កាលពីម្សិលមិញ លោក អ៊ុក ពេជ្រសំណាង សកម្មជនបក្សប្រឆាំងដែលកំពុងជាប់់ពន្ធនាគារបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសប្រព័ន្ធតុលាការកម្ពុជាបន្ទាប់ពីលោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំបន្ថែមទៀតពីបទបង្កអំពើហិង្សាដោយចេតនា និងរារាំងមន្ត្រីសាធារណៈ ទោះបីជាគ្មានភ័ស្តុតាងដាក់បន្ទុកលើរូបលោកក៏ដោយ។
លោក អ៊ុក ពេជ្រសំណាង ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៧ឆ្នាំស្រាប់ពីបទ “ចូលរួមកុបកម្ម” ពាក់ព័ន្ធការតវ៉ាដ៏ហិង្សាមួយក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ ត្រូវបានរកឃើញថា មានពិរុទ្ធភាព ដោយសារជាប់ទាក់ទិននឹងការតវ៉ាកាលពីថ្ងៃទី២០ខែតុលា ដែលនៅពេលនោះលោកបានបើករ៉ឺម៉កម៉ូតូរបស់ខ្លួនបុកទម្លាយរបាំងដែក។
អំឡុងពេលបើកសវនាការជំនុំជម្រះក្តីសន្តិសុខប្រាំនាក់ដែលរងរបួសអំឡុងការតវ៉ាបានផ្តល់សក្ខីកម្មថា ពួកគេមិនបានឃើញលោក អ៊ុក ពេជ្រសំណាង ចូលរួមនៅក្នុងការបង្កអំពើហិង្សាឡើយ ប៉ុន្តែ ជឿថា គាត់ជាអ្នកត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។ ចៅក្រម អឹុម វណ្ណៈ បានប្រាប់តុលាការកាលពីម្សិលមិញថា ការផ្តន្ទាទោសនេះវាគ្រប់គ្រាន់ហើយ។
ចៅក្រម អឹុម វណ្ណៈ បានប្រកាសថា ”សាលា ដំបូងរាជធានីភ្នំពេញសម្រេច ១ឲ្យលោក អ៊ុក ពេជ្រសំណាង រួចពីការចោទប្រកាន់ពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ សាធារណៈដោយមានស្ថានទម្ងន់ទោស និងពីបទចូលរួមសមាគមទុច្ចរិត។ ២ [តុលាការ] បានផ្តន្ទាទោស លោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ក្រោមការចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស និងរារាំងមន្ត្រីសាធារណៈ”។
ចៅក្រមរូបនេះ ក៏បានបង្គាប់ឲ្យលោកអ៊ុក ពេជ្រសំណាង បង់ប្រាក់សំណង១០លានរៀលលើថ្លៃចំណាយក្នុងការព្យាបាលសន្តិសុខដែលរងរបួស និងសម្រាប់សម្ភារដែលខូចខាតរបស់សន្តិសុខខណ្ឌដូនពេញផងដែរ។
បន្ទាប់ពីការប្រកាសសាលក្រមលោក អ៊ុក ពេជ្រសំណាង បានក្រោកឈរឡើងហើយប្រាប់តុលាការថា ការសម្រេចនេះមិនយុត្តិធម៌ទេ។
ចៅក្រម អឹុម វណ្ណៈ បានឆ្លើយតបថា “អ្នកឯងអាចប្តឹងទាស់សាលក្រមនេះបាន”។
លោក អ៊ុក ពេជ្រសំណាង បានឆ្លើយតបវិញថា “មិនចាំបាច់ប្តឹងឧទ្ធរណ៍ទេ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់ប្រាប់តុលាការឯងថា អយុត្តិធម៌ចំពោះខ្ញុំ។ ប្រមុខរដ្ឋាភិបាលរបស់អ្នកឯងញុះញង់ឲ្យអ្នកឯងចាប់យើងដាក់ពន្ធនាគារ”។លោកបានបន្តទៀតថា “តុលាការឯងជាតុលាការ ឧក្រិដ្ឋកម្ម។ ខ្ញុំបានប្រាប់សារព័ត៌មានជាតិ និងអន្តរជាតិថា សូមថ្កោលទោសរឿងេនះ។ ជាពិសេសអង្គការសង្គមស៊ីវិល និងតំណាងអ្នកច្បាប់សូមចាប់អារម្មណ៍ឲ្យបានខ្លាំង។ កុំធ្វើជារឿងលែងសើច”។
សាក្សីដែលគេហៅឲ្យមកផ្តល់សក្ខីកម្ម អំឡុងការបើកសវនាការជំនុំជម្រះក្តីនេះគ្មាននរណាម្នាក់និយាយថា សកម្មជនរូបនេះបានធ្វើលើសពីការបើករ៉ឺម៉កម៉ូតូរបស់ខ្លួនបុកទម្លុះរបាំងរបស់សន្តិសុខខណ្ឌដូនពេញ និងឈរនៅលើរ៉ឺម៉កម៉ូតូស្រែកតាមឧគ្ឃោសន សព្ទអំឡុងការតវ៉ាឡើយ។ កាលពីថ្ងៃទី២៥ ខែសីហា ជាថ្ងៃចុងក្រោយនៃការ បើកសវនាការ ជំនុំជម្រះក្តីសន្តិសុខទាំងអស់បានប្រាប់តុលាការយ៉ាងច្បាស់ថា ពួកគេមិនបានឃើញលោក អ៊ុក ពេជ្រសំណាង ចូលរួមក្នុងការបង្កអំពើហិង្សាដោយផ្ទាល់ភ្នែកនោះឡើយ ប៉ុន្តែ បានបន្ទោសគាត់ចំពោះការដែលធ្វើឲ្យសន្តិសុខរងរបួសក្រោមដៃរបស់អ្នកតវ៉ា។
ចៅក្រម អឹុម វណ្ណៈ បានសួរសន្តិសុខម្នាក់ឈ្មោះ នាង សំមករា អាយុ២៦ឆ្នាំ [ដែលនិយាយថា ដៃស្តាំ ដៃឆ្វេង និងកជើងរបស់ខ្លួន រងរបួសនោះ] ថា “តើលោក អ៊ុក ពេជ្រសំណាង មានបានវាយដំអ្នកទេ?”។ សន្តិសុខរូបនេះបានឆ្លើយថា “ទេ គាត់មិនបានវាយដំខ្ញុំទេ ប៉ុន្តែ គាត់បានដឹកនាំពលរដ្ឋ”។
រូបភាពវីដេអូរយៈពេល៥នាទីស្តីអំពីសកម្មជនអាយុ៥៤ឆ្នាំរូបនេះ ឈរស្រែកនៅលើរ៉ឺម៉កម៉ូតូរបស់ខ្លួន ក៏ត្រូវបានយកមកបង្ហាញនៅចំពោះមុខតុលាការដែរ អំឡុងការបើកសវនាការជំនុំជម្រះកាលពីខែមុន។
លោក ជូង ជូងី មេធាវីរបស់លោក អ៊ុកពេជ្រសំណាង បាននិយាយតាមទូរស័ព្ទបន្ទាប់ពីការប្រកាសសាលក្រមថា តាមពិតទៅកូនក្តីរបស់លោកទេ ដែលរងរបួសអំឡុងពេលតវ៉ា ក្រោមដៃរបស់សន្តិសុខ។ លោកបានមានប្រសាសន៍ថា “ការសម្រេចនេះប្រាស់ ចាកនឹងភាពយុត្តិធម៌។ តុលាការគួរតែរកឲ្យឃើញអ្នកដែលវាយដំ និងធ្វើឲ្យគាត់របួសបែកក្បាល ហើយដាក់ទោសទណ្ឌពួកគេប៉ុន្តែ គេបានដាក់ទោសទណ្ឌអ្នកដែលត្រូវគេវាយដំឲ្យរងរបួសបែកក្បាលទៅវិញ”។ លោកបានថ្លែងបន្ថែមថា “សូម្បីតែសន្តិសុខក៏បាននិយាយដែរថា ពួកគេមិនបានឃើញ លោក អ៊ុក ពេជ្រសំណាង វាយដំសន្តិសុខឡើយ។ ដូច្នេះតុលាការបានផ្តន្ទាទោសគាត់ ដោយគ្មានសាក្សី ឬភ័ស្តុតាងដែលបញ្ជាក់ថា គាត់បានបង្កអំពើហិង្សា”។
ដោយអង្គុយនៅលើបង់មួយក្រៅបន្ទប់ សវនាការ អ្នកស្រី ទិត្យ ណារិន អាយុ៤៨ឆ្នាំដែលជាប្រពន្ធរបស់ លោក អ៊ុក ពេជ្រសំណាងបានលើកឡើងថា ទោះបីជាប្តី របស់អ្នកស្រីបាននិយាយអ្វីនៅក្នុងបន្ទប់សវនាការក៏ដោយ ក៏អ្នកស្រីនឹងប្រាប់លោក ជូង ជូងី ឲ្យប្តឹងទាស់នឹងការផ្តន្ទាទោសនេះដែរ។
អ្នកស្រីបាននិយាយថា “ថ្ងៃស្អែក ខ្ញុំនឹងទាក់ទងមេធាវីដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយយើងនឹងប្តឹងទាស់ការសម្រេចេនះ”។ អ្នកស្រីបានបន្ថែមថា គ្រួសាររបស់អ្នកស្រីគ្មានលទ្ធភាពបង់ប្រាក់ពិន័យ ឬសំណងជំងឺចិត្តឡើយ។
អ្នកស្រីបាននិយាយទៀតថា “តើខ្ញុំមានលទ្ធភាពបង់យ៉ាងម៉េចទៅ បើពេលនេះខ្ញុំកំពុងក្រស្រាប់ទៅហើយនោះ។ កូនប្រុសច្បងរបស់ខ្ញុំទើបតែស្លាប់ ហើយឪពុករបស់គេក៏ជាប់គុកទៀត។របស់របរទាំងអស់របស់ខ្ញុំដូចជាមេក្រូ និងរ៉ឺម៉កម៉ូតូសុទ្ធតែខូចខាតអស់ហើយ ហើយគ្មាននរណារកដំណោះស្រាយឲ្យទេ”៕ ស៊ុយឈាង