កាលពីម្សិលមិញ មន្ត្រីភូមា និងមន្ត្រីកម្ពុជាបាននិយាយថា ជនភៀសខ្លួនរ៉ូហុីងយ៉ាម្នាក់ដែលបានសុំត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីមិនបានទៅដល់ទឹកដីអូស្ត្រាលីនោះ អាចត្រឡប់ទៅប្រទេសភូមាវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ពោលគឺភ្លាមបន្ទាប់ពីរដ្ឋាភិបាលក្រុងណៃពិដោរសម្រេចទទួលសំណើសុំធ្វើមាតុភូមិនិវត្តរបស់គាត់។
បុរសរូបនេះ ដែលគេមិនបញ្ចេញអត្តសញ្ញាណ បានមកដល់ក្រុងភ្នំពេញកាលពីថ្ងៃទី៤ខែមិថុនា រួមជាមួយជនជាតិអុីរ៉ង់បីនាក់ ដែលជាក្រុមដំបូងត្រូវគេបញ្ជូនមកទីនេះពីជំរំជនភៀសខ្លួនរបស់អូស្ត្រាលីនៅប្រទេសដែនកោះណូរូ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងតាំងលំនៅថ្មីដ៏ចម្រូងចម្រាសដែលប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីបានចុះហត្ថលេខា១ឆ្នាំមកហើយ។
កាលពីថ្ងៃអាទិត្យ ក្រសួងមហាផ្ទៃបាននិយាយថា បុរសរូបនេះចាប់ផ្តើមមានអារម្មណ៍ថាឯកោ ហើយនឹកស្រុកកំណើត និងចង់ត្រឡប់ទៅប្រទេសភូមាវិញ។
កាលពីម្សិលមិញ លោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយសារបុរសនេះទទួលបានឋានៈជាជនភៀសខ្លួននៅទីនេះ ប្រទេសកម្ពុជានឹងចេញទិដ្ឋាការធ្វើដំណើរឲ្យគាត់ នៅពេលណាប្រទេសភូមាយល់ព្រមនឹងឲ្យគាត់ត្រឡប់ទៅវិញ។
លោកបាននិយាយថា “គាត់បានទាក់ទងជាមួយស្ថានទូតភូមា ហើយយើងកំពុងរង់ចាំប្រទេសភូមាចេញឯកសារបើកផ្លូវ។ នៅពេល ណាស្ថានទូតភូមាប្រគល់លិខិតអនុញ្ញាតឲ្យយើង ប្រទេសកម្ពុជានឹងចេញទិដ្ឋាការមួយ ហើយពេលនោះគាត់អាចត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញបាន”។
លោក Moe Htet Kyaw លេខាទី២នៅស្ថានទូតភូមាប្រចាំក្រុងភ្នំពេញ បាននិយាយថា សំណើរបស់ជនភៀសខ្លួនរូបនេះទទួលបានហើយ និងបានបញ្ជូនទៅក្រុងណៃពិដោរ កាលពីសប្ដាហ៍មុន។
លោកបាននិយាយថា “ស្ថានទូតមីយ៉ាន់ម៉ាបានដាក់ [សំណើនេះ] រួចហើយទៅរដ្ឋាភិបាលរបស់យើង ហើយយើងត្រូវរង់ចាំរដ្ឋាភិបាលយល់ព្រមសិន។ ជាធម្មតារដ្ឋាភិបាលត្រូវការពេល១ខែ”។
ថ្វីបើក្រុមជនជាតិភាគតិចរ៉ូហុីងយ៉ាបានរស់នៅក្នុងប្រទេសភូមាជាច្រើនជំនាន់មកហើយ ដោយភាគច្រើននៅក្នុងរដ្ឋរ៉ាឃីនភាគខាងលិចប្រទេសនេះក្ដី ក៏រដ្ឋាភិបាលបដិសេធមិនទទួលស្គាល់ពួកគេតាមផ្លូវច្បាប់ជាក្រុមជនជាតិភាគតិចច្បាស់លាស់មួយឡើយ ហើយចង់ឲ្យពួកគេកំណត់ភិនភាគខ្លួនឯងជាក្រុមជនជាតិបេនហ្គាលី។ លោក Htit Kyaw បាននិយាយថា ជនភៀសខ្លួនរូបនេះតម្រូវឲ្យធ្វើសំណើសុំត្រឡប់ទៅកាន់ស្រុកកំណើតវិញ។
លោកបាននិយាយថា “នៅពេលគាត់មកស្ថានទូត គាត់បាននិយាយដោយខ្លួនឯងថា គាត់ជាជនជាតិបេនហ្គាលី។ គ្មានជនជាតិរ៉ូហុីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ យើងមានតែជនជាតិដែលយើងហៅថា បេនហ្គាលី ប៉ុណ្ណោះ”។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា នៅប្រទេសភូមា ការដើរហើរ និងសិទ្ធិរបស់ក្រុមជនជាតិរ៉ូហុីងយ៉ាត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ហើយកាលពីដើមឆ្នាំនេះ លិខិតចុះឈ្មោះបណ្ដោះអាសន្នរាប់ពាន់របស់ពួកគេត្រូវបានលុបចោល ដោយដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេតែម្ដង។ មនុស្សជាច្រើនត្រូវបានគេសម្លាប់ក្នុងការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើកលើក្រុមជនជាតិភាគតិចរ៉ូហុីងយ៉ាក្នុងឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក មនុស្សច្រើនជាង១០០.០០០នាក់បានរត់ភៀសខ្លួនចេញពីប្រទេសនេះតាមទូក។
ទោះជាយ៉ាងនេះក្ដី លោក សារិន បាននិយាយថា លោកជឿថាជនភៀសខ្លួនដែលសុំត្រឡប់ទៅវិញនឹងមានសុវត្ថិភាព។
លោកបានឲ្យដឹងទៀតថា “គាត់មើលឃើញថា ប្រទេសរបស់គាត់មានសន្តិភាព និងសេរីភាព ហើយគាត់ចង់ត្រឡប់ទៅស្រុកកំណើតវិញ ដូច្នេះគាត់មានសិទ្ធិត្រឡប់ទៅវិញ។ នៅប្រទេសភូមា គាត់នឹងមិនប្រឈមនឹងការគំរាមកំហែងឬការដាក់ទណ្ឌកម្មណា មួយឡើយ ដូច្នេះគាត់អាចទាមទារសញ្ជាតិដើមរបស់គាត់វិញបាន”។
ក្រុមអ្នកគាំទ្រសិទ្ធិជនភៀសខ្លួននិយាយថា ការសម្រេចរបស់បុរសរូបនេះចង់ត្រឡប់ទៅប្រទេសដែលគាត់បានរត់ភៀសខ្លួនចេញ គឺជាការឆ្លុះបញ្ចាំងអំពីបរាជ័យរបស់គម្រោងតាំងលំនៅថ្មីដែលមិនបានផ្ដល់ឲ្យគាត់នូវជម្រើសផ្សេងដែលប្រសើរជាងមុន៕ និត