27 C
Phnom Penh

ប្រេសិត​សិទ្ធិ​មនុស្ស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​​​ធ្វើ​​​ទស្សនកិច្ច​លើក​​​ដំបូងនៅកម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​​គណៈកម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​រដ្ឋាភិបាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា រយៈ​​​ពេល​​​ជាង​​​ប្រាំ​​​ខែ​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​តែងតាំង​​​ជា​​​អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​ថ្មី​​​របស់​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ស្តីពី​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ប្រទេស​​​កម្ពុជា លោកស្រី រ៉ូណា​​​ ស្មីត នឹង​​​ធ្វើ​​​ទស្សន​​​កិច្ច​​​ផ្លូវ​​​ការ​​​លើក​​​ដំបូង​​​របស់​​​លោក​​​ស្រី​​​នៅ​​​​​​កម្ពុជា​​​​​​នា​​​ចុង​​​ខែ​​​នេះ។

ដំណើរ​​​ទស្សនកិច្ច​​​នេះ​​​បញ្ចប់​​​មួយ​​​សប្តាហ៍​​​មុន​​​លោក​​​ស្រី ស្មីត គ្រោង​​​នឹង​​​ផ្តល់​​​របាយ​ការណ៍​​​ដំបូង​​​របស់​​​លោក​​​ស្រី​ស្តីពី​ស្ថានការណ៍​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទៅ​ក្រុមប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​ប្រជាជាតិ​​​នៅ​​​ទី​​​ក្រុង​​​ហ្សឺណែវ​​​នៅ​​​ថ្ងៃ​​​ទី​​​៣០​​​​​​ ខែ​​​កញ្ញា។

ជា​​​អ្នក​សិក្សា​​​​​​ជាន់​ខ្ពស់​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់​​​ដែល​​​បាន​​​ចំណាយ​​​ពេល​​​បង្រៀន​​​ និង​​​ស្រាវ​​​ជ្រាវ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​មុន​​​ការ​​​តែងតាំង​​​លោក​​​ស្រី​​​កាលពី​ខែ​​​មីនា លោក​​​ស្រី ស្មីត ដំបូង​​​ឡើយ​​​មាន​​​គម្រោង​​​ធ្វើ​​​​​​ទស្សនកិច្ច​​​ផ្លូវ​​​ការ​​​លើក​​​ដំបូង​​​របស់​លោក​​​ស្រី​​​មក​​​កម្ពុជា​​​នៅ​​​ខែ​​​ឧសភា ប៉ុន្តែ ទស្សនកិច្ច​​​នោះ​​​ត្រូវ​បាន​​​ពន្យារ​​​ពេល​​​ទៅ​​​វិញ​​​ដោយ​​​មាន​​​ការ​​​ពន្យល់​​​តិច​​​តួច។ អង្គការ​​​សហ​​​ប្រជាជាតិ​និយាយ​ថា ខ្លួន​​​បាន​​​រង់ចាំ​​​រដ្ឋាភិបាល​​​បញ្ជាក់​​​អំពី​​​ផែន​​​ការ​​​សម្រាប់​​​បេសកកម្ម​​​​​​តាម​​​កាលបរិច្ឆេទ​​​ថ្មី។

កាលពី​​​ថ្ងៃ​​​សុក្រ​​​ លោក ម៉ក់ សម្បត្តិ អនុ​​​ប្រធាន​​​គណៈកម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​រដ្ឋាភិបាល ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​លោក​​​ស្រី ស្មីត នឹង​​​ចាប់​ផ្តើម​​​ដំណើរ​​​ទស្សនកិច្ច​​​ជា​លើក​​​ដំបូង​​​របស់​​​លោក​​​ស្រី​​​​ក្នុង​​​នាម​​​ជា​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​កញ្ញា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ទទួល​​​ព័ត៌មាន​​​ពី​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ថា លោក​​​ស្រី រ៉ូណា ស្មីត ដែល​​​មាន​​​គម្រោង​​​មក​​​ប្រទេស​​​កម្ពុជា​​​នៅ​ខែ​​​ឧសភា​​​នោះ​​​ នឹង​​​មក​​​ប្រទេស​​​កម្ពុជា​​​ចាប់ពី​ថ្ងៃ​​​ទី​​​១៧​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​២៤​​​ខែ​​​កញ្ញា”។

“វា​​​​​​ចម្លែក​​​បន្តិច​​​ដែល​​​លោក​​​ស្រី​​​មក​​​​ក្នុង​​​ខែ​​​កញ្ញា ពីព្រោះ​​​អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​មិន​​​ដែល​​​មក​​​ក្នុង​​​ខែ​​​កញ្ញា​​​ទេ​​​ ត្បិតអី​​​វា​ជា​រដូវ​​​ប្រជុំ​​​នៅ​​​ទីក្រុង​​​ហ្សឺណែវ”។

យោង​​​តាម​​​លោក សម្បត្តិ បាន​​​ឲ្យ​​​ដឹង​​​ថា  លោក​​​ស្រី ស្មីត បាន​​​ស្នើ​​​សុំ​​​ជួប​​​ជាមួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​ ហោ ណាំហុង​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ ស ខេង លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់រំ ហង់ ជួន ណារ៉ុន និង​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌ អង្គ វង្ស​​​វឌ្ឍានា អំឡុង​​​ពេល​​​បេសកកម្ម​​​លើក​​​ដំបូង​​​របស់​​​លោក​​​ស្រី។

លោក​​​បាន​​​និយាយ​​​ថា “មេដឹកនាំ​​​មួយ​​​ចំនួន​​​បាន​​​យល់​​​ព្រម​​​ជួប​​​ជាមួយ​​​លោក​​​ស្រី​​​ ហើយ​​​មួយ​ចំនួន​​​ក៏​​​បាន​​​រៀប​​​ចំ​​​ពេល​​​វេលា​​​របស់​​​ខ្លួន​​​ដើម្បី​ជួប​​​លោក​​​ស្រី​​​ដែរ”។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​​​ក្រសួង​​​ការបរទេស​​​​​​បាន​​​និយាយ​​​ថា មន្ត្រី​​​នៅ​​​ក្រសួង​​​របស់​​​លោក​​​កំពុង​​​រៀប​​​ចំ​​​ដំណើរ​​​ទស្សនកិច្ច​​​នេះ​​​ ប៉ុន្តែ លោក​​​បាន​​​និយាយ​​​ថា លោក​មិន​អាច​បញ្ជាក់​​​លម្អិត​​​អំពី​​​ដំណើរ​​​ទស្សនកិច្ច​​​នេះ​​​បាន​​​ទេ។

ការិយាល័យ​​​សិទ្ធិមនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​និយាយ​​​ថា ខ្លួន​​​មិន​​​អាច​​​បញ្ជាក់​​​អំពី​​​ថ្ងៃ​​​នៃ​​​ការ​​​ធ្វើ​​​ទស្សនកិច្ច​​​របស់​​​លោក​​​ស្រី ស្មីត បាន​​​ទេ។

លោកស្រី​​​ វ៉ាន ហៀលី តំណាង​​​ការិយាល័យ​​​ឧត្តម​​​ស្នងការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា បាន​​​និយាយ​​​តាម​​​រយៈ​​​សារ​​​អេឡិចត្រូនិក​​​ថា “អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​បាន​​​ស្នើ​​​ការ​​​ធ្វើ​​​ទស្សនកិច្ច​​​ក្នុង​​​ខែ​​​កញ្ញា​​​ ហើយ​​​កំពុង​​​រង់​​​ចាំ​​​ការ​​​បញ្ជាក់​​​ពី​​​រដ្ឋាភិបាល”។

លោក​​​ស្រី បាន​​​បន្ថែម​​​ក្នុង​​​អីុម៉េល​​​មួយ​​​ដោយ​​​ឡែក​​​ថា “នៅ​ពេល​​​អ្នក​ធ្វើ​​​របាយការណ៍​​​ពិសេស​​​ម្នាក់​​​ៗ​​​ប្រឈម​​​នឹង​​​ការ​​​ទាមទារ​​​ផ្សេង​​​គ្នា កាល​​​បរិច្ឆេទ​​​ជ្រើស​​​រើស​​​ដោយ​​​ម្នាក់​​​ៗ​​​សម្រាប់​​​ការ​​​ធ្វើ​​​ទស្សនកិច្ច​​​​​​​​​អាច​​​ខុស​​​គ្នា។ មិន​​​មាន​​​អ្វី​​​ចម្លែក​​​ទេ​​​អំពី​​​រឿង​​​នេះ”។

ដំណើរ​​​ទស្សនកិច្ច​​​ដែល​​​គ្រោង​​​ទុក​​​របស់​​​លោក​​​ស្រី​​​ ស្មីត ធ្វើ​​​ឡើង​​​ក្នុង​​​​​​អំឡុង​​​ពេល​​​ដែល​​​​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ហៅ​​​ថា “ស្ថានការណ៍​​​សិទ្ធិ​​​មនុស្ស​​​កំពុង​​​ធ្លាក់​​​ចុះ​​​ខ្លាំង​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា”។

កាលពី​ខែ​​​មុន​​​ ក្រុម​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​និង​​​អន្តរជាតិ​​​ចំនួន​​​១២​​​ក្រុម​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​សមាជិក​​​របស់​​​ខ្លួន​​​អនុម័ត​​​សេចក្តី​​​សម្រេច​​​មួយ​​ដែល​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​កាន់​​​តែ​​​ខ្លាំង​​​ក្នុង​​​ប្រទេស​​​នេះ​​​អំឡុង​​​សម័យ​​​ប្រជុំ​​​ដែល​​​ចាប់​ផ្តើម​​​នៅ​​​ថ្ងៃ​​​ទី​​​១៤​​​ ខែ​​​កញ្ញា​​​នេះ។

លិខិត​​​នោះ​​​បាន​​​និយាយ​​​ថា “មុន​​​ពេល​​​ឈាន​​​ដល់​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​​​​ឆ្នាំ​​​២០១៧ និង​​ឆ្នាំ​​​​២០១៨​​​ រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ចាត់​​​វិធាន​​​ការ​​​រឹត​​​ត្បិត​​​​​​ខ្លាំង​​​ឡើង​​​លើ​​​សិទ្ធិ​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ ការ​​​ជួប​​​ជុំ​​​ដោយ​​​សន្តិ​​វិធី និង​​​សិទ្ធិ​​​បង្កើត​​​សមាគម​របស់​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ ហើយ​​​ដាក់​​​កម្រិត​​​លើ​​​លទ្ធភាព​​​របស់​​​ក្រុម​​​ប្រឆាំង​​​នយោបាយ​​​ក្នុង​​​ការ​​​ចូល​​​រួម​​​ដ៏​​​សំខាន់​​​​​​ក្នុង​​​ការ​​​ធ្វើ​​​គោលនយោបាយ”។

លោក​​​ស្រី​​​ ណាលី ពីឡូក នាយិកា​អង្គការ​​​លីកាដូ បាន​​​និយាយ​​​កាលពី​ថ្ងៃ​​​សុក្រ​​​ថា លោក​​​ស្រី​​​សង្ឃឹម​​​ថា លោក​​​ស្រី ស្មីត នឹង​​​ថ្លែង​​​អំពី​ច្បាប់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ដ៏​ចម្រូង​​​ចម្រាស​ដែល​ទើប​​​អនុម័ត​​​ថ្មី​​​ៗ​​​ អំឡុង​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​លោក​​​ស្រី​​​ ហើយ​យក​​​ពេល​​​វេលា​​​ដើម្បី​​​ជួប​​​សួរ​សុខទុក្ខ​សកម្មជន​​​​​​ សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​អ្នក​​​ការ​​​ពារ​​​​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ថ្មីៗ​​​នេះ​​​។

លោក​​​ស្រី ពីឡូក បាន​​​និយាយ​​​ថា “យើង​​​មិន​​​មែន​​​ជា​​​មនុស្ស​​​សំខាន់​​​ធ្វើ​​​ការ​​​សម្រេច​​​លើ​​​របៀប​​​វារៈ​របស់​​​លោក​​​ស្រី​​​ទេ ប៉ុន្តែ យើង​​​សង្ឃឹម​​​ថា លោក​​​ស្រី​​​នឹង​​​ផ្តោត​​​លើ​​​បរិយាកាស​​​ប្រជាធិបតេយ្យ​​​ដ៏​រឹត​​​ត្បិត​ចំពោះ​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​ក្រោយ​​​ពី​​​ការ​​​អនុម័ត​​​ច្បាប់​​​អង្គការ​​​ក្រៅ​រដ្ឋាភិបាល និង​​​ទៅ​​​ជួប​​​អ្នក​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ពន្ធនាគារ​​​នៅ​​​ភ្នំពេញ​​​ និង​នៅ​​​ខេត្ត​​​កោះកុង”។

ក្រោយពី​​​ការ​​​អនុម័ត​​​ច្បាប់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ដែល​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​​​​​​​បាន​​​និយាយ​​​ថា ​​​​​​ជា​​​ច្បាប់​​​ផ្ទុយ​​​​​​នឹង​​​រដ្ឋ​​​ធម្មនុញ្ញ​​​សម្រាប់​​​រដ្ឋាភិបាលដើម្បី​​​​​​បង្ក្រាប​​​អ្នក​​​ប្រឆាំង​​​ និង​​​បិទ​​​អង្គការ​​​ទាំង​​​ឡាយ​​​ណា​​​ដែល​​​រិះ​​​គន់​​​គណបក្ស​​​កាន់​​​អំណាច​​​នោះ ក៏​​​មាន​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​ចាត់​​​​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​​នឹង​​​សកម្មជន​​​សង្គម​​​ និង​​​សកម្មជន​​​នយោបាយ​ដែរ។

កាលពី​ខែ​​​​មុន តុលាការ​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​ដាក់​​​ពន្ធនាគារ​​​សកម្ម​​​ជន​​​បី​​​នាក់​​​មក​​​ពី​​​អង្គការ​​​មាតា​ធម្មជាតិ​​​​ជា​​​អង្គការ​​​បរិស្ថាន​​​ ដែល​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​នៅ​​​ទី​​​នោះ​​​ប្រឆាំង​នឹង​​​ក្រុមហ៊ុន​​​ដែល​​​ពួក​​​គេ​​​និយាយ​​​ថា កំពុង​​​បូម​​​ខ្សាច់​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​ពាម​​​ក្នុង​​​មូល​​​ដ្ឋាន​​​ពួក​​​គេ​​​។

លោក​​​ នី ចរិយា ប្រធាន​​​ផ្នែក​​​សើុប​​​អង្កេត​​​នៃ​​​សមាគម​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​ក្លាយ​​​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​​​គំរាម​​​កំហែង​​​ខាង​​​ផ្លូវ​​​ច្បាប់​​​ ព្រោះ​​​តែ​​​ការ​​​ខិត​​​ខំ​​​របស់​​​លោក​​​​​​ដើម្បី​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​នូវ​​​អ្វី​​​ដែល​​​លោក​​​អះ​​​អាង​​​ថា ជា​​​ភាព​មិន​​​ប្រក្រតី​​​របស់​​​តុលាការ​​​ ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​មួយ​​​ក្នុង​​​ខេត្ត​​​សៀមរាប​​​ ដែល​​​ក្នុង​​​នោះ​​​កសិករ​​​ពីរ​​​នាក់​​​​​​ត្រូវ​​​គេ​​​ចាប់​​​ដាក់​​​ពន្ធនាគារ។

ហើយ​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​វិញ​​​ មន្ត្រី​និង​​​អ្នក​​​គាំទ្រ​​​របស់​​​ខ្លួន​​​​​​១៥​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​ចាប់​ខ្លួន ឬ​​​​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​ពេល​​​ពីរ​​​ខែ​​​មុន​​​នេះ ដោយមាន​​​​១១​នាក់ ​​​​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​​​​​ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​ចន្លោះ​​​ពី​​​ប្រាំពីរ​​​ឆ្នាំ​​​ទៅ​​​​​​២០​​​ឆ្នាំ ពី​បទចូល​​​រួម​​​ និង​​​ដឹក​​​នាំ​​​​​​កុបកម្ម​​​ ដែល​គេ​​​មើល​​​ឃើញ​ជា​​​ទូទៅ​​​​​​ថា ជា​​​ហេតុផល​​​នយោបាយ។

បើ​ទោះ​ជា រដ្ឋាភិបាល​​​ជា​​​ទូទៅ​​​មិន​​​អើពើ​​​នឹង​​​របាយការណ៍​​​ និង​​​អនុសាសន៍​​​ពី​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ ហួន ឈុនឌី ប្រធាន​​​ស្តីទី​​​នៃ​​​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍ បាន​​​និយាយ​​​ថា ស្ថានការណ៍​​​នេះ​​​​​​នៅ​​​តែ​​​ជា​​​វិធី​​​សំខាន់​​​ក្នុង​​​ការ​​​លើក​​​បង្ហាញពី​​​​​​ការ​​​រំលោភ​​​បំពាន​​​ជា​​​បន្ត​​​លើ​​​ឆាក​​​អន្តរ​​​ជាតិ។

លោក​បាន​​​និយាយ​​​ថា “ជា​ធម្មតា​​​ រដ្ឋាភិបាល​​​មិន​​​​​​ងាយ​​​ទទួល​យក​​​របាយការណ៍​​​សិទ្ធិ​​​មនុស្ស​​​ទេ”។

“ទោះ​ជា​យ៉ាង​​​នេះ​ក្តី ខ្ញុំ​​​នៅ​​​តែ​​​គិត​​​ថា វា​​​នឹង​​​រួម​​​ចំណែក​​​ដល់​​​ការ​​​គិត​​​ពិចារណា​​​របស់​​​រដ្ឋាភិបាល​​​ដើម្បី​​​បង្ហាញ​​​ភាព​​​សម​​​ហេតុ​​​ផល​​​ដល់​​​សកម្មភាព​​​សព្វ​​​ថ្ងៃ​​​របស់​​​ខ្លួន​​​លើ​​​អ្នក​​​ការពារ​​​សិទ្ធិ​​​មនុស្ស លើ​​​ប្រជាជន​​​ខ្លួន​ឯង​​​ផ្ទាល់​​​ លើ​​​អ្នក​​​តវ៉ា​​​ដោយ​​​សន្តិវិធី ក៏​​​ដូច​​​ជា​​​សិទ្ធិ​​​នៃ​​​អ្នក​​​ដែល​​​ត្រូវ​​​​​​ចាប់​​​ខ្លួន​​​ដោយសារតែ​ការ​​​បញ្ចេញ​​​ទស្សន​​​របស់​​​ពួក​​​​​​គេ ក្នុង​​​នោះ​​​មាន​​​ទាំង​​​អ្នក​​​នៅ​​​ក្នុង​​​បក្ស​​​ប្រឆាំង​​​ផង​​​ដែរ”៕និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស