាក​ចេញ​។ ​​​ហើយ​កាល​ពីព្រឹក​ម្សិលមិញ នគរ​បាល​បាន​​​​​ធ្វើ​ដូច​ការ​គំរាម​​នោះ​មែន ដោយ​ចាប់​ខ្លួន​មនុស្ស​ចំនួន​១៧​នាក់​ មុន​ពេល​​​​​​បិទ​​ទីតាំង​តវ៉ា និង​​បំបែក​​ហ្វូង​អ្នក​តវ៉ា​​ដែល​នៅ​សេសសល់​។

លោក ហួ អុិន ​មន្ត្រី​ឃ្លាំមើល​​របស់​អង្គការ​​​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​​​ខេត្ត​​​​​នេះ បាន​​មាន​​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ម៉ោង​ប្រហែល​៩ព្រឹក​​​ មុន​ពេល​​ទូរស័ព្ទ​ដាច់​​ទាក់​ទង​លែង​​​បាន​​ថា ​”​នគរ​បាល​បាន​ចាប់​ខ្លួន​ខ្ញុំ​​​​​នាំ​ទៅ​កាន់​​រថយន្ត​របស់​ពួកគេ”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​មុន​​​​នេះ​ក្នុង​ព្រឹក​ដដែល​​នោះ មនុស្ស​៥០​នាក់​​​បាន​ព្យាយាម​ហែក្បួន​ចេញ​​​ពី​ចំណុច​​ខាង​ក្រៅ​តុលាការ​​ឆ្ពោះ​ទៅ​ផ្សារ​​ក្នុង​ក្រុង​ខេមរ​ភូមិន្ទ​ ហើយ​ពេល​នោះ​មនុស្ស​​មួយ​ក្រុម​ដែល​មាន​គ្នា​​ប្រហែល​៦០​នាក់​ក៏​​បាន​ចេញ​មុខ​រារាំង​ការ​ហែក្បួន​នេះ​។ បន្ទាប់​មក ​នគរ​បាល​បាន​ដំឡើង​របាំង​ការ​ពារ​ដើម្បី​​​​បំបែក​​ក្រុម​​ទាំង​នេះ។

​លោក​បាន​​មាន​ប្រសាសន៍​ថា ”​ខ្ញុំគិត​ថា ក្រុម​នេះ​​ត្រូវ​អាជ្ញាធរ​បង្កើត​ឡើង​​ដើម្បី​ធ្វើ​​ការ​តវ៉ា​ប្រឆាំង​អ្នក​តវ៉ា​ពិត​ប្រាកដ”។​​​​​​​

ស្ត្រី​​​អ្នក​តវ៉ាម្នាក់ឈ្មោះ នាក់​​​​​​ សុភាព ​​​​​​អាយុ​​​​៤៦​​​ឆ្នាំ ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ជាង​​​​​​៤០​​​នាក់​​​បាន​​​បង្ខំ​​​​ឲ្យ​អ្នក​​​តវ៉ា​​​​​ចាក​​​ចេញ​​​ពី​​​ទី​​​តាំងតវ៉ា​​​​របស់​​​ខ្លួន​​​នៅ​​​ខាង​​​មុខ​​​​​​តុលាការ​​​។ ​អ្នក​​​ស្រី​​​​​និយាយ​​​ថា ​កូន​​​ស្រី​​​​​របស់​​​អ្នក​ស្រី​​​​​​ឈ្មោះ ​ព្រំ សុជា ​អាយុ ១៥ ឆ្នាំ បាន​ស្ថិត​​​ក្នុង​​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​ទាំង​នោះ​។ ”​ប៉ូលិស​​​បាន​​​​​មក​​បញ្ជា​​​ឲ្យយើង​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​នោះ​​​។ ​ប៉ូលិស​បាន​​​រុញ​​​អ្នក​​​តវ៉ា​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​នោះ ហើយអ្នក​​ខ្លះ​ត្រូវ​​​​គេរុញ​ផ្ទុប​ទៅ​នឹង​​ដី”។

លោក គង់ យ៉ាន ស្នង​​​ការ​​​រង​​​ខេត្ត​​​នេះ​​​បាន​​​​​លើក​​​ឡើង​​​ថា ការ​​​ឃាត់​​​ខ្លួន​​​មនុស្ស​​​ចំនួន​​​១៧​​​នាក់​​​ពេញ​​​មួយ​​​​​​ថ្ងៃ​​​​នេះ មិន​​​មែន​​​មាន​​​ន័យ​​​ថា ​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ឡើយ​​​។ លោក​​​បាន​គូស​បញ្ជាក់​ថា ”យើង​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​ប្រជា​ពល​រដ្ឋ​ទេ​​​ យើង​​​គ្រាន់​​​តែ​​​នាំ​ខ្លួន​ពួក​​​​គាត់​ទៅ​កាន់​​​​​​​ការិយាល័យ​​​របស់​​​យើង​​​​ប៉ុណ្ណោះ​ដើម្បី​​​សាក​​​សួរ​​​ បន្ទាប់​​​ពី​​​មាន​​​ដីកាបង្គាប់​​​ពី​​​តុលាការ”។

ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​មាន​​​​​ដូច​​​ជា អ្នក​​​តវ៉ា​​​ បុគ្គលិក​​​របស់​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​លីកាដូ​​​ និងអង្គការ​​​អាដហុក​​​ អ្នក​​​កាសែត​​ម្នាក់​មក​ពី​វិទ្យុ​​​ខ្មែរ​​​ប៉ុស្តិ៍​​​ ដែល​​​មាន​​ទំនាក់​​​ទំនង​​​ជាមួយ​​​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ “អ្នក​​​កាសែត​​​ពល​​​រដ្ឋ” ​ម្នាក់​ដែល​​​ធ្វើ​​​ការ​​​ឲ្យមជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​។

លោក គង់ យ៉ាន បាន​​​មាន​​​ប្រសាសន៍​​​​បន្ថែម​ទៀត​​​​ថា “តុលាការ​​​​បានស្នើ​​​ឲ្យយើង​​​នាំ​ខ្លួន​​​អ្នក​​​ទាំង​​​នេះ​​​មក​​​សាក​​​សួរ​​​ ព្រោះ​​​ពួក​​​គាត់​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​អស់​​​ជា​​​ច្រើន​​​ថ្ងៃ​​​ ហើយ​​​ពួក​​​​គាត់​​​បាន​​​ប្រើ​​​ពាក្យ​​​​សម្ដី​មិន​​​គប្បី​​​មក​​​លើ​​​ថ្នាក់​ដឹក​​​នាំខេត្ត​​​របស់​​​យើង​​​​​​”។

លោក ប៉ែន ប៊ុនឈួយ អភិបាល​​​រង​​​ក្រុង​​​ខេមរភូមិន្ទ បាន​​​ច្រាន​ចោល​ការ​​​អះអាង​​​ដែល​​​លើក​ឡើង​​​ថា ​​​អាជ្ញាធរ​ជា​​អ្នក​បញ្ជូន​អ្នកតវ៉ា​មួយ​ក្រុមផ្សេង​​ទៀត​ឲ្យ​ទៅ​ប្រឆាំង​​អ្នកតវ៉ា​ទាំងនេះ​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”យើង​មិន​​​បាន​​​បង្កើត​​​ក្រុម​​​ដើម្បី​​​តវ៉ា​​​ប្រឆាំង​​​អ្នក​​​តវ៉ា​​​ដូច​​​ដែល​​​គេ​​​ចោទ​​​ប្រកាន់​​​ទេ​​​”។កាល​​​ពី​​​របីថ្ងៃ​​​មុន ​​​មាន​​​អាជីវករ​​​ផ្សារ​​​ជាង​​​១០០នាក់​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​មក​​​កាន់​​​នគ​​​របាល​​​ ដោយ​​​ស្នើ​​​សុំ​ឲ្យ​​​ជួយ​​​បញ្ឈប់​​​ការ​​​ហែ​​​ក្បួន​​​ ព្រោះអ្នក​​​តវ៉ា​​​ធ្វើ​​​​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​រក​​​ស៊ី។

លោក អាឡិច ​ហ្គន​ហ្សាឡេស ​ដេវីដសុន ​ជា​​ជន​​ជាតិ​អេស្ប៉ាញ និង​​ជា​សហ​ស្ថាបនិក​​​អង្គការ​​​មាតាធម្មជាតិ​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​​​ចេញ​ពី​កម្ពុជា ​​​កាល​​​ពីខែ​​​កុម្ភៈ បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​ទីតាំង​​​​តវ៉ា​​​ត្រូវ​​​បាន​​​បិទ​​​ក៏​​​ដោយ​​​ក៏​អង្គការ​​​មាតាធម្មជាតិ​​​នៅតែ​មាន​​​​​​គម្រោង​​​បន្ត​​​​​ទាមទារ​ឲ្យ​​​​​​ដោះ​​​លែង​​​​​​សកម្ម​​​ជន​​​របស់​​​ខ្លួន​​​​​​ដដែល ហើយ​​​បន្ត​​​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បូម​​​ខ្សាច់​​​​​នៅ​​​​​​​​កន្លែង​​​ដែល​​​​បរិស្ថាន​​​​​​​ងាយ​​​រង​​​​​​ផល​​​ប៉ះពាល់​​​។​​​​​​​​​

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​មួយ​​​ថា “ការ​​​បំបែក​​​ការ​​​តវ៉ា​​​នឹង​​​មិន​​​​​​ធ្វើ​​​ឲ្យ​​​គម្រោង​​​របស់​​​​​យើង​​​ផ្លាស់​​​ប្តូរ​​​ឡើយ​​​​​​។ គម្រោង​​​របស់​​​យើង​​​គឺ​​​​ដើម្បី​​​​ទុក​​​ពេល​​​ឲ្យតុលាការ​​​ និង​​​សាលា​​​​​ខេត្ត​​​ពិចារណា​​​​​​លើ​ញត្តិ​ដែល​​​​​​យើង​​​ដាក់​​​ជូន​​​កាល​​​ពី​​​ម្សិលមិញ​​​ ព្រម​ទាំង​​​​​​សម្រាក​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​ ដើម្បី​ឲ្យ​យើង​​​អាច​​​ចាប់​​​ផ្តើម​​​មាន​​​​​​មតិ​​​យោបល់​​​ថ្មីៗ​​​ ហើយ​​​បង្កើត​​​យុទ្ធ​​​សាស្ត្រឲ្យ​បាន​​​ច្រើន​បន្ថែម​ទៀត​​​​សម្រាប់​​​យុទ្ធនាការ​​​​នេះ​”។

លោក​​​បាន​​​បន្ថែម​​​​ថា “ការ​​​ឃុំ​​​ខ្លួន​​​ដោយ​​​នគរ​​​​​បាល​​​ គឺជា​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​​ទៀតបង្ហាញ​​​ឲ្យ​​​ឃើញ​​​​​ពី​​​ការ​​ទាល់ច្រក​ និងការ​​​​អសមត្ថ​ភាព​​​​​របស់​​​នគរបាលជុំវិញ​វិធី​ដែល​​​ពួក​​​គេ​​​ដោះ​ស្រាយ​​​បញ្ហា​​​ទាំងមូល​នេះ​​​។ ការ​​​ឃុំ​​​ខ្លួន​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស និង​​​អ្នក​​​កាសែត​​​ ​​​នឹង​​​ផ្តល់​​​​ផល​​​ប្រយោជន៍​​​ដល់​​​យើងទៅវិញ​​​​ទេ​​​ ព្រោះ​​​ថា ​វា​​​នឹង​​​ទាក់ទាញ​​​អង្គការ​​​មិន​​​មែន​​​​​​រដ្ឋាភិបាល ​និង​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ផ្សេង​​​ៗ​​​ទៀត​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​យុទ្ធនាការ​​​នេះ​​​”៕ សុខុម និង ស៊ុយឈាង  (រាយការណ៍​​​បន្ថែម​​​ដោយ Perter Ford)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស