មន្ត្រីនគរបាលម្នាក់បាននិយាយថា គ្រូពេទ្យម្នាក់ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបុរសម្នាក់ដែលគាត់ព្យាបាល បានប្រកាច់ស្លាប់។
លោក គឹម ឡៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ សារុំ ភក្ដី បានព្យាបាលលោក ស៊ិន សារុន អាយុ៧១ឆ្នាំ ដោយចាក់ថ្នាំពីរម្ជុលនៅផ្ទះរបស់កសិករវ័យចំណាស់រូបនេះ បន្ទាប់ពីគាត់ត្រឡប់មកពីធ្វើការវិញដោយត្អូញថា ចុកដើមទ្រូង។
លោក គឹម ឡៃ បានថ្លែងថា “នៅពេលជនសង្ស័យរូបនេះព្យាយាមព្យាបាលជនរងគ្រោះ ជនរងគ្រោះនិយាយថា គាត់ធូរស្រាលហើយ។ ប៉ុន្តែ១៥នាទីក្រោយមក ជនរងគ្រោះបានប្រកាច់ស្លាប់នៅផ្ទះរបស់ខ្លួនតែម្ដង”។
នាយការិយាល័យរូបនេះមានប្រសាសន៍បន្ថែមថា គ្រូពេទ្យ ភក្ដី បានធ្វើរោគវិនិច្ឆ័យលោក ស៊ិន សារុន ខុស ហើយបានចាក់ថ្នាំដោយគិតថា គាត់ចុកពោះ។ លោកថ្លែងថា បន្ទាប់ពីជនរងគ្រោះស្លាប់ ក្រុមគ្រួសារបានដាក់ពាក្យបណ្ដឹងទៅនគរបាលខេត្តភ្លាម ហើយយើងបានសម្រេចឃាត់ខ្លួនគាត់នៅមន្ទីរពេទ្យតែម្ដង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “នៅពេលយើងសាកសួរ គាត់បាននិយាយថា គាត់មិនចង់ជួយជនរងគ្រោះទេ ប៉ុន្តែក្រុមគ្រួសារបុរសរូបនេះបានអង្វរគាត់។ លោក គឹម ឡៃ បានថ្លែងថាគ្រូពេទ្យ ភក្ដី នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ”៕ សារុន