31.8 C
Phnom Penh

លោក ហ៊ុន សែន មាន​​​ប្រសាសន៍​​​​​​​​ការ​​​ពារ​​កិច្ច​ការ​​ព្រំដែន​​ ហើយ​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​​សុន្ទរកថា​រយៈពេល​៣ម៉ោង​​​ដែល​​ចាក់​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​​​​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​​មិន​បាន​កាត់​ដី​សូម្បី​តែ​មួយ​ម៉ែត្រ​​​​ពេល​កំណត់​​​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម​ ហើយ​បាន​គំរាម​ចាប់​ខ្លួន​អ្នក​ដែល​រិះគន់​បញ្ហា​ព្រំដែន​បន្ថែម​ទៀត​ ហើយ​ថា សង្គ្រាម​អាច​ផ្ទុះ​ឡើង​ប្រសិន​បើ​​គណបក្ស​មួយផ្សេង​ទៀត​​​ដឹកនាំ​ប្រទេស​។

បន្ទាប់ពី​និយាយ​ការ​ពារ​​អស់​​រយៈ​ពេល​​យ៉ាង​យូរ​​អំពី​​វិធី​ដែល​​រដ្ឋាភិបាល​បាន​ប្រើ​​ក្នុង​ការ​កំណត់​ព្រំដែន​ភាគ​ខាង​កើត​របស់​ប្រទេស​​​​កម្ពុជា លោក ហ៊ុន សែន ​​ជា​ថ្មី​ម្ដង​ទៀត​​បាន​ព្រមាន​​​គណបក្ស​ប្រឆាំង​​​ពាក់​ព័ន្ធ​នឹង​ការ​​បន្ត​យុទ្ធនាការ​​​ដើម្បី​បង្ខូច​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​។

​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​ពេល​ថ្មីៗ​នេះ​​លោក​បាន​ប្រាប់​​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា ផែនទី​បោន​​​ខ្នាត​១/១០០.០០០​​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​ប្រមូល​ពី​ប្រទេស​បារាំង​ ដែល​ជា​ផែនទី​មាន​ចែង​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ​​ គឺ​ជាផែន​ទី​មិនល្អ។​​​​​

លោក​មាន​ប្រសាសន៍​ថា “​ផែនទី​ឯក​ឧត្ដម​​វា​សាហាវ​ជាង​សត្វ​អសិរពិស​ទៅ​ទៀត​។ ព្រោះ​មិន​ត្រឹម​​តែ​បោក​ប្រាស់​ប្រជាពលរដ្ឋ​​ទេ ​ដោយសារ​ផែនទី​នោះ​ហើយ​ បាន​ធ្វើ​ឲ្យ​សហ​​ការី​របស់​គាត់​ជាប់​គុក​មក​ទល់​ពេល​នេះ​ ​​ហើយ​វា​អាច​មាន​ការ​ជាប់​គុក​បន្ថែម​ទៀត​”។

​លោក ហុង​ សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​​ដែល​​បាន​ប្រមូល​ផែនទី​បោន​ដោយ​ផ្ទាល់​ពី​វិទ្យាស្ថានជាតិ​ភូមិសាស្ត្រ​​នៅ​ក្នុង​ទីក្រុង​បា៉រីស​​ ត្រូវ​បាន​ចាប់​ដាក់ពន្ធនា​គារ​​កាលពី​ខែ​មុន​តាម​បទ​បញ្ជា​របស់​លោក ហ៊ុន សែន ​ពីបទ​បង្ហាញ​សន្ធិសញ្ញា​ព្រំដែន​ក្លែង​​​ក្លាយ​នៅ​ក្នុង​វីដេអូមួយ​តាម​ហ្វេសប៊ុក​។

កាលពី​ខែ​មិថុនា ​លោក សម រង្ស៊ី ​បាន​លើក​​​​ឡើង​ថា គណបក្ស​សង្គ្រោះ​​ជាតិ​មាន​គម្រោង​​​​ប្រើ​ប្រាស់​ផែនទី​យក​​មក​ពី​បារាំង និង​ប្រព័ន្ធ​ GPS ដើម្បី​​​ពិនិត្យ​ផ្ទៀង​ផ្ទាត់​បង្គោល​​ព្រំដែន​​​ ក្នុងគោលបំណង​ចង់​ដឹង​ថា តើ​បង្គោល​​​​​​ព្រំដែន​​ទាំង​នោះ​បោះ​នៅ​ក្នុង​​​ទឹក​ដី​កម្ពុជា​ឬ​យ៉ាង​ណា​។

លោក ហុង សុខហួរ ​នៅ​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ ទោះ​បី​ជា​លោក​មាន​អភ័យ​ឯក​សិទ្ធិ​​​​​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធ​សភា​ក៏ដោយ ហើយ​​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន ​បាន​ព្រមាន​ម្ដង​ទៀត​ថា នរណា​ដែល​​និយាយ​ថា រដ្ឋាភិបាល​​របស់​លោក​​​​ប្រើ​ផែនទី​​​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​កំណត់​ព្រំដែន​ នឹង​​​​​​មាន​វាសនា​ដូច​លោក​ ហុង​ សុខហួរ​ដែរ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​”ចាប់​ខ្លួន​​នរណា​ក៏ដោយ​ដែល​ហ៊ាន​និយាយ​ថា ​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែង​ក្លាយ​។ ប្រសិន​បើ​​បណ្តោយ​ឲ្យ​ស្ថានភាព​បែប​នេះ​​​នៅ​តែ​កើត​មាន​ដដែល​នោះ ​នឹង​មាន​សង្គ្រាម​​កើត​ឡើង​។ ប្រទេស​នឹង​មាន​សង្គ្រាម​ ប្រសិន​បើ​គណបក្ស​​ប្រជាជន​កម្ពុជា​មិន​ដឹក​នាំ​ប្រទេស​”។ ​​​លោកមានប្រសាសន៍បន្តថា “ចំណុចនេះ​ ខ្ញុំ​ព្រះ​​​ករុណា​សូម​បញ្ជាក់​​ ​នរណា​ក៏ដោយ​​​ហា៊ន​និយាយ​​​​ពាក្យ​ថា ​ផែនទី​ក្លែង​ក្លាយ​ ផែន​ទី​ចោរ​ ត្រូវ​​ចាប់​​ខ្លួន​បន្ទាន់​ ដោយគ្មាន​ការលើក​លែង​។ ​អ៊ីចឹង​មន្ត្រី​អនុវត្ត​ច្បាប់​​ត្រូវ​តែ​ចាប់​ខ្លួន​​​​នៅ​នឹង​​​​កន្លែង​។ ​​​ហើយខ្ញុំ​ក៏សូមបញ្ជាក់​បើ​គេ​មិន​ឲ្យខ្ញុំ​សុខ​ ខ្ញុំ​ក៏​មិនឲ្យ​គេ​សុខដែរ​។ ប្រសិន​បើ​​អ្នក​នយោ​​​​​​បាយ​គណបក្ស​ប្រឆាំង​បន្ត​ប្រើ​បញ្ហា​ព្រំដែន​ដ៏​រសើប​​​​​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​​​ ​ឥឡូវ​នេះ​ក៏មានចំណុចថ្មី​សម្រាប់​​ដោះ​ស្រាយ​​​​​ចំពោះ​​​​ពួក​អ្នក​ទាំង​នេះ​​តាម​វិធានការ​ផ្លូវ​ច្បាប់​”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ។

នៅ​ក្នុង​​សុន្ទរកថា​​​ដដែលនេះ​ ​លោក​ ហ៊ុន​ ​សែន បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​​ប្រើ​ប្រាស់​​ផែនទី​​ផ្សេង​ក្រៅ​ពី​ផែនទី​ខ្នាត​១/១០០.០០០​ ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​​ដើម្បី​កំណត់​ព្រំដែន ប៉ុន្តែ​ថា បន្ទាត់​ព្រំដែន​ដែល​គូស​នៅ​លើ​ផែនទី​ទាំង​នោះ​គឺ​វា​ដូច​ទៅ​នឹង​ផែនទី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។

​ក្នុង​រយៈ​ពេល​ជាង​​៣​ខែ​​មក​នេះ គណ​បក្ស​​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ​​​​​​បាន​​ប្រើ​ប្រាស់​ផែនទី​ផ្សេង​ក្រៅ​ពី​​ផែនទី​ដែល​​​​​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ប៉ុន្តែ​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​​​​របស់​លោក​​​បាន​ប្រើ​សូម្បីតែ​ផែនទី​គូស​ដោយ​បារំាង​ក្នុង​​ទសវត្សរ៍​ឆ្នាំ​១៩៨០។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​​​​សំដៅ​លើ​សន្ធិសញ្ញា​ចុះ​​ហត្ថលេខា​ក្នុង​ឆ្នាំ​១៩៨២ ឆ្នាំ១៩៨៣ និង​ឆ្នាំ​១៩៨៥​ថា ​​​” ផែនទី​​បោន​ខ្នាត​១/១០០.០០០​​ត្រូវ​បាន​ប្រើ​​​ប្រាស់​ដោយ​​​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ក្នុង​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​ និង​សន្ធិសញ្ញា​ចំនួន​បី​ពាក់​ព័ន្ធ​នឹង​​ព្រំដែន​ជាប់​​សាធារណរដ្ឋសង្គមនិយម​វៀតណាម”។

ទោះ​ជា​យ៉ាង​ណា ​​លោក​បាន​លើក​ឡើង​ថា ​ពេល​ចុះ​ហត្ថលេខា​លើ​​​​សន្ធិសញ្ញា​​​ព្រំដែន​​​​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ប្រទេស​ទាំង​ពីរ​បាន​​​ព្រមព្រៀង​ថត​ចម្លងផែន​ទី​​ចាស់​របស់​បារំាង​​ឲ្យ​ទៅ​ជាផែនទី​ធំជាង​មុន​ដែល​ប្រើ​ប្រព័ន្ធ​ UTM ដែល​រួម​មាន​កូអរដោណេ​សម្រាប់​​​រយៈ​ទទឹង​ និង​រយៈ​បណ្ដោយ​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា “​ផែនទី​​​បោន​ខ្នាត​១/១០០.០០០​លំបាក​នឹង​រក​​ឲ្យ​ឃើញ​​​​​ចំណុច​​សំខាន់​​​សម្រាប់​បោះ​បង្គោល​ព្រំដែន​។ ​​​ហេតុ​ដូច្នេះ​ហើយ ភាគី​ទាំងពីរ​បាន​​​​​​ព្រមព្រៀង​​​​​ផ្ទេរ​​ពី​ផែនទី​បោន​ខ្នាត​១/១០០.០០០​​​​​ទៅ​ជា​ផែនទី​​ UTM ខ្នាត​១/៥០.០០០”​។

លោក ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា ដំណើរ​ការ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​​ផែនទី​បោន​​ឲ្យ​ទៅ​ជា​ផែនទី​ UTM ​កំពុង​​​បន្ត​ហើយ​ ហើយ​ថា កម្ពុជា​ និង​វៀតណាម​​មាន​គម្រោង​​គូស​ផែនទី​ UTM ឲ្យ​កាន់​តែ​ធំ​ជាងមុន​ទៀត​​ដោយ​​សុំជំនួយ​ពី​ក្រុម​ហ៊ុន​​គូសផែន​​ដាណឺ​ម៉ាក​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​។

លោក​មាន​ប្រសាសន៍​ថា “​​នៅ​ថ្ងៃ​​​អនាគត ពេល​យើង​ជួល​ក្រុម​ហ៊ុន​ដាណឺម៉ាក​មួយ​ [ភាគី​​​ទាំង​ពីរ​នឹង​ជួល​ក្រុម​ហ៊ុន​ណឺម៉ាក​មួយ​] ​យើង​អាច​ឈាន​ដល់​ដំណាក់​កាល​មួយនៃ​ការ​ប្ដូរ​ផែនទី​​ទៅ​ជា​ផែនទី​ខ្នាត​១/២៥.០០០​”។

លោក​នាយក​រដ្ឋមន្ត្រី​បាន​​លើក​ឡើង​ទៀត​​​​ថា គ្មាន​អ្វី​ខុស​​ទេ​ក្នុង​ការ​ប្រើ​ប្រាស់​​​ផែនទី​ UTM ជំនួស​ឲ្យ​​ផែនទី​បោន​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ព្រោះ​ថា មន្ត្រី​​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​មាន​​ការ​ប្រុង​ប្រយ័ត្ន​​ខ្លាំង​ណាស់​​​ក្នុង​ការ​​ធានារ​ឲ្យបានថា​បន្ទាត់​ព្រំដែន​​វា​ត្រឹម​ត្រូវ​សម្រាប់​ភាគី​ទាំង​សងខាង​។

លោក ហ៊ុន សែន ក៏​បាន​ជំទាស់​ផង​ដែរ​ថា ​ដោយ​សារ​កិច្ចព្រមព្រៀង​​ផ្ទេរ​​​​ផែន​ទី​​​បោន​ឲ្យ​ទៅ​ជា​ផែនទី UTM ​ស្ថិត​ក្នុង​សន្ធិសញ្ញា​​​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​​អនុម័ត​​​​ដោយ​រដ្ឋសភា និង​ឡាយព្រះហត្ថលេខា​​ដោយ​​​​​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី នោះ កិច្ច​ព្រម​ព្រៀង​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

លោក​បាន​មាន​ប្រសាសន៍​ថា ​”វា​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ដី​ទេ។ កម្ពុជា​​មិន​ដែល​​បាត់​បង់​ដី​ណាមួយ​ឡើយ សូម្បី​តែ​មួយ​ម៉ែត្រ​ក្រឡា​”។

​សន្ធិសញ្ញា​​​ព្រំដែន​បំពេញ​បន្ថែម​​​ឆ្នាំ​២០០៥​​​​ជាមួយ​វៀតណាម​ គឺ​​ផ្អែក​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ ដែល​​​ត្រូវ​បាន​ចាត់​ទុក​ថា ខុស​ច្បាប់​ដោយ​បុគ្គល​សំខាន់​ៗ​មួយ​ចំនួន​ រួម​ទាំង​​សម្ដេច​ឪ នរោត្តម សីហនុ ​ផង​​ ខណៈ​​វា​ត្រូវ​បាន​​ចុះ​ហត្ថ​លេខា​​​អំឡុង​វៀតណាម​ត្រួត​ត្រា​​កម្ពុជា។

ដោយ​​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ទំនង​ជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ឡាយ​ព្រះ​ហត្ថ​លេខា​​​លើ​សន្ធិសញ្ញា​ជាមួយ​វៀតណាម ​​លោក ហ៊ុន​ ​​សែន ​​​បាន​ស្នើ​ឲ្យ​រម្លាយ​រាជា​និយម​ចោល​ទាំង​ស្រុង។ លោក​ បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​មួយ​អំឡុង​ពេល​នោះ​ថា ”ប្រសិន​បើ​ព្រះមហាក្សត្រ​មិន​ឡាយ​ព្រះហត្ថលេខា​ទេ ព្រះអង្គ​​គួរ​​​តែ​​ប្រាប់​ពី​ហេតុ​ផល​។ ហេតុ​​អ្វី​យើង​ត្រូវ​រក្សា​រាជានិយម​?”។

អ្នក​រិះគន់​មួយ​ចំនួន​​​​ចំពោះ​សន្ធិសញ្ញា​នេះ​​ ក្នុង​នោះ​រួម​ទាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​​​​​ពីបទ​រិះគន់​សន្ធិសញ្ញា​នេះ​​ដែល​លក្ខខណ្ឌ​​របស់​វា​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​រហូត​​ដល់​វា​​ត្រូវ​បាន​អនុម័ត​​ឲ្យ​ក្លាយ​ជា​ច្បាប់​ដោយ​មាន​ការ​ឡាយ​ព្រះហត្ថ​លេខា​ដោយ​ព្រះមហាក្សត្រ​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៥៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស