មន្ត្រីសំខាន់ៗមួយចំនួនក្នុងគណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើសសម្រាប់”គណៈកម្មការឃោសនា និងអប់រំ” ថ្មីមួយនៅក្នុងគណបក្សកាន់អំណាចដោយមានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាអ្នកដឹកនាំក្រុមមានសមាជិក២៥រូបដែលមានភារកិច្ចស្តារប្រជាប្រិយភាពឡើងវិញនេះ។
យោងតាមសេចក្តីសម្រេចរបស់គណបក្សដែលទទួលបានកាលពីម្សិលមិញ បានឲ្យដឹងថា ភារកិច្ចរបស់គណៈកម្មការនេះនឹងត្រូវ ”ប្រមូលព័ត៌មានទាក់ទងស្ថានភាពនយោបាយនៅក្នុងគណបក្ស ក្នុងចំណោមមហាជន និងពីប្រភពផ្សេងៗទៀត” ហើយធ្វើយុទ្ធនាការសម្រាប់គណបក្សប្រជាជនកម្ពុជា។
ដឹកនាំដោយលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច គណៈកម្មការនេះក៏រួមមានលោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាសមាជិកសភា និងជាប្រធានក្រុមយុវជន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណៈកម្មការនេះត្រូវបានបង្កើតឡើងកាលពីចុងខែមុន ដើម្បីជួយគណបក្សកាន់អំណាច អនុវត្តឲ្យបានខ្លាំងក្លានៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨ បន្ទាប់ពីមានការបង្កើតគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដ៏សំខាន់មួយក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣។
លោកបានមានប្រសាសន៍ថា “យើងកំពុង ប្រឈមការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ ដោយមានសំណើសំខាន់ៗ[ពីសាធារណជន] ដូច្នេះដើម្បីឲ្យដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោត គណបក្សបានបង្កើតគណៈកម្មការនេះដើម្បីសិក្សាស្ថានភាពនយោបាយឲ្យបានស៊ីជម្រៅ រួមទាំងការវាយតម្លៃស្ថានភាពដើម្បីធ្វើការឃោសនាដល់ ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព”។
លោក សុខ ឥសាន បានបន្ថែមថា “គណបក្សនឹងលើកឡើងអំពីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ដើម្បីបង្កើនប្រជាប្រិយភាព។ គណបក្សនឹងពិនិត្យតាមដានមតិយោបល់របស់អ្នកគាំទ្របក្សដើម្បីទប់ស្កាត់ក៏ឲ្យមានការជឿឃោសនារបស់គណបក្សប្រឆាំង ឬគណបក្សប្រកួតប្រជែងផ្សេងទៀត និងធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តកាន់តែខ្លាំងលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា”។
នៅពេលត្រូវបានសួរថា តើហេតុអ្វីបានជាគណៈកម្មការនេះមានសមាជិកជាកម្លាំងសន្តិសុខដូចជានាយឧត្តមសេនីយ៍ សៅ សុខា និង លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងឥស្សរជនផ្សេងៗទៀតដូចជាលោក ឱម យិុនទៀង ជាដើមនោះ លោក សុខ ឥសាន លើកឡើងថា វាជារឿងធម្មតាទេ។
លោកបានថ្លែងថា “វាមិនអាចចៀសរួចទេ ពីព្រោះគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សកាន់អំណាច ហេតុដូច្នោះហើយមានមន្ត្រីដែលមានតួនាទីក្នុងជួររដ្ឋាភិបាល ហើយពួកគាត់សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលច្បាប់មិនបានហាមឃាត់ទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា មធ្យោ បាយ ឃោសនាតែមួយគត់ដែលអាចជួយគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ និង២០១៨ បាន លុះត្រាតែ គណបក្ស កាន់អំណាចអាចដោះស្រាយបញ្ហាពុករលួយ អសន្តិសុខដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងសេវាសាធារណៈទន់ខ្សោយ។
លោកបានបន្ថែមថា “ទាំងនេះគឺជាបញ្ហាដែលប្រជាជនគាំទ្រ ឬមិនគាំទ្រ ហើយទាំងនេះជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាអាចដោះស្រាយបញ្ហាទាំងនេះបាន ពួកគេនឹងទទួលបានការគាំទ្រ។ ពួកគេមិនអាចធ្វើបាន ពីមុនៗមក ហើយអំពើពុករលួយនៅតែមានដដែល”៕ សារុន