មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ពេទ្យសត្វប្រហែល១៣.០០០នាក់នៅទូទាំងប្រទេសត្រូវបានគេស្នើសុំឲ្យជួយពិនិត្យការដឹកជញ្ជូនជ្រូក ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនាពេលថ្មីៗនូវជំងឺ “ជ្រូកត្រចៀកខៀវ” ក្នុងខេត្តសៀមរាប ដែលបណ្តាលឲ្យងាប់សត្វច្រើនជាង១.០០០ក្បាល។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម បានមានប្រសាសន៍ថា សេចក្តីប្រកាសមួយត្រូវបានចេញកាលពីដើមសប្តាហ៍នេះ ដោយលម្អិតអំពីវិធានការដើម្បីទប់ស្កាត់ជំងឺនេះកុំឲ្យរាលដាល។ លោកបានឲ្យដឹងទៀតថា ករណីថ្មីៗត្រូវបានគេរកឃើញ គឺផ្ទុយពីការអះអាងដែលធ្វើឡើងដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបកាលពីថ្ងៃអង្គារ ដែលថា ការឆ្លងជំងឺត្រូវទប់ស្កាត់បានទាំងស្រុង។
លោក រស្មី បានមានប្រសាសន៍ថា “ក្រសួងកសិកម្មមានពេទ្យសត្វប្រហែល១៣.០០០នាក់ មាននៅគ្រប់ភូមិក្នុងប្រទេស ដើម្បីពិនិត្យការដឹកជញ្ជូន និងការលក់ជ្រូក ធ្វើឲ្យប្រាកដថា មានការបាញ់ថ្នាំសម្លាប់មេរោគ និងការចាក់ថ្នាំជ្រូក ព្យាបាលជ្រូកឈឺ និងអប់រំអ្នកភូមិឲ្យចូលរួមក្នុងការពិនិត្យរហូតដល់ដើមខែតុលា”។
លោកបានបន្ថែមថា “ប្រសិនបើយើងមិនមានវិធានការបន្ថែមទេនោះ ការផ្ទុះនិងការរាលដាលជំងឺអាចកើតឡើងជាថ្មីទៀត”។
លោកបានមានប្រសាសន៍ថា ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជ្រូក១០ក្បាលបានងាប់ដោយសារជំងឺនេះក្នុងខេត្តសៀមរាប ហើយការឆ្លងជំងឺក៏ត្រូវបានរកឃើញក្នុងខេត្តកំពង់ចាម និងខេត្តស្វាយរៀងដែរ។
សេចក្តីប្រកាសក៏តម្រូវឲ្យប្រជាពលរដ្ឋជូនព័ត៌មានដល់ពេទ្យសត្វ ប្រសិនបើពួកគេមានផែនការចិញ្ចឹមជ្រូកក្នុងតំបន់ដែលកើតមានជំងឺ។ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារ ដោយហាមប្រាមការនាំជ្រូកចូលពីប្រទេសផ្សេងទៀតដោយគ្មានការអនុញ្ញាត។
លោក គោសុ៊ម សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា មន្ត្រីរបស់លោកបាននិងកំពុងពិនិត្យជ្រូកដែលនាំចូលក្នុងខេត្តនេះពីប្រទេសថៃ និងខេត្តសៀមរាបចាប់តាំងពីពាក់កណ្តាលខែសីហាមក។
លោក សារឿត បានមានប្រសាសន៍ថា “យើងត្រូវអនុវត្តការត្រួតពិនិត្យតឹងរុឹងជាងមុនលើសត្វជ្រូក បន្ទាប់ពីមន្ត្រីខេត្តរបស់យើងបានយល់ព្រមធ្វើសហការជាមួយមន្ត្រីសុខភាពសត្វក្នុងខេត្តផ្សេងទៀត និងក្នុងប្រទេសថៃ”។
លោកបានមានប្រសាសន៍ទៀតថា “ខ្ញុំបានណែនាំមន្ត្រីរបស់ខ្ញុំឲ្យពិនិត្យការនាំជ្រូកចូលពីខេត្តសៀមរាប ហើយប្រសិនបើពួកគេរកឃើញជ្រូកចូល ពួកគេត្រូវស្នើសុំអ្នកនាំចូលឲ្យយកជ្រូកទាំងនោះត្រឡប់ទៅវិញដើម្បីបាញ់ថ្នាំសម្លាប់មេរោគ ឬចាក់ថ្នាំបង្ការ”៕និត