32 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​បង្គាប់​​​ឲ្យ​​​ធ្វើ​​​ញត្តិ​​​គាំទ្រ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​អំពី​​​ព្រំដែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​បាន​​​បញ្ជា​​​ឲ្យ​​​សាខា​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​របស់​​​ខ្លួន​​​ណែនាំ​​​មន្ត្រី​​​ស៊ីវិល​​​ និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ចុះ​​​ហត្ថលេខា​​​លើ​​​ញត្តិ​​​គាំទ្រ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​រយៈ​​​ពេល​​​៣​​​ម៉ោង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ​​​ ដែល​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​លោក​​​បាន​​​ការ​​​ពារ​​​កិច្ច​​​ការ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​​​​កំណត់​​​ព្រំដែន​​​របស់​​​ប្រទេស​​​កម្ពុជា​​​ជា​​​មួយ​​​ប្រទេស​​​វៀតណាម​​​។

លិខិត​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ពុធ​​​ និង​​​មាន​​​វាយ​​​ត្រា​​​ថា “សម្ងាត់​​​” បញ្ជា​​​ដល់​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស​​​គ្រប់​​​ខេត្ត​​​ឲ្យ​​​ធ្វើ​​​ញត្តិ​​​គាំទ្រ​​​សេចក្តីថ្លែង​​​ការណ៍​​​របស់​​​លោក ហ៊ុន សែន ដែល​​​បាន​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។

លិខិត​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “១ ចាត់​​​ចែង​​​បំផុស​​​ណែនាំ​​​ឲ្យ​​​មជ្ឈដ្ឋាន​​​​​​នានា​​​ដូច​​​ជា​​​មន្ត្រី​​​រាជ​​​ការ​​​ កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ គ្រូបង្រៀន​​​ ព្រះ​​​សង្ឃ​​​ អាជីវករ​​​ កម្មករ​​​ កសិករ​​​ សិស្ស​​​និស្សិត​​​ និង​​​អង្គការ​​​សង្គម​​​ ។ល។ ធ្វើ​​​ញត្តិ​​​គាំទ្រ​​​ឲ្យ​​​បាន​​​ផុស​​​ផុល​​​នូវ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​ [លោក ហ៊ុន សែន] ស្តី​​​ពី​​​បញ្ហា​​​ផែន​​​ទី​​​ និង​​​បញ្ហា​​​ព្រំដែន​​​កម្ពុជា​​​ ដែល​​​បាន​​​ផ្សាយ​​​តាម​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​នា​​​ថ្ងៃ​​​ទី​​​៨ ខែ​​​កញ្ញា ថ្មី​​​ៗ​​​នេះ”។

លិខិត​​​មាន​​​ខ្លឹមសារ​​​បន្ត​​​ថា “២ នៅ​​​ពេល​​​ធ្វើ​​​ [ញត្តិ]រួច​​​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​ សូម​​​ឯក​​​ឧត្តម​​​ប្រធាន​​​ចាត់​​​ចែង​​​ធ្វើ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ញត្តិ​​​ទាំង​​​អស់​​​នោះ​​​នៅ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​នានា​​​ ឬ​​​តាម​​​បណ្តាញ​​​ព័ត៌​​​មាន​​​សង្គម​​​ ដូច​​​ជា Facebook ឲ្យ​​​បាន​​​ទូលំទូលាយ​​​ និង​​​ត្រូវ​​​ផ្ញើ​​​មួួ​យ​​​ច្បាប់​​​មក​​​ខុទ្ទកាល័យ​​​គណៈកម្មាធិការ​​​កណ្តាល​​​ឲ្យ​​​បាន​​​ឆាប់​​​ ដើម្បី​​​ខុទ្ទកាល័យ​​​ជួយ​​​ផ្សព្វ​​​ផ្សាយ​​​បន្ត​​​ទៀត​​​”។ ​​​

លោក សុខ ឥសាន​​​ អ្នក​​​នាំពាក្យ​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បញ្ជាក់​​​ភាព​​​ពិត​​​ប្រាកដ​​​នៃ​​​លិខិត​​​នោះ​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​លោក សាយ​​​ ឈុំ អគ្គលេខាធិការ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មាន​​​អ្វី​​​ខុស​​​ទេ​​​ដែល​​​គណបក្ស​​​ចេញ​​​បញ្ជា​​​ណែនាំ​​​សមាជិក​​​របស់​​​ខ្លួន​​​នោះ​​​ ពីព្រោះ​​​វា​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​រចនា​​​សម្ព័ន្ធ​​​ការងារ​​​របស់​​​គណបក្ស​​​”។

លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ​​​តាំង​​ពីមុន​​​បទ​​​បញ្ជា​​​ចេញ​​​ម្លេ៉ះ អ្នក​​​គាំទ្រ​​​ ឬ​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មួយ​​​ចំនួន​​​​​​បាន​​​ធ្វើ​​​ញត្តិ​​​រួច​​​ហើយ​​​ ហើយ​​​គាំទ្រ​​​ប្រសាសន៍​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

លោក​​​បាន​​​បន្ត​​​ទៀត​​​ថា “ប៉ុន្តែ យើង​​​ចង់​​​ឲ្យ​​​សមាជិក​​​របស់​​​យើង​​​ធ្វើ​​​ញត្តិ​​​គាំទ្រ​​​ក្នុ​​​ងពេល​​​តែ​​​មួយ​​​ដើម្បី​​​បង្ហាញ​​​ថា គណបក្ស​​​របស់​​​យើង​​​មាន​​​សាមគ្គីភាព​​​រឹង​​​មាំ​​​ និង​​​ធ្វើ​​​តាម​​​រចនា​​​សម្ព័ន្ធ​​​ការ​​​ងារ​​​ឥត​​​ខ្ចោះ​​​”។

ក្នុង​​​ការ​​​ថ្លែង​​​របស់​​​លោក​​​ ដែរ​​​ធ្វើ​​​ឡើង​​​ក្រោយ​​​ពី​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​នៃ​​​ការ​​​អះអាង​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ថា រដ្ឋាភិបាល​​​សម​​​គំនិត​​​ក្នុង​​​ការ​​​ទន្ទ្រាន​​​ដោយ​​​វៀតណាម​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​ថា ការ​​រិះ​​​គន់​​​កិច្ច​​​ការ​​​ព្រំដែន​​​របស់​​​រដ្ឋាភិបាល​​​ និង​​​មិន​​​ត្រូវ​​​អត់ឱន​​​ឲ្យ​​​ទៀត​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​អ្នក​​​នយោបាយ​​​គណបក្ស​​​ប្រឆាំង​​​បន្ត​​​ប្រើ​​​បញ្ហា​​​ព្រំដែន​​​ដ៏​​​រសើប​​​នេះ​​​ដើម្បី​​​ប្រយោជន៍​​​នយោបាយ​​​របស់​​​ខ្លួន​​​ វិធី​​​ថ្មី​​​សម្រាប់​​​ដំណោះ​​​ស្រាយ​​​​​​នឹង​​​ត្រូវ​​​ចាត់​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​”៕និត

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស