យោងតាមមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញនគរបាលខេត្តកោះកុង បានចាប់ខ្លួនមនុស្ស១៧នាក់ ក្នុងនោះរួមមានទាំងមន្ត្រីសិទ្ធិមនុស្ស៤នាក់ផងដែរនៅជិតសាលាដំបូងខេត្តខណៈអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងសកម្មជនការពារបរិស្ថានបីនាក់ដែលជាប់ពន្ធនាគារ។ ទោះជាយ៉ាងណា ក្រុមនេះត្រូវបានដោះលែងវិញនៅម៉ោងជាង៦ល្ងាច។
រួមជាមួយមន្ត្រីសិទ្ធិមនុស្ស អ្នកដែលត្រូវចាប់ខ្លួនទាំងនោះរួមមានអ្នកតវ៉ា១០នាក់ អ្នកកាសែតម្នាក់ អ្នកកាសែតពលរដ្ឋម្នាក់ និងសកម្មជនម្នាក់មកពីអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលដែលបានរៀបចំយុទ្ធនាការប្រឆាំងការបូមខ្សាច់ខុសច្បាប់នៅក្នុងខេត្តនេះ។
លោក អុិន គង់ចិត្រ មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង ដែលស្ថិតក្នុងចំណោមអ្នកត្រូវចាប់ខ្លួនទាំងនោះ បានបញ្ជាក់ថា ពួកគាត់ត្រូវបានដោះលែងវិញនៅម៉ោង៦និង៥នាទីល្ងាច។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា មន្ត្រីសិទ្ធិមនុស្សជាសាក្សីឃើញផ្ទាល់ភ្នែក ហើយខ្ញុំគិតថា នគរបាលចាប់ខ្លួនយើងដោយសារតែគេមិនចង់ឲ្យយើងឃើញសកម្មភាពរបស់ពួកគេធ្វើទៅលើអ្នកតវ៉ា”។
អ្នកតវ៉ារាប់សិបនាក់បានបោះតង់នៅលើទីតាំងតារាងបាល់ទះមួយកន្លែងក្បែរសាលាដំបូងក្នុងក្រុងខេមរភូមិន្ទ បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនអង្គការមាតាធម្មជាតិ បីនាក់ដែលមានឈ្មោះ ស៊ឹម សំណាង អាយុ២៩ឆ្នាំ ទ្រី សុវិជ្ជា អាយុ២៦ឆ្នាំ និង ស៊ុន ម៉ាឡាអាយុ២៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែសីហា ដែលក្រោយមកត្រូវបានដាក់ពន្ធនាគារតាមការចោទប្រកាន់ពីបទគំរាមបំផ្លាញសាឡង់បូមខ្សាច់។
ចាប់តាំងពីពេលនោះមក ការតវ៉ា និងការហែក្បួនទូទាំងក្រុងក្នុងខេត្តនេះ បានធ្វើឲ្យក្តៅក្រហាយដល់អាជ្ញាធរមូលដ្ឋាន ដែលបានគំរាមម្តងហើយម្តងទៀតថានឹងចាត់វិធានការលើក្រុមនេះ រួមទាំងការចាប់ខ្លួនផង ប្រសិនបើពួកគេនៅតែបន្តសកម្មភាពរបស់ខ្លួន។
កាលពីថ្ងៃច័ន្ទ សំណើរបស់សកម្មជនទាំងនេះដើម្បីសុំឲ្យមានការដោះលែងនៅក្រៅឃុំ ត្រូវបានច្រានចោល។
លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ បានចេញលិខិតព្រមានអ្នកតវ៉ាកាលពីថ្ងៃអង្គារ ដោយបញ្ជាឲ្យពួកគេចាកចេញពីទីតាំងតវ៉ារបស់ខ្លួនដែលស្ថិតនៅខាងមុខសាលាដំបូងត្រឹមថ្ងៃម្សិលមិញនេះ ដោយគំរាម ”ចាត់វិធានការ” ប្រសិនបើពួកគេមិនព្រមចាកចេញ។ ហើយកាលពីព្រឹកម្សិលមិញ នគរបាលបានធ្វើដូចការគំរាមនោះមែន ដោយចាប់ខ្លួនមនុស្សចំនួន១៧នាក់ មុនពេលបិទទីតាំងតវ៉ា និងបំបែកហ្វូងអ្នកតវ៉ាដែលនៅសេសសល់។
លោក ហួ អុិន មន្ត្រីឃ្លាំមើលរបស់អង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះ បានមានប្រសាសន៍តាមទូរស័ព្ទនៅម៉ោងប្រហែល៩ព្រឹក មុនពេលទូរស័ព្ទដាច់ទាក់ទងលែងបានថា ”នគរបាលបានចាប់ខ្លួនខ្ញុំនាំទៅកាន់រថយន្តរបស់ពួកគេ”។
លោកបានមានប្រសាសន៍ទៀតថា នៅមុននេះក្នុងព្រឹកដដែលនោះ មនុស្ស៥០នាក់បានព្យាយាមហែក្បួនចេញពីចំណុចខាងក្រៅតុលាការឆ្ពោះទៅផ្សារក្នុងក្រុងខេមរភូមិន្ទ ហើយពេលនោះមនុស្សមួយក្រុមដែលមានគ្នាប្រហែល៦០នាក់ក៏បានចេញមុខរារាំងការហែក្បួននេះ។ បន្ទាប់មក នគរបាលបានដំឡើងរបាំងការពារដើម្បីបំបែកក្រុមទាំងនេះ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំគិតថា ក្រុមនេះត្រូវអាជ្ញាធរបង្កើតឡើងដើម្បីធ្វើការតវ៉ាប្រឆាំងអ្នកតវ៉ាពិតប្រាកដ”។
ស្ត្រីអ្នកតវ៉ាម្នាក់ឈ្មោះ នាក់ សុភាព អាយុ៤៦ឆ្នាំ បានលើកឡើងថា មន្ត្រីនគរបាលជាង៤០នាក់បានបង្ខំឲ្យអ្នកតវ៉ាចាកចេញពីទីតាំងតវ៉ារបស់ខ្លួននៅខាងមុខតុលាការ។ អ្នកស្រីនិយាយថា កូនស្រីរបស់អ្នកស្រីឈ្មោះ ព្រំ សុជា អាយុ ១៥ ឆ្នាំ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ។ ”ប៉ូលិសបានមកបញ្ជាឲ្យយើងចាកចេញពីកន្លែងនោះ។ ប៉ូលិសបានរុញអ្នកតវ៉ាឲ្យចាកចេញពីកន្លែងនោះ ហើយអ្នកខ្លះត្រូវគេរុញផ្ទុបទៅនឹងដី”។
លោក គង់ យ៉ាន ស្នងការរងខេត្តនេះបានលើកឡើងថា ការឃាត់ខ្លួនមនុស្សចំនួន១៧នាក់ពេញមួយថ្ងៃនេះ មិនមែនមានន័យថា ពួកគេត្រូវបានចាប់ខ្លួនឡើយ។ លោកបានគូសបញ្ជាក់ថា ”យើងមិនបានចាប់ខ្លួនប្រជាពលរដ្ឋទេ យើងគ្រាន់តែនាំខ្លួនពួកគាត់ទៅកាន់ការិយាល័យរបស់យើងប៉ុណ្ណោះដើម្បីសាកសួរ បន្ទាប់ពីមានដីកាបង្គាប់ពីតុលាការ”។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមានដូចជា អ្នកតវ៉ា បុគ្គលិករបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការអាដហុក អ្នកកាសែតម្នាក់មកពីវិទ្យុខ្មែរប៉ុស្តិ៍ ដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង និង “អ្នកកាសែតពលរដ្ឋ” ម្នាក់ដែលធ្វើការឲ្យមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
លោក គង់ យ៉ាន បានមានប្រសាសន៍បន្ថែមទៀតថា “តុលាការបានស្នើឲ្យយើងនាំខ្លួនអ្នកទាំងនេះមកសាកសួរ ព្រោះពួកគាត់ចូលរួមការតវ៉ាអស់ជាច្រើនថ្ងៃ ហើយពួកគាត់បានប្រើពាក្យសម្ដីមិនគប្បីមកលើថ្នាក់ដឹកនាំខេត្តរបស់យើង”។
លោក ប៉ែន ប៊ុនឈួយ អភិបាលរងក្រុងខេមរភូមិន្ទ បានច្រានចោលការអះអាងដែលលើកឡើងថា អាជ្ញាធរជាអ្នកបញ្ជូនអ្នកតវ៉ាមួយក្រុមផ្សេងទៀតឲ្យទៅប្រឆាំងអ្នកតវ៉ាទាំងនេះ។
លោកបានមានប្រសាសន៍ថា ”យើងមិនបានបង្កើតក្រុមដើម្បីតវ៉ាប្រឆាំងអ្នកតវ៉ាដូចដែលគេចោទប្រកាន់ទេ”។កាលពីរបីថ្ងៃមុន មានអាជីវករផ្សារជាង១០០នាក់បានដាក់ពាក្យបណ្តឹងមកកាន់នគរបាល ដោយស្នើសុំឲ្យជួយបញ្ឈប់ការហែក្បួន ព្រោះអ្នកតវ៉ាធ្វើឲ្យប៉ះពាល់ដល់ការរកស៊ី។
លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ជាជនជាតិអេស្ប៉ាញ និងជាសហស្ថាបនិកអង្គការមាតាធម្មជាតិ ដែលត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីខែកុម្ភៈ បានលើកឡើងថា ទោះបីជាទីតាំងតវ៉ាត្រូវបានបិទក៏ដោយក៏អង្គការមាតាធម្មជាតិនៅតែមានគម្រោងបន្តទាមទារឲ្យដោះលែងសកម្មជនរបស់ខ្លួនដដែល ហើយបន្តតវ៉ាប្រឆាំងការបូមខ្សាច់នៅកន្លែងដែលបរិស្ថានងាយរងផលប៉ះពាល់។
លោកបានលើកឡើងតាមអីុម៉េលមួយថា “ការបំបែកការតវ៉ានឹងមិនធ្វើឲ្យគម្រោងរបស់យើងផ្លាស់ប្តូរឡើយ។ គម្រោងរបស់យើងគឺដើម្បីទុកពេលឲ្យតុលាការ និងសាលាខេត្តពិចារណាលើញត្តិដែលយើងដាក់ជូនកាលពីម្សិលមិញ ព្រមទាំងសម្រាកមួយរយៈពេលខ្លី ដើម្បីឲ្យយើងអាចចាប់ផ្តើមមានមតិយោបល់ថ្មីៗ ហើយបង្កើតយុទ្ធសាស្ត្រឲ្យបានច្រើនបន្ថែមទៀតសម្រាប់យុទ្ធនាការនេះ”។
លោកបានបន្ថែមថា “ការឃុំខ្លួនដោយនគរបាល គឺជាភ័ស្តុតាងបន្ថែមទៀតបង្ហាញឲ្យឃើញពីការទាល់ច្រក និងការអសមត្ថភាពរបស់នគរបាលជុំវិញវិធីដែលពួកគេដោះស្រាយបញ្ហាទាំងមូលនេះ។ ការឃុំខ្លួនអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកកាសែត នឹងផ្តល់ផលប្រយោជន៍ដល់យើងទៅវិញទេ ព្រោះថា វានឹងទាក់ទាញអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតឲ្យចូលរួមក្នុងយុទ្ធនាការនេះ”៕ សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Perter Ford)