ឡាយ មា៉ឡែនពណ្ណរាយ អាយុ១៧ឆ្នាំ មាន ក្ដីរំភើបឥតឧបមា បន្ទាប់ពីដឹងថា កញ្ញាប្រឡងជាប់បាក់ឌុបទូទាំងប្រទេស កាលពីថ្ងៃសៅរ៍។
បើទោះជាកញ្ញាសិក្សារហូតដល់ម៉ោង១១រាល់យប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុនដល់ថ្ងៃប្រឡង និងភ្ញាក់ឡើងនៅ៥ម៉ោងក្រោយមកដើម្បីបន្តរៀនទៀតក៏ដោយ ក៏ ម៉ាឡែនពណ្ណរាយ បាននិយាយថា កញ្ញាក៏បានស្ដាប់ចម្រៀងផងដែរ។
មិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសលទ្ធផលតាមឧគ្ឃោសនសព្ទនៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ កញ្ញាបាននិយាយថា ”ខ្ញុំបារម្ភថា ខ្ញុំមិនទទួលបាននិទ្ទេសល្អទេ ប៉ុន្តែនៅពេលខ្ញុំឮថា ខ្ញុំទទួលបាននិទ្ទេសB នោះ ខ្ញុំរំភើបជាខ្លាំង”។
ដោយមានសិស្សចំនួន៨៣.៣៤១នាក់ប្រឡងកាលពីថ្ងៃទី២៤ និង២៥ ខែសីហា ម៉ាឡែនពណ្ណរាយ ស្ថិតក្នុងចំណោមសិស្ស៤៦.៥៦០នាក់ ឬស្មើ៥៥,៨៧ភាគរយ ដែល បានដឹងកាលពីចុងសប្ដាហ៍ថា ខ្លួនប្រឡងជាប់ដោយធ្វើឲ្យពួកគេមានសិទ្ធិចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យរដ្ឋ។
បន្ទាប់ពីក្រសួងអប់រំបានអនុវត្តកំណែទម្រង់កាលពីឆ្នាំមុន ដើម្បីលុបបំបាត់ការលួចចម្លង និងការសូកប៉ាន់ដែលបានញាំញីការប្រឡងកន្លងមក អត្រាប្រឡងជាប់បានថយចុះមក៤០,៦៧ភាគរយ។ អត្រានោះសម្រេចបានបន្ទាប់ពីមានការប្រឡងលើកទី២ ដើម្បីបន្ថែមលើអត្រាប្រឡងជាប់លើកដំបូងដែលមានចំនួនតែ២៥,៥ភាគរយប៉ុណ្ណោះ ជា អត្រាទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៤មក។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឲ្យដឹងថា នៅឆ្នាំនេះ សិស្ស១០៨នាក់ទទួលបាននិទ្ទេស A ដោយមានពិន្ទុ៩០ភាគរយ ឬខ្ពស់ជាងនេះ គឺកើនឡើងច្រើនជាងកាលពីឆ្នាំដែលមានតែ១១នាក់។
សិស្ស១.០៨៥នាក់ទៀតទទួលបាននិទ្ទេសB ចំណែក៣.២៩២នាក់ ទទួលបាននិទ្ទេសC ៦.០៩៣នាក់ទទួលបាននិទ្ទេសD និង៣៥.៩៨២នាក់ទទួលបាននិទ្ទេសE ជានិទ្ទេសទាបបំផុតដែលត្រឹមតែមួយជាប់ប៉ុណ្ណោះ។
ម៉ាន់ កូតា អាយុ១៧ឆ្នាំ ដែលរៀននៅវិទ្យាល័យបាក់ទូកមានពិន្ទុខ្ពស់បំផុតទូទាំងប្រទេសនៅឆ្នាំនេះ ដោយទទួលបាន១០០ភាគរយ។ សិស្សរូបនេះបាននិយាយថា ខ្លួនទទួលបានការផ្ដល់អាហារូបករណ៍ពីសាកលវិទ្យាល័យនានារួចហើយ។
សិស្សរូបនេះបាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញថា ”ខ្ញុំសប្បាយចិត្តណាស់ដែលទទួលបានលទ្ធផលបែបនេះ។ ខ្ញុំរំពឹងថា ទទួលបាននិទ្ទេសD ឬ C ឯណោះ ប៉ុន្តែនៅ ពេលខ្ញុំបានឃើញលទ្ធផលថាខ្ញុំទទួលបាននិទ្ទេស A ដែលជាពិន្ទុខ្ពស់បំផុតនោះ ធ្វើឲ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង”។សិស្សរូបនេះបាន បន្ថែមថា ”ខ្ញុំគិតថា ការប្រឡងនៅឆ្នាំនេះ គឺស្រួលជាងការប្រឡងឆ្នាំមុន”។
ទោះយ៉ាងណា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា អត្រាប្រឡងជាប់ខ្ពស់នៅឆ្នាំនេះគឺដោយសារការប្រឹងប្រែងរបស់សិស្សថ្នាក់ទី១២នៅទូទាំងប្រទេស មិនមែនដោយសារការផ្លាស់ប្ដូរខ្លឹម សារនៃវិញ្ញាសាប្រឡងទេ។
លោកបានមានប្រសាសន៍ថា ”មនុស្សគ្រប់គ្នានិយាយថា ប្រសិនបើសិស្សប្រឡងជាប់ កាន់តែច្រើន ប្រហែលជាយើងបានបន្ទាបបទដ្ឋាន។ ប៉ុន្តែយើងមិនបានបន្ទាបបទដ្ឋានទេ គឺសិស្សទាំងអស់គ្នាប្រឹងប្រែងរៀនសូត្រ”។
ការប្រឹងប្រែងរៀនមិនទាន់គ្រប់គ្រាន់ទេ ព្រោះស្ទើរតែ៤៥ភាគរយនៃបេក្ខជនទាំងអស់ប្រឡងធ្លាក់។
នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ សិស្សស្រីបួននាក់បាននិយាយលួងលោមគ្នាទៅវិញទៅមក បន្ទាប់ពីដឹងថាពួកគេទាំងអស់គ្នាប្រឡងធ្លាក់។ សិស្សម្នាក់បានទ្រោបក្បាលរបស់ខ្លួនលើស្មារបស់មិត្តភក្ដិ ដោយមានទឹកភ្នែកហូរកាត់ផែន ថ្ពាល់ទៀតផង។ កញ្ញាបាននិយាយថា កញ្ញាមិនដឹងថា ខ្លួនខុសកន្លែងណាទេ។
ដោយបដិសេធមិនប្រាប់ឈ្មោះ សិស្សរូបនេះបាននិយាយថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំប្រឡងធ្លាក់ឡើយ។ មុនពេលប្រឡង ខ្ញុំរៀនគ្មានឈប់ទេ។លំហាត់ក៏មិនសូវពិបាកដែរ”។
ដោយលើកឡើងថា ក្រដាសកិច្ចការរបស់ នាងត្រូវបានដាក់ពិន្ទុមិនត្រឹមត្រូវ មុនពេលងាកទៅឱបមិត្តរួមថ្នាក់របស់ខ្លួន កញ្ញាបានបន្ថែមថា “សិស្សមួយចំនួនធ្វើមិនបានល្អដូចខ្ញុំផង ប៉ុន្តែពួកគេបែរជាជាប់ដោយមានពិន្ទុុល្អជាងខ្ញុំ។ ហេតុអ្វីបានជាខ្ញុំមិនជាប់”។
លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ ថា ក្រសួងរបស់លោកមិនទទួលបានពាក្យបណ្ដឹងផ្លូវការណាមួយអំពីដំណើរការកំណត់និទ្ទេសឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំត្រូវបានទាក់ទងតាមហ្វេសប៊ុក ប៉ុន្តែនៅតាមហ្វេសប៊ុកខ្ញុំមិនអាចធ្វើអ្វីបានច្រើនទេ ពីព្រោះមានបញ្ហាច្រើនណាស់។ ខ្ញុំគិតថា យើងត្រូវរង់ចាំរហូតដល់ពួកគេដាក់ពាក្យបណ្ដឹងផ្លូវការ ហើយបន្ទាប់មកយើងអាចពិនិត្យមើលបញ្ហាទាំងនោះ”។
បើទោះណាជាលោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា លោកសប្បាយរីករាយជាមួយនឹងលទ្ធផលនៅឆ្នាំនេះក៏ដោយ ក៏មានកិច្ចការច្រើនទៀតដែលត្រូវធ្វើដើម្បីកែលម្អប្រព័ន្ធអប់រំថ្នាក់វិទ្យាល័យដែរ។
លោកបានមានប្រសាសន៍ថា ”វាជាការល្អដែលទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះសម្រាប់រយៈពេលតែ១ឆ្នាំ ។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ”៕ សារុន