កាលពីម្សិលមិញ និស្សិតប្រហែល៤០០នាក់ និងអ្នកភូមិមួយចំនួនបាននាំគ្នាតវ៉ានៅក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការតវ៉ាពាក់ព័ន្ធនឹងវិវាទដីធ្លីនៅក្នុងខេត្តកំពត ដោយអាជ្ញាធរអះអាងថា ការតវ៉ានេះរៀបចំឡើងដោយអ្នកនយោបាយម្នាក់ដែលបានទិញដីមួយចំនួន។

លី គឹមធុយ អាយុ៣៤ឆ្នាំ និង លី គឹមហ៊ាង អាយុ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងឃុំតេជោអភិវឌ្ឍន៍ ក្នុងស្រុកឈូក ពីបទរារាំងមន្ត្រីសាធារណៈកាលពីថ្ងៃអង្គារ ក្រោយពេល ពួកគាត់បានត្រឡប់ពីការតវ៉ានៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យអ្នកភូមិចំនួន៨១៦គ្រួសារនៅក្នុងឃុំនេះទទួលបានដីមួយកន្លែងលើដីសម្បទានសង្គមកិច្ចទំហំ១.៣៣៧ហិកតា ដែលសន្យាផ្ដល់ឲ្យ។
កាលពីម្សិលមិញ មនុស្សមួយក្រុមដែលភាគច្រើនជានិស្សិតមកពីសម្ព័ន្ធនិស្សិតសាកលវិទ្យាល័យ បានប្រមូលផ្ដុំគ្នាម្ដងទៀតនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការដោះលែង នេះបើយោងតាម និស្សិត ឈើយ ប៊ុនធឿន អាយុ៣៣ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកដឹកនាំក្រុមនិស្សិត។
និស្សិតរូបនេះបាននិយាយថា “យើងបានចូលរួមការតវ៉ានៅក្នុងថ្ងៃនេះ ដើម្បីទាមទារឲ្យមានការដោះលែងមនុស្សពីរនាក់ដែលកំពុងជាប់ពន្ធនាគារ ព្រោះពួកគាត់មិនបានប្រព្រឹត្តបទល្មើសឡើយ ពួកគាត់គ្រាន់តែចូល រួមការតវ៉ាប៉ុណ្ណោះ។ យើងនឹងបន្តតវ៉ារហូត ប្រសិនបើអាជ្ញាធរមិនដោះលែងអ្នកទាំងពីរនាក់នេះទេនោះ”។
ស្ត្រីអ្នកភូមិម្នាក់ ឈ្មោះ មិន នឿន អាយុ៥៧ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកភូមិផ្សេងៗទៀតបានលើកឡើងថា ខ្លួនចូលរួមការតវ៉ាព្រោះគេបានដកហូតយកដីរបស់គាត់ ទំហំ១,៥ហិកតា ដែលស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច។
ស្រីរូបនេះបាននិយាយថា “អាជ្ញាធរមូលដ្ឋានបានវាស់វែងដីរបស់ខ្ញុំសម្រាប់ជនពិការ និងគ្រួសារយោធា ប៉ុន្តែខ្ញុំមិនដែលហ៊ានតវ៉ាទេ ព្រោះខ្ញុំខ្លាចគេចាប់ដាក់គុក”។
ទោះបីជាប្ដេជ្ញាថានៅតែតវ៉ានៅទីលានប្រជាធិបតេយ្យរហូតទាល់តែអ្នកភូមិដែលគេចាប់ខ្លួនត្រូវបានដោះលែងក្តី តែអ្នកតវ៉ាបានចាកចេញពីទីនោះវិញនៅពេលល្ងាច។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ក្រុមអ្នកតវ៉ាត្រូវបានប្រាប់ឲ្យបញ្ចប់ការតវ៉ាដែលរៀបចំដោយគ្មានការជូនដំណឹងដល់អាជ្ញាធររាជធានីជាមុន។
លោកបានមានប្រសាសន៍ថា ”មិនថាពួកគាត់ធ្វើការតវ៉ានៅថ្ងៃនេះ ឬថ្ងៃស្អែកទេ យើងនឹងមិនអនុញ្ញាតឲ្យពួកគាត់ធ្វើការតវ៉ាឡើយ។ ពួកគាត់គួរតែត្រូវបានចាប់ខ្លួន ព្រោះពួកគាត់ធ្វើការតវ៉ាដោយខុសច្បាប់។ ប្រសិនបើពួកគាត់ចង់បន្តការតវ៉ាទៀតនោះ ពួកគាត់ត្រូវតែដាក់ញត្តិស្នើសុំពីសាលារាជធានីភ្នំពេញ”។
លោក ហេង វន្ថា អភិបាលរងខេត្តកំពតបានលើកឡើងថា ការតវ៉ាក្នុងពេលថ្មីៗនេះគឺមានការបោកបញ្ឆោត ហើយថា តាមពិតទៅអាជ្ញាធររបស់លោកបាននិងកំពុងតែបែងចែកដីសម្បទានសម្រាប់អ្នកភូមិចំនួន៨១៦គ្រួសារដែលមានសិទ្ធិទទួលបានដីនៅទីនេះ ហើយដំណើរការនេះជិតបញ្ចប់ហើយ។
លោកបានមានប្រសាសន៍ថា លោកជឿថា ក្រុមនិស្សិតរៀបចំការតវ៉ា ព្រោះពួកគាត់ធ្វើតាមបញ្ជារបស់លោក ខឹម វាសនា ប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលលោកលើកឡើងថា បានទិញដីទំហំ១០០ហិកតានៅក្នុងតំបន់នេះប្រហែល១ឆ្នាំមុន ហើយប្រើប្រាស់អ្នកភូមិដើម្បីទាមទារដីនេះមកឲ្យខ្លួន។ “អ្នកទាំងនោះអាក្រក់ណាស់ ព្រោះពួកគេទិញដីនៅលើដីសម្បទានសង្គមកិច្ច ហើយប្រមែប្រមូលអ្នកភូមិ និងនិស្សិតឲ្យមកតវ៉ាដើម្បីយកដីនោះឲ្យពួកគេ”។
ពេលទាក់ទងតាមទូរស័ព្ទ លោក ខឹម វាសនា បានបដិសេធការអះអាងរបស់លោក ហេង វន្ថា ដែលថា លោកបានទិញដីនៅលើដីសម្បទានសង្គមកិច្ច ប៉ុន្តែថា លោកបានបញ្ជូននិស្សិតឲ្យទៅគាំទ្រការតវ៉ារៀបចំដោយអ្នកភូមិដែលលោកចាត់ទុកថា ជាអ្នកគាំទ្រស្ថានីយវិទ្យុរបស់គណបក្សលោក។
លោក ខឹម វាសនា បានមានប្រសាសន៍ថា “ជាបឋម ខ្ញុំចង់ប្រាប់ថា ខ្ញុំគ្មានដីណាមួយនៅទីនោះទេ។ ទី២ ខ្ញុំមិនបានរៀបចំការតវ៉ានោះឡើយ”។
លោកបានបន្ថែមថា “ពលរដ្ឋនៅទីនោះស្ដាប់កម្មវិធីវិទ្យុរបស់យើង ហើយបានយកឯកសារមកបង្ហាញខ្ញុំថានៅទីនោះមានការរំលោភបំពានដោយអាជ្ញាធរខេត្តកំពត ហើយយើងឃើញភាពអយុត្តិធម៌ ហេតុដូច្នេះយើងត្រូវតែមកទីនេះ ហើយជួយក្នុងការតវ៉ារបស់ ពួកគាត់”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Willemyns)