40.6 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​គម្រោង​បង្កើតប្រព័ន្ធផ្កាយ​រណប​ឃ្លាំមើល​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​រដ្ឋាភិបាល​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​ប្រព័ន្ធ​​​​​ស៊ើប​​​​​​​ការណ៍​​​​​តាម​​​ផ្កាយ​​​រណប​​​ដើម្បី​​​គ្រប់​​​គ្រង​​​តំបន់​​​ព្រំដែន​​​កម្ពុជា​ក្នុងការខិត​ខំប្រឹងប្រែង​​​​ដើម្បី​​​ពង្រឹង​​​​​​វិស័យ​​​ការ​​​ពារ​​​ជាតិ​​​ និង​​​ទប់​​​ស្កាត់​​​សកម្មភាព​​​ខុស​​​ច្បាប់​​​ ដូច​​​ជា​​​ការ​​​កាប់​​​ឈើ​​​ ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ និង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ជា​​​ដើម​​​។

យោង​​​តាម​​​លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ឲ្យដ​​​ឹង​​​ថា លោក ហ៊ុន សែន បាន​​​ប្រកាស​​​​​​​គម្រោង​​​នេះ​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​​ផ្តល់​​​ភារកិច្ច​នេះ​ឲ្យ​​​គណៈកម្មាធិការ​​​ព្រំដែន​​​កម្ពុជា ​​​ជា​អ្ន​ក​អនុវត្ត​​​​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ”យើង​​​ចង់​​​បង្កើត​​​ប្រព័ន្ធ​​​ផ្កាយ​​​រណប​​​នេះ​​​ដើម្បី​​​ត្រួត​​​ពិនិត្យ​​​អាជ្ញាធរ​​​ដែល​​​ធ្វើ​​​ការ​​​តាម​​​បន្ទាត់​​​ព្រំដែន ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​​​​ការ​​​ពារ​​​ជាតិ​​​​​​ និង​​​សន្តិសុខ ​​​ដូច​​​ជា​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ជា​​​ដើម។ ប្រព័ន្ធ​​​ផ្កាយ​​​រណប​​​នេះ​​​ក៏​​​នឹង​​​អាច​​​ជួយ​​​​​យើង​ពិនិត្យ​​​តាម​ដាន​​​​​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ការ​​​បំផ្លិច​​​បំផ្លាញ​​​បរិស្ថាន ​​​និង​​​ការ​​​សាង​​​សង់​​​ទី​​​លំនៅ​​​ដោយ​ខុស​​​ច្បាប់​នៅតាមព្រំដែន​​​​ផង​​​ដែរ​​​”។

លោក​​​ ផៃ ស៊ីផាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា  លោក​​​មិន​​​ដឹង​​​ទេ​​​ថា តើ​​​ផ្កាយ​​​រណប​​​ចំនួន​​​ប៉ុន្មាន  ​​​ដែល​​​ត្រូវ​​​​​​ប្រើ​​​ប្រាស់​​​នោះ​​​ទេ​​​​​​ ប៉ុន្តែ​​​ថា ឧបករណ៍​​​ េនះ​​​នឹង​​​ត្រូវ​​​ទិញ​​​ដោយ​​​រដ្ឋាភិបាល។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា គណៈ​​​កម្មាធិការ​​​ព្រំដែន​​​​​​នឹង​​​ចាប់​​​ផ្តើម​​​សិក្សា​​​គម្រោង​​​មេ​​​ក្នុង​​​ពេល​​​ឆាប់​​​ហើយអ្នក​​​ជំនាញ​​​អន្តរជាតិ​​​ត្រូវ​​​បាន​​​ជួល​​​រួច​​​ហើយ​​​ដើម្បី​​​​ផ្តល់​​​ប្រឹក្សា​​​ដល់​​​គណៈកម្មាធិការ​​​នេះ​​​។

នៅ​​​ពេល​​​សាក​​​​​​សួរ​​​ថា​​​ តើ​​​រដ្ឋាភិបាល​​​អាច​​​មាន​​​លទ្ធភាព​​​ទិញ​​​ផ្កាយ​​​រណប​​​ជឿ​​​ន​​​​​​លឿន​​​សូម្បី​​​តែ​​​មួយ​​​ដែល​​​មាន​​​តម្លៃ​​​រាប់​​​រយ​​​លាន​​​ដុល្លារ​​​ ហើយ​​​ការ​​​បាញ់​​​បង្ហោះ​​​​​​ត្រូវ​​​ការ​​​ចំណាយ​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​ បន្ថែម​​​ទៀតដែរ​​​ ឬទេ លោក​​​ ផៃ ស៊ីផាន  បាន​​​ចោទ​​​ប្រកាន់​​​អ្នកយក​​​ព័ត៌​​​មាន​​​ម្នាក់​​​​​​ថា គ្មាន​​​ការ​​​គោរព​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ឯង​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ប៉ុន្តែ អ្នក​​​ឯង​​​មើល​​​ងាយ​​​ខ្មែរ​​​​​​​។ តើ​​​អ្នក​​​ឯង​​​មាន​​​ដែល​​​ធ្លាប់​​​ឮ​​​សូរថា​ សម្តេច​​​ ហ៊ុន ​​​សែន និយា​កុហក​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែរ​​​ ឬទេ​”។​​​ ប្រសិនបើ​​​ឧបករណ៍​​​នេះវា​​​ថ្លៃ​​​ពេក​​​ អ៊ីចឹង​​​យើង​​​អាច​​​ជួលគេ​​​​បាន​​​”។

លោក វ៉ា គឹមហុង ប្រធាន​​​គណៈកម្មាធិការ ​​​ព្រំដែន​​​ដែល​​​ក៏​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​ព្រំ​​​ដែន ​​​ដែរ​​​នោះ​​​​​​ បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាលនឹង​​​ទិញ​​​បច្ចេកវិទ្យា​​​ផ្កាយ​​​រណប​​​ពី​​​រដ្ឋាភិ​​​បាលបរទេស។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​បង្កើត​​​ប្រព័ន្ធ​​​ផ្កាយ​​​រណប​​​បាន​​​ទេ​​​ ប៉ុន្តែ  យើង​​​នឹងទិញ​​​វា”។ លោក​​​បាន​​​បន្ថែម​​​ថា ប្រព័ន្ធ​​​ផ្កាយ​​​រណប​​​នេះ​​​អាច​​​ចាប់​​​​​​រូប​​​​​​ភាព​​​គ្មាន​​​ចលនា​​​ និង​​​រូបភាព​​​វីដេអូ​​​នៃ​​​ទឹក​​​ដី​​​កម្ពុជា​​​ជាប់​​​ព្រំដែន​​​​​​ថៃ​​​ ឡាវ និង​​​វៀតណាម​​​។

លោក វ៉ា គឹមហុង បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​ថា “យើង​​​ចង់​​​បង្កើត​​​ប្រព័ន្ធ​​​ផ្កាយ​​​រណប​​​នេះ​​​ព្រោះ​​​​​​យើង​​​ចង់​​​ប្រមូល​​​ទិន្ន​​​ន័យ​​​​​​​ពី​​​អ្វី​​​ដែល​​​​​​ពលរដ្ឋ​កំពុង​​​ធ្វើ​​​តាម​​​បន្ទាត់​​​ព្រំដែន​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស