នគរបាលបាននិយាយថា បុរសជនជាតិចិនបីនាក់ និងជនជាតិខ្មែរបីនាក់ត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយសង្ស័យថាជាក្រុមជួញដូរមនុស្ស ដែលក្នុងនោះស្ត្រីជនជាតិខ្មែរត្រូវបានឲ្យរៀបការជាមួយបុរសជនជាតិចិន។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីបានមានប្រសាសន៍ថា អង្គភាពរបស់លោកបានតាមដានមនុស្សទាំងបីនាក់នេះរយៈពេលជាង១ខែមកហើយ ហើយទើបតែបានប្រទះឃើញនៅម៉ោងប្រហែល៥ទៀបភ្លឺ ខណៈដែលពួកគេម្នាក់បានដឹកស្ត្រីជនជាតិខ្មែរម្នាក់ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឡើងយន្តហោះទៅទីក្រុងប៉េកាំងនៅម៉ោង៨ព្រឹក។
លោក កែវ ធា បានមានប្រសាសន៍ថា ក្រោយមកនគរ បាលបានឆ្មក់ចូលផ្ទះសំណាក់មួយស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ហើយបានរកឃើញអ្នកសមគំនិតជនជាតិខ្មែរពីរនាក់ និងស្ត្រីពីរនាក់ទៀតដែលត្រៀមឡើងយន្តហោះតាមជើងហោះហើរជាមួយគ្នានេះដែរ។
លោកបានថ្លែងថា ជនសង្ស័យទាំងនេះបាននាំពួកគេទៅផ្ទះសំណាក់មួយទៀតនៅក្បែរនោះ ទីដែលជនជាតិចិនត្រូវបានចាប់ខ្លួន។ ដោយកត់សម្គាល់ថា អ្នកទាំង៦នាក់អាចប្រឈមការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ តាមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែន លោក កែវ ធា បានមានប្រសាសន៍ថា “ឥឡូវនេះ ពួកគេទាំងអស់កំពុង ត្រូវឃុំខ្លួននៅប៉ុស្តិ៍នគរបាលប្រឆាំងការជួញដូរមនុស្ស ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃសុក្រ”។។
លោក កែវ ធា បានថ្លែងថា ជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិនទាំងនោះ ឈ្មោះ ចូ វូហួ (Cau Wuhua) អាយុ៤២ឆ្នាំ ជាមេខ្លោង ក្រុមជួញដូរកូនក្រមុំ និងមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ ចំណែកជនរួមជាតិរបស់ខ្លួនឈ្មោះ យូ យីងហុង (Yu Yinghong)អាយុ២៩ឆ្នាំ និង លី ហុងលីន (Li Honglin) អាយុ២៤ឆ្នាំ
បាននាំជនរងគ្រោះទៅប្រទេសចិន ទីដែលស្ត្រីទាំងនេះត្រូវបានលក់ក្នុងតម្លៃរហូតដល់១០.០០០ដុល្លារ។
លោកបានថ្លែងថា ជនជាតិខ្មែរទី១ ដែលត្រូវបានចាប់ខ្លួនឈ្មោះ គី ឈាងអាង អាយុ៥៧ឆ្នាំ ទទួលខុសត្រូវក្នុងការរៀបចំលិខិតស្នាមក្នុងរាជធានីភ្នំពេញ ជាមួយប្រពន្ធរបស់គាត់ឈ្មោះ ស្រី ហួរ អាយុ៦០ឆ្នាំ ចំណែក អុឹម ហាប់ អាយុ៦០ឆ្នាំ បាននាំស្ត្រីទាំងនេះមកពីស្រុកគិរីវង់ ខេត្តតាកែវ។
លោក កែវ ធា បានថ្លែងថា អុឹម ហាប់ គឺជា មុខសញ្ញាចាស់ដែលបានល្បួងជនរងគ្រោះជាច្រើនឲ្យរៀបការជាមួយបុរសជនជាតិចិនក្នុងប្រទេសចិន។លោកបានបន្ថែមថា ឈាងអាង សារភាពថា បានជួយបញ្ជូនស្ត្រីបួននាក់ទៅប្រទេសចិនមែន។
ស្ត្រីដែលបានត្រឡប់មកពីប្រទេសចិនវិញក្នុងរយៈពេល២ឆ្នាំកន្លងមកបានរាយការណ៍ថា ក្រុមជួញដូរសន្យាថា ពួកគាត់នឹងរៀបការជាមួយបុរសដែលមានទ្រព្យ និងជាប្ដីគួរឲ្យស្រឡាញ់ តែធាតុពិត ត្រូវបានរងការរំលោភ និងក្លាយជាទាសករទៅវិញ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមមន្ត្រីបានពន្យល់ប្រាប់ពីហានិភ័យមួយចំនួនដល់ស្ត្រីជនជាតិខ្មែរទាំងប្រាំនាក់ដែលមកកាន់ក្រសួងកាលពីថ្ងៃអង្គារ ជាមួយគូដណ្ដឹងជនជាតិចិនរបស់ខ្លួនដើម្បីសុំការអនុញ្ញាតទៅរៀបការនៅបរទេស ដូចដែលច្បាប់តម្រូវ ប៉ុន្តែថា ស្ត្រីទាំងនោះមិនយកចិត្តទុកដាក់នឹងការដាស់តឿនរបស់ពួកគាត់ឡើយ។
លោកបានថ្លែងថា “អ្វីដែលយើងអាចប្រាប់បាន គឺជូនដំណឹងដល់ពួកគាត់ ហើយការសម្រេចចិត្តស្ថិតនៅលើពួកគាត់ទេវាជាសិទ្ធិរបស់ពួកគាត់តាមរដ្ឋធម្មនុញ្ញ”៕ សារុន (រាយការណ៍បន្ថែមដោយ Matt Blomberg)