34 C
Phnom Penh

គណបក្ស​​​សង្គ្រោះជាតិ​​​ នឹង​​​ចេញ​​​​​​​បទ​បញ្ជា​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​របស់​​​ខ្លួន​​​ឈប់​​​និយាយ​​​ពី​​​បញ្ហា​​​ព្រំដែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ប្រឆាំង ​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​ តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​របស់​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​នឹង​​​​​​ទទួល​​​បទ​​​បញ្ជា​​​ឲ្យ​​​គោរព​​​តាម​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស​​​ ហើយ​​​ឈប់​​​វាយ​​​ប្រហារ​​​គណបក្ស​​​ប្រជា​​​ជន​កម្ពុជា ​​​កំពុង​​​កាន់​​​អំណាច​​​លើ​​​បញ្ហា​​​​នានា​ពាក់​​​ព័ន្ធ​​​​​​ព្រំដែន​​​​​​ជាមួយ​​​​​វៀតណាម។

បន្ទាប់​​​ពី​​​លោក​​​នាយ​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​មាន​ប្រតិកម្ម​​​ទាំង​​​កំហឹង​​​ចំពោះ​​​យុទ្ធ​​​នាការ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ដែល​​បន្ទោស​​​​ថា​រដ្ឋាភិបាល​​កាត់​​​ទឹក​​​ដី​​​ឲ្យ​​​វៀតណាម រួច​មក លោក សម រង្ស៊ី បាន​​​សន្យា​​​បញ្ឈប់​​​ការ​​​វាយ​​​ប្រហារ​​​ ហើយ​​​ធ្វើ​​​ការ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជាដោយ​​​សម្ងាត់​​​។

រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​តំណាង​​​រាស្ត្រ​​​មួយ​​​​​ក្រុម​​​នៅ​​​តែ​​​បន្ត​​​ការ​​​វាយ​​​ប្រហារ​​​របស់​​​ខ្លួន​​​ហើយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក ​សម រង្ស៊ី ​បាន​​​ប្រើ​​​ប្រាស់​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​មាន​​​វិធីសាស្ត្រ​​​ថ្មី​​​ដែល​​​មិន​​​ “ចោទ​​​ប្រកាន់​​​​​បុគ្គល​​​ណា​​​ ឬ​​​គណបក្ស​​​ណា​​​មួយ​​​ឡើយ​​​”។

ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​បាន​​​វិល​ត្រឡប់​​​ពី​​​ដំណើរ​​​ទស្សនៈ​​​កិច្ច​​​​​​​​​​​​នៅ​​​ប្រទេស​​​អូស្ត្រា​​​លី​​​ និង​​​ប្រទេស​​​នូវែលសេឡង់​​​ មក​​​កាន់​​​កម្ពុជា​​​វិញ​​​​កាល​ពី​ម្សិលមិញ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ នឹង​​​ត្រូវ​​​កោះ​​​ប្រជុំ​​​នៅ​​​សប្តាហ៍​​​នេះ​​​ ហើយ​​​ទទួល​​​ការ​​​ណែនាំ​​​​​ឲ្យ​​​បញ្ឈប់​​​ការ​​​វាយ​​​ប្រហារ​​​គណបក្ស​​​ប្រជា​​​ជន​​កម្ពុជា ​​​លើ​​​បញ្ហា​​​ព្រំដែន​​​។

លោក​​ថ្លែង​ថា “យើង​​​នឹង​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​សមាជិក​​​តំណាង​​​រាស្ត្រ​​​ទាំង​​​អស់​​​របស់​​​យើង​​​នៅ​​​​ប៉ុន្មាន​​​​ថ្ងៃ​​​ក្រោយ​​​ និង​​​​កំណត់​​​ជំហរ​​​រួម​​​មួយ​​​ហើយ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​ថា អ្នក​​​គ្រប់​​​គ្នា​​​នឹង​​​គោរព​តាម​​​។ បញ្ហា​​​នៅ​​​ត្រង់​​​ការ​​​សម្រប​​​សម្រួល​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​វាយ​​​ប្រហារ​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​​ លើ​​​បញ្ហា​​​ព្រំ​​​ដែន​​​ ​​​​បន្ត​កើត​មាន​​​​ដោយ​​​សារ​​​តែ​​​រូប​​​លោក​​​និង​​​លោក​​​ កឹម សុខា អនុប្រធាន​​​​របស់​លោក​ស្ថិត​នៅ​ក្រៅ​​​ប្រទេស​​​ចាប់​​​តាំង​​​ពី​​​បាន​សន្យា​​នោះ​មក​​​។ “​​​វា​​​ជា​​វិន័យ​របស់​​​​បក្ស​​​ ហើយ​​​សមា​ជិក​​​ទាំង​​​អស់​​​ ជា​​​ពិសេស​​​តំណាង​​​រាស្ត្រ​​​ ត្រូវ​​​តែ​គោរព​​​តាម​​​។ ប៉ុន្តែ នឹង​​​គ្មាន​​​ការ​​​ចាប់​​​​​​ពិរុទ្ធ​​​​​​ទេ​​​ វា​​​ជា​ការ​​​បញ្ចុះ​​​បញ្ចូល​​​។ វា​​​ក៏​​​ជា​​​យុទ្ធ​​​សាស្ត្រ​​​​​​​មួយ​ដែរ ហើយ​​វា​ជា​អ្វី​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ ចាត់​ទុក​ជា​អាទិភាព​​​ ពីព្រោះ​​​​​​មាន​​​​បញ្ហា​​​បន្ទាន់​​​ជាច្រើន​​​ទៀត​​​។ ប្រសិនបើ​​​យើង​​​ផ្តោត​​​​​ទៅ​​​លើ​​​បញ្ហា​​​តែ​​​មួយ​​​ យើង​​​​​​អាច​​​នឹង​​​ភ្លេច​​​បញ្ហា​​​​​បន្ទាន់​​​ផ្សេង​​​ៗ​​​ទៀត”។

នៅ​​​ពេល​​​វិល​​​ត្រឡប់​​​ពី​​​ប្រទេស​​​អូស្ត្រាលី ​និង​​​ប្រទេស​​​​នូ​វែល​​​សេ​ឡង់​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ​​លោក កឹម សុខា បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា លោក​​​គ្មាន​​ចំណាប់​អារម្មណ៍​​​នឹង​និយាយ​​​​អំពី​​​ការ​​​រំលោភ​​ព្រំដែនទេ ដោយ​​​​​​​បាន​មាន​​​ប្រសាសន៍​​​ថា បញ្ហា​​​នេះ​​​នឹង​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​​បាន​ឡើយ​ក្រោម​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក​​​គូស​បញ្ជាក់​​​​ថា “ខ្ញុំ​​​គិត​​​ថា ដំណោះ​​​​​ស្រាយ​​​គឺ​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ឈ្នះ​​​ការ​​​បោះ​​​​​​ឆ្នោត ហើយ​​​នៅ​​​ពេល​​​យើង​​​គ្រប់​​​គ្រង​​​​​ប្រទេស​​​ ទើប​យើង​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជាតិ​​​បាន​​​។ ពេល​​​នេះ​​​ យើង​​​គ្រាន់​​​តែ​​​អម​​​ [គណ​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​] ប៉ុណ្ណោះ ហើយ​​​យើង​​​ធ្វើ​អ្វី​មិន​​កើត​ទេ”។

លោក អ៊ុំ សំអាន តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​បច្ចុប្បន្ន​​​កំពុង​ស្ថិត​​​នៅ​ក្នុង​​​​​សហរដ្ឋ​​​អាមរិក និង​​​ជា​​​តំណាង​​​រាស្ត្រ​​​ពូកែ​​​បង្ក​​​ហេតុ​​​បំផុត​​​មួយ​​​រូប ដែល​ហ៊ាន​ចោទ​​​ប្រកាន់​​​រដ្ឋ​​​មន្ត្រី​​​ថាប្រើ​​​​​ប្រាស់​​​ផែន​​​ទី​​​ព្រំដែន​​​មិន​ត្រឹម​ត្រូវ​ និង​​​និយាយ​​​កុហក​នោះ បាន​​គូស​បញ្ជាក់​ថា លោក​​​នឹង​​​គោរ​​​ពតាម​​​បទ​​​បញ្ជា​​​នេះ។

លោក​​​​​​​​​​មាន​ប្រសាសន៍​ថា “នៅ​​​ពេល​​​មាន​​​សេចក្តី​​​ណែនាំ​​​ យើង​​​នឹង​​​អនុវត្ត​​​តាម​​​ ពីព្រោះ​​​ពួក​​​​​​គាត​​​់​​​ជា​​​ថ្នាក់​​​ដឹក​​​នាំ​​​បក្ស​​​ ហើយ​​​នៅ​​​ក្នុង​​​បក្ស​​​មាន​​​វិន័យ។ បក្ស​​​នឹ​​​ងមិន​​​បាត់​​​បង់​​​ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​ខ្លួន​​​នោះ​​​ទេ​​​ ពីព្រោះ​​​បក្ស​​​មាន​​​យុទ្ធ​សាស្ត្រ​​​របស់​​​ខ្លួន​​​។ បក្ស​​​មាន​​​ហេតុផល​​​​​របស់​​​ខ្លួន​​​ថា តើ​ចំណុច​​​ណា​​​ដែល​យើង​​​គួរ​​​លើក​​​ឡើង​​​​​​ក្នុង​​​កាលៈ​ទេសៈ​ណា​​​ ហើយ​​​ចំណុច​​​ណា​​​ដែល​​​​​​​​យើង​​​មិន​​​គួរ​​​លើក​​​ឡើង​​​​​​ក្នុង​​​កាលៈទេសៈ​​​​ផ្សេង​​​ទៀត”។

រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​តំណាង​​​រាស្ត្រ​​​ជាន់​​​​ខ្ពស់​​​ផ្សេង​​​ៗទៀត​​​ហាក់​​​ដូច​​​ជា​​​មិន​​​សូវ​​​មាន​​​ឆន្ទៈ​​​​​​​​​ចង់​បោះ​​​បង់​​​បញ្ហា​​​នេះ​​​ទាំង​​​ស្រុង​​​ឡើយ​។ ​​កាល​​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​​​ តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​បាន​​​ចេញ​​​​​លិខិត​​​សាធារណៈ​​​មួយ​​​ច្បាប់​​​ដើម្បី​ទាម​​​ទារ​​​ឲ្យ​​​លោក វ៉ា គឹមហុង រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​ព្រំដែន​​​ឆ្លើយ​​​សំណួរ​​ទាក់​ទិន​​​​​ការ​​រំលោភ​​​ព្រំដែន​​​នៅ​​​ក្នុង​​​ស្រុក​​​រំដួល​​​ ខេត្ត​​​​ស្វាយ​រៀង​​​​។

លិខិត​​​ដែល​មាន​​​ក្បាល​​​លិខិត​​​រដ្ឋ​​​សភា​​​នោះ​​​ លើកឡើង​ថា អ្នក​​​ភូមិ​​​បាន​បង្ក​បង្កើន​ផល​​កសិកម្ម​​​លើ​​​ដីទំហំ​​​​៣០ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​​ជា​​យូរ​មក​ហើយ ហើយ​​​​​​ទើប​តែ​ថ្មីៗ​​​នេះ​ប៉ុណ្ណោះ​ដែល​​មាន​ប្រជាជន​​​វៀតណាម ​​​មួយ​​​ក្រុមមក​​​អះអាង​ថាដី​​​នោះ​​​​​ស្ថិត​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​ប្រទេស​​​វៀតណាម​​​​​​។

លោក អ៊ូ ច័ន្ទ​​ឫទ្ធិ​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ដែល​​​ជា​​​ប្រធាន​​​គណៈ​កម្មា​ធិការ​​​​​​វិន័យ​​​របស់​​​គណបក្ស​​​នេះ​​​​​​ និង​​​ជា​​​ហត្ថលេខី​​​មួយ​​​ក្នុង​​​ចំណោម​​​ហត្ថលេខី​​​នៅ​​​ក្នុង​​​លិខិត​​​នោះ ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​លោក​​​​​​ជឿ​​​ថា ការ​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋមន្ត្រី​​​ឆ្លើយ​​​​សំណួរ​​​មិន​​​​ចាត់​​​ទុក​​​ថា​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​នោះ​​​​​ទេ។

លោក​​​ថ្លែង​ថា “ក្នុង​​ឋានៈ​​​យើង​​​ជា​​​តំណាង​​​​​រាស្ត្រ​​​ យើង​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​​ផ្ញើ​ទៅ​​​រដ្ឋាភិបាល​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ថា តើ​​​ប្រជា​​​​​ពល​​​រដ្ឋ​​​ជា​​​ម្ចាស់​​​ [ដី] ឬ​យ៉ាង​ណា​។វា​​​មិន​​​មែន​​​ជា​​​ ‘ការ​​​ចាក់​​​ក្រឡេក​​​’ ឬ​​​ជា​​ការ​​​រិះ​​​គន់​​​​​ទេ ​ប៉ុន្តែ ​​វា​​​ជា​​​អ្វី​​​ដែល​​​យើង​​​​ត្រូវ​ធ្វើ​​​ក្នុង​​​ឋានៈ​​​ជា​​​តំណាង​​​រាស្ត្រ​​​ដើម្បី​​​ការ​​​ពារ​​​ប្រជា​ពល​​​រដ្ឋ​​​។ អ្វី​​​ដែល​​​លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​គឺ​ គាត់​​​មិន​​​ចង់​​​ឲ្យ​​​យើង​​​ផ្តោត​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​បញ្ហា​​​តែ​​​មួយ ហើយ​ម្យ៉ាង​យើង​​​ត្រៀម​​​ខ្លួន​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត។​​​ វា​​​មិន​​​មាន​​​ន័យ​ថា បើ​​​មាន​​​បញ្ហា​​​ព្រំដែន​​​ យើង​​​ត្រូវ​​​​នៅ​ស្ងៀម​ខណៈ​​​ប្រជា​​​ពល​​​រដ្ឋ​​​រង​​​ទុក្ខ​​​នោះ​​​ឡើយ​​​”។

ក្រោយ​​​ពី​​​លោក សម រង្ស៊ី បាន​​​សន្យា​​​ឈប់​​​វាយ​​​ប្រហារ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ លើ​​​បញ្ហា​​​ព្រំដែន​​​ គណបក្ស​​​ប្រជាជន​កម្ពុជា ​​​ខ្លួន​​​ឯង​​​​កាល​ពី​សប្តាហ៍​មុន​​​​​​​ បាន​​​ចេញ​​​បទបញ្ជា​​​ណែនាំ​​​​​ឲ្យ​​​មន្ត្រី​​​របស់​​​​​​ខ្លួន​​​ប្រមូល​​​ “ញត្តិ” ដើម្បី​​​គាំទ្រ​​​ដល់​​កិច្ចការ​​​​ព្រំដែន​​​របស់​​​ខ្លួន​​​ដើម្បី​​ុយក​មក​​ផ្សាយ​​​ជា​​​សាធារណៈ។

បទបញ្ជា​​​ដែល​​​បាន​​​បែកធ្លាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នេះ ប្រាប់​​​ឲ្យ​​​មន្ត្រីគណបក្ស​​​ប្រជា​ជន​កម្ពុជា​​​ប្រមូល​​​សារ​​​គាំទ្រ​​​ពី​​​ “មន្ត្រី​​​រាជ​​​ការ​​​ កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ គ្រូបង្រៀន ព្រះ​​​សង្ឃ​​​ អាជីវករ​​​ កម្មករ​​​ កសិករ សិស្ស​​​និស្សិត អង្គការ​​​សង្គម។ល។​​​សម្រាប់​​​ផ្សាយ​​​តាម​​​​​​ហ្វេស​​​ប៊ុក ​និង​​​ទូរទស្សន៍។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​ទោះ​​​ជា​​​យ៉ាង​​​ណា ពេល​​​នេះ​​​គណបក្ស​​​ប្រឆាំង​​​​​​​​​បាន​​​ប្តេជ្ញា​​​បង្វែរ​ការយក​​​ចិត្ត​​​ទុក​​​ដាក់​​​របស់​​​ខ្លួន​​​លើ​​​បញ្ហា​​​ព្រំដែន ​ហើយ​​ងាក​​​​​ទៅ​​​​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​​​យុវជន​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​ក្នុង​​​ប្រទេស​​​ដែល​​​លោក​​​មាន​​​ប្រសាសន៍​​​ថា ​គណ​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​បាន​​​អើ​​​ពើ​​​។

លោក​​​​បាន​មាន​ប្រសាសន៍​​​បន្ថែម​ទៀត​ថា ​”មាន​​​បញ្ហា​​​សម្រាប់​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ហើយ​​​បញ្ហា​​នេះ​​​កើត​ចេញ​​​ពី​​​ស្ថាន​​​ភាព​​​ផ្ទៃ​​​ក្នុង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​ដូច​ជា​ កង្វះ​​​ការ​​​បង្កើត​​​ការ​​​ងារ​​​ បញ្ហា​​​ប្រាក់​​​ខែ និង​​​បញ្ហា​​​តម្លៃ​​​ផលិត​​​ផល​កសិកម្ម​​​​ទាប​​​។ ប្រជា​​​ពល​​​រដ្ឋ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​រាប់​​​សែន​​​​​នាក់​​​ ហើយ​​​យើង​​​ត្រូវ​​​តែ​​​ដោះស្រាយ​​​បញ្ហា​​​នេះ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស