ទីប្រឹក្សាម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយលោក ភីធើ ដាត់ធិន (Peter Dutton) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ដែលបានមកបំពេញទស្សនកិច្ចកាលពីម្សិលមិញថា ប្រទេសកម្ពុជាត្រៀមចាប់ផ្ដើមពិនិត្យមើលជនភៀសខ្លួនបន្ថែមទៀតដែលប្រទេសអូស្ត្រាលីសង្ឃឹមថា នឹងមកតាំងទីលំនៅនៅទីនេះពីប្រទេសដែនកោះណូរូក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោក ដាត់ធិន ធ្វើឡើងដោយគ្មានការប្រកាស និងធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ព្រោងព្រាតថា កិច្ចព្រមព្រៀងនេះប្រហែលជាជិតបរាជ័យបន្ទាប់ពីប្រទេសកម្ពុជាបានលើកឡើងថា ខ្លួននឹងមិនទទួលយកជនភៀសខ្លួនណាម្នាក់បន្ថែមទៀតឡើយ លុះណាតែជនភៀសខ្លួនបួននាក់ដំបូងដែលបានមកដល់កាលពីខែមិថុនា ត្រូវបានបញ្ចូលទៅក្នុងសង្គមពេញលេញសិន។
ក៏មានការលើកឡើងកាលពីសប្ដាហ៍មុនដែរថា ជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួនបួននាក់ដំបូង គឺបុរសជនជាតិរ៉ូហុីងយ៉ាដែលបានភៀសខ្លួនពីប្រទេសភូមា ដោយសង្ឃឹមថា នឹងបានទៅដល់ប្រទេសអូស្ត្រាលីនោះ បានស្នើសុំត្រឡប់ទៅស្រុកកំណើតវិញ។
លោក ស្រី ថាំរុង្គ ទីប្រឹក្សាលោក ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរការតាំងទីលំនៅដល់ជនភៀសខ្លួនបួននាក់ដំបូងដែលស្ថិតនៅក្នុងកន្លែងស្ងប់ស្ងាត់បិទរបងជិតនៅជាយរាជធានីភ្នំពេញនោះ បានធ្វើឲ្យដំណើរការនេះជាប់គាំង។
លោក ថាំរុង្គ បានថ្លែងទៅកាន់អ្នកយកព័ត៌មានថា ”យើងចង់ឲ្យប្រទេសអូស្ត្រាលីបញ្ជូនអ្នកស្ម័គ្រចិត្តមកបន្ថែមទៀត។ ប៉ុន្តែយើងកំពុងប្រឈមការលំបាកក្នុងការនាំពួកគេបន្ថែមទៀតមកទីនេះដោយសារការបញ្ចូលជនភៀសខ្លួនបួននាក់ដំបូងទៅក្នុងសង្គមនោះ ពួកគាត់មិនទាន់អាចនិយាយភាសា ខ្មែរបាននៅឡើយ”។
តាមកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសអូស្ត្រាលីកាលពី១ឆ្នាំមុន ទទួលយកជនភៀសខ្លួនក្នុងចំនួនមិនបញ្ជាក់ដែលប្រទេសអូស្ត្រាលីកំពុងឃុំខ្លួននៅលើកោះណូរូ ជាថ្នូរនឹងជំនួយជាប្រាក់៤០លានដុល្លារអូស្ត្រាលី (២៨,១លានដុល្លារ) ជនភៀសខ្លួនទាំងនោះនឹងមិនទាន់ចាកចេញពីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ខ្លួនក្នុងរាជធានីភ្នំពេញទេ រហូតទាល់តែពួកគេចេះភាសាខ្មែរល្មមអាចយល់គ្នាបានក្នុងការទំនាក់ទំនងការងារ។
កិច្ចព្រមព្រៀងនេះមិនបានបញ្ជាក់ថា តើក្រុមដំបូងនេះគួរត្រូវតាំងទីលំនៅមុនជនភៀសខ្លួនបន្ថែមទៀតមកដល់ឬយ៉ាងណានោះឡើយ ប៉ុន្តែទុកឲ្យកម្ពុជាជាអ្នកកំណត់។
អង្គការសិទ្ធិជនភៀសខ្លួន ដោយមានទំនាក់ទំនងជាមួយកោះណូរូបានលើកឡើងថា ជនភៀសខ្លួនតិចតួចបានមកដល់ប្រទេសកម្ពុជា ពីព្រោះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេចង់មកទេ ហើយថា ជនភៀសខ្លួនបួននាក់ដែលបានដល់កាលពីខែមិថុនា បានទទួលយកសំណើនេះបន្ទាប់ពីត្រូវបានភូតកុហកអំពីជីវភាពនៅទីនេះ និងការសន្យាផ្ដល់ប្រាក់រាប់ពាន់ដុល្លារ។
បើទោះជាមានការវិវឌ្ឍតិចតួចក៏ដោយ ក៏លោក ថាំរុង្គ បានអះអាងថា កិច្ចព្រមព្រៀងនេះនៅមានសុពលភាពនៅឡើយ ហើយថា ជនភៀសខ្លួនបន្ថែមទៀតនឹងមកដល់ជាបន្តបន្ទាប់។
លោកបានថ្លែងថា “យើងចង់ឲ្យប្រទេសអូស្ត្រាលីបញ្ជូនជនភៀសខ្លួនបន្ថែមទៀតមកប្រទេសកម្ពុជា ហើយគេអាចបញ្ជូនមកជាក្រុមមានគ្នាពីបួនទៅប្រាំនាក់ក៏បាន។ យើងនឹងបញ្ជូនមន្ត្រីរបស់យើងពីក្រសួងមហាផ្ទៃទៅកោះណូរូ ដើម្បីសម្ភាសជនភៀសខ្លួនស្ម័គ្រចិត្តមុនពេលនាំពួកគេមកប្រទេសកម្ពុជា”។ លោក ថាំរុង្គ មិនបាននិយាយថា តើគណៈប្រតិភូនឹងធ្វើដំណើរទៅនៅពេលណានោះឡើយ។
លោក ដាត់ធិន ក៏បានជួបពិភាក្សាជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកខាងភាគីកម្ពុជានៃកិច្ចព្រមព្រៀងនេះនាព្រឹកនោះផងដែរ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកមិនបានចូលរួមក្នុងជំនួបនោះទេ ដូច្នេះលោកមិនដឹងថា តើពួកគាត់ពិភាក្សាពីអ្វីឡើយ។ ក្រុមមន្ត្រីនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក៏បានឲ្យដឹងផងដែរថា ពួកគេមិនដឹងអំពីជំនួបរបស់លោក ស ខេង ឡើយ។
ទាំងការិយាល័យរបស់លោក ដាត់ធិន និងស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។ នៅក្នុងការសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីចុងខែមុន អំឡុងពេលនោះឧត្ដមសេនីយ៍ ខៀវ សុភ័គ បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសកម្ពុជា “មិនមានគម្រោងនាំយកជនភៀសខ្លួនបន្ថែម” នោះ លោក ដាត់ធិន បានលើកឡើងថា ជនភៀសខ្លួនបន្ថែមទៀតត្រៀមខ្លួនធ្វើដំណើរមក។
លោកត្រូវបានគេដកស្រង់សម្ដីនៅពេលនោះថា ”មានជនភៀសខ្លួនផ្សេងទៀតនៅលើកោះណូរូឥឡូវនេះត្រៀមខ្លួនមកកាន់ប្រទេសកម្ពុជា ហើយយើងកំពុងធ្វើការលម្អិតពីរឿងនេះជាមួយមន្ត្រីទាំងនោះ”។
កិច្ចព្រមព្រៀងរវាងប្រទេសអូស្ត្រាលី និងកម្ពុជា គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីបន្ទុចបង្អាក់ក្រុមអ្នកស្វែងរកសិទ្ធិជ្រក កោនកុំឲ្យព្យាយាមទៅកាន់ប្រទេសរបស់ខ្លួន។ អង្គការសិទ្ធិមនុស្ស និងសមាជិកសភាគណបក្សប្រឆាំងនៅក្នុងប្រទេសទាំងពីរបានចោទប្រកាន់ប្រទេសអូស្ត្រាលីថា បានបំពានកាតព្វកិច្ចអន្តរជាតិ ហើយបានរិះគន់កិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួននៅលើកោះណូរូទៅកាន់ ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រ និងពុករលួយបំផុតក្នុងតំបន់”៕ សារុន
(រាយការណ៍បន្ថែមដោយ Zsombor Peter)