កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រកាសបញ្ចប់ការអះអាងរបស់គណបក្សប្រឆាំងដែលលើកឡើងថា កម្ពុជា ប្រើប្រាស់ផែនទីគូសដោយវៀតណាម សម្រាប់កំណត់ព្រំដែន បន្ទាប់ពីផែនទីប្រគល់ដោយបារាំង បង្ហាញថាដូចគ្នានឹងផែនទីដែលរដ្ឋាភិបាលមាន។

ទោះជាយ៉ាងណា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងនៅក្នុងពិធីប្រគល់ផែនទីនាពេលព្រឹកនោះថា ការធ្វើបទបង្ហាញនោះមិនបានបញ្ជាក់ថា ផែនទីសម័យអាណានិគមបារាំង ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺជាផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ឡើយ។
ក្នុងពិធីមួយធ្វើឡើងនៅ “វិមានសន្តិភាព” របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ លោក អាឡាំង ហ្វ័រទីន (Alain Fortin) ភារធារីនៅស្ថានទូតបារាំង បានប្រគល់ផែនទីច្បាប់ចម្លងរបស់បារាំង ដែលលោក ហ៊ុន សែន បានសរសេរកំណត់ទូតស្នើសុំកាលពីខែមុន។
ផែនទីទាំងនោះគឺជាផែនទីបោន និងគូសដោយខ្នាត១/១០០.០០០ ប៉ុន្តែលោក វា៉ គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានមានប្រសាសន៍ថា បារាំង បានបង្ខំចិត្តជំនួសមួយផ្ទាំងនៃផែនទី២៦ផ្ទាំងរបស់ខ្លួនក្នុងឆ្នាំ១៩៥៥។
ដោយដាក់ឈ្មោះថា “Yali 156W” សម្រាប់តំបន់មួយនៅក្នុងប្រទេសវៀតណាម តាមដែលវាបង្ហាញ លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ផែនទីមួយផ្ទាំងនោះត្រូវបានជំនួសទាំងនៅកម្ពុជា និងការប្រមូលផែនទីរបស់បារំាង ដោយផែនទីថ្មីមួយផ្ទាំងគូសដោយប្រើខ្នាត UTM។
លោកបានមានប្រសាសន៍ទៀតថា ផ្ទាំងនីមួយៗក្នុងចំណោមផែនទី២៥ផ្ទាំងទៀត គឺជាផែនទីច្បាប់ចម្លងសម័យអាណានិគមនិយមបារាំង ដែលគូសដោយប្រើខ្នាតបោន។
ក្នុងរយៈពេលជាង៣ម៉ោង លោក វ៉ា គឹមហុង បានបង្ហាញថា ផ្ទាំងនីមួយៗនៃផែនទីទំាង២៦ផ្ទាំងដែលកម្ពុជា និងបារាំង មានគឺដូចគ្នា។ បន្ទាប់មក លោកបានប្រគល់មីក្រូហ្វូនឲ្យទៅលោក ហោ ណាំហុង ដើម្បីប្រកាសជ័យជម្នះលើការអះអាងរបស់គណបក្សសង្គ្រោះជាតិក្នុងរយៈពេលបីខែមកនេះ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា “មិញលោក វ៉ា គឹមហុង បានផ្ទៀងផ្ទាត់ផែនទីរួចហើយ ហើយវាមិនខុសគ្នាទេពាក់ព័ន្ធខ្សែបន្ទាត់ព្រំដែន។ ម៉េចបានមិនខុសគ្នា? ព្រោះយើងបានប្រើ [ផែនទីទាំងនោះ] រាប់ទសវត្សរ៍មកហើយតាំងពីឆ្នាំ១៩៨៥ ពេលយើងចុះសន្ធិសញ្ញាជាមួយវៀតណាម ដើម្បីកំណត់ព្រំដែន។ ជាការពិត យើងប្រើប្រាស់ផែនទីបោនខ្នាត១/១០០.០០០ជាមួយវៀតណាម។ យើងពឹងផ្អែកលើវាទាំងស្រុង ប៉ុន្តែនៅកន្លែងណាដែលយើងឃើញថា កម្ពុជា បាត់ [ដី] យើងមិនយល់ស្របទេ។ ខ្ញុំយល់ថា បញ្ហាព្រំដែន បញ្ហាផែនទីគួរតែបញ្ចប់ត្រឹមប៉ុណ្ណេះ កុំឲ្យបក្សនយោបាយយកបញ្ហានេះទៅធ្វើយុទ្ធនាការញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងរដ្ឋាភិបាល”។
លោកបានបញ្ចប់ដោយការវាយប្រហារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលចោទប្រកាន់ថារដ្ឋាភិបាលប្រើប្រាស់ផែនទីផ្សេង។ លោកបានមានប្រសាសន៍ថា “តើធ្វើនយោបាយមានសុច្ចរិតភាពទេ មានសីលធម៌ទេ? កុំចេះតែបោកប្រាស់ ធ្វើម៉េចឲ្យតែបានសន្លឹកឆ្នោត”។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនអ្នកណាដែលចោទប្រកាន់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីមិនត្រឹមត្រូវដើម្បីកំណត់ព្រំដែនរបស់ប្រទេស។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់បណ្តាអ្នកយកព័ត៌មានថា បញ្ហាផែនទីមិនទាន់ចប់ទេ ពីព្រោះលោកជឿថា ទោះបីជារដ្ឋាភិបាលបានប្រើប្រាស់ផែនទីបោនដែលត្រឹមត្រូវក៏ដោយ ក៏រដ្ឋាភិបាលមិនបានប្រើវាសម្រាប់កំណត់ព្រំដែនឡើយ។
ផ្ទុយមកវិញ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងប្រើផែនទី UTM ថ្មីដែលមានសេចក្ដីលម្អិតជាង។ ”តើផែនទីផ្លូវការទាំងនេះទុកប្រើសម្រាប់វាស់វែងឬ? ពីព្រោះតាមលក្ខណៈបច្ចេកទេស គេមិនប្រើផែនទីបោនសម្រាប់វាស់វែងទេ គឺគេប្រើផែនទី UTM ព្រោះវាមានមាត្រដ្ឋាន អ័ក្ស និងកូអរដោណេ។ បញ្ហាជាតិជាបញ្ហារបស់ខ្មែរទាំងអស់គ្នា បញ្ហាទឹកដីមិនមែនជាបញ្ហារបស់បុគ្គលណាទេ ជាបញ្ហារបស់ខ្មែរ ដូច្នេះយើងនឹងបន្តលើកឡើងពីបញ្ហាទាំងនេះ បើនៅតែមានបញ្ហា”។
សូមរំឭកថា លោក វ៉ា គឹមហុង បានបដិសេធមិនព្រមបញ្ចេញផែនទីរបស់រដ្ឋាភិបាលឡើយ ជាហេតុនាំឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ធ្វើដំណើរទៅទីក្រុងប៉ារីស កាលពីខែមិថុនា ដើម្បីប្រមូលយកផែនទីបោនច្បាប់ចម្លងដាច់ដោយឡែក ដែលគណបក្សសង្គ្រោះជាតិនិយាយថា ខ្លួននឹងយកមកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់មើលថា តើខ្សែបន្ទាត់ព្រំដែនត្រឹមត្រូវឬក៏អត់។
នៅខាងក្រៅព្រឹត្តិការណ៍នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលស្គាល់ថា ផែនទីដែលលោក ហុង សុខហួរ ប្រមូលបាន គឺជាផែនទីបោនដូចគ្នា ប៉ុន្តែបានគូសបញ្ជាក់ថា លទ្ធផលនៃការរកឃើញណាមួយដោយផ្អែកលើការធ្វើដំណើរទៅប្រៀបធៀបផែនទីជាមួយនឹងបង្គោលព្រំដែន គឺមិនអាចជឿទុកចិត្តបានឡើយ។
លោកថ្លែងថា “ពួកគេគ្មានសិទ្ធិធ្វើកិច្ចការរបស់អង្គនីតិប្រតិបត្តិទេ។ គណបក្សសង្គ្រោះជាតិគឺជាអ្នកនយោបាយ។ ពួកគេមានសិទ្ធិនិយាយនៅក្នុងរដ្ឋសភា ហើយមានសិទ្ធិទៅ [ព្រំដែន] ប៉ុន្តែការត្រួតពិនិត្យរបស់ពួកគេមិនផ្លូវការទេ”។
នៅខាងក្រៅវិមានសន្តិភាព លោក រ៉ាអ៊ូល ម៉ាក ជេនណា (Raol Marc Jennar) អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិប៊ែលហ្សុិក ដែលបានផ្ដល់ប្រឹក្សាដល់រដ្ឋាភិបាលលើបញ្ហាព្រំដែនតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកនោះ បានមានប្រសាសន៍ថា លោកធ្លាប់ឃើញអាជ្ញាធរកម្ពុជា និងវៀតណាម ប្រើប្រាស់តែផែនទីសម័យអាណានិគមនិយមបារាំង ប៉ុណ្ណោះ នៅពេលធ្វើការចរចាគ្នាដើម្បីកំណត់ព្រំដែន។
លោកមានប្រសាសន៍ថា “សម្រាប់ខ្ញុំ ខ្ញុំរកមូលដ្ឋានច្បាប់ផ្សេងទៀតសម្រាប់កិច្ចការព្រំដែនមិនបានទេ ហើយវាច្បាស់ណាស់ទៅហើយថា នៅ ‘ទសវត្សរ៍ឆ្នាំ៨០ និងសន្ធិសញ្ញាឆ្នាំ២០០៥ អាជ្ញាធរកម្ពុជា បានប្រើប្រាស់ផែនទីបារាំង។ វាគួរតែច្បាស់ហើយសម្រាប់អ្នកគ្រប់គ្នា”។
លោកលើកឡើងអំពីការអះអាងរបស់គណបក្សសង្គ្រោះជាតិ ទាក់ទិនផែនទីវៀតណាម ដាច់ដោយឡែកថា “វាផ្ទុយស្រឡះ។ វាជាផែនទីតែមួយ។ ផែនទីព្រីនដោយវៀតណាម គឺជាផែនទីតែមួយដែលបានពីក្រុមភូមិសាស្ត្រឥណ្ឌូចិន (Indochinese Geographical Service) បញ្ហាមិនស្ថិតនៅត្រង់នរណាជាអ្នកព្រីននោះទេ”។
នៅក្នុងពិធីនោះ លោក ឡុង បូតា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀត បានមានប្រសាសន៍ថា ការអះអាងបែបនេះមិនសូវមានន័យប៉ុន្មានឡើយ ប្រសិនបើផែនទីផ្លូវការមិនត្រូវបានបញ្ចេញដើម្បីឲ្យគណបក្សប្រឆាំងធ្វើដំណើរទៅព្រំដែនដើម្បីពិនិត្យមើលថា តើបង្គោលព្រំដែនដែលបោះរួច បោះនៅកន្លែងត្រឹមត្រូវឬអត់។
លោកបានចោទជាសំណួរថា “ថ្ងៃនេះ វាគ្រាន់តែជាការបង្ហាញឲ្យល្អមើលប៉ុណ្ណោះ។ ពួកគេអាចបង្ហាញផែនទីបាន ប៉ុន្តែ តើពួកគេប្រើប្រាស់ផែនទីទាំងនោះដោយរបៀបណាដើម្បីកំណត់ព្រំដែន? តើផែនទីប្រភេទណាដែលពួកគេប្រើដើម្បីកំណត់ព្រំដែន? ប្រសិនបើអស់លោកមានសិទ្ធិទៅដើម្បីប្រើប្រាស់ GPS អស់លោកអាចផ្ទៀងផ្ទាត់បាន។ ពួកគេបានបង្ហាញថា ផែនទីទាំងពីរដូចគ្នា ហើយបន្ទាប់មកក៏ទម្លាក់វាំងននចុះ”៕ សុខុម