28 C
Phnom Penh

សាលា​ដំបូង​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ចោទប្រកាន់​បុរស​ម្នាក​់​ពី​បទ​​សម្លាប់​ប្រពន្ធរបស់ខ្លួន​ដែលមាន​ផ្ទៃពោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​ត្បូង​​​ឃ្មុំ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​​ពី​បទ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដែល​មាន​ផ្ទៃ​ពោះ បន្ទាប់ពី​ប្រទះ​ឃើញ​សាកសព​​កាលពី​ព្រឹក​ថ្ងៃសុក្រ។

លោក ចាន់ ឌុល ប្រធាន​អង្គភាព​នគរ​បាល​​​​​យុត្តិធម៌​ស្រុក​មេមត់ បាន​មាន​ប្រសាសន៍ថា ជន​​​សង្ស័យ ស៊ា ក្រុល ​​អាយុ​២៥​ឆ្នាំត្រូវ​បាន​​​ចោទ​ប្រកាន់​ពីបទ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​​ឈ្មោះ ពុំ ស្រីមុំ អាយុ​២២​ឆ្នាំ ​មាន​ផ្ទៃ​ពោះ​​​​៧ខែ​ ដោយ​​​ចេតនា​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​​​ឃុំខ្លួន​ជន​សង្ស័យ​រូប​នេះ​បណ្ដោះ​អាសន្ន ហើយ​យើង​បាន​បញ្ជូន​​ជន​នេះ​ទៅ​ពន្ធនាគារ​រួច​ហើយ​”។

លោក បេង រិទ្ធី នាយ​ប៉ុស្តិ៍​ឃុំ​ជាំក្រវៀន ​​បាន​មាន​ប្រសាសន៍​ថា ​ក្រុម​មន្ត្រី​​បាន​ប្រទះ​ឃើញ​សាកសព​របស់​ស្ត្រី​រូប​នេះ​នៅ​លើ​គ្រែ​នៅ​ម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​អ្នក​ភូមិ​ ហើយ​ថា ក្រុម​ស៊ើបអង្កេត​សង្ស័យ​ថា ការ​សម្លាប់​​នេះ​កើត​ឡើង​នៅ​ម៉ោង​​​ប្រហែល​៤​ទៀបភ្លឺ​។

លោក​បាន​មាន​ប្រសាសន៍​ថា ស៊ា ក្រុល បដិសេធ​ថា ខ្លួន​មិន​បាន​​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ទេ ហើយ​បាន​អះអាង​ថា ខ្លួន​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​​៣និង​៣០​​នាទី​រំលង​អធ្រាត​​ ដើម្បី​ទៅ​ថែទាំង​ចម្ការ​កៅស៊ូ​តូច​មួយ​របស់​ពួកគេ​។

ប៉ុន្តែ​លោក រិទ្ធី បាន​មាន​ប្រសាសន៍​ថា ​អ្នក​ជិតខាង​បាន​ប្រាប់​​មន្ត្រី​របស់​លោក​ថា ពួកគាត់​​បាន​ឮ​ការ​​ឈ្លោះ​ទាស់​ទែង​គ្នា​នៅ​​ក្នុង​ផ្ទះ​​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ​ ហើយ​ថា ​​ក្រោយមក​មាន​មនុស្ស​​ចេញ​ពី​​ផ្ទះ​ដោយ​មាន​បញ្ចាំងពិល​ទៀតផង។

លោក​បាន​ថ្លែង​ថា ​មន្ត្រី​របស់​លោក​បាន​ដក​ហូត​កាំបិត​​ដែល​ប្រើ​សម្រាប់​ចៀរ​ជ័រ​កៅស៊ូ​ដែល​​ស៊ីគ្នា​ទៅ​​​នឹង​ស្នាម​របួស​នៅ​លើ​​ក្បាល​​​​​​​​របស់​​​ស្ត្រី​ជា​ប្រពន្ធ​៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស