32 C
Phnom Penh

គណប​ក្ស​ប្រជាជន​កម្ពុជា​ និងគណបក្ស​​​សង្គ្រោះ​ជាតិ​ខ្វែង​គំនិត​គ្នា​ជុំវិញច្បាប់​​​​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ចរចា​​ជុំ​​​វិញ​ច្បាប់​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​ អំពី​រយៈ​ពេល​ និង​ទំហំ​​នៃ​យុទ្ធនាការ​ឃោសនា​ បោះ​ឆ្នោត​​។

លោក អេង​ ឆៃអ៊ាង សមាជិក​សភា​គណ​​​បក្ស​ប្រឆាំង និងជា​ប្រធាន​ក្រុម​ចរចា​​សម្រាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោតបាន​​​ថ្លែង​​​កាលពី​ម្សិលមិញ​ថា គណបក្ស​ទាំង​ពីរ​បាន​ជាប់​គាំង​​​ប្រាំចំណុច​ដែល​នឹង​ត្រូវ​ពិភាក្សា​​អំឡុង​​ការ​ពិភាក្សា​​​​ថ្នាក់​កំ​ពូល​នៅ​សប្ដាហ៍​ក្រោយ។

លោក​បាន​មាន​​​ប្រសាសន៍​​​ថា “​មាន​​ប្រាំ​​​ចំណុច​ដែល​យើង​មិន​ទាន់​ឈាន​ដល់​ការ​ព្រម​​​ ព្រៀង​គ្នា ឧទាហរណ៍​បញ្ហា​ទាក់​ទង​ទៅ​នឹង​រយៈ​​​ពេល​ឃោសនា​បោះ​ឆ្នោត និង​កាល​​​បរិ​​​ច្ឆេទ​សម្រាប់​ថ្ងៃ​បោះ​ឆ្នោ តព្រមទាំង​បទប្ប​​​ញ្ញត្តិ​ អំពី​ការ​ដាក់​ទោស​ទណ្ឌ​”។

លោក អេង ឆៃអា៊ង បាន​ថ្លែង​ថា គណ​​​បក្ស​ប្រឆាំង​បាន​យល់​​ព្រម​​កំណត់​ការ​ជួបជុំ​គ្នា​ជា​សាធារណៈ​មក​ត្រឹម​​​តែ​​ពីរ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧ ​​​ប៉ុន្តែ​ចង់​បាន​​​រយៈ​ពេល​ធ្វើ​យុទ្ធនាការ​​ ដែល​ក្នុង​នោះ​គណបក្ស​​​ទាំង​អស់​អាច​ផ្សព្វ​ផ្សាយ​កម្មវិធី​នយោបាយ​របស់​ខ្លួន​តាម​រយៈ​ការ​ចែក​ខិត្តប័ណ្ណ និង​ការ​ផ្សព្វ​ផ្សាយ​តាម​ឧគ្ឃោសនសព្ទ​​​​​ រយៈ​ពេល​​១៥​ថ្ងៃមិនមែន​១០​ថ្ងៃ​ដែល​​គាំទ្រ​ដោយ​គណបក្ស​ប្រជា​​​ជនទេ​​​​​​។

លោក​បាន​ថ្លែង​ថា “​យើង​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​​ផ្ញើសារ​នយោបាយ និង​កម្មវិធី​នយោបាយ​ដល់​អ្នក​បោះ​ឆ្នោត​”។លោក​បាន​បន្ថែម​ថា គណបក្ស​ទាំង​ពីរ​​​ខ្វែង​​​គំនិត​​​គ្នា​​​ថា តើ​​ ត្រូវ​អនុញ្ញាត​ឲ្យ​​ធ្វើ​យុទ្ធនាការ ​​ឆ្លង​​ឃុំ​-សង្កាត់ ​ឬយ៉ាងណា​។

នៅ​ក្នុងការ​​​ថ្លែង​​សុន្ទរកថា​​ក្នុង​ក្រុង​ព្រះសីហនុ​ កាលពី​ថ្ងៃ​ច័ន្ទ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​​​បាន​មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ចង់​ឲ្យ​ធ្វើ​យុទ្ធ​​​នាការ​​ឃោសនា​បោះ​ឆ្នោតឃុំ-សង្កាត់​នៅ​តែក្នុង​ឃុំ​-សង្កាត់​នោះប៉ុណ្ណោះ​។

លោក ស ខេង បាន​ថ្លែង​ថា “​​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ យើង​ស្នើ​ឲ្យ​ធ្វើ​ការ​ជួប​ជុំគ្នា​តែ​​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន​ ដោយ​មិន​​ឲ្យ​ឆ្លង​ទៅ​ឃុំ-សង្កាត់​ផ្សេង​ ពីព្រោះ​​ឃុំ-សង្កាត់​ទាំង​នោះ​គឺ​​មាន​មណ្ឌល​បោះ​ឆ្នោត​ផ្សេង​​”។

លោក​បាន​ថ្លែង​ថា “​ប៉ុន្តែ​ជំហរ​របស់​គណ​​​បក្ស​​ផ្សេងទៀត​​គឺ​ខុស​គ្នា​ ពីព្រោះ​ពួកគេ​ចង់​ឲ្យ​​​​ មាន​ការ​ហែក្បួន​ដោយ​សេរី​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត​ផ្សេងទៀត​”។

មុន​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៣ ​​​និង​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​​រាជធានី ខេត្ត​ ក្រុង​ ស្រុក ​ខណ្ឌ កាលពី​ឆ្នាំ​មុន គណបក្ស​សង្គ្រោះ ​ ជាតិ​មាន​ក្បួន​រថយន្ត​ជាច្រើន​គ្រឿង​ ឆ្លង​កាត់​តាម​បណ្ដា​ខេត្តនានា ហើយ​​មេដឹក​​​នាំ​​​គណ​​​បក្ស​ដើរ​ឃោសនា​នៅ​តាម​ផ្លូវ​។

បើ​ទោះ​ជា​លោក អេង ឆៃអ៊ាង ​​បាន​មាន​​​​ប្រសាសន៍​ថា លោក ស ខេង និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​នឹង​ពិភាក្សា​អំពី​​ការ​​ខ្វែង​គំនិត​គ្នា​របស់​គណបក្ស​ទាំង​ពីរ​​ក្នុង​​​ជំនួប​នៅ​សប្ដាហ៍​ក្រោយ​ក៏ដោយ ក៏​រដ្ឋ​​​មន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បាន​លើក​ឡើង​​អំពី​វិធីផ្សេង​ដើម្បី​ទម្លាយភាពទាល់​​​ច្រក​​​នេះ​ដែរ។ លោក ស ខេង បាន​ថ្លែង​ថា ​​រយៈ​ពេល​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ គឺ​១០​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពួកគេ​បាន​​​​ទាម​ទារ​១៥​ថ្ងៃ ដូច្នេះ​​​ត្រូវ​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ នៅ​សម័យ​ប្រជុំ​សភា…​ពីព្រោះ​យើង​​ត្រូវ​ការ​​​តែ​៥០​ភាគ​​​រយ​​​បូក​១​ប៉ុណ្ណោះ​”។

គណបក្ស​ប្រជាជន​កម្ពុជា​មាន​​​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ ដោយ​ទទួលបាន​​៦៨​អាសនៈ​ក្នុងចំណោម​១២៣​អាសនៈ ដែល​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​អនុម័ត​ឬ​ធ្វើ​វិសោ​​​ធ​​​នកម្ម​ច្បាប់តែ​ឯងបាន​៕ សារុន​​​​​​​     

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស