មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បុរសបីនាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តរតនគិរីកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីត្រូវគេតាមទាន់នៅពេលដឹកឈើគ្រញូងប្រហែល១ម៉ែត្រគូប តាមរថយន្តពីរគ្រឿង។
លោក វង់ សេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បាននិយាយថា មន្ត្រីរដ្ឋបាលមួយក្រុម និងនគរបាលខេត្តចាប់បានឈ្មោះ ជុំ កែវ អាយុ៣៥ឆ្នាំ សាត់ សិរី អាយុ២៨ឆ្នាំ និង អែល ពៅ អាយុ៤៤ឆ្នាំ បន្ទាប់ពីពិនិត្យរថយន្តរបស់ពួកគេនៅត្រង់ប៉ុស្តិ៍មួយកន្លែងក្នុងឃុំតាអុង ស្រុកកូនមុំ។
លោក សេរី បាននិយាយថា “យើងបានរឹបអូសឈើគ្រញូង២០៣ដុំពីរថយន្តពីរគ្រឿង និងចាប់ខ្លួនបុរសបីនាក់”។ លោកបានបន្ថែមថា ទំនងជាមានការប៉ុនប៉ងរត់ពន្ធឈើប្រណីតឆ្លងព្រំដែនលក់ក្នុងប្រទេសវៀតណាម។
លោកបានឲ្យដឹងបន្ថែមទៀតថា ជនទាំងបីនាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃអាទិត្យ និងត្រូវចោទប្រកាន់តាមច្បាប់ព្រៃឈើពីបទនាំឈើចេញដោយគ្មានការអនុញ្ញាត។ បទល្មើសនេះអាចមានទោសជាប់ពន្ធនាគារអតិបរមាដល់ទៅ៥ឆ្នាំ៕ និត