28.4 C
Phnom Penh

​បុរស​ដែល​​គំរាម​ធ្វើ​ឃាត​​បណ្ឌិត ​សុខ​ ទូច ​តាម​ហ្វេស​ប៊ុក ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួនបាន​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍​ នគរ​បាល​​​​មក​ពី​នាយ​ក​ដ្ឋាន​កណ្ដាល​សន្ដិសុខ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​​ដែល​កាលពី​ខែ​មុន​បាន​គំរាម​​ “​បាញ់​ក្បាល​លោក សុខ ទូច” ជា​បណ្ឌិត​​មួយ​រូប​ដែល​​រដ្ឋាភិបាល​បាន​​ជ្រើស​តាំង​​ឲ្យ​ស្រាវ​ជ្រាវ​កិច្ច​ការ​កំណត់​ព្រំដែន​ដ៏​ចម្រូង​ចម្រាស​របស់​ខ្លួន​ជាមួយ​វៀតណាម​។

យោង​តាម​​លោក​ឧត្ដម​សេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំពាក្យ​​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​​​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា ​បុរស​​​​​ឈ្មោះ ផង់ សីហា អាយុ​២៧​ឆ្នាំ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្នុង​ខេត្ត​បន្ទាយ​មានជ័យ នៅ​ម៉ោង​ប្រហែល​៥​ល្ងាច​​​ បន្ទាប់ពី​​រូប​គេ​​ត្រូវ​បាន​នគរ​បាល​ថៃ ​ចាប់​​​ខ្លួន​​ពីបទ​ធ្វើ​ការ​​​​ក្នុង​ប្រទេស​ថៃ​ ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ”​យើង​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ព្រំដែន​ ​​ខណៈ​​ពេល​ជន​នេះ​ឆ្លង​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​​ពី​ប្រទេស​ថៃ ​​ដើម្បី​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។ យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​​ ហើយ​បាន​ស្នើ​ឲ្យ​ពួកគេ​​ស្រាវ​ជ្រាវ​​រក​ជន​សង្ស័យ​នេះ។ ​​​​មួយ​សប្ដាហ៍​​​ក្រោយ​មក ​​ពួកគេ​បាន​ជូន​ដំណឹង​មក​​យើង​ថា ជន​សង្ស័យ​​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ខុស​ច្បាប់ ​ហើយ​យើង​បាន​ចាប់​ខ្លួន​ជន​​​នេះ ​បន្ទាប់ពី​ជន​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​​ [នៅ​ក្នុង​ប្រទេស​ថៃ​]”។

​លោក​​មាន​​ប្រសាសន៍​បន្ត​ថា ​ពេល​នេះ ផង់ សីហា ដែល​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ កំពុង​​ជាប់ឃុំ​នៅ​ក្រសួង​មហា​ផ្ទៃ​ហើយ​នគរ​បាល​គ្រោង​​ឃុំខ្លួន​ជន​នេះ​​៤៨​ម៉ោង​​ ដើម្បី​សួរ​ចម្លើយ​ទាក់​ទិន​ការ​គំរាម​ធ្វើ​ឃាត​លោក សុខ ទូច។ “​ពេល​នេះ​យើង​កំពុង​​​សួរ​ចម្លើយ​​គាត់​ដើម្បី​ប្រមូល​ចម្លើយ​ ហើយ​គាត់​បាន​សារភាព​​រួច​ហើយ​ថា គាត់​​​ពិត​ជា​មាន​​​ទោស​មែន​”។

តាម​ការ​ចោទ​ប្រកាន់​ថា កាលពី​ថ្ងៃទី​២៨ ខែ​សីហា ផង់ សីហា បាន​ប្រើ​​គណនី​ហ្វេស​ប៊ុក​​​​​មួយ​ដែល​មាន​ឈ្មោះ​ថា “​សី ហ៊ូ” (Sey Hu) បង្ហោះរូប​កំា​ភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់​កំា​ភ្លើង​តម្រៀប​ជាជួរ​​ចំនួន​១០​គ្រាប់​អម​ដោយ​​​សារ​គំរាម​​លោក សុខ ទូច​ ចំពោះ​ការ​គាំទ្រ​​​ជំហរ​របស់​រដ្ឋាភិបាល​ទាក់​ទិន​បញ្ហា​ព្រំដែន​។

សារ​នោះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​កាំភ្លើង​នេះ​ទុក​បាញ់​ក្បាល​ សុខ ទូច អា​បណ្ឌិត​ខួរ​ក្បាល​ឆ្កែ អា​បណ្ឌិត​កែប្រែ​ប្រវត្តិសាស្ត្រ អា​បណ្ឌិត​លក់​ខួរ​ឲ្យ​យួន​”។

សូម​​បញ្ជាក់​ថា លោក សុខ ទូច គឺ​ជា​ប្រធាន​​​វិទ្យាស្ថាន​​​ទំនាក់​ទំនង​អន្តរជាតិ​​នៃ​រាជ​បណ្ឌិត្យ​​​សភា​កម្ពុជា ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ ហើយ​​​កាលពី​ខែ​មុន លោក​​ទទួល​​បាន​​​​ការ​ចាត់​តាំង​​ឲ្យ​​បំពេញ​ភារកិច្ច​​​ស្រាវ​ជ្រាវ​​បញ្ហា​ព្រំដែន​ចំពេល​​គណបក្ស​ប្រឆាំង​អះអាង​ថា ទឹក​ដី​របស់​កម្ពុជា​​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​វៀតណាម​។

ចាប់​តាំង​ពី​ទទួល​​​ភារកិច្ច​​​នេះ​មក លោក សុខ ទូច បាន​រិះគន់​​ការ​អះអាង​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​​​ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​​​​បាន​ប្រើ​ប្រាស់​​ផែនទី​ព្រំដែន​​​​ផ្សេង​ក្រៅពី​ផែនទី​តែ​មួយ​គត់​​​ដែល​​ទទួល​ស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​ ជា​​ហេតុ​បណ្ដាល​ឲ្យ​មាន​​​ប្រតិកម្ម​​តប​​ យ៉ាង​ខ្លាំង​ក្លា​ពី​​​បណ្ដា​អ្នក​​គាំទ្រ​​​គណបក្ស​ប្រឆាំង​។

ពេល​ទាក​់​ទង​តាម​ទូរស័ព្ទ​កាល​ពីម្សិល​​មិញ លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​​ជួប​ឈ្មោះ​ ផង់ សីហា ទេ ហើយ​លោក​​ក៏​​គ្មាន​យោបល់​អ្វី​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​បុរស​រូប​នេះ​។ លោក​បាន​គូស​បញ្ជាក់​ថា ”​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​ចាប់​​ខ្លួន​ជន​សង្ស័យ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ស្គាល់​បុរស​ម្នាក់​​នោះ​​ទេ​ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ថា ខ្ញុំ​ស្វាគមន៍ ឬមិន​ស្វាគមន៍​នោះ ប៉ុន្តែ​ ខ្ញុំ​គ្រាន់​តែ​ចង់​​​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ និង​ធ្វើ​ការ​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ​”។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​កាល​ពី​សប្ដាហ៍​មុន​ថា លោក​ក៏​ទទួល​បាន​​​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធផ្ញើ​សារ​អុីនធើណិត​វ៉ាយបឺ (Viber) ​ផងដែរ​ ហើយ​កំពុង​សហការ​ជាមួយ​នគរ​បាល​ ទោះ​បី​ជា​លោក​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​​ផ្លូវ​ការ​ក៏ដោយ។

សូម​កត់​សម្គាល់​ថា ឈ្មោះ ផង់ សីហា មិន​មែន​ជា​​ជន​ទី១​នោះទេ​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​គំរាម​ធ្វើ​ឃាត​បុគ្គល​សំខាន់​តាម​ហ្វេសប៊ុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ផែង វណ្ណៈ នាយ​រង​ការិយាល័យ​​​បណ្ដុះ​បណ្ដាល​​ ​​និង​​វិក្រឹត​ការ​ នៃ​ស្នងការដ្ឋាន​​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​​ត្រូវ​បាន​​បណ្ដា​អ្នក​ប្រើ​ប្រាស់​​​​បណ្តាញ​ទំនាក់​ទំនង​សង្គម​ចោទ​​ប្រកាន់​ពីបទ​គំរាម​​ធ្វើ​ឃាត​​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆ្នាំ​២០១៣។

រូប​ភាព​មួយ​​​បង្ហោះ​ដោយ​លោក ផែង វណ្ណៈ ដែល​ជា​ម្ចាស់​ទំព័រ​​ហ្វេសប៊ុក​គាំទ្រ​រដ្ឋា​ភិបាល​ដ៏ពេញ​និយម​មួយ​ ត្រូវ​បាន​ចែក​រំលែក​​​តៗគ្នា​​ព្រោង​​ព្រាត​ ដែល​បង្ហាញ​ពីរូប​កាំភ្លើង​ខ្លី​មួយ​ដើម​ និង​គ្រាប់​​កាំភ្លើង​ចំនួន​ប្រាំពីរ​គ្រាប់​​​អម​ដោយ​សារ​គំរាម​បាញ់​​អវយវៈ​​​សំខាន់​ៗ​នៃ​រាង​កាយ​របស់​លោក កឹម សុខា។

​ទោះ​ជា​​យ៉ាង​ណា លោក ផែង វណ្ណៈ បាន​​​​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​​អ្វី​ដែល​បាន​បង្ហោះ​នោះ ដោយ​អះអាង​ថា មាន​​​​អ្នក​ផ្សេង​​​បាន​បង្កើត​គណនី​ដាច់​ដោយ​ឡែក​ដោយ​ប្រើ​ឈ្មោះ និង​រូប​ថត​របស់​​លោក។

លោក​ត្រូវ​បាន​នគរ​បាល​សួរ​ចម្លើយ​ ប៉ុន្តែ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ​។ ទាក់​ទិន​​នឹង​បញ្ហា​​នេះ​ លោក ផៃ សីុផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ភាព​ខុស​គ្នា​រវាង​ករណី​ទាំងពីរ​នៅ​ត្រង់​ថា លោក កឹម សុខា មិនបាន​​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​។

លោក​បាន​​គូស​បញ្ជាក់​ថា ”​ខ្ញុំ​សូម​​បញ្ជាក់​​ថា សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ណា​​ម្នាក់​​​​ទេ​ ពីព្រោះ​លោក កឹម សុខា មិន​បាន​បំពេញ​នីតិវិធី​​ជាមួយ​នគរ​បាល​ដើម្បី​ស្វែង​រក​ជន​សង្ស័យ​”៕ សុខុម​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស