26 C
Phnom Penh

ត​ុលាការ​ពិន័យអ្នក​រៀប​ចំ​របស់​បក្សប្រឆាំង​ម្នាក់​ជាប្រាក់​​​​​​៧៥០ដុល្លារ​​ជុំវិញ​ការ​ចែក​ខិត្ត​ប័ណ្ណ​ប្រឆាំង​វៀត​ណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​និយាយ​​​ថា អ្នក​​​រៀប​​​ចំ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ម្នាក់​​​ដែល​​​កាល​​​ពី​​​ខែ​​​មុន​​​បាន​​​ចែក​​​ចាយ​​​ខិត្ត​​​ប័ណ្ណ​​​ព្រមាន​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​វៀតណា​​ម​​​ដើម្បី​​​បំផ្លាញ​​​​​​កម្ពុជានោះ កាលពី​ម្សិលមិញ​​​ ត្រូវ​​​បាន​​​​​​សាលា​​​ ដំបូង​​​ខេត្ត​​​តាកែវ​​​ពិន័យ​​​ជា​​​​​​ប្រាក់​​​ប្រហែល​​​៧៥០ ​ដុល្លារ​​​ ពីបទ​​​ញុះ​​​ញង់​​​​ឲ្យ​​​មាន​​​ការ​​​រើស​​​អើង​​​​​​ជាតិ​​​សាសន៍ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​។

លោក ឈា តាំង​​​ស៊ន​​​ អាយុ​​​៦៤ឆ្នាំ​​​ជា​​​អនុ​​​ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិ​​​ស្រុក​​​ព្រៃ​​​កប្បាស​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​នគរ​​​បាល​​​​​​ដឹង​​​ថា គាត់​​​បាន​​​ចែកចាយ​​​​​​ខិត្ត​ប័ណ្ណ​​​អំឡុង​​​ការ​​​ចុះ​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​លោក ប៉ុល​​​ហំម ប្រធាន​​​ស្តីទី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ កាល​​​​​​ពី​​​ថ្ងៃ​​​ទី​​​២៩​​​ខែ​​​សីហា។

ដោយ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ លោក តាំង​​​ស៊ន ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​កាល​​​ពី​​​ម្សិល​​​មិញ។

លោក ឈុន សារ៉េត នាយ​​​នគរ​​​បាល​​​សន្តិ​​​សុខ​​​ផ្ទៃ​​​ក្នុង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលា​ការ​​​បាន​​​ពិន័យ​​​គាត់​​​ជា​​​ប្រាក់​​​ចំនួន​​​៣​​​លាន​​​រៀល​​​ ហើយ​​​បាន​​​ដោះ​​​លែង​​​វិញ​​​” បន្ទាប់ពី​តុលាការ​ចេញ​សេចក្តីសម្រេច​ ។

ក្រុម​​​មន្ត្រី​​​នៅ​​​តុលាការ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។ ទោះ​​​យ៉ាង​​​ណា ​​​លោក​​​ សំ សុគង់ ​​​មេធាវី​​​តំណាង​​​លោក តាំង​​​ស៊ន បាន​​​អះអាង​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​​​​ត្រូវ​​​បាន​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំពោះ​​​ការ​​​រំលោភ​​​ច្បាប់​​​ប្រឆាំង​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “យើង​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ ប៉ុន្តែ តុលាការ​​​ដាក់ទោស​គាត់​ដោយ​បាន​​​ពិន័យ​​​​​​ជា​​​ប្រាក់​​​ចំនួន​​​៣​​​លាន​​​រៀល ចំពោះបទ​​​ល្មើសរបស់​គាត់​​​”​​។

លោក សំ សុគង់ បាន​​​ថ្លែង​​​ថា លោក​​​រីក​​​រាយ​​​ដែល​​​កូន​​​ក្តីរបស់​​​លោក​​​មិន​​​ជាប់​​​ពន្ធនាគារ​​​ប៉ុន្តែ ថា វា​​​អយុវត្តិធម៌​​​ដែល​​​កូនក្តីរបស់លោក​ត្រូវ​​​បង់​​​ប្រាក់​​​ពិន័យ​​​ក្នុង​ចំនួន​ដ៏​​​ច្រើន​​​​​ចំពោះ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​ ​​ដែល​​​លោក​​​បាន​​​ឃើញ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក។ខិត្ត​​​ប័ណ្ណ​​​ដែល​​​​​​លោក តាំងស៊ន បាន​​​ចែក​​​ចាយ​​​មាន​​​ខ្លឹម​​​​​​សារ​​​ថា វៀតណាម​​​បាន​​​ព្យាយាម​​​បំផ្លាញ​​​ប្រទេស​កម្ពុជា​​​តាម​​​រយៈ​​​ការ​​​ដាក់​​​ថ្នាំ​​​គីមី​លើ​​​ចំណី​​​អាហារ​​​ ហើយ​​​ក៏​​​បាន​​​យក​​​ប្រាក់​​​ និង​​​ស្រី​​​សូក​​​ប៉ាន់​​​​មន្ត្រី​មួយ​ចំនួន​​​​ផង​​​ដែរ​​​។

លោក សំ សុគង់ បាន​​​លើក​​​ឡើង​​​ថា “បើ​​​ទោះជា​​​តុលាការ​​​បាន​​​ពិន័យ​​​គាត់​​​ជា​​​ប្រាក់​​​ក៏​​​ដោយ​​​ ក៏​​​វាបង្ហាញ​​​​ថា គាត់​​​​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើសដែរ​​​​ ប៉ុន្តែ គាត់​​​គ្មាន​​​បំណង​​​ញុះ​​​ញង់​ឲ្យ​​​មាន​​​ការ​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​ទេ។

បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​កន្លែង​​​ឃុំ​​​ឃាំង​​​ លោក តាំងស៊ន បាន​​​ថ្លែង​​​ថា ការ​​​ពិន័យ​រូប​គាត់​​​​​​ចំពោះ​​​ការ​​​ចែកចាយ​​​​ខិត្តប័ណ្ណនោះ ​​​គឺ​​​មិន​​​ត្រូវ​​​ឡើយ​​​។ គាត់​​​បាន​​​និយាយ​​​ថា “វា​​​មិន​​​យុត្តិ​ធម៌​​​សម្រាប់​​​រូប​​​ខ្ញុំ​​​ទេ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ញុះ​​​ញង់​​​​នរណា​​​ម្នាក់​​​ឡើយ​​​។ ខ្ញុំ​​​គ្រាន់​​​តែ​​​យក​​​ខិត្ត​​​ប័ណ្ណ​​​នេះ​​​ទុក​​​ជា​​​ឯកសារ​​​ប៉ុណ្ណោះ​​​ ហើយ​​​ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​ចង់​​​បាន​​​ ពួក​​​គេ​​​អាច​​​មក​​​យក​​​​បាន​​​។ សេចក្តី​​​សម្រេច​​​នេះ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​បំបាក់​​​ស្មារតី​​​អ្នក​​​ដែល​​​ស្រឡាញ់ និង​​​គិត​​​គូ​​​រអំពី​​​ប្រទេស​​​ជាតិ​​​”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស