31 C
Phnom Penh

លោក ហ៊ុន សែន ហៅ​​លោក សម រង្ស៊ី ថា “មេភូត” ទាក់​ទិន​សកម្មជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​​​ងាក​​មក​ធ្វើ​ការ​វាយ​​​ប្រហារ​​​​​​ដោយ​ពាក្យ​សម្ដី​​​ឡើង​វិញ​​ទៅ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ ហើយ​​​ជា​ថ្មី​ម្ដង​ទៀត លោក​​បាន​ហៅ​លោក សម រង្ស៊ី ​ថា “មេចោរ​” អ្នក​​ពូកែ​ភូត​កុហក​ និង​អ្នក​​ពូកែ​ខាងរក​រឿង​គេ​ឯង​​​។

​ដោយ​ងាក​ចេញពី​​ប្រធាន​បទ​ទាំង​ស្រុង​​អំឡុង​សុន្ទរកថា​​​បិទ​សន្និបាត​​លើក​ទី២ តំណាង​សមាគម​​អតីត​យុទ្ធជន​ទូទាំង​​ប្រទេស​ដូច​ដែល​​បាន​​ធ្វើ​ជាញឹក​ញាប់ លោក​នាយក​រដ្ឋមន្ត្រី​បាន​​​ចំអក​​ឲ្យ​លោក សម រង្ស៊ី ចំពោះ​ការ​អះអាង​នៅ​​​ពេល​វិល​​ត្រឡប់​ពី​បរទេស​វិញ​​ថា លោក​នឹង​​ធានា​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​​គណបក្ស​សង្គ្រោះជាតិ​​ទាំង​១១​រូប ​ដែល​​​តុលា​ការ​​ចោទ​ប្រកាន់​កាល​ពី​ពេល​​​ថ្មីៗ​​នេះ ចេញពី​ពន្ធនាគារ​​វិញ​​នៅ​​ត្រឹម​ខែ​សីហា។ កាលពី​ខែ​កក្កដា សកម្មជន​ទាំង​១១​រូប​នេះ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនា​គារ​​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​កុបកម្ម​ដែល​មជ្ឈដ្ឋា​ទូទៅ​ចាត់​ទុក​ថា​ជារឿង​នយោបាយ​។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​​ថា លោក​ សម រង្ស៊ី ​​”​ពូកែខាង​​​ភូត​កុហក​ ចុះ​ទម្រាំ​ដឹកនាំ​ប្រទេស​​ម៉េច​ទៅ​?​។ ​​​ឥឡូវ​ដោះ​ទៅ ពេល​ចូល​មក​ដល់ លោក​ឯង​ស្រែក​ថា​​ខែ៨​ដោះ​ចេញ​ ឥឡូវ​ខែ​៩​​​ដោះ​អត់​ចេញ​ផង​ លោក​ឯង​ភូត​ស្អី​ទៀត​”។

លោក​​​​បាន​មាន​ប្រសាសន៍​បន្ត​ថា ជា​ញឹក​ញាប់​​​​​​ “​មេ​ភូត​” រូប​នេះ​​តែង​តែ​ទាម​ទារ​​ដំឡើង​​​​​ប្រាក់​ខែ​សម្រាប់​កម្មករ​​មាន​ជំនាញ​ទាប​​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​​ខ្លួន​ឯង​​បែរ​​ជា​​ឲ្យ​​ប្រាក់​ខែ​​​អ្នក​បើក​បរ​រថ​យន្ត​ផ្ទាល់​ខ្លួន ​អ្នក​បម្រើ​ និង​សន្តិសុខ​របស់ខ្លួន​​តិតួច​​ទៅ​វិញ​។

លោក​លើក​ឡើង​​បន្ថែម​​​ទៀត​​ថា លោក​​រីក​រាយ​ដែល​យ៉ាង​ហោច​ណាស់​ប្រធាន​​គណ​​បក្ស​ប្រឆាំង​​រូប​នេះ​មិន​អើ​ពើ​​នឹង​ការ​​ទទូច​​សុំ​របស់​​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​​ ដើម្បី​ទាម​​​ទារ​ប្រាក់​ខែ​រដ្ឋ​របស់​ខ្លួន​អំឡុង​​ពហិការ​​​មិន​ចូល​សភា​រយៈ​ពេល​ជិត​១ឆ្នាំ​របស់​គណ​បក្សប្រឆាំង​​​ក្រោយ​ការ​បោះ​ឆ្នោត​​ជ្រើស​​​​​​​តាំង​ តំណាង​រាស្ត្រ​​ឆ្នាំ​២០១៣​ដ៏ចម្រូង​​ចម្រាស​។

​លោក​បាន​មាន​ប្រសាសន៍​ថា “សំណាង​ហើយ​មិន​ស្នើ​បើក​ប្រាក់​ខែ​​ក្នុង​ពេល​ធ្វើ​បាតុ​កម្ម​។ ប៉ុន្តែ​ខាង​ក្រោម​បន្ទោស​មេ​​ថា ម៉េច​ជួប​​​សម្ដេច​នាយក​​ [លោក ហ៊ុន សែន​] ហើយ​​ គ្រាន់​តែ​លើ​កមួយ​ម៉ាត់​​ទៅ​​ ប្រាក់​ខែ​​ជិត​​១ឆ្នាំ​ដែរ​? អញត្រូវបាន​​២០.០០០​​ វា​អត់​បាន​នឹង​គេ​។ ​វា​គ្មាន​ម៉ែអាណា​​ដើរ​ធ្វើ​បាតុកម្ម​​ហើយ​បាន​ប្រាក់​ខែ​ទេ​វើយ​”។

​ជា​ថ្មី​ម្តងទៀត លោក ហ៊ុន សែន ​ក៏​បាន​ហៅ​​លោក សម រង្ស៊ី ថា​ “មេចោរ” ​​ផងដែរ​កាលពី​​ម្សិលមិញ។ លោក​បាន​ប្រើ​ប្រាស់​ពាក្យ​​​​ប្រមាថ​នេះ​​​លើក​ដំបូង​កាលពី​ខែ​មុន បន្ទាប់​ពី​​​លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​នឹង​ឈប់​ “​ចាក់​ក្រឡេក​” រដ្ឋាភិបាល​ទាក់​ទិន​​កិច្ចការ​​​​កំណត់​ព្រំដែន​​​កម្ពុជា​-​វៀត​ណាម ដែល​មាន​ភាព​តានតឹង​យ៉ាង​​ខ្លាំង​ផ្នែក​​នយោបាយ​។

​ចំណែក​ឯ​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​​​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ឡើយ​ជុំវិញ​សុន្ទរកថា​ចុង​ក្រោយ​​​បំផុត​របស់​នាយក​រដ្ឋមន្ត្រី​នេះ៕ សុខុម​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស