មន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរៀបចំពិធីបរិភោគអាហារពេលល្ងាចសាមគ្គីជាមួយមន្ត្រីនគរបាលចរាចរប្រហែល៥០០នាក់កាលពីថ្ងៃពុធ ដោយជំរុញឲ្យពួកគេម៉ឺងម៉ាត់ក្នុងការដោះស្រាយជាមួយអ្នកបើកបរល្មើសច្បាប់នៅមុនការអនុវត្តច្បាប់ចរាចរណ៍ជើងគោកថ្មី ។

ច្បាប់ចរាចរណ៍ជើងគោកថ្មីដែលត្រូវបានអនុម័តកាលពីខែធ្នូ និងត្រូវយកមកអនុវត្តនៅខែមករាខាងមុខនេះ មានគោលដៅអនុវត្តលើការផាកពិន័យអ្នកល្មើសនឹងចរាចរណ៍ ដែលកាលពីពេលកន្លងមកបានបង់ប្រាក់ផាកពិន័យស្រេចតែចិត្ត បន្ទាប់ពីត្រូវឃាត់ដោយនគរបាល។
ក្រោយពីការបរិភោគអាហារពេលល្ងាចកាលពីថ្ងៃពុធ លោក ស ខេង ត្រូវបានដកស្រង់សម្តីដោយវិបសាយនគរបាលជាតិកាលពីថ្ងៃសុក្រ ដោយជំរុញឲ្យនគរបាល ដែលជាញឹកញាប់ត្រូវបានព្រងើយកន្តើយ ឬមាក់ងាយដោយអ្នកបើកបរឲ្យមានគោលជំហររឹងមាំក្នុងការដោះស្រាយជាមួយអ្នកល្មើសច្បាប់ ដោយផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ពួកគេ។
លោក ស ខេង ត្រូវបានដកស្រង់សម្តីដោយមានប្រសាសន៍ថា “ចំពោះការអនុវត្តច្បាប់ ប្រសិនបើនគរបាលយើងធ្វើទន់ភ្លន់ ពីព្រោះអ្នកបើកបរខឹងដោយសារពិន័យជាប្រាក់ បន្ទាប់ពីល្មើសច្បាប់ ឬប្រសិនបើគេទទួលសំណូកនោះអ្នកបើកបរនឹងមិនគោរពច្បាប់ឡើយ”។”[ខ្ញុំ]លើកទឹកចិត្តដំឡើងឋានន្តរស័ក្ដិ ហើយផ្តល់មុខតំណែងថ្មីដល់នគរបាលណាដែលអនុវត្តច្បាប់បានត្រឹមត្រូវ ហើយគោរពវិន័យ និងបទបញ្ជា”។
កាលពីខែមុននគរបាលជាតិបានទទួលរថយន្តភីកអាប់ម៉ាក ម៉ាស់ដា ចំនួន២៥គ្រឿងដែលជាអំណោយរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ដើម្បីជួយការអនុវត្តច្បាប់ចរាចរណ៍។
ក្រសួងមហាផ្ទៃ បានកំណត់ការផាកពិន័យសម្រាប់ការល្មើសនឹងច្បាប់ចរាចរណ៍ ហើយផ្តល់ការលើកទឹកចិត្តជាទឹកប្រាក់បន្ថែមទៀតសម្រាប់នគរបាលចរាចរណាដែលអនុវត្តតាមនីតិវិធីត្រឹមត្រូវនៃការផាកពិន័យអ្នកល្មើសចរាចរ។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈនៃនគរបាលជាតិដែលបានចូលរួមក្នុងពិធីអាហារពេលល្ងាចកាលពីថ្ងៃពុធ បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមទាំងបីនឹងជំរុញនគរបាលធ្វើឲ្យវិថីនានាមានសុវត្ថិភាពសម្រាប់អ្នកបើកបរ។
លោក រ័ត្នវាសនា បានមានប្រសាសន៍ថា “កម្លាំងនគរបាលចល័តរបស់យើងនឹងត្រួតពិនិត្យយានយន្តជារឿងរាល់ថ្ងៃតាមផ្លូវជាតិនានា ហើយរថយន្តភីកអាប់ថ្មីរបស់យើងនឹងដេញតាមយានយន្តណាដែលបើកលឿន ឬអ្នកបើកបរស្រវឹង” ។ លោកប្រធាននាយកដ្ឋានរូបនេះបានមានប្រសាសន៍ថា រថយន្តភីកអាប់ថ្មីនឹងប្រើដេញតាមរថយន្ត គឺមិនមែនដេញតាមម៉ូតូទេ។
នាបច្ចុប្បន្ននេះការផាកពិន័យជាប្រាក់ដែលត្រូវបានធ្វើឡើងជាផ្លូវការបានបែងចែកជាបីផ្នែក គឺ២០ភាគរយចូលទៅក្រសួងហិរញ្ញវត្ថុ ៥០ភាគរយបានដល់នគរបាល និង៣០ភាគរយចូលទៅហិបប្រាក់នគរបាលចរាចរ។
យោងតាមលោក លី ឡុង អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនៃនគរបាលជាតិឲ្យដឹងថា ពេលខែមករាមកដល់ ការបែងចែកនេះនឹងផ្លាស់ប្តូរ ដោយមន្ត្រីនគរបាលទទួលបានប្រាក់ពិន័យ៧០ភាគរយ កម្លាំងនគរបាលទទួល២៥ភាគរយ ហើយក្រសួងនឹងទទួលបាន៥ភាគរយប៉ុណ្ណោះ។
ត្រួតពិនិត្យចរាចរណ៍នៅកែងផ្លូវដ៏មមាញឹកមួយតាមមហាវិថី សីហនុ កាលពីថ្ងៃសុក្រ នគរបាលម្នាក់មានវ័យ២៩ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះបានទស្សន៍ទាយថា ការដំឡើងឋានន្តរសក្ដិនឹងជំរុញឲ្យនគរបាលចរាចរអនុវត្តបានត្រឹមត្រូវលើការផាកពិន័យចំពោះអ្នកល្មើសនឹងចរាចរណ៍ ហើយថា ផ្លូវនានានឹងមានសុវត្ថិភាព។
លោកស្រីបាននិយាយថា “ខ្ញុំនឹងផាកពិន័យជាផ្លូវការចំពោះអ្នកដែលល្មើសច្បាប់ ដោយចេញលិខិតពេលពិន័យអ្នកល្មើសច្បាប់។ ខ្ញុំគិតថា វានឹងមានឥទ្ធិពលដល់អាកប្បកិរិយារបស់អ្នកបើកបរនៅពេលយើងចាប់ផ្តើមអនុវត្តច្បាប់ថ្មីនេះ ពីព្រោះការល្មើសច្បាប់នឹងធ្វើឲ្យគេបាត់បង់លុយកាក់”៕រើន