កម្មករចំណាកស្រុកអាយុ២៧ឆ្នាំម្នាក់ដែលបានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួនគំរាម “បាញ់ក្បាលលោក សុខ ទូច” ជាបណ្ឌិតមួយរូបដែលកាលពីពេលថ្មីៗនេះមានភារកិច្ចស្រាវជ្រាវកិច្ចការកំណត់ព្រំដែនជាមួយប្រទេសវៀតណាមនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ជាបណ្តោះ អាសន្នកាលពីម្សិលមិញ។

ផង់ សីហា ដែលបានបង្ហោះសារគំរាមកាលពីខែមុនជាមួយនឹងការអះអាងថា លោក សុខ ទូច ជាអ្នកស្តាប់បង្គាប់វៀតណាមនោះ ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ ហើយត្រូវបានដឹកមកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចថ្ងៃសៅរ៍ និងត្រូវបាន បញ្ជូនទៅតុលាការកាលពីម្សិលមិញ។
លោក សៀង សុខ ព្រះរាជអាជ្ញារងបានមានប្រសាសន៍ថា “ខ្ញុំបានចោទប្រកាន់ផង់ សីហា ពីបទគំរាមធ្វើឃាតតាមមាត្រា៣៨នៃក្រមព្រហ្មទណ្ឌ។ យើងមានភ័ស្តុតាងបង្ហាញថា ផង់ សីហា ពិតជាមានពិរុទ្ធភាព ហើយខ្ញុំបានបញ្ជូនជននេះទៅឲ្យចៅក្រមសើុប សួរដើម្បីបន្តចាត់ចែងសំណុំរឿងនេះនៅរសៀល ថ្ងៃនេះ”។
លោក សៀង សុខ បានថ្លែងថា សីហា នឹងត្រូវជាប់ពន្ធនាគារពី ៦ខែដល់២ឆ្នាំ ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាព ហើយនឹងត្រូវពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀល។
ផង់ សីហា បាននិយាយក្នុងបទសម្ភាសន៍នៅក្នុងតុលាការថា ខ្លួនបានទៅធ្វើការក្នុងប្រទេសថៃដើម្បីផ្គត់ផ្គង់ប្រពន្ធ និងកូនស្រីអាយុ៤ឆ្នាំរបស់ខ្លួន នៅពេលនោះខ្លួនបានបង្ហោះសារដោយមានទាំងរូបកាំភ្លើង និងគ្រាប់មួយចំនួនគំរាមលោក សុខ ទូច។
បុរសរូបនេះនិយាយថា ខ្ញុំដឹងថា អាជ្ញាធរបានតាមដានខ្ញុំនៅពេលនោះ ខ្ញុំបាន ឃើញនគរបាលកម្ពុជាពីរនាក់ មកការដ្ឋានសំណង់ជាមួយនគរបាលថៃពីរនាក់ទៀតកាលពីថ្ងៃសៅរ៍ នៅម៉ោងប្រហែល៩ព្រឹកហើយបានដាក់ខ្នោះខ្ញុំ ហើយដឹកខ្ញុំទៅប៉ុស្តិ៍នគរបាល”។
លោកបានថ្លែងថា នគរបាលបាននាំគាត់ទៅប៉ោយប៉ែតនៅម៉ោង៦ល្ងាចថ្ងៃដដែលនោះ ហើយបន្ទាប់មកបានបញ្ជូនបន្តទៅឲ្យភាគីកម្ពុជានៅព្រំដែនបន្ទាប់មកបានបញ្ជូនបន្តមកក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។
ផង់ សីហា បានបដិសេធថា ខ្លួនគ្មានបំណងធ្វើឃាតលោក សុខ ទូច ទេ ប៉ុន្តែ បានលើកឡើងថា ខ្លួនពិតជាសោកស្តាយចំពោះទង្វើនេះណាស់។
សីហា បាននិយាយថា “ខ្ញុំបានសរសេរនៅលើហ្វេសប៊ុកមែន ប៉ុន្តែ ខ្ញុំគ្មានបំណងធ្វើឃាតទេ។ ខ្ញុំសោកស្តាយចំពោះទង្វើដ៏ឆ្កួតលីលារបស់ខ្ញុំ ពីព្រោះខ្ញុំមិនដឹងថា ការសរសេរ នេះ នឹងធ្វើឲ្យខ្ញុំជាប់គុកឡើយ”។
ដោយបានចេញឈ្មោះលោក អ៊ុំ សំអាន សមាជិកសភាបក្សប្រឆាំង ផង់ សីហា បាននិយាយថា “ខ្ញុំបានសរសេរនៅលើហ្វេសប៊ុក ព្រោះខ្ញុំចាញ់បោកអ្នកនយោបាយមួយចំនួន”។ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំសរសេរអ្វីៗតាមហ្វេសប៊ុកដូចខ្ញុំឲ្យសោះ ពីព្រោះវាគ្មានប្រយោជន៍សម្រាប់ យើងឡើយ”។
លោក សុខ ទូច បានសម្តែងការមិនយល់ស្របជាសាធារណៈចំពោះការអះអាងរបស់ លោក អ៊ុំ សំអាន ដែលថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ផែនទីមិនត្រឹមត្រូវក្នុងការកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម។
បច្ចុប្បន្ននេះ លោក អ៊ុំ សំអាន បានធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីជួបសួរ សុខទុក្ខអ្នកគាំទ្រគណបក្សប្រឆាំង ហើយបានលើកឡើងថា លោកគ្មានអ្វីភ្ញាក់ផ្អើលទេប្រសិនបើលោកត្រូវបានចាប់ខ្លួនចំពោះសកម្មភាពតាមព្រំដែននៅពេលលោកវិលត្រឡប់មកវិញនោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការអះអាងរបស់ សីហា ដែលថា ការបង្ហោះតាមហ្វេសប៊ុករបស់លោក អ៊ុំ សំអាន បានជំរុញឲ្យគាត់គំរាមធ្វើឃាតលោក សុខ ទូច នោះ ជារឿងមិនសមហេតុផលឡើយ។
លោក យឹម សុវណ្ណ បានថ្លែងថា “យើងមិន បានណែនាំនរណាម្នាក់ឲ្យធ្វើដូច្នេះទេ។ យើងថ្កោលទោសការប្រើអំពើហិង្សា និងការបំភិតបំភ័យ ហើយតាំងពីដើមមក យើងបានជំរុញឲ្យរដ្ឋាភិបាលសើុបអង្កេតដោយឯករាជ្យ និងអព្យាក្រឹត លើនរណាម្នាក់ដែលប្រព្រឹត្តបទល្មើសបែបនេះ”៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)