27 C
Phnom Penh

ទូរគមនាគមន៍កម្ពុជា​​ចាត់​វិធានការ​ជុំវិញ​​ករណី​កិបកេង​ប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​​​ក្រុមហ៊ុនម្នាក់​​​បាន​​​និយាយ​​​ថា  ទូរគមនាគមន៍​​​កម្ពុជា​​​បាន​​​ព្យួរ​​​ការ​​​ងារ​​​អ្នក​​​គ្រប់​​​គ្រង​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​លួច​​​លុយ​​​២៣០​​​.០០០​​​ដុល្លារ​​​ ហើយ​​​កំពុង​​​រៀប​​​ចំ​​​ពាក្យ​​​បណ្តឹងផ្លូវ​ច្បាប់​​​​ប្តឹង​​​អ្នក​​​គ្រប់​​​គ្រង​​​រូបនេះ cam-photo-telecom-jensនិង​​​អតីត​​​បុគ្គលិក​​​ជាន់ខ្ពស់​ម្នាក់​​​នៅ​​​ក្នុង​​​ការិយា​ល័យ​​​ហិរញ្ញ​វត្ថុ​​​របស់​​​ក្រុមហ៊ុន​​​នេះ​ ដែល​​​តាម​​​ការ​អះ​អាង​​​​ថា បាន​​​ទទួល​​​លុយ​​​​ដែល​​​បាត់​​​នោះ។

បុគ្គលិក​​​បាន​​​​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ចំពេល​​​ដែលមាន​​​ការ​​​ចោទ​​​ប្រកាន់ថា លោក សែម សំអាង​ ប្រធាន​​​ផ្នែក​​​ប្រមូល​ចំណូល ​និង​បំណុល​​​របស់​​​ក្រុមហ៊ុន​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​នេះ​​​ បាន​​​កិប​​​កេង​​​លុយ​ពី​​​ក្រុមហ៊ុន​​​NeocomISP ជា​​​ក្រុមហ៊ុន​​​ទូរគមនាគមន៍​​​ និង​​​អីុនធឺណិត​​​​​​តាំង​​​ពី​​​ឆ្នាំ​​​២០១២​​​មក​​​។

យោ​​​ងតាម​លោក លឹម សាម៉ុន អនុប្រធាន ​​​​​​រដ្ឋបាល​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អំឡុង​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​បុគ្គលិក​ជាន់​ខ្ពស់​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ លោក សំអាង បាន​​​សារភាព​​​​​​ថា លោក​បាន​ដោះស្រាយ​ការ​ទូទាត់ ​​​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ។

ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សំអាង អះអាង​​​ថា គាត់​​​ធ្លាប់​បាន​​​ដោះ​​​ស្រាយ​​​ ការ​​​ទូទាត់​​​តាម​​​សំណើ​​​របស់​​​ប្រធាន​​​ និង​​​អនុ ប្រធាន​​​​​​នាយកដ្ឋាន​ហិរញ្ញវត្ថុ​​​ និងគណនេយ្យ​តែ​ប៉ុណ្ណោះ​។

លោក សាម៉ុន បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​សម្រេច​​​ព្យួរ​​​ការងារ​​​លោក  សំអាង  ពីក្រុមហ៊ុន​​​ ទូរគមនាគមន៍​​​ជា​​​បណ្តោះអាសន្ន​​​សិន ហើយ​​​នឹង​​​បង្កើត​​​គណៈកម្មការ​​​ដើម្បី​​​សើុប​​​អង្កេ​​​ត​​​អ្នក​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ផ្សេង​​​ទៀត​​​ទាក់​​​ទិន​​​​​​​​​​​​លុយ ដែល បាត់​នោះ​​​​។ លោក សំអាង ខ្លួន​​​ឯង​​​ក៏​​​បាន​​​ទទួល​​​ ស្គាល់ហើយ​​​​ថាគាត់​បាន​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដែរ​​​”។

លោក​​​បាន​​​​​​ថ្លែង​​​ថា ”​​​មនុស្ស​​​ពី​​​រនាក់​​​គឺ​​​លោក សំអាង និ​​​ង លោក ខឹម តេង​​​សឿន ​​​នឹង​​​ប្រឈម​​​ មុខ​​​​​​នឹងតុលាការ​​​ ពីព្រោះ​​​ពួក​​​គាត់​​​បានប្រមូល​សាច់​​​ប្រាក់​​​ ប៉ុន្តែ មិន​​​បាន​​​ផ្ទេរ​​​ចូល​​​​​​គណនី​ធនាគារ​​​​​ក្រុម​​​ហ៊ុន​​​ទូរគមនាគមន៍ឡើយ​​​​”។

ដោយ​​​សំដៅ​​​ដល់​​​លោក ​​​តេងសឿន ​​​ដែល ​​​ជា​​​អនុប្រធាន​​​​​​ហិរញ្ញ​​​វត្ថុ និង​​​គណនេយ្យ​​​​​​ដែល​​​​​​ បាន​​​ចាក​​​ចេញ​​​ពី​​​ក្រុម​​​ហ៊ុន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ លោក​​​បាន​​​បន្ថែម​​​ថា ”សូម​​​កុំ​​​គិត​​​ថា អ្នក​​​នឹង​​​រួច​​​ខ្លួន ដោយ​​​សារ​​​អ្នក​​​បាន​​​លាលែង​​​ពី​​​ការ​​​ងារ​​​ទៅ​​​ហើយ​​​នោះ​​​”។

លោក សាម៉ុន បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា ធិប្បាយ​​​ចំពោះ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក  ណៃ សំកុល ប្រធាន​​​ផ្នែក​​​ហិរញ្ញវត្ថុ និង​​​គណនេយ្យ​​​​ឡើយ​​​។ លោក សំកុល ក៏​​​បាន​​​បដិសេធ​​​ មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​អំពីរឿង​អាស្រូវ​នេះដែរ​​​។

នៅ​​​ពេល​​​ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​លោក  សំអាង បាន​​​បដិសេធ​​​ថា លោក​​​មិនបាន​​​កិប​​​កេង​​​លុយ​​​​នោះ​​​ទេ​​​។ លោក​​​បាន​​​ពន្យល់​​​ថា  ក្រុមហ៊ុន NeocomISP បាន​​​ទូទាត់​​​​គណនី​​​តាម​​​មូល​​​ប្បទាន​​​បត្រ​​​ និង​​​សាច់ប្រាក់​​​​ ហើយ​​​ថា​​​លោក​​​ទទួល​​​បាន​​​ការ​​ទូទាត់​ជា​​​សាច់​​​ប្រាក់​​​មួយ ចំនួន​​​ដោយ​​​ផ្ទាល់ ហើយ​​​បាន​​​បញ្ជូន​​​ទៅ​​​ផ្នែក​​​ហិរញ្ញវត្ថុ​​​ដោយ​​​មិន​​​បាន​​​កត់​​​ត្រា​​​អំពី​​​ប្រតិបត្តិ ការ​​​នោះឲ្យ​​​​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​​​​ថា ”នៅ​​​ពេល​​​នោះ​​​គេ​​​បាន​​​សុំឲ្យ​​​​ខ្ញុំ​​​ដក​​​សាច់​​​ប្រាក់​​​យក​​​ទៅ​​​ឲ្យ​​​ពួក​​​គេ​​​ដូច្នេះ​​​ខ្ញុំ​​​គ្រាន់តែ​​​​ធ្វើ​​​តាម​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​មិន​​​បាន​​​ទុក​​​លុយ​​​នោះ​​​ទេ តើ​​​ឲ្យ​​​ខ្ញុំ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ដោយ ​​​របៀប​​​ណា​​​ទៅ?។

លោក​​​បាន​​​បន្ថែម​​​ថា ”ខ្ញុំ​​​ពិត​​​ជា​​​សោក​​​ស្តាយ​​​ ណាស់​​​ ពីព្រោះ​​​​​​ខ្ញុំ​​​មិន​​​បានបង្ក​ទេ ប៉ុន្តែ ខ្ញុំ​​​​​ត្រូវ​​​បាន​ព្យួរ​​​ការ​​​ងារ​​។ ប្រធាន និងអនុប្រធាន​​​បាន ​​​ទទួល​​​សាច់ប្រាក់​នេះ ដូច្នេះ​​​ពួក​​​គាត់​​​ត្រូវ​​​តែ​​​ដឹង​​​ថា លុយ​នោះ​​​ទៅ​ណា​​​។ មនុស្ស​​​តែ​​​ម្នាក់​​​មិន​​​អា​​​ច​​​ធ្វើ​​​រឿង​​​នេះ​​​បាន​ឡើយ​​​”។

លោក តេង​​​សឿន អតីត​​​អនុប្រធាន​​​ក៏​​​បាន​​​បដិសេធ​​​​​​ថា លោក​​​មិន​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​កិប​​​កេង​​​លុយ​​​នេះ​​​ទេ ដោយ​​​បន្ថែម ​​​ថា លោក​​​មិន​​​ដែល​​​បាន​​​ទទួល​​​លុយ​​​​ពី​​​លោក សំអាង ឡើយ។ លោក​​​បាន​​​ថ្លែង​​​ថា “ប្រសិន​​​បើ​​​គាត់​​​ឲ្យលុយ​​ខ្ញុំ​​​ នោះខ្ញុំ​​​បាន​​​ចេញ​​​បង្កាន់​​​ដៃ​​​ឲ្យ​​​គាត់​​ហើយ។ តើ​​​ភ័ស្តុតាង​​​នៅ​​​ឯណា?”។

ដោយសារ​​​បុគ្គលិក​​​​​​ដែល​​​បាន​​​​​ធ្វើ​​​កូដ​​​កម្ម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ចូល​​​ធ្វើ​​​ការ​​​វិញ បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ប្រជុំ​​​កាល​​​ពីម្សិលមិញ លោក​​​ តេង​​​សឿន បាន​​​បន្ត​​​ថា ករណី​​​ប្តឹង​​​រូប​​​គាត់​​​គួរ​​​ត្រូវ​​​បាន​​​​​បិទ​ ។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​បាន​​​លា​​​លែង​​​​​​ហើយ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគេ​​​ចង់​​​ប្តឹង​​​ខ្ញុំ​​​​​​ទៀត​​​។ ​​​ឥឡូវនេះ​​បុគ្គលិក​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ហើយ ដូច្នេះ​​​វា​មិន​សម​​​​ហេតុ​​​ផល​​​ទេ​​​ដែល​​​ពួក​​​គេ​​​បន្ត​​​សើុប​​​អង្កេត​”៕សារុន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស