35 C
Phnom Penh

គណៈប្រតិភូ​កម្ពុជា​នឹង​ទៅកោះណូរូ​នៅ​​ប៉ុន្មាន​សប្តាហ៍ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា លោក ភីធើ ដាត់ធិន (Peter Dutton)រដ្ឋមន្ត្រី​ក្រសួង​​អន្តោ​ប្រវេសន៍​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា មន្ត្រី​កម្ពុជា​នឹង​​ធ្វើ​​ដំណើរ​ទៅ​កាន់​ប្រទេស​ដែន​កោះ​ណូរូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​​​ពិនិត្យ​មើល​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​សម្រាប់​គម្រោង​តាំង​​ទីលំនៅ​ថ្មី​​​ដ៏ចម្រូងចម្រាសរបស់ខ្លួន​។

សុន្ទរកថា​របស់​លោក​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​បានមក​​​បំពេញ​ទស្សនកិច្ច​​​នៅ​​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​ការ​ប្រកាស​ឲ្យ​ដឹង​​​ ​​​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​កិច្ច​ព្រមព្រៀង​​​​​ដែល​​​​​​ទំនង​ជា​បរាជ័យ​​ មាន​ដំណើរ​ការ​ទៅ​មុខ​។

កាលពី​មួយ​ឆ្នាំ​មុន​​​ ប្រទេស​អូស្ត្រាលី​បាន​សន្យា​ផ្ដល់​ប្រាក់​​ជំនួយ​​បន្ថែម​ដល់​ប្រទេស​កម្ពុជា​​​ចំនួន​៤០​លាន​ដុល្លារ​​​អូស្ត្រាលី (២៨,១​លាន​ដុល្លារ​) ជា​ថ្នូរ​នឹង​ការព្រមព្រៀង​​តាំង​ទី​លំនៅថ្មី​ដល់​​ជន​ភៀស​ខ្លួន​ក្នុង​ចំនួន​មិន​បញ្ជាក់​​​​​​ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃុំខ្លួន​នៅ​លើ​កោះ​ណូរូ​កណ្ដាល​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​។

ដំណើរ​ទស្សនកិច្ច​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ ដាត់ធិន កាលពី​ថ្ងៃ​ពុធ ធ្វើ​ឡើង​​បន្ទាប់​​ពី​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​រាយការណ៍ព្រោង​ព្រាត​ថា ប្រទេស​កម្ពុជា​ទំនង​ជា​បដិសេធ​មិន​ទទួល​យក​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត​ក្រៅ​ពី​​ជន​ភៀស​​​ខ្លួន​​បួន​នាក់​ដែល​បាន​មក​ដល់​កាលពី​ខែ​មិថុនា។

​បន្ទាប់ពី​ជំនួប​បិទ​ទ្វារ​​របស់លោក​ ដាត់ធិន​ ជាមួយ​លោក ស ខេង ​​រដ្ឋមន្ត្រី​ក្រសួង​​មហា​ផ្ទៃ​ ​​​និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទី​ប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី​​បានមាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នឹងទទួល​យក​​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត តែលោក​មិន​បាន​ផ្ដល់​​ព័ត៌មាន​លម្អិត​ឡើយ​។

យោង​តាម​​ព័ត៌មាន​ ABC របស់​ប្រទេស​អូស្ត្រាលី​​​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ លោក ​​ដាត់ធិន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​នឹង​បញ្ជូន​​​គណៈប្រតិភូ​ទៅកោះ​ណូរូ​​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ទៀត​​ ដើម្បី​សម្ភាស​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ថ្មី​ដែល​ប្រទេស​អូស្ត្រាលី​​​​បាន​រក​ឃើញ​រួច​ហើយ។

យោង​តាម​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​រូប​នេះ​បាន​គាំទ្រ​​​ការ​អះអាង​របស់​ប្រទេស​កម្ពុជា​ដែល​ថា ខ្លួន​កំពុង​​ប្រឹង​ប្រែង​បញ្ចូល​​ជន​ភៀស​​​ខ្លួន​ក្រុម​ដំបូង​នេះ​ទៅ​​ក្នុង​សង្គម​។

លោក​បាន​ថ្លែង​ថា ”យើង​អាច​និយាយ​បាន​​​​ថា ​ជន​ភៀសខ្លួន​បួននាក់​ដំបូង​នេះ​គឺគ្រាន់​តែ​ជា​ការ​​បង្ហាញ​ឲ្យ​​យើង​ និង​ប្រជាជន​កម្ពុជា​ដឹងថា ស្ថាន​ភាព​នេះ​អាច​ដំណើរការទៅ​បាន​ ហើយពួក​គេ​អា​ចប្រើប្រាស់​កម្មវិធី​នេះបាន​។​​​​​ពួកគេ​បាន​កំណត់​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ ហើយ​​យើង​នឹង​ធ្វើ​ការ​ជាមួយ​មន្ត្រី​កម្ពុជា​​ដើម្បី​ធានា​ថា យើង​អាច​​​គ្រប់គ្រង​​​ក្រុម​​​អ្នក​ស្ម័គ្រ​ចិត្ត​បន្ទាប់​ដែល​នឹង​ធ្វើ​ដំណើរ​មក”​។

ទាំង​អ្នក​នាំពាក្យ​ក្រសួង​​​មហាផ្ទៃ​​​ដែល​ទទួល​បន្ទុក​​ខាង​ភាគី​កម្ពុជា​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​តាំង​ទីលំនៅ​ថ្មី និង​​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​នេះ​មិន​អាច​​ទាក់​​ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ មន្ត្រី​ផ្សេង​​ទៀត​​​នៅ​នាយកដ្ឋាន​នេះ​បាន​លើក​ឡើង​ថា ពួកគេ​​មិន​ដឹង​អំពី​​​ព័ត៌មាន​វិវឌ្ឍន៍​ឡើយ​។

ប្រទេស​អូស្ត្រាលី និង​អង្គការ​អន្តរជាតិ​ទេ​សន្តរប្រវេសន៍​ដែល​កំពុង​​ជួយ​សម្រប​សម្រួល​ការ​តាំង​ទីលំនៅ​ថ្មី​នេះ​ បាន​លើក​ឡើង​​​ពី​ជន​ភៀស​ខ្លួន​បួន​នាក់​ដែលកំពុង​​ស្នាក់​នៅ​ក្នុង​កន្លែង​ស្ងប់​ស្ងាត់​បិទ​របង​ជិត​មួយ​កន្លែង​​​​​ក្នុង​រាជធានី​ភ្នំពេញ​។

ក៏​មាន​ព័ត៌​មាន​លេច​ឡើង​កាលពី​សប្ដាហ៍​​មុន​ផង​ដែរ​ថា ជន​ភៀស​ខ្លួន​ម្នាក់​ក្នុង​ចំណោម​​ជន​ភៀស​ខ្លួន​ទាំង​​បួន​នាក់​​នោះ [គឺ​បុរស​ជន​ជាតិ​​ភាគ​​តិច​រ៉ូហុីង​យ៉ា​​ដែល​បាន​​ភៀស​​​ខ្លួន​ដោយ​សារ​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​​ក្នុង​ប្រទេស​ភូមា] បាន​ស្នើសុំ​ត្រឡប់​​ទៅ​​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​៕ សារុន

(រាយការណ៍​​បន្ថែម​ដោយ អូន ភាព​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស