29 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​បញ្ចប់​ការ​នេសាទ​ខុស​ច្បាប់​​នៅ​សមុទ្រព្រះសីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ពិធី​​​ប្រកាស​តែង​តាំង​អតីត​​មេ បញ្ជាការ​យោធា​​មួយ​រូប​​ជា​អភិបាល​​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​ ​លោក ស ខេង រដ្ឋ មន្ត្រី​ក្រសួង​មហាផ្ទៃ​​បាន​ស្ដីបន្ទោស​​នគរ​បាល​ មូលដ្ឋាន​​​ថា បាន​បណ្តោយ​ឲ្យ​ជនជាតិ​រុស្ស៊ី​មួយ​ក្រុម​​ធ្វើ​ឲ្យ​ខូចឈ្មោះ​តំបន់​ទេសចរណ៍​ដ៏ទាក់ទាញ​ ហើយ​លោក​បាន​ចេញ​បទបញ្ជា​​ឲ្យ​បញ្ចប់​ការ​នេសាទ​ខុស​ច្បាប់​នៅ​សមុទ្រ​។

លោក ស ខេង ដែល​​​​មើលការ​ខុសត្រូវ​ចំពោះ​ការ​ដោះដូរ​​មន្ត្រី​ជាន់​ខ្ពស់​បំផុត​មួយ​ចំនួន​នៅ​​​ក្នុង​​ខេត្ត​នេះ ក្នុង​រយៈពេល​​​១​ឆ្នាំ​ដែល​អសន្តិសុខ​កើតមានយ៉ាងច្រើន​ បាន​ប្រគល់​​តំណែង​ជាផ្លូវការ​​ឲ្យ​លោក យន្ត មីន ​អតីត​មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​​នៅ​ក្នុង​ខេត្ត​កោះកុង​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​ឆ្លៀត​ឱកាស​នេះ​​ផ្ដោត​គោល​ដៅ​លើ​​នគរបាល​ការ​ពារដែន​​​ទឹក​ ដែល​មិន​បាន​​ការ​ពារ​ដែន​សមុទ្រ​កម្ពុជា និងមិន​​​បាន​​​​ការ​ពារ​របរចិញ្ចឹម​ជីវិត​របស់​អ្នក​នេសាទ​មូលដ្ឋាន។

ដោយ​សំដៅ​លើ​ប្រព័ន្ធ​មួយ​ដែល​អ្នក​​នេសាទ​ ​​ភាគ​ច្រើន​មក​ពី​វៀតណាម​​ឲ្យ​ប្រាក់​​ទៅ​អាជ្ញាធរ​​ដើម្បី​ទទួល​បាន​សិទ្ធិ​នេសាទ​ ដែល​ជារឿយៗ​​ប្រើ​វិធី​ខុស​ច្បាប់​​ក្នុង​ដែន​​​​ ទឹក​កម្ពុជា​ លោក ស ខេង​ ​បាន​មាន​ប្រសាសន៍​ ​​​ថា ”​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សមុទ្រ​វា​មិន​មែន​មាន​ន័យ​ថា ​គ្រាន់​តែ​ចេញ​សំបុត្រ​ឲ្យ​គេ​ចាប់​ត្រី​ទេ​។ កុំ​គិត​ថា ខ្ញុំ​មិន​ដឹង​​អំពី​បញ្ហា​នេះ​”។

លោក​បាន​ចេញ​បទ​បញ្ជា​ថា ”ឲ្យ​ដោះ​ស្រាយ​”។លោកបានបន្ត​ដោយ និយាយ ទាក់ ទិញ​នឹង​តួ​នាទីរបស់​មន្ត្រី​មូលដ្ឋានម្នាក់ថា “ ខ្ញុំ​មិន​ដឹង​ថា ដោះ​ស្រាយ​យ៉ាង​ម៉េចទេ​​ អ្នក​ចាប់​​ ឲ្យ​អ្នក​ហ្នឹង​​ដោះ​ស្រាយ​ទៅ។​អ្នក​ឯង​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​។ អាហ្នឹង​ប៉ូលិស​ដែន​សមុទ្រ​​​​ មាន​មក​អត់?”។

ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក អឹុង​​​សែនសម្បត្តិ អនុប្រធាន​នាយកដ្ឋាន​​ព្រំដែន​ទឹក​​ទទួល​បន្ទុក​បង្ក្រាប​បទល្មើសលើ​​​​ផ្ទៃ​សមុទ្រ​ក្នុង​ក្រុង​ព្រះសីហនុ បាន​លើក​ឡើង​ថា លោក ​ស្ថិត​ក្នុងចំណោម​មន្ត្រី​ប្រហែល​៤០០​នាក់​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​នេះ​ ប៉ុន្តែ​មិន ​ដឹង​ថា លោក ស ខេង ​ថ្លែង​អំពី​ការ​នេសាទ​ខុស​ច្បាប់​ឡើយ​។

​ដោយ​បន្ត​បដិសេធ​ថា មន្ត្រី​របស់​លោក​មិន​បាន​យក​ប្រាក់​ពី​អ្នក​នេសាទ​បរទេស​ លោក អុឹង សែនសម្បត្តិ ​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បាន​អង្គុយ​នៅ​ទីនោះ ប៉ុន្តែ​​ខ្ញុំ​មិន​បាន​ឮ​គាត់​លើក​ឡើង​ពី​បញ្ហា​នេះ​ទេ​”។ ហើយ​ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម លោក​បាន​ថ្លែង​ថា”​កង​ទ័ព​ការ​ពារ​ព្រំដែនទឹក​ធ្វើ​ការ​ដើម្បី​ការ​ពារ​សន្តិសុខ​នៅ​ក្នុង​លំហ​​សមុទ្រ និង​ការ​ពារ​សន្តិសុខ​ជូន​អ្នក​នេសាទ​”។

កាលពី​ខែ​ឧសភា អ្នក​នេសាទ​វៀតណាម​​ដែល​ធ្លងកាត់​​តាម​ដែន​ទឹក​ចន្លោះ​កោះ​តាង និង​កោះ​រ៉ុងសន្លឹម​​​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ពួកគេ​បាន​បង់​ប្រាក់​ឲ្យ​នគរបាលការពារ ដែន​​ទឹក​ដើម្បី​ទទួល​បាន​សិទ្ធិ​នេសាទ ហើយ​បាន​បង់បែបនេះ​​អស់​រយៈ​ពេល​​ជាច្រើន​ឆ្នាំ​មក​ហើយ​។បន្ទាប់មក​ នគរបាលការពារដែន​​ទឹក​​បាន​បដិសេធ​ថា មិន​ដឹង​​អំពី​​អ្នក​នេសាទ​​វៀតណាម​ទេ​ ហើយ​កាលពី​ម្សិលមិញ​បាន​និយាយ​​ដដែល​។

ឧត្ដម​សេនីយ៍ឯក​ ទៀ សុខា មេបញ្ជាការ​ជួរ​មុខ​នៃ​គណៈកម្មការ​សន្តិសុខ​​លំហ​សមុទ្រ​រាម ​បាន​មាន​ប្រសាសន៍​ថា កង​ទ័ព​ជើង​ទឹក​​គ្មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នេសាទ​ខុស​ច្បាប់​ឡើយ​”។

លោក ស ខេង បាន​បញ្ចប់​សុន្ទរកថា​របស់​លោក​កាលពី​ម្សិលមិញ​ដោយ​លើក​ឡើង​ថា លោក​នឹង​សុំ​ជំនួយ​ពី​លោក ប៉ុល សារឿន មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​នេះ​។

មុន​ពេល​ថ្លែង​សុន្ទរកថា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​​​បាន​ស្តីបន្ទោសម្តងទៀត​លើ​នគរ​បាល​ដែល​​បណ្ដោយ​ឲ្យ​​​បទ​ល្មើស​​ហិង្សា​​កើតមាន​​ទូទាំង​​ក្រុង​ព្រះសីហនុ និង​តាម​កោះ​ នានា​​កាលពី​ឆ្នាំ​មុន និង​ដើម​ឆ្នាំ​២០១៥។

​ដោយ​គូស​បញ្ជាក់​​ពី​គម្រោង​ដែល កំពុងស្ថិតក្រោម​ការ​ពិភាក្សា​ជុំវិញ​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​ពី​ប្រទេស​សិង្ហបុរី​ ថៃ និង​ប្រទេស​វៀតណាម​មក​កាន់​ក្រុង​ព្រះសីហនុ លោក​ ស ខេង បាន​មាន​ប្រសាសន៍​ថា “​​ខេត្ត​នេះ​មាន​សក្ដានុពល​ខ្លាំង​ផ្នែក​ទេសចរណ៍ ប៉ុន្តែ​ការ​រក្សា​សន្តិសុខ​សាធារណៈ​​គឺ​ជា​អាទិ ភាព​​ដែល​ត្រូវ​​ផ្ដោត​ការ​​ចាប់​អារម្មណ៍​”។ ហើយ​ដោយ​សំដៅ​លើ​លោក សេរហ្គេ ប៉ូលុនស្គី មហាសេដ្ឋី​រុស្ស៊ី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ និង​​បក្ខពួក​របស់​គាត់​ដែល​ជួនមាន​ទំនាក់​ទំនង​​និងជួនមិនមាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​​ ពេល​ពួកគេ​អនុវត្ត​គម្រោង​អភិ វឌ្ឍន៍​ដ៏ធំ​នៅ​​លើ​កោះ​មួយ​ចំនួន​នៅក្នុង​ក្រុង​ព្រះសីហនុ លោក​បាន​មាន​ប្រសាសន៍​ថា “​ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​​ហើយ​ថា មាន​​ជន​ជាតិ​រុស្ស៊ី​មួយ​ក្រុម​ដែល​មក​លាក់​ខ្លួន​នៅ​ទីនេះ ហើយ​កង​​កម្លាំង​របស់​យើង​ការ​ពារ​ពួកគេ​។ កង​កម្លាំង​គ្មាន​ធ្វើ​អ្វីសោះ”។

លោក​ សេរហ្គេ ប៉ូលុនស្គី ត្រូវ​បាន​និរទេស​កាលពី​ខែ​ឧសភា ដើម្បី​ឲ្យ​ទៅ​ប្រឈម ​​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឆបោក​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក ស​​ ខេង បាន​មាន​ប្រសាសន៍​ថា “​យើង​​បាន​​ចាត់​វិធានការ​លើ​ជន​ជាតិ​រុស្ស៊ី​មួយ​ក្រុម​រួច​ហើយ ប៉ុន្តែ​នៅ​មាន​ខ្លះ​ទៀត​”។

កាលពី​ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​​​​បាន​ដក​តំណែង​លោក សៀង កុសល ស្នង​​ការ​ខេត្ត​នេះ​ ដែល​លោក​ចោទ​ប្រកាន់​ថា ពុំ​បាន​បំពេញតាម​​តួនាទី​របស់​ខ្លួន​ ហើយ​បាន​​ប្រគល់​តំណែង​នេះ​ឲ្យ​លោក ជួន ណារិន​ ​​ស្នងការ​រង​នគរ​បាល​​រាជធានី​ភ្នំពេញ​ដែល​មានភាព​ម៉ឺងម៉ាត់​វិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ស្នង​ការ​មុន​​ស្លូត​បូត​សុភាពរាបសារ​ ប៉ុន្តែ​​យើង​មិន​​អាច​​បន្ទោស​គាត់​បានទេ។ ការ​ដែល​​​មាន​​អាកប្បកិរិយា​​សុភាព​រាប​សារ​ស្លូត​បូត​គឺ​ល្អ​ហើយ​ ប៉ុន្តែ​មិន​អាច​ចាត់​វិធានការ​អ្វី​បាន​ទេ​”។ លោក​បាន​បន្ថែម​ថា ឧត្ដម​សេនីយ៍​ទោ ជួន ណារិន បំពេញ​​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធ ភាព​​នៅ​ក្នុង​តួនាទី​របស់​លោក​។

ឧត្ដម​សេនីទោ ជួន ណារិន មិន​អាច​ទាក់​ទង​សុំ​ការ​​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។

កាលពី​ខែ​សីហា លោក  ជិន សារិន អភិ បាល​​ក្រុង​ព្រះសីហនុ​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​​តំណែង​ដែរ​ ហើយ​លោក អុី សុខឡេង ​​អភិ បាល​រង​ខណ្ឌ​៧​​មករា រាជធានី​ភ្នំពេញ ជា​អ្នក​ជំនួស​តំណែង​នេះ​វិញ​។

ឧត្ដម​សេនីយ​ត្រី យន្ត មីន ដែល​ជា​អភិ បាល​ខេត្ត​ថ្មី​បាន​ជំនួស​តំណែង​​របស់​លោក ឈិត សុខុន ដែល​​កាន់​តំណែង​នេះ​បាន​​មិន​ដល់​​១ឆ្នាំ​ផង​​បន្ទាប់ពី​ផ្ទេរ​​ពី​ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ​មក។ ឧត្ដម​សេនីយ៍ត្រី​រូប​នេះ​បាន​មាន​ប្រសាសន៍​កាលពី​ខែមុន​ថា ​ការ​តែង​តាំង​រូប​លោក​​គួរ​​​ឲ្យ​​​​ភ្ញាក់​ផ្អើល​។លោក​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ​៕

ស៊ុយឈាង​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស