កាលពីម្សិលមិញ ស្នងការរងខេត្តកោះកុង បាននិយាយការពារការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សបួននាក់និងមនុស្ស១៣នាក់ផ្សេងទៀត អំឡុងការតវ៉ា ដោយសន្តិវិធីកាលពីថ្ងៃពុធ ហើយថា អាជ្ញាធរត្រៀមចាប់ខ្លួនម្តងទៀត ដោយលើកក្រោយនឹងមិនមានការដោះលែងវិញឡើយ។
អ្នកភូមិរាប់សិបនាក់បានបោះតង់តវ៉ានៅខាងក្រៅក្បែរសាលាដំបូងខេត្តក្នុងក្រុងខេមរភូមិន្ទ ដើម្បីតវ៉ាទាមទារឲ្យដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ចំនួន៣នាក់មកពីអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាលការពារបរិស្ថានដែលបានរៀបចំការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបរិមាណត្រីរបស់អ្នកភូមិមូលដ្ឋាន។
ទីបំផុត អាជ្ញាធរបានបំបែកទីតាំងតវ៉ានេះកាលពីព្រឹកថ្ងៃពុធ ដោយចាប់ខ្លួនអ្នកតវ៉ា១០នាក់ មន្ត្រីសិទ្ធិមនុស្សបួននាក់ អ្នកកាសែតម្នាក់ អ្នកកាសែតពលរដ្ឋម្នាក់ និងសកម្មជនម្នាក់ទៀតមកពីអង្គការមាតាធម្មជាតិ។
អ្នកដែលត្រូវបានចាប់ខ្លួនទាំង១៧នាក់នេះត្រូវបានដោះលែងវិញនៅល្ងាចថ្ងៃដដែលនោះ។
កាលពីម្សិលមិញ លោក គង់ យ៉ាន ស្នងការរងខេត្តនេះបានលើកឡើងថា អ្នកទាំង១៧នាក់នេះគ្រាន់តែឃាត់ខ្លួនដើម្បីសាកសួរប៉ុណ្ណោះ ប៉ុន្តែ នឹងត្រូវចាប់ខ្លួនទៀតលើក ក្រោយដោយមានទាំងការផ្តន្ទាទោសផង។
លោកបានមានប្រសាសន៍ថា “យើងនឹងចាប់ខ្លួនអ្នកទាំងនោះ ប្រសិនបើពួកគាត់ដឹកនាំការតវ៉ាប្រឆាំងអាជ្ញាធរម្តងទៀត”។ លោកបានចោទប្រកាន់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមកពីអង្គការអាដហុក និងអង្គការលីកាដូថាបានញុះញង់អ្នកតវ៉ា និងបានឲ្យប្រាក់ដល់ពួកគាត់ដើម្បីឲ្យមកចូលរួមការតវ៉ា ហើយថា លោក ប៊ូ ប៊ុនហាំង ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តមិនពេញចិត្តនឹងរូបលោកដែលបានស្នើឲ្យមានការដោះលែង។
លោកបានមានប្រសាសន៍ថា “ខ្ញុំមានសិទ្ធិចោទប្រកាន់អ្នកទាំងនោះពីបទញុះញង់។ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ៊ីចឹងទេ ហេតុដូច្នេះយើងគ្រាន់តែនាំពួកគាត់មកសាកសួរប៉ុណ្ណោះហើយបន្ទាប់មកដោះលែងពួកគាត់ឲ្យត្រឡប់ ទៅផ្ទះវិញ។ ព្រះរាជអាជ្ញាបានខឹងខ្ញុំ ព្រោះខ្ញុំបានស្នើឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងបួននាក់នេះ”។
លោក អិុន គង់ចិត្រ អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តនេះដែលស្ថិតក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បានបដិសេធថា មិនបានញុះញង់អ្នកតវ៉ា ឬផ្តល់ប្រាក់ឲ្យពួកគាត់ឡើយ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំសូមបដិ សេធទាំងស្រុងចំពោះការចោទប្រកាន់របស់នគរបាល។ យើងគ្រាន់តែបំពេញតួនាទីរបស់យើងជាអ្នកអង្កេតការណ៍សិទ្ធិមនុស្សប៉ុណ្ណោះ។ ប៉ុន្តែ ពលរដ្ឋ [អ្នកតវ៉ា] មួយចំនួនបានសូមជំនួយ ព្រោះពួកគាត់ចង់បានការការពារនៅពេលយប់ដោយសារពួកគាត់ខ្លាចមានមនុស្សអាក្រក់ធ្វើរឿងមិនល្អ”។
លោកបានលើកឡើងទៀតថា មនុស្សដែលគេមិនស្គាល់មួយក្រុមបានរត់កាត់តង់នៅខាងក្រៅតុលាការក្នុងយប់ដែលតង់ត្រូវបានដំឡើង ដោយជាន់លើអ្នកតវ៉ាមួយចំនួន។ អ្នកតវ៉ាជឿថា វាគឺជាការធ្វើឡើងដោយមាន ចេតនា ហេតុដូច្នេះទើបមន្ត្រីសិទ្ធិមនុស្សបាន យកម៉ូតូរបស់ខ្លួនមកធ្វើជារបាំងព័ទ្ធជុំវិញតង់នៅយប់បន្ទាប់ៗមកទៀត។
ដោយមិនខ្លាចរអានឹងការគំរាមរបស់ស្នងការរងរូបនេះ លោក សន ចាន់តារា សកម្មជនមកពីអង្គការមាតាធម្មជាតិបានលើកឡើងថា លោកមានគម្រោងរៀបចំការតវ៉ាមួយទៀតក្នុងខេត្តកោះកុងនៅពាក់កណ្តាលខែនេះ ប៉ុន្តែ លោកនឹងពិភាក្សាជាមួយអ្នកតវ៉ាជាមុនសិនមុនពេលកំណត់យកថ្ងៃណាមួយ។
លោក អិុន គង់ចិត្រ បានលើកឡើងទៀតថា ប្រសិនបើមានការតវ៉ាម្តងទៀត លោកនឹងទៅទីនោះដែរ។
លោកបានមានប្រសាសន៍ថា ”យើងនឹងទៅឃ្លាំមើល ប្រសិនបើមានការតវ៉ាម្តងទៀត នៅក្នុងខេត្តកោះកុង ព្រោះយើងខ្លាចនគរបាលប្រើអំពើហិង្សាលើអ្នកតវ៉ា។ ខ្ញុំមិនព្រួយបារម្ភអំពីការចាប់ខ្លួនទេ ព្រោះយើងគ្រាន់តែបំពេញតួនាទីរបស់យើងក្នុងនាមជាអ្នកអង្កេតមើលស្ថានភាពសិទ្ធិមនុស្សប៉ុណ្ណោះ”៕ ស៊ុយឈាង