29 C
Phnom Penh

ស្នងការ​រង​ខេត្ត​​​​​​កំពង់ឆ្នាំង​បដិសេធ​​​ថា មិនបាន​​យកលុយសំណូក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​ស្នង​ការ​រង​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​បាន​បដិសេធ​​ការ​អះអាង​ដែល​ថា លោក​បាន​យក​​​​​​លុយ​ជាង​២០០.០០០​ដុល្លារ​ ជា​ថ្នូរ​នឹង​​ការ​ឲ្យ​បេក្ខជន​ប្រហែល​១០០​នាក់​​​ប្រឡង​ជាប់​​ចូល​បម្រើការ​ងារ​​ជា​មន្ត្រី​នគរ​បាល​។

​យោង​តាម​លិខិត​​មួយ​ច្បាប់​ដែល​​ចុះ​ផ្សាយ​​​ក្នុង​គេហទំព័រ​របស់​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) ​បាន​ឲ្យ​ដឹង​ថា លោក ស៊ុំ សុជាតិ ​ស្នង​ការ​រងនគរបាល​ខេត្ត​​ទទួល​ផែន​​​ធនធាន​​មនុស្ស​​​​​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យក​លុយ​​​​៣០​ដុល្លារ​ពី​បេក្ខជន​ម្នាក់ៗ​​​ដែល​ដាក់​ពាក្យ​សុំ​ប្រឡង​ និង​លុយ​ជាង​​២.០០០​ដុល្លារ​ទៀត​ប្រសិន​បើ​បេក្ខជននោះ​​ចង់​ប្រឡង​ជាប់​​។

លិខិត​​គ្មាន​ចុះ​កាលបរិច្ឆេទ​នេះ​មាន​ខ្លឹម​សារ​​​​ថា “ លោក ស៊ុំ សុជាតិ ត្រូវ​បាន​ចោទ​ប្រកាន់​​​​ថាបាន​យក​លុយ​ពី​បេក្ខជន​ប្រឡង​ជាប់​​ក្រប​​ខ័ណ្ឌ​នគរ​បាល​ជាតិ​នៅ​ស្នង​ការដ្ឋាន​​នគរ​បាល​​​ខេត្ត​កំពង់ឆ្នាំង​ក្នុង​​ឆ្នាំ​២០១៤ ចាប់​ពី​ចំនួន​​២.០០០​​​​ដុល្លារ​ទៅ​២.៥០០​ដុល្លារ​ក្នុង​ម្នាក់ៗ​”។​​

បន្ថែម​ពី​​លើ​ការ​សូក​បា៉ន់​នោះ លោក ស៊ុំ សុជាតិ ក៏​ត្រូវ​បាន​​ចោទ​ប្រកាន់​​ផង​ដែរ​ថា បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​​​ជា​ប្រធាន​​ផែន​​ធនធាន​មនុស្ស ​​​បើក​យក​ប្រាក់​បៀវត្សរ៍​របស់​​​​​មន្ត្រី​នគរ​​​​បាល​ខេត្ត​ពីរ​រូប​ដែល​មិន​បម្រើ​ការ​ងារ​។ ​​លោក ស៊ុំ សុជាតិ មិន​អាច​ទាក់​ទង​បាន​ទេ​កាល​​​​​​ពី​ម្សិលមិញ។

ទោះ​ជាយ៉ាងណា លិខិត​របស់​ ACU ដែល​​​បាន​​ចោទ​ប្រកាន់​​លោក ស៊ុំ សុជាតិ ​​ក៏​រួម​មាន​ការ​ឆ្លើយ​តប​​ដែល​​ស្នងការ​រង​រូប​នេះ​​​​បដិ​សេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ផង​ដែរ​។

ជាការ​ឆ្លើយ​តប​លោក ស៊ុំ សុជាតិ ​ថ្លែង​ថា ​​​លោក​​​ធ្លាប់​បានលក់ពាក្យសុំ​ប្រឡង​​ក្នុង​មួយ​ច្បាប់​​​​៥.០០០​រៀល ហើយ​បាន​ប្រាក់​សរុប​ចំនួន​​​​១.២៥០.០០០​រៀល​យកទៅ​ឲ្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ។

លិខិត​ដដែល​នេះ​បន្ត​ថា ស្នង​ការ​រង​រូប​នេះ​​​​​គ្រាន់​តែ​​​ជា​សមាជិក​​ម្នាក់​ក្នុង​គណៈ​កម្មការ​​​ប្រឡង​ដែល​កំណត់​ឲ្យ​បេក្ខជន​ជាប់-ធ្លាក់​ ​​ប៉ុណ្ណោះ។ ក្នុង​ចំណោម​​​សមាជិក​​គណៈ​កម្មការ​​​ប្រឡង​ក៏​រួម​មាន​អភិបាល​រង​ខេត្ត​ផងដែរ​។

លិខិត​ដដែល​នេះ​​មាន​ខ្លឹមសារ​បន្ថែម​ទៀត​ថា “​ដូច្នេះ​​ គាត់​ពុំ​​អាច​ ឬ​ពុំបាន​យក​លុយ​ពី​បេក្ខជន​​ចំនួន​១១៣​នាក់​​ ក្នុង​មា្នក់ៗ​ចាប់​ពី​​២.០០០​ដុល្លារ​ទៅ​២.៥០០​ដុល្លារ ​ជា​ថ្នូរ​នឹង​ការ​ប្រឡង​ជាប់​​ដូច​​ព័ត៌មាន​រាយការណ៍​​ឡើយ​”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស