26 C
Phnom Penh

​ជ្រូកជាង​​​១.០០០ក្បាល​​​​​​ងាប់​​​ និង​ជិត​៣.០០០​ក្បាល​​ឈឺ​ដោយសារ​​​ជំងឺ​​​​ត្រចៀក​​​ខៀ​វ​​​ក្នុងខេត្តសៀមរាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​ការ​​​ផ្ទុះ​​​ឡើង​​​ “ជំងឺ​​​ជ្រូក​​​ត្រចៀក​​​ខៀវ​​​” បាន​​​បណ្តាល​​​​​ឲ្យ​​​ជ្រូក​​​ជាង​​​១.០០០​​​ក្បាល​​​ងាប់​​​​​​ និង​​​ជិត​​​៣.០០០ក្បាល​​​​ឈឺ​នៅ​​​ក្នុង​​​ស្រុក​​​ចំនួន​​​ពីរ​​​ក្នុង​​​ខេត្ត​​​សៀមរាប​​​។

លោក មឿង សុនីត្យា​ ប្រធាន​​​មន្ទីរ​​​កសិកម្ម​​​​​​ខេត្ត​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជំងឺ​​​ដែល​មាន​ឈ្មោះ​​​​ជា​​​ផ្លូវ​​​ការ​​​ថា ជំងឺ​​​ប្រព័ន្ធ​​​ដង្ហើម និង​​​សុខភាព​បន្តពូជ​​នេះ​បាន​​​ផ្ទុះ​​​ឡើង​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​សីហា។ លោក​​​​​​លើក​​​ឡើង​​​ថា គិត​មក​​​ដល់​​​ត្រឹម​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ មាន​ជ្រូក​​​ចំនួន​​​៥៨៣​​​ក្បាល​​​​​​បាន​​​ងាប់​​​ និង​​​ឈឺ​ចំនួន​​​១.៧២៥​​​ក្បាល​​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ជីក្រែង​​​ រីឯ​​​នៅ​​​ក្នុង​​​ស្រុក​​​សូត្រ​​​និគម​​​ មាន​​​​​​៤១៨​​​ក្បាល​​​បាន​​​ងាប់​​​ និង​​​ឈឺ​៩៣៦​​​ក្បាល​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​​​​តែ​​​ចាត់​​​វិធានការ​​​នៅ​​​ក្នុង​​​តំបន់​​​នីមួយ​​​ៗ​​​ដែល​​​រក​​​ឃើញ​​​ជំងឺ​​​នេះ​​​។ វិធានការ​​​ដំបូង ​​​យើង​​​ចុះ​​​ទៅ​​​តាម​​​ភូមិ​​​ដើម្បី​​​ព្យាបាល​​​ជ្រូក​​​​ឈឺ​​​។ វិធាន​​​ការ​​​ទី​​​២​​​ យើង​​បំបែក​ជ្រូក​​​​ឈឺ​​​ចេញ​​​ពី​​​ជ្រូក​​​មាន​​​​​សុខភាព​​​ធម្មតា​​​។ ហើយ​​​វិធានការ​​​ទី​​​៣​​​ យើង​​​បាញ់​​​ថ្នាំ​​​ការ​​​ពារ​​​មេរោគ​តាម​កន្លែង​​​ដែល​​​ជ្រូក​​​​​​រស់​​​នៅ​​​ និង​​​រថយន្ត​​​ដែល​​​ធ្លាប់​​​ប្រើ​​​សម្រាប់​​​ដឹក​​​ជញ្ជូន​​​ជ្រូក​​​”។

លោក ព្រំ វីច ប្រធាន​​​ការិយាល័យ​​​លទ្ធ​កម្ម​​​ និង​​​បសុព្យាបាល​​​​​​នៃ​​​មន្ទីរ​​​កសិកម្ម​​​ខេត្ត​​​នេះ​​​​ បាន​​​លើក​​​ឡើង​​​ថា ជំងឺ​​​នេះ​​​អាច​​​ឆ្លង​​​​​​តែ​​​ទៅ​​លើ​​​ជ្រូក​​​គ្នា​​​វា​​​ប៉ុណ្ណោះ​​​ ហើយ​​​គ្មាន​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​មនុស្ស​​​ឡើយ​។​ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក​​​បាន​​​លើ​​​ក​​​ឡើង​​​ថា ជ្រូក​​​ដែល​​​ឆ្លង​​​ជំងឺ​​​នេះ​​​​មិន​​​​ផ្តល់​​​សាច់​​​មាន​​​គុណភាព​​​ទេ​​​​។

លោក​​​លើក​​​ឡើង​​​ទៀត​​​ថា សញ្ញា​​​ដំបូង​​​​​នៃ​​​ជំងឺ​​​នេះ​​​គឺ​​​អាការៈ​​​ឡើង​​​​កម្ដៅ​ខ្លួន​​​​ដល់​​​ប្រហែល​​​​​៤០​​​អង្សា​​​។ បន្ទាប់​​​មក​​​ស្នាម​អុជ​ក្រហម​​​បាន​​​ចេញ​​​នៅ​​​លើ​​​ត្រចៀក​​​និង​ស្បែក​ ហើយ​​​ពោះ​​​​​​របស់​​​វា​​​ប្រែ​​​ពណ៌​​​ទៅ​​​ជា​​​ស្វាយ​​​ដែលជា​​​ហេតុ​​​នាំ​​​ឲ្យ​​​កើត​​​មាន​​​បញ្ហា​​​​​​ប្រព័ន្ធ​​​ផ្លូវ​​​ដង្ហើម​​​ និង​​​​សុខ​ភាព​​បន្តពូជ​។

លោក​​​​​​បន្ថែម​​​​​​ទៀត​​​ថា មិន​​​ចាំ​​​បាច់​​​សម្លាប់​​​​​ជ្រូក​​​ដែល​​​ឈឺ​​​ចោល​​​ទេ ព្រោះ​​​វា​​​មាន​​​ឱកាស​​​ជា​​​ឡើង​​​វិញ​​​ ហើយ​​​ថា ម្ចាស់​​​កសិកដ្ឋាន​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​អាច​​​កប់​​​ជ្រូក​​​ដែល​​​ងាប់​​​ ឬ​​​លក់​​​វា​​​ទៅ​​​ឲ្យ​​​កសិដ្ឋាន​​​ចិញ្ចឹម​​​ក្រពើ​​​​​បាន​។

លោក​​​ ព្រំ វីច បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ថា ក្រុម​​​មន្ត្រី​​​កំពុង​​​ព្យាយាម​​​កំណត់​​​ថា តើ​​​ជំងឺ​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​របៀបណា​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”យើង​​​កំពុង​​​តែ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​​ដោយ​​​មាន​​​ជំនួយ​​​បច្ចេកទេស​​​ពី​​​មន្ត្រី​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​”។

លោក​​​ សែន​ គឹមសេង មេឃុំ​​​សង្វើយ​ ស្រុក​​​​​​​​ជីក្រែង​​​ បាន​​​ឲ្យដឹង​​​ថា មកទល់​​​នឹង​​​ពេល​​​នេះ​​​ ម្ចាស់​​​កសិដ្ឋាន​​​នៅ​​​ក្នុង​​​ស្រុក​​​ទាំង​​​ពីរ​​​បាន​​​ខាត​​​បង់​​​ប្រហែល​​​​​​៥៣២.២០០​​​ដុល្លារ​​​​​​ ​នេះ​​បើ​​គិតតាម​តម្លៃ​​​លក់​​​​​​ប្រហែល​​​២០០​​​ដុល្លារ​​​សម្រាប់​​​ជ្រូក​​​មួយក្បាល​ដែល​​​មាន​​​សុខភាព​​​ល្អ​​​ និងមាន​ទម្ងន់​​​១០០​​​គីឡូក្រាម​​​។

លោក​​​លើក​​​ឡើង​​​ទៀត​​​ថា ម្ចាស់​កសិដ្ឋាន​​​ចិញ្ចឹម​​​ជ្រូក​​​នៅក្នុង​ឃុំរបស់​លោក​​​​​បាន​​​ខាត​​​បង់​​​ប្រហែល​​​​​​២៤០​​​.០០០ដុល្លារ​​​​​​លើ​​​ជ្រូក​​​ចំនួន​​​១.២០០​​​ក្បាល​​​ដែល​​​ងាប់​​​ ឬឈឺ​​​ចាប់​​​តាំង​​​ពី​ខែ​​​មុន​​​មក​​​ ហើយ​​​ថា ការ​​​ដែល​​​ម្ចាស់​កសិដ្ឋាន​លក់​​​ជ្រូក​​​ឈឺ​​​របស់ខ្លួន​​មិន​ចេញ​ ​​បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​​ជំពាក់​​​បំណុល​​​ស្ថាប័ន​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​កាន់​​​តែ​​​ច្រើន​ ដែល​​​ពួក​​​គាត់​​​បាន​​​ខ្ចី​ប្រាក់​​​​យក​មក​​​ទិញ​​​ជ្រូក​​​​​​ដើម្បីចិញ្ចឹម​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​ឈប់​​​ទិញ​​​ លក់​​​ ឬ​​​ទទួល​​​ទាន​​​សាច់​​​ជ្រូក​​​​​​ សូម្បី​​​​តែ​​​នៅ​​​តាម​​​ផ្ទះ ឬតាម​​​ទី​​​ផ្សារ​​​ ហើយ​​​អ្នក​​​ចិញ្ចឹម​​​ជ្រូក​​​បាន​​​ខ្ចី​​​លុយ​​​ពី​​​ធនាគារ​​​រួច​​​ហើយ”​​​។ លោក​​​​​​បាន​​​បន្ថែម​​​ថា គ្រួសារ​​​ភាគ​​​ច្រើន​​​ក្នុង​​​ភូមិ​​​របស់​​​លោក​​​មាន​​​ជ្រូក​​​យ៉ាង​​​តិច​​​មួយ​​​ក្បាល ហើយ​​​​អ្នក​​​ខ្លះ​​​មាន​​​ច្រើន​​​រហូត​​​ដល់ទៅ​​​៣០​​​ក្បាល​​​។

យោង​​​តាម​​​លោក ព្រំ វីច បាន​​​ឲ្យដ​​​ឹង​​​ទៀត​​​​​ថា លើក​ចុង​ក្រោយ​ដែល​កម្ពុជា​​ផ្ទុះ​ករណី​​ជំងឺ​​ជ្រូក​​​ត្រចៀក​​​​​​ខៀវ​​​ ​ធ្ងន់​ធ្ងរ​គឺ​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៩​​​​​ដែល​​​នៅពេល​​​នោះ​​​មាន​​​ជ្រូក​​​ជាង​​​១.០០០​ក្បាល​​​បាន​​​ងាប់​​​”៕ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស