29 C
Phnom Penh

ការ​សិក្សា​ស្រាវជ្រាវ​​​​របស់​លោក សុខ ទូច ពាក់​​​ព័ន្ធ​​​បញ្ហា​​​​ព្រំដែន​កម្ពុជា-វៀតណាម​កំពុង​​ដំណើរ​ការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ លោក សុខ ទូច ​ដែល​ជា​បណ្ឌិត​មកពី​​រាជបណ្ឌិត្យសភា​កម្ពុជា​​បាន​លើក​ឡើង​ថា ក្រុម​​​ការ​ងារ​​ស្រាវជ្រាវ​ព្រំដែនរបស់​លោក​បាន​ចាប់​ផ្ដើម​​ចុះ​ពិនិត្យ​​ផ្ទៀង​​​ផ្ទាត់​បង្គោល​ព្រំដែន​ដែល​បោះ​នៅ​តាម​បណ្ដោយ​ព្រំដែន​​ប្រវែង​១.២២៨​គីឡូ ម៉ែត្រ​​​​​ជាមួយ​វៀតណាម​ ដោយ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​​ចំនួន​ប្រាំមួយ ដែល​បោះ​នៅ​សម័យ​អាណានិគម​​​​​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក​ ជា​ផ្នែក​នៃ​ដំណើរ​ការ​ដែល​លោក​លើក​ឡើង​ថា នឹង​ចំណាយ​ពេល​​២ឆ្នាំ ។

​បន្ទាប់ពី​​​គណបក្ស​សង្គ្រោះជាតិ​​ធ្វើ​យុទ្ធ នាការ​​កាន់តែខ្លាំងឡើង​ៗដោយ​ចោទ​ប្រកាន់​ រដ្ឋាភិបាល​ថា ​បាន​សម​គំនិត​​នៅ​ក្នុង​ការ​​ឈ្លានពាន​​ចូល​ទឹក​ដី​កម្ពុជា​ពី​សំណាក់​វៀតណាម ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​បាន​ផ្ដល់​ភារកិច្ច​ឲ្យ​លោក សុខ ទូច ​​​សិក្សា​ស្រាវជ្រាវ​លើ​ បញ្ហា​នេះ​កាលពី​សប្ដាហ៍​មុន​។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា ”​ក្នុង​ រយៈ​ពេល​​១០​ថ្ងៃ​នៅ​ព្រំដែន យើង​​​បាន​ពិនិត្យ​​ ផ្ទៀងផ្ទាត់​បង្គោល​ព្រំដែន​មួយ​ចំនួន​​ដែល​បោះ​​ តាម​បណ្ដោយ​ព្រំដែន​​កម្ពុជា-វៀតណាម​​។ ជា​ពិសេស​​​យើង​បាន​រក​ឃើញ​បង្គោល​ព្រំ ដែន​យ៉ាង​តិច​ចំនួន​ប្រាំមួយ​​ដែល​បោះ​តាំង​ពី​សម័យ​អាណានិគម​បារាំង​មក​”។

លោក​​បាន​បន្ថែម​ថា ”​​ខ្ញុំ​នឹង​​រក​ឲ្យ​ឃើញ​បង្គោល​​ព្រំដែន​ទាំង​អស់​ដែល​បោះ​​អំឡុង​សម័យ​អាណានិគម​បារាំង​​ ក៏ដូច​ជា​បង្គោល​ព្រំដែន​​ដែល​បោះ​រហូត​មក​ទល់​ពេល​នេះ​ដោយ​រដ្ឋាភិបាល​។ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​និយាយ​​ [ថាតើ​] ការ​បោះ​​នោះ​ត្រឹម​ត្រូវ​ ឬ​មិន​ត្រឹម​ត្រូវ​ឡើយ”​។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ថ្ងៃ​ច័ន្ទ លោក សុខ ទូច បាន​លើក​ឡើង​ថា លោក​បាន​ ចាប់​ផ្ដើម​​​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​​​​នៅ​ក្នុង​ខែ​ឧសភា ហើយ​មាន​គោល​ដៅ​ចុះ​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​បង្គោល​ព្រំដែន​សរុប​​ទាំង​អស់​១២៤​​ ដែល​បោះ​ដោយ​បារាំង​ ក៏​ដូច​ជា​បង្គោល​ព្រំដែន​ចំនួន​៣១៤​ផ្សេងទៀត​​ដែល​បោះ​ដោយ​រដ្ឋាភិបាល​​​របស់​លោក ហ៊ុន សែន។

លោក​បាន​មាន​ប្រសាសន៍​ថា ​”យើង​ជា​ក្រុម​ស្រាវជ្រាវ​ ដូច្នេះ​យើង​នឹង​ប្រមូលផ្តុំ​​​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​របស់​យើង​​ ហើយបង្ហាញ​ សាធារណជន​ ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ និង​គណបក្ស​​នយោបាយ​”។

លោក​បាន​បន្ថែម​ថា លោក​នឹង​បង្ហាញ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​​រយៈ​ពេល​២​ឆ្នាំ​ បន្ទាប់ពី​​​​​បង្គោល​ព្រំដែន​​ទាំង​អស់​ត្រូវ​បានពិនិត្យ​ផ្ទៀង​​​ផ្ទាត់​រួច​រាល់​។

លោក​​​បាន​ថ្លែង​​ថា ”​​លទ្ធផល​នៃ​ការ​ស្រាវ ជ្រាវ​​​របស់​យើង​ដូច​ជា​និក្ខេបបទ​អ៊ីចឹង​។ តែ​ និក្ខេបបទ​នៅ​សាកល​វិទ្យាល័យ​នេះ​​​នឹង​បង្ហាញ​ចំពោះ​មុខ​គណៈកម្មាធិការ​ដើម្បី​វាយ​តម្លៃ​​ថា តើ​​វា​អាច​ទទួល​យក​បាន​​ឬមិនបាន​ ហើយ​ថា តើ​វា​មាន​ភ័ស្តុតាង​​​​គ្រប់គ្រាន់​ដែរ​ឬទេ ខណៈ​និក្ខេបបទ​​របស់​ខ្ញុំ​នឹង​ត្រូវ​វាយ​​តម្លៃ​ ដោយ​សាធារណជន ប្រព័ន្ធ​ផ្សព្វ​ផ្សាយ រដ្ឋាភិ បាល​ ក៏​ដូច​ជា​គណបក្ស​នយោបាយ​​ដែរ​។ សាធារណ​ជន​អាច​តវ៉ា​​​​​ចំពោះ​លទ្ធផលនៃ​ការ​ស្រាវជ្រាវ​របស់​​ខ្ញុំ​​បាន​​ ហើយ​ខ្ញុំ​​​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​ខ្ញុំ​ប្រមូល​បាន​​ដល់​​ពួកគាត់​​។​ ចំពោះ​អ្នក​ដែល​អះអាង​ថា ​បាត់ដី​កន្លែង​នេះ ​កន្លែង​នោះ​ ពួកគាត់​ក៏​អាច​​​បង្ហាញ​ភ័ស្តុតាងបាន​ដែរ​​ ហើយ​យើង​នឹង​​ពិភាក្សា​វា​បន្ថែម​ទៀត​”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន​លើក​ឡើង​ថា លោក​​ជឿ​​ថា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​របស់​លោក សុខ ទូច ​នឹង​អាច​ជឿ​ទុក​ចិត្ត​បាន​ ទោះ​បី​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​រូប​នេះ​បដិសេធ​មិន អនុញ្ញាត​​ឲ្យ​​​តំណាង​រាស្ត្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិអម​​​ដំណើរ​​​លោក​​​ក្នុង​​​អំឡុង​​​រយៈ​​​ពេល​​២ឆ្នាំ​​​​នៃការ​​​បំពេញ​​​ការ​​​ងារ​​​​ក៏​​​ដោយ​​​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​រាជបណ្ឌិត្យសភា​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ​ពួកគាត់​មាន​សិទ្ធិ​​​ដាក់​ជូន​​ភាព​មិន​ប្រក្រតី​ទាំង​នោះ​មក​រដ្ឋាភិបាល​ និង​​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ ហើយ​ថា គណៈកម្មា ធិការ​នេះ​​អាច​ពិនិត្យ​ពិច័យ​ថា​តើ​វា​ពិត​ឬមិន​ពិត”។ លោក​បាន​បន្ថែម​ថា ”​រដ្ឋសភា​នឹង​ពិនិត្យមើល​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ។ ប៉ុន្តែ​​គម្រោង​នេះ​​​​កំពុង​តែ​បន្ត​ហើយ​​ ដោយ​រាជ បណ្ឌិត្យសភា​ធ្វើ​ការ​​​​​ផ្អែក​តែ​លើ​​ការ​​​​​ពិនិត្យ​ផ្ទៀង​ផ្ទាត់​តាម​បែប​វិទ្យាសាស្ត្រ​ មិន​មែន​នយោបាយ​ទេ​”។

លោក ផៃ ស៊ីផាន បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ​វា​ជា​រឿង​ធម្មតា​ទេ​​ដែល​​ពល រដ្ឋ​ខ្លះ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​ស្រាវ ជ្រាវ​របស់​លោក សុខ ទូច​។

លោក​បាន​ថ្លែង​ថា ​”​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​គាំទ្រ​លោក បារ៉ាក់ អូបាម៉ា ​ប្រធានាធិបតី​​ អាមេរិក?​ មិន​មែន​​ពលរដ្ឋ​គ្រប់ៗ​គ្នា​គាំទ្រ​គាត់​​​​ឡើយ​។ សម្រាប់​រដ្ឋាភិបាល​ យើង​នឹង​ឃើញ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​គាត់​ ប៉ុន្តែ​មិន​ប្រាកដ​ថា ​ត្រូវ​ទទួល​យក​លទ្ធផល​នេះ​ទេ​”។

នៅ​ក្នុង​សុន្ទរកថា​រយៈ​ពេល​៣​ម៉ោង​ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​កាលពី​ថ្ងៃ​អង្គារ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​គឺ​ជា​អ្នក​គាំទ្រ ​​មុន​​គេ​ចំពោះ​​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ​​​សុខ ទូច ដែល​​ឈរ​នៅ​ភាគី​ខាង​រដ្ឋាភិបាល​ប្រឆាំង​ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា មាន​ការ​​ប្រើ​ប្រាស់​ផែនទី​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​កំណត់​ព្រំដែន​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “​​ខ្ញុំ​សូម​​​សរសើរ​​​ឯក​ឧត្ដម​ សុខ ទូច ដែល​ធ្វើ​ការ​​លើ​​បញ្ហា​ផែនទី​​ដោយ​ឯករាជ្យ​​​​ និង​តម្លា​​​ភាព​។ រដ្ឋាភិ បាល​លើក​ទឹក​ចិត្ត​ដល់​ការ​សិក្សា​ស្រាវ​​​ជ្រាវ​នេះ”។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​លើ​ការ​សិក្សា​ស្រាវ ជ្រាវ​​របស់លោក​ សុខ ទូច​ ឡើយ​។ គណបក្ស​ប្រឆាំង​មាន​តំណាង​រាស្ត្រ​ផ្ទាល់​​ខ្លួន​ដែល​អាច​ចុះ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ព្រំដែន​បាន​ ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​​ ​ថា តើ​គណបក្ស​របស់​លោក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​នេះ​ឬយ៉ាង​ណា​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មិន​ចង់​ពាក់​ព័ន្ធ​​នៅ​ក្នុង​អ្វី​ដែល​គាត់​បាន​ធ្វើ​ទេ។ យើង​មាន​​ក្រុម​តំណាង​រាស្ត្រ​ផ្ទាល់​ខ្លួន​ហើយ។ ​​​មាន​ការ​ឆ្លើយ​តប​អវិជ្ជមាន​ជាច្រើន​ពី​ពលរដ្ឋ និង​អ្នក​អង្កេតការណ៍ ចំពោះ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​ ហេតុ​ដូច្នេះ​យើង​មិន​ចង់​​ធ្វើ​អត្ថា​​​ធិប្បាយ​ទេ”៕ ស៊ុយឈាង​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស