ប៉ូលិសបាននិយាយថា ប្តីប្រពន្ធវ័យក្មេងមួយគូបានសារភាពថា បានជួញដូរស្ត្រីខ្មែរយកទៅលក់ឲ្យបុរសនៅប្រទេសចិន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់ថ្ងៃអង្គារ ខណៈដែលកំពុងត្រៀមឡើងយន្តហោះទៅក្រុងសៀងហៃជាមួយជនរងគ្រោះពីរនាក់របស់ខ្លួន។
លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននិយាយថា នៅពេលសាកសួរ តូ ម៉ា អាយុ២៥ឆ្នាំ និងប្រពន្ធរបស់គាត់ ណៃ ធាវី អាយុ២៤ឆ្នាំ បានសារភាពថា បានជួញដូរស្ត្រីម្នាក់ទៅប្រទេសចិនលើកមុន ក៏ប៉ុន្តែប៉ូលិសជឿថា ប្តីប្រពន្ធនេះបានបញ្ជូនស្ត្រីយ៉ាងហោចណាស់បួននាក់ទៅប្រទេសចិន ក្រោមលេសមិនពិត។
លោក ធា បាននិយាយថា “ជនសង្ស័យបានប្រាប់យើងថា នៅប្រទេសចិនមានប្រជាជនខ្មែរមួយក្រុម និងជនជាតិចិនបានចំណាយប្រាក់ឲ្យពួកគេ១០.០០០ដុល្លារ ដើម្បីរៀបចំអ្វីៗគ្រប់យ៉ាង [លិខិតឆ្លងដែន ទិដ្ឋាការ ជើងយន្តហោះ] ក្នុងបំណងនាំជនរងគ្រោះទាំងពីរនាក់ទៅប្រទេសចិន”។ លោកបានបន្ថែមថា ក្រុមនៅប្រទេសចិនត្រូវបានគេស្គាល់ភិនភាគ ហើយថា លោកនឹងអំពាវនាវទៅអាំងទែរប៉ូលសុំជំនួយក្នុងការចាប់ខ្លួនសមាជិករបស់ក្រុមនេះ។
លោក កែវ ធា បាននិយាយថា ជនរងគ្រោះពីរនាក់នេះ ដែលមានអាយុ២២និង២៤ឆ្នាំ មកពីខេត្តកំពង់ចាមនិងខេត្តកណ្តាល ជឿថាពួកគេនឹងស្វែងរកបានជីវភាពមួយប្រសើរ និងស្វាមីល្អនៅប្រទេសចិន។ លោកបានឲ្យដឹងទៀតថា យោងតាមជនរងគ្រោះជាច្រើននាក់ដែលបានត្រឡប់មកវិញបានឲ្យដឹងថា គេមានគម្រោងលក់អ្នកទាំងពីរឲ្យបម្រើផ្លូវភេទនិងទាសករក្នុងស្រុក។
លោក ធា បាននិយាយថា “ពួកគេបានសារភាពថា ពួកគេមានគម្រោងបញ្ជូនស្ត្រីទាំងនេះទៅប្រទេសចិនដើម្បីលក់ទៅឲ្យនរណាដែលចង់រៀបការជាមួយពួកគេ” ហើយប្តីប្រពន្ធនេះនឹងឡើងតុលាការក្រុងនៅថ្ងៃនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកាលពីថ្ងៃពុធបានឲ្យដឹងថា ដោយឡែកពីនេះ ស្ត្រីខ្មែរប្រាំនាក់ដែលត្រូវបានគេលក់និងរំលោភបំពានដោយបុរសនៅខេត្តជាំងស៊ូក្នុងប្រទេសចិន នឹងត្រូវវិលមកប្រទេសវិញយប់នេះ។
កាលពីថ្ងៃអង្គារ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ស្ត្រីខ្មែរ៥០នាក់ត្រូវបានគេជួយសង្គ្រោះពីបុរសដែលរំលោភបំពាននៅប្រទេសចិន បើធៀបនឹង៥០នាក់ក្នុងឆ្នាំ២០១៤៕និត (រាយការណ៍បន្ថែមដោយ Matt Blomberg and Kang Sothear)